អ្នកសិក្សាស្រាវជ្រាវខ្មែរនៅសកលវិទ្យាល័យសហរដ្ឋអាមេរិកមួយ និយាយថា ការចូលរួមចំណែករបស់ជនជាតិខ្មែរនៅក្រៅប្រទេស ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរជាដុំកំភួនខាងនយោបាយនៅក្នុងប្រទេសកម្ពុជា មិនសូវទទួលបានលទ្ធផលច្រើនប៉ុន្មានទេ ដោយសារកង្វះសាមគ្គីភាពក្នុងចំណោមសហគមន៍ខ្មែរនៅក្រៅប្រទេស។
លោក ហេង ស្រ៊ាង ដែលកំពុងសិក្សាស្រាវជ្រាវនៅសកលវិទ្យាល័យយ៉េល (Yale University) អំពីឥទ្ធិពលរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសទៅលើវិស័យនយោបាយ វប្បធម៌និងសេដ្ឋកិច្ចសង្គមក្នុងប្រទេសកំណើតរបស់ពួកគេ បានថ្លែងបែបនេះនៅក្នុងកម្មវិធី Hello VOA នៅថ្ងៃច័ន្ទនេះ។ លោកថា៖ «ការដែលគាត់ចង់បានឱ្យសង្គមខ្មែរហ្នឹង វារីកចម្រើន ឲ្យទូលំទូលាយដូចប្រទេសគេហ្នឹង ភាគច្រើន មិនសូវបានផលទេកន្លែងខ្លះ»។
លោក ហេង ស្រ៊ាង បានថ្លែងបន្ថែមថា៖
«ទី១ សហគមន៍ខ្មែរនៅក្រៅប្រទេស គាត់មិនសូវមានប្រព័ន្ធនៃការសហការគ្នាឲ្យស្អិតល្មួត ជាធ្លុងមួយ ជាខ្មែរតែមួយស្អីទេ។ ភាគច្រើន គាត់មានការបែកបាក់គ្នា ហើយជម្លោះហ្នឹង នាំឲ្យមានភាពទន់ខ្សោយក្នុងទំនាក់ទំនងនៃការជួយប្រទេសយើងហ្នឹង»។
ជនជាតិខ្មែរជាច្រើនលាននាក់ បាននិងកំពុងរស់នៅក្រៅប្រទេស ជាពិសេសនៅតាមបណ្តាប្រទេសធំៗមួយចំនួនដូចជាសហរដ្ឋអាមេរិក បារាំង កាណាដា អូស្ត្រាលី និងនូវែលសេឡង់ជាដើម។ ជនជាតិខ្មែរដែលរស់នៅក្រៅប្រទេសទាំងនេះ មួយចំនួន បានចូលរួមយ៉ាងសកម្មនិងដោយផ្ទាល់ក្នុងសកម្មភាពនយោបាយក្នុងប្រទេសកំណើតរបស់ពួកគេ ឯខ្លះទៀតចូលរួមជាផ្នែកស្មារតីនិងសម្ភារៈពីខាងក្រៅទៅ។
អ្នកសិក្សាស្រាវជ្រាវអំពីពលរដ្ឋខ្មែរនៅក្រៅប្រទេសនិងអ្នកវិភាគមួយចំនួន ធ្លាប់លើកឡើងថា ការចូលរួមរបស់សហគមន៍ខ្មែរនៅក្រៅប្រទេសនេះ បានរួមចំណែកមួយផ្នែកធំទៅដល់ការផ្លាស់ប្តូរវិស័យវប្បធម៌និងសេដ្ឋកិច្ចសង្គមក្នុងប្រទេសកំណើតរបស់ពួកគេក្នុងរយៈពេលជាង២០ឆ្នាំកន្លងមក។
លោក ហេង ស្រ៊ាង ដែលធ្លាប់ជាសាស្ត្រាចារ្យ បង្រៀនវិទ្យាសាស្ត្រនយោបាយនៅតាមសកលវិទ្យាល័យមួយចំនួនក្នុងប្រទេសកម្ពុជា មានប្រសាសន៍ថា សហគមន៍ខ្មែរនៅក្រៅប្រទេស ពិតជាបានរួមចំណែកយ៉ាងសំខាន់ខាងផ្នែកវប្បធម៌និងការជួយកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋខ្មែរក្នុងស្រុកមែន ប៉ុន្តែ លោកថ្លែងថា ជនជាតិខ្មែរនៅក្រៅប្រទេស ហាក់មិនសូវមានឥទ្ធិពលខ្លាំងទៅលើផ្នែកនយោបាយក្នុងស្រុកនោះឡើយ ដោយសារតែការបែកបាក់គ្នាខាងទស្សនៈនយោបាយ។
«ទី១ ដោយសារគាត់មានទស្សនៈខាងនយោបាយផ្សេងគ្នា។ ខ្លះគាំទ្រគណបក្សសង្គ្រោះជាតិទៅ ខ្លះគាំទ្រគណបក្សប្រជាជនទៅ ខ្លះគាំទ្រគណបក្សផ្សេងទៅ។ ដល់ទស្សនៈគាត់ផ្សេងគ្នាអញ្ចឹងទៅ គាត់មានជម្លោះគ្នា។ ដូច្នេះ ធ្វើឲ្យការជួយប្រទេសជាតិហ្នឹង មានភាពទន់ខ្សោយ»។
អ្នកសិក្សាស្រាវជ្រាវនៅសកលវិទ្យាល័យយ៉េល (Yale University) រូបនេះ បន្ថែមទៀតថា ក្នុងករណីខ្លះសហគមន៍ខ្មែរនៅក្រៅប្រទេសនេះ ដែលគាំទ្របក្សតែមួយដូចគ្នា ក៏មានការបែកបាក់គ្នាដែរ ដោយម្ខាងៗចាត់ទុកថា មានតែក្រុមខ្លួនទេ ដែលគ្រាន់បើជាងគេជាដើម។
«នៅក្នុងបក្សខ្លួនឯងហ្នឹង ក៏គាត់មានការកាច់កុងគ្នា ហើយក្រុមមួយទៀតហ្នឹង គឺក្រុមជ្រុលនិយម។ ក្រុមគាត់ហ្នឹងគឺថា នរណាធ្វើអី ក៏អត់ត្រូវដែរ។ គាត់ឈរចាំតែរិះគន់ គាត់ឈរចាំតែជេរអីអញ្ចឹង។ អាហ្នឹងជាចំណុចខ្សោយ ដែលធ្វើឲ្យជំនួយនិងការខិតខំរបស់គាត់ អត់បានជាផលប្រយោជន៍ជាដុំកំភួន សម្រាប់សង្គមយើងទេ»៕