មជ្ឈមណ្ឌល Southeast Asia Resource Action Center នឹងរៀបចំកម្មវិធីផ្តល់ពានរង្វាន់ឈ្មោះ «Southeast Asian American Trailblazers Awards» ដែលធ្វើឡើងនៅល្ងាចថ្ងៃសុក្រ ទី១៣ ខែតុលានេះ ដើម្បីទទួលស្គាល់ភាពក្លាហាន ការតស៊ូ និងការបេ្តជ្ញាចិត្តរបស់សហគមន៍អាស៊ីអាគ្នេយ៍នៅជុំវិញសហរដ្ឋអាមេរិក ដែលខិតខំប្រឹងប្រែងធ្វើការងារតាមសហគមន៍ដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។
លោក Many Uch សកម្មជនខ្មែរអាមេរិកាំង យុទ្ធនាការ ReleaseMN8 និងអង្គការ Khmer Girls in Action គឺជាជ័យលាភីក្នុងចំណោមសកម្មជន និងអង្គការឆ្នើមទាំង៦ ដែលនឹងទទួលពានរង្វាន់នៅល្ងាចថ្ងៃសុក្រនេះ។
លោក Many Uch សកម្មជនខ្មែរអាមេរិកាំងម្នាក់ បានបង្កើតក្រុមសកម្មជនមួយហៅថា F.I.G.H.T. (Formerly Incarcerated Group Healing Together) នៅឆ្នាំ២០១៥ ដែលស្ថិតនៅរដ្ឋវ៉ាស៊ីនតោន ដើម្បីជួយខាងផ្នែកចំណេះដឹង និងគាំពារមតិដល់សមាជិកនៃសហគមន៍អាស៊ីអាមេរិកាំងដែលកំពុងជាប់ទោសនៅក្នុងមន្ទីរឃុំឃាំង។ លោក Many Uch ធ្លាប់បានជាប់ទោស និងបានរងការបញ្ជូនខ្លួនទៅប្រទេសកម្ពុជាវិញតាមច្បាប់អន្តោប្រវេសន៍អាមេរិកកាលពីឆ្នាំ១៩៩៧។
កាលនៅក្នុងពន្ធនាគារ លោកបានសិក្សារៀនសូត្រអំពីច្បាប់អន្តោប្រវេសន៍អាមេរិក និងបង្កើតជាក្រុមសិក្សាគាំពារតូចមួយនៅក្នុងមន្ទីរឃុំឃាំងដើម្បីជួយសមាជិកអាស៊ីអាមេរិកាំងផ្សេងទៀតដែលជាប់ឃុំឃាំង។ ក៏ប៉ុន្តែ លោកត្រូវបានអភិបាលរដ្ឋវ៉ាស៊ីនតោនលើកលែងទោស ហើយបានបន្តសកម្មភាពគាំពារដល់សមាជិកអាស៊ីអាមេរិកាំងជាច្រើននាក់ដែលជាប់ទោសនៅមន្ទីរឃុំឃាំង Clallam Bay prison នៅរដ្ឋវ៉ាស៊ីនតោន។
យុទ្ធនាការ ReleaseMN8 គឺជាសកម្មជនមួយក្រុមនៅរដ្ឋមីនីសូតា ដែលត្រូវបានបង្កើតឡើងដោយសមាជិកក្រុមគ្រួសារ និងសហគមន៍ខ្មែរអាមេរិកាំង ដើម្បីទាមទារឲ្យមានការដោះលែងសមាជិកខ្មែរអាមេរិកាំង៨នាក់ ដែលត្រូវបានចាប់ខ្លួន និងបញ្ជូនទៅប្រទេសកម្ពុជា។
យុទ្ធនាការ ReleaseMN8 នេះ ដែលត្រូវបានបង្កើតឡើងកាលពីខែសីហា ឆ្នាំ២០១៦ បានប្រមូលផ្តុំអ្នកជំនាញ និងមតិគាំពារប្រឆាំងនឹងការបញ្ជូនពលរដ្ឋខ្មែរអាមេរិកាំងដែលធ្លាប់មានទោសពីអតីតកាលទៅប្រទេសកម្ពុជាវិញដោយមិនមានភាពមនុស្សធម៌ តាមរយៈការប្រមូលផ្តុំសហគមន៍ ការអប់រំតាមសហគមន៍ និងតាមរយៈការផ្សព្វផ្សាយព័ត៌មាន។
ក្នុងចំណោមបុរសខ្មែរអាមេរិកាំងទាំង៨នាក់នេះ បុរសបីនាក់ត្រូវបានចៅក្រមអន្តោប្រវេសន៍ចេញសេចក្តីសម្រេចឲ្យរួចផុតពីការបញ្ជូនខ្លួនទៅប្រទេសកម្ពុជា។
អង្គការសកម្មភាពយុវនារីខ្មែរ (Khmer Girls in Action) បានធ្វើកិច្ចការដើម្បីលើកកម្ពស់ការចេះដឹង សមភាពយេនឌ័រ និងយុត្តិធម៌ខាងសេដ្ឋកិច្ចដល់យុវជនយុវនារីខ្មែរអាមេរិកាំង សហគមន៍ខ្មែរអាមេរិកាំង និងសហគមន៍អាស៊ីអាមេរិកាំងនៅទូទាំងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា ដែលមានពលរដ្ឋខ្មែរអាមេរិកាំងច្រើនជាងគេបង្អស់រស់នៅ។
អង្គការសកម្មភាពយុវនារីខ្មែរ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៧ ហើយក្រុមយុវជននិងយុវនារីជាច្រើននាក់ដែលទទួលបានសេវាកម្មពីអង្គការនេះ បានទទួលឱកាសការងារល្អក្នុងសង្គម និងកំពុងចូលរួមបំពេញការងារជួយដល់សហគមន៍របស់ពួកគេវិញ។
រីឯជ័យលាភីបីផ្សេងទៀតត្រូវបានប្រគល់ឲ្យអង្គការ Southeast Asia Coalition (SEAC) ដែលធ្វើកិច្ចការផ្តោតលើការផ្លាស់ប្តូរបែបកែទម្រង់ទៅមុខដោយវឌ្ឍនភាព លោក Bao Phi នាយកកម្មវិធីសិក្សានៃមជ្ឈមណ្ឌល Loft Literary Center និងជាអ្នកនិពន្ធកំណាព្យដ៏ឆ្នើមម្នាក់ ដែលផ្តោតលើបញ្ហារើសអើង និងការខ្វះតំណាងរបស់សហគមន៍អាស៊ីអាមេរិកាំងនៅសហរដ្ឋអាមេរិក ហើយអង្គការ Fresno Center for New Americans (FCNA) ដែលធ្វើកិច្ចការផ្តោតលើការគាំពារដល់អតីតជនភៀសខ្លួនអាស៊ីដែលមករស់នៅសហរដ្ឋអាមេរិក និងផ្តល់សេវាកម្មខាងផ្នែកអប់រំ ឱកាសការងារ អន្តោប្រវេសន៍ និងខាងផ្នែកសុខភាពផ្លូវចិត្ត។
ចាប់តាំងពីឆ្នាំ១៩៧៩មក មជ្ឈមណ្ឌល Southeast Asia Resource Action Center (SEARAC) ដែលបានរៀបចំជាកម្មវិធីផ្តល់ពានរង្វាន់នេះឡើង ធ្វើកិច្ចការងារពង្រឹងអំណាចក្នុងសហគមន៍ឡាវ ខ្មែរ និងវៀតណាមនៅជុំវិញសហរដ្ឋអាមេរិក៕