រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានថ្លែងប្រាប់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken កាលពីថ្ងៃអង្គារម្សិលមិញថា រដ្ឋាភិបាលក្រុងមូស្គូបានជំរុញឲ្យមាន «កិច្ចសន្ទនាតាមហេតុការណ៍ជាក់ស្ដែង» ស្របពេលដែលក្រុមបស្ចិមប្រទេសចង់ឲ្យមានភាពធូរស្រាលទាក់ទិននឹងភាពតានតឹងនៃបញ្ហាអ៊ុយក្រែន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «លោក Lavrov បានសង្កត់ធ្ងន់អំពីភាពដែលមិនអាចទទួលយកបាននៃវោហារសាស្ត្របែបគឃ្លើនរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក ដោយលោកបានអំពាវនាវឲ្យមានកិច្ចសន្ទនាតាមហេតុការណ៍ជាក់ស្ដែងលើបញ្ហាទាំងមូលដែលរុស្ស៊ីបានលើកឡើង»។
លោក Lavrov ក៏បានសង្កត់ធ្ងន់ផងដែរថា វាជាការចាំបាច់ក្នុងការបន្ដ «ធ្វើការរួមគ្នា»។
បណ្ដាមេដឹកនាំក្រុមបស្ចិមប្រទេសបានបញ្ជាក់កាលពីព្រឹកថ្ងៃអង្គារម្សិលមិញថា ពួកគេបានមើលឃើញសញ្ញាណវិជ្ជមានដែលបង្ហាញថា រុស្ស៊ីកំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹងជុំវិញបញ្ហាអ៊ុយក្រែន បន្ទាប់ពីរដ្ឋាភិបាលក្រុងមូស្គូបានប្រកាសថា ខ្លួនបានដកចេញនូវកងកម្លាំងរបស់ខ្លួនមួយចំនួនដែលបានដាក់ពង្រាយនៅតាមបណ្ដោយព្រំដែនជាប់ប្រទេសអ៊ុយក្រែន៕