ក្រុមតំណាងពលរដ្ឋខ្មែរអាមេរិកាំងជាច្រើន មកពីតាមបណ្តារដ្ឋនានា បានមកប្រមូលផ្តុំគ្នានៅមុខក្រសួងការបរទេសអាមេរិកកាលថ្ងៃសុក្រ ដើម្បីបញ្ចេញកំហឹងតវ៉ានឹងការធ្វើទុក្ខបុកម្នេញនយោបាយក្នុងប្រទេសកម្ពុជា ជាប្រទេសកំណើតរបស់ពួកគេ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួនលោក កឹម សុខា មេដឹកនាំក្រុមជំទាស់ បិទបណ្តាញព័ត៌មាន និងបណ្តេញអង្គការឯករាជ្យ មុនការបោះឆ្នោតជាតិឆ្នាំ២០១៨។
ពលរដ្ឋទាំងអស់ដែលបានចូលរួមបាតុកម្មបានកាន់បដាផ្សេងៗគ្នា កាន់ទង់ជាតិខ្មែរ និងទង់ជាតិអាមេរិកាំង និងប្រើប្រដាប់បំពងសម្លេងស្រែកតវ៉ា ឬនិយាយបញ្ចេញមតិមុននឹងដើរជាក្បួន។
ថ្លែងប្រាប់វីអូអេ (VOA) នៅក្នុងពេលធ្វើបាតុកម្ម លោក លឿង សោភ័ណ្ឌ មកពីក្រុង Chicago រដ្ឋ Illinois បានថ្លែងថា លោកទាមទារឲ្យក្រសួងការបរទេសអាមេរិកដាក់សម្ពាធលើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែង លោក កឹម សុខា និងអ្នកនយោបាយផ្សេងទៀត ឲ្យមានសេរីភាពដោយចាត់ទុកថា ទង្វើរដ្ឋាភិបាលចុងក្រោយជារឿងមិនត្រឹមត្រូវតាមច្បាប់ទេ។
«ដូច្នេះ យើងមិនចង់ឃើញជនផ្តាច់ការនៅក្នុងស្រុកខ្មែរតទៅទៀត។ យើងចង់ឲ្យប្រជាជនមានសិទ្ធិសេរីភាពដើម្បីឲ្យប្រជាជនអាចបោះឆ្នោតរើសអ្នកដឹកនាំតាមសេរីភាព មិនឲ្យមានការសង្កត់សង្កិន ជិះជាន់សព្វបែបយ៉ាងដូចសព្វថ្ងៃនេះទេ»។
លោកថា កម្ពុជានឹងជួបបញ្ហាសេដ្ឋកិច្ច និងប្រឈមមុខនឹងអន្តរជាតិទាំងមូល ប្រសិនបើងាកបែរទៅគាំទ្រប្រទេសចិន ហើយគ្មានការគោរពសិទ្ធិមនុស្ស និងមិនធ្វើតាមប្រជាធិបតេយ្យដែលសហគមន៍អន្តរជាតិដែលជាម្ចាស់ជំនួយចង់បាន។
«បើសិនជាលោក ហ៊ុន សែន គាត់នៅតែគំរាមកំហែង គាបសង្កត់ប្រជាជន និងមានសម្តីតតាំងជាមួយស.រ.អា. ដូច្នេះ ខ្ញុំយល់ឃើញថា ទៅថ្ងៃមុខមិនល្អទេ បើសិនជាស.រ.អា. បិទទំនិញមិនឲ្យចូលស.រ.អា. ប្រទេសខ្មែរនឹងមានការលំបាកយ៉ាងច្រើន ជាពិសេសកសិករ កម្មករនៅស្រុកខ្មែរ គឺគ្មានការធ្វើ គឺថានឹងមានបញ្ហាធំនៅក្នុងប្រទេសខ្មែរ»។
លោក ម៉ម វីរៈ ពលរដ្ឋខ្មែរអាមេរិកាំងនៅរដ្ឋអូហៃយូ (Ohio) បានសម្តែងការមិនពេញចិត្តនឹងរបត់នយោបាយកម្ពុជាបច្ចុប្បន្ន ដែលធ្វើឲ្យប្រទេសជាតិជួបបញ្ហា ហើយប្រឈមមុខនឹងអន្តរជាតិ។
«ខ្ញុំមានជំនឿថា បងប្អូនទាំងអស់លោកដឹង លោកយល់អំពីទុក្ខព្រួយ អំពីទុក្ខកង្វល់អំពីការបាត់បង់សិទ្ធិគ្រប់បែបយ៉ាង គ្រប់ស្ថាប័នទាំងអស់ លោកនឹងទៅបោះឆ្នោត។ខ្ញុំជឿថា ខ្ញុំមិនអាចទាយ១០០ភាគរយទេ ក៏ប៉ុន្តែអ្វីៗដែលខ្ញុំធ្លាប់ឆ្លងកាត់ គឺថា អំពើនេះ សកម្មភាពដែលរដ្ឋាភិបាលខ្មែរធ្វើសព្វថ្ងៃនេះគឺប្រាចាកនឹងសីលធម៌ ប្រាចាកនឹងអ្វីៗទាំងអស់»។
លោកចង់ឃើញរដ្ឋាភិបាលដោះលែងលោក កឹម សុខា ហើយនឹងមេដឹកនាំក្រុមជំទាស់និងអនុញ្ញាតឲ្យមានសេរីភាពបញ្ចេញមតិ និងសេរីភាពព័ត៌មានវិញមុនការបោះឆ្នោតជាតិឆ្នាំ២០១៨។
«គ្រប់ស្ថាប័នទាំងអស់ គឺស្ថិតនៅក្នុងគំនាបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគាត់ចាត់ចែងប្រទេស ដែលគាត់ផ្ទេរយកអំណាចដោយពឹងពាក់ទៅលើប្រទេស ទោះបីបរទេសណាក៏ដោយ»។
បាតុកម្មតវ៉ានេះ គឺកើតឡើងក្រោយពេលដែលមានភាពតានតឹងរវាងកម្ពុជានិងស.រ.អា. លើបញ្ហាមួយចំនួន ដែលមេដឹកនាំកម្ពុជា លោក ហ៊ុន សែនដែលកាន់អំណាចជាង៣០ឆ្នាំ បន្តចោទប្រកាន់ និងវាយប្រហារថា ស.រ.អា. នៅពីក្រោយលោក កឹម សុខា ក្នុងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ហើយ លោក កឹម សុខា ត្រូវចាប់ខ្លួនកាលពីយប់ថ្ងៃទី២ ឈានចូលដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពីបទក្បត់ជាតិ ដែលពលរដ្ឋខ្មែរអាមេរិកាំងមិនយល់ស្របនឹងការចោទប្រកាន់នេះទេហើយសហគមន៍អន្តរជាតិចាត់ទុកថា នេះជាបទចោទផ្នែកនយោបាយ និងជាការបង្រ្កាបក្រុមជំទាស់ ដែលគេមើលឃើញថា កំពុងកើនប្រជាប្រិយភាពមុនការបោះឆ្នោតជាតិឆ្នាំ២០១៨។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតតាំងជាមួយស.រ.អា. ដែលដោយមិនចង់ឃើញអធិតេយ្យកម្ពុជាត្រូវបរទេសរំលោភបំពាន។
«ខ្ញុំអំពាវនាវជនរួមជាតិកម្ពុជាងើបឈរឡើងដើម្បីឯករាជ្យ និងសេរីភាពអធិបតេយ្យភាពរបស់ខ្លួន»។
ព្រះតេជព្រះគុណ ជុំ វិចិត្រ ព្រះគ្រូសូត្រស្តាំវត្តមុនីសុតារាម ក្នុងរដ្ឋមីនីសូតា (Minnesota) មានថេរៈដីកាថា ព្រះតេជព្រះគុណចង់ឃើញថា កម្ពុជាមានការប្រែទៅតាមសហគមន៍អន្តរជាតិ បញ្ឈប់ការធ្វើទុក្ខបុកម្នេញនយោបាយរវាងខ្មែរ និងខ្មែរ ហើយគិតគូរពីការអភិវឌ្ឍន៍ប្រទេសជាសំខាន់។
«យើងមើលឃើញថា ពិភពលោកទាំងអស់រួមទាំងស.រ.អា.ជាដើម គឺគេបានផ្ញើរសារបញ្ចេញសម្លេង បញ្ចេញសារនយោបាយរបស់គេ វាល្មមនឹងរដ្ឋាភិបាលសព្វថ្ងៃហ្នឹង ភ្ញាក់ខ្លួន ឬក៏ទទួលយកបានថា អំពើដែលខ្លួនបានប្រព្រឹត្តបានធ្វើ គឺមិនត្រូវបានទទួលស្វាគមន៍អំពីរដ្ឋាភិបាលជាមិត្តនៅក្នុងទូទាំងពិភពលោកឡើយ»។
ក្រុមបាតុករកាលពីថ្ងៃសុក្រនេះ បានបញ្ចប់បាតុកម្មដោយអំពាវជាផ្លូវការឲ្យក្រសួងការបរទេស ស.រ.អា. និងសហគមន៍អន្តរជាតិគាបសង្កត់រដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងអនុញ្ញាតឲ្យគណបក្សជំទាស់ ចូលរួមក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ អនុវត្តច្បាប់ដាក់ទណ្ឌកម្ម Manitsky Act លើរបបគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕