ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ថា រុស្ស៊ី អាច​បង្កើត​លេស​ដើម្បី​វាយ​ប្រហារ​ប្រទេស​អ៊ុយក្រែន


ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេតវិមាន​លោក Jake Sullivan ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ស្ថានភាព​នៅក្នុង​ប្រទេស​អ៊ុយក្រែន អំឡុងពេល​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។
ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេតវិមាន​លោក Jake Sullivan ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ស្ថានភាព​នៅក្នុង​ប្រទេស​អ៊ុយក្រែន អំឡុងពេល​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។

ប្រទេស​រុស្ស៊ី​ អាច​ឈ្លានពានប្រទេស​អ៊ុយក្រែន​នៅពេលណា​មួយ ហើយ​អាច​បង្កើត​លេស​ដ៏​ភ្ញាក់ផ្អើល​មួយ​ដើម្បី​ធ្វើ​ការវាយប្រហារ​លើ​អ៊ុយក្រែន​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​អាទិត្យ នៅពេល​ដែល​ខ្លួន​បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​ដើម្បី​ការពារ​ទឹកដី​របស់​អង្គការ​អូតង់។ នេះ​ បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

រុស្ស៊ី បាន​ដាក់​កងទ័ព​ជាង ១ សែន​នាក់​នៅ​ជិត​ព្រំដែន​អ៊ុយក្រែន​ដែល​មិន​មែន​ជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធមិត្ត​យោធា​អាត្លង់ទិក ហើយ​ស្របពេល​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន រក្សា​ការបើក​ចំហបណ្តាញ​ការទូត​ដែល​រហូត​មកទល់​នេះ​បាន​បរាជ័យ​ដើម្បី​បន្ធូរបន្ថយ​វិបត្តិ​នោះ បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា ការឈ្លានពាន​នោះ មាន​ទំហំ​ធំធេង​ណាស់។ រដ្ឋាភិបាលទី​ក្រុង​មូស្គូ បាន​ច្រានចោល​ផែនការ​ណាមួយ​នៃ​ការឈ្លានពាន ហើយ​បាន​ចោទប្រកាន់​ប្រទេសលោក​ខាង​លិច​ថា «ជា​ការក្រេវក្រោធ​មួយ»។ អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz នៅ​ពេល​ដែល​លោក​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​កៀវ​នៃ​ប្រទេស​អ៊ុយក្រែននៅ​ថ្ងៃ​ចន្ទ​នេះ​ និងទៅកាន់​ទីក្រុង​មូស្គូដើម្បី​ចរចា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin នៅ​ថ្ងៃ​អង្គារ​ស្អែក បាន​អំពាវនាវ​ដល់​រុស្ស៊ី​ឲ្យ​បន្ធូរបន្ថយ​ភាព​តានតឹង​ ហើយ​បាន​ព្រមាន​ពី​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ប្រសិនបើរដ្ឋាភិបាល​ក្រុង​មូស្គូ​ពិត​ជា​ចូលឈ្លានពានអ៊ុយក្រែន​មែន​នោះ។

មន្ត្រី​អាល្លឺម៉ង់​ម្នាក់ បាន​និយាយ​ថា រដ្ឋាភិបាល​អាល្លឺម៉ង់ មិន​រំពឹង​ទទួល​បានលទ្ធផលជា​ផ្លែផ្កា​នោះ​ទេ ក៏ប៉ុន្តែ​ វិស័យ​ការទូតមាន​សារៈសំខាន់។ នៅ​ក្នុង​អ្វី​ដែល​ជា​ការធ្វើ​សម្បទាន​ដ៏សំខាន់​មួយ​ដល់​រដ្ឋាភិបាលក្រុង​មូស្គូ​នោះ ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន​ប្រចាំ​នៅ​ចក្រភព​អង់គ្លេស បាន​ប្រាប់​ទូរទស្សន៍ BBC ថា រដ្ឋាភិបាល​ក្រុង​កៀវ អាច​ទម្លាក់​ចោល​នូវការស្វះស្វែង​របស់​ខ្លួន​ដើម្បីក្លាយ​ជា​សមាជិកភាព​របស់អង្គការ​អូតង់​ដើម្បី​បញ្ចៀស​សង្គ្រាម។

លោក​ឯកអគ្គរដ្ឋទូត Vadym Prystaiko បាន​ត្រូវ​បណ្តាញ​ទូរទស្សន៍ BBC ដកស្រង់​សម្តី​មក​ចុះ​ផ្សាយ​ថា ប្រទេស​អ៊ុយក្រែន​មាន​ឆន្ទៈ«បត់បែន»បាន​ចំពោះ​គោលបំណង​របស់​ខ្លួន​ដើម្បី​ចូលរួមជា​មួយ​អង្គការ​អូតង់។

លោក Prystaiko បាន​ត្រូវ BBC ដកស្រង់​សម្តី​មកចុះផ្សាយ​នៅពេល​ដែល​សួរ​ថា តើ​រដ្ឋាភិបាល​ក្រុង​កៀវ​ អាច​ផ្លាស់ប្តូរ​ជំហរ​របស់​ខ្លួន​អំពី​សមាជិក​ភាព​អង្គការ​អូតង់​នោះ​ដែរ ​ឬ​យ៉ាង​ណា? លោក​និយាយ​ថា «យើង​អាច​ធ្វើ​ដូច​នេះ​ ជាពិសេស​នៅ​ពេល​ដែល​យើង​កំពុងត្រូវ​បាន​គេ​គំរាម​កំហែង ចាប់​ជម្រិត និង​រុញ​ច្រាន​យ៉ាង​ដូច​នេះ»។

នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ប្រធានាធិបតី Joe Biden លោក Jake Sulivan បាន​និយាយ​ថា ការឈ្លានពាន​នោះ អាច​ត្រូវ​ចាប់ផ្តើម «នៅ​ថ្ងៃ​ណា​មួយ»។

លោក Sulivan បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ CNN ថា «យើង មិន​អាច​ទស្សន៍ទាយ​អំពី​ថ្ងៃ​នៃ​ការឈ្លានពាន​នោះ​បាន​ទេ ក៏ប៉ុន្តែ យើង​បាន​និយាយនៅ​ពេល​នេះ​ថា ការ​ឈ្លានពាន​នោះ នឹង​កើត​មាន​ឡើងនៅ​ពេលណា​មួយ​ដែល​យើងនឹង​បាន​ឃើញ​»។

ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក និយាយ​ថា ពួកគេ​មិន​អាច​បញ្ជាក់​អំពី​សេចក្តីរាយការណ៍​ដែល​ថា ការស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក បាន​ប្រាប់​ឲ្យ​ដឹង​ថា រុស្ស៊ី​មាន​គម្រោង​ឈ្លានពានប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​ពុធ​ខាង​មុខនេះ។ លោក Sulivan បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន អាច​បន្ត​ចែករំលែក​នូវ​អ្វី​ដែល​ខ្លួនបាន​ដឹង​ជាមួយ​ពិភពលោក​ដើម្បី​ច្រានចោល​ឱកាស​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​ក្នុង​ការធ្វើ​កិច្ចប្រតិបត្តិការ​ដ៏ភ្ញាក់ផ្អើល​ដែល​អាច​ជា​លេស​ដើម្បី​ធ្វើការវាយ​ប្រហារ​នោះ។

លោក Sulivan បាន​បញ្ជាក់នៅ​ក្នុង​កិច្ចសម្ភាសន៍​ដាច់​ដោយឡែក​ជាមួយ​បណ្តាញ​ទូរទស្សន៍ CBS ថា «យើង នឹង​ការពារ​ទឹកដី​របស់​អង្គការ​អូតង់​មិន​ឲ្យ​បាត់​មួយ​ចង្អាម​ឡើយ ហើយ​យើងគិត​ថា រុស្ស៊ី បាន​យល់​អំពី​សារ​នេះ»។

លោក​ប្រធានាធិបតី Biden បាន​និយាយ​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy កាលពី​ថ្ងៃ​អាទិត្យ ហើយ​ពួក​អស់​លោក បាន​ព្រមព្រៀង​គ្នា​ពី​សារៈសំខាន់​នៃ​ការបន្ត​អនុវត្ត​ការទូត​ និង​ភាព​កំញ៉ើញ​នៅ​ក្នុង​ការឆ្លើយតប​ទៅនឹង​ការដាក់ពង្រាយ​កងទ័ព​របស់​រុស្ស៊ី។ នេះ​ បើ​តាម​ការបញ្ជាក់​របស់​សេតវិមាន​ក្រោយ​ពី​ការសន្ទនា​តាម​ទូរស័ព្ទនោះ​រួចមក។

ការិយាល័យ​របស់​លោក Zelenskiy បាន​បញ្ជាក់​ថា លោក​ប្រធានាធិបតី បាន​អញ្ជើញ​លោក Biden ទៅ​បំពេញ​ទស្សនកិច្ច​នៅប្រទេស​អ៊ុយក្រែន។ សេតវិមាន បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ៕

XS
SM
MD
LG