នេះជាការឡើងបង្ហាញកម្មវិធី app ទូរស័ព្ទមួយ ដែលស្តាប់ទៅដូចជាការបង្ហាញឬហៅថា Pitch ដែលមានជាទៀងទាត់នៅតំបន់បច្ចេកវិទ្យា Silicon Valley ដែរ។ ប៉ុន្តែកុមារីខ្មែរទាំងនេះមិនមែនបង្ហាញកម្មវិធី app របស់ពួកគេដើម្បីប៉ងចង់ក្លាយជាមហាសេដ្ឋីក្រុមហ៊ុនបច្ចេកវិទ្យាថ្មីមួយនោះទេ។
កុមារី លន ដារ៉ាស៊ូចេង អាយុ១២ឆ្នាំ ប្រធានក្រុមនិងសមាជិក៤ទៀត បញ្ចប់ការបង្ហាញជាភាសាអង់គ្លេស ដោយបញ្ចុះបញ្ចូលក្រុមចៅក្រមវាយតម្លៃឲ្យគាំទ្រកម្មវិធីតាមទូរស័ព្ទឈ្មោះ Cambodia Identity Product យ៉ាងដូច្នេះថា៖
«សូមជួយប្រឆាំងភាពក្រីក្រដោយប្រើ app យើងខ្ញុំ។ សូមកុំខំស្វែងរកអតិថិជនសម្រាប់ផលិតផលរបស់អ្នក ប៉ុន្តែគួរស្វែងរកផលិតផលសម្រាប់អតិថិជនអ្នកវិញ! សូមអរគុណ។»
កុមារីខ្មែរដែលមានអាយុត្រឹម១១និង១២ឆ្នាំទាំងនេះ បានឆ្លងមហាសមុទ្រប៉ាស៊ីហ្វ៊ិកនិងហាត់រៀនការឡើងបង្ហាញជាភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ ដើម្បីមកចូលរួមក្នុងការប្រកួតផ្តាច់ព្រ័ត្រមួយសម្រាប់កុមារីដែលសរសេរកូដកុំព្យូទ័រឈ្មោះ Technovation Challenge 2017។ ពួកគេបានក្លាយទៅជាឧទាហរណ៍លើកទឹកចិត្តមួយដល់កុមារីនិងស្ត្រីផ្សេងទៀតនៅទូទាំងពិភពលោកដែលប្រាថ្នាចង់ចាប់យកអាជីពនៅក្នុងវិស័យបច្ចេកវិទ្យា។ ពួកគេក៏ចង់ជួយប្រឆាំងនឹងភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាដែលជាប្រទេសកំណើតរបស់ពួកគេផងដែរ ដោយបង្កើតបច្ចេកវិទ្យាតាមទូរស័ព្ទមួយដែលអនុញ្ញាតឲ្យសិប្បករលក់ផលិតផលខ្មែរតាមអ៊ីនធឺណិត។
សមាជិកក្រុមមួយរូបទៀតគឺកុមារី ជា សុជាតា អាយុ១១ឆ្នាំ ពន្យល់ពីគោលដៅមួយនៃកម្មវិធី app នេះថា៖
«យើងខ្ញុំចង់ជួយបង្កើតការងារឲ្យពលរដ្ឋខ្មែរ ដើម្បីបន្ថយជនចំណាកស្រុកដែលទៅប្រទេសជិតខាង កាត់បន្ថយភាពក្រីក្រដោយបង្កើតចំណូលនិងផ្តល់ជំនួយដល់ពលរដ្ឋខ្មែរ។»
ដើម្បីអាចជាប់ចូលប្រកួតនៅក្នុងកម្មវិធី Technovation បាន កុមារីនិងយុវតីពីជុំវិញពិភពលោកត្រូវសរសេរកូដបង្កើតកម្មវិធីសម្រាប់ទូរស័ព្ទឬ app ព្រមទាំងរៀបចំផែនការអាជីវកម្ម business plan ដែលជួយដោះស្រាយបញ្ហាមួយនៃគោលដៅអភិវឌ្ឍអង្គការសហប្រជាជាតិ។ កុមារីកម្ពុជាបានជ្រើសរើសបញ្ហាភាពក្រីក្រ។
ទោះបីសាកលភាវូបនីយកម្មបានជំរុញឲ្យមានកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ជាពិសេសកំណើនក្នុងវិ័ស័យទេសចរណ៍ក្តី សាកលភាវូបនីយកម្មក៏បាននាំឲ្យមានវិសមភាពសេដ្ឋកិច្ចនិងការប្រកួតប្រជែងកាន់តែខ្លាំង។ កុមារីទាំងនេះគិតថា កម្មវិធី app របស់ពួកគេអាចជួយដោះស្រាយបញ្ហានេះបាន។
នៅមុនពេលជួបចៅក្រមវាយតម្លៃ កុមារី លន ដារ៉ាស៊ូចេង ពន្យល់ប្រាប់ VOA អំពីគោលបំណងមួយទៀតនៃកម្មវិធី app នេះថា៖
«ពួកយើងក៏ចង់ផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោកផងដែរ។»
ដោយពួកគេមានអាយុដ៏ក្មេងខ្ចីនេះ មិនមានអ្នកណារំពឹងថា ពួកគេអាចជួយដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិនោះទេ។ ប៉ុន្តែវត្តមានរបស់ពួកគេនៅក្នុងការប្រកួតនេះ ឆ្លុះបញ្ចាំងឲ្យឃើញពីបញ្ហាមួយទៀតគឺ មានស្ត្រីតិចតួចប៉ុណ្ណោះ ដែលប្រឡូកក្នុងវិស័យបច្ចេកវិទ្យា។
នៅក្នុងប្រទេសកម្ពុជា ក្នុងចំណោមនិស្សិតដែលជ្រើសរើសជំនាញព័ត៌មានវិទ្យានៅឆ្នាំ២០១០ស្ត្រីមានត្រឹម១៤ភាគរយប៉ុណ្ណោះ។ នេះជាស្ថានភាពមួយដែលអ្នកខ្លះយល់ថា បណ្តាលមកពីការមិនទទួលបានភាពស្មើគ្នាខាងការអប់រំ ព័ត៌មាន ឬកង្វះខាតជនគំរូដែលជាស្ត្រីនៅក្នុងវិស័យបច្ចេកវិទ្យា។
កម្មវិធីដូចជា Technovation នេះរំពឹងថានឹងអាចជួយកែប្រែនិន្នាការនេះ។
អ្នកស្រី Tara Chklovski ជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃអង្គការ Iridescent ដែលជាអ្នករៀបចំកម្មវិធី Technovation នេះ។ អ្នកស្រីថ្លែងប្រាប់ VOA ពីឥទ្ធិពលនៃបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្នថា៖
«ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ បច្ចេកវិទ្យាពិតជាអាចជួយស្ត្រីឲ្យមានសំឡេងខ្លាំងក្លា និងបង្កើតសង្គមមួយដែលមានសមភាព។»
នេះជាលើកទី១ហើយដែលកុមារីខ្មែរបានជាប់មកប្រកួតផ្តាច់ព្រ័ត្រនៅក្នុងកម្មវិធី Technovation នៅតំបន់ Silicon Valley សហរដ្ឋអាមេរិក។
កុមារីខ្មែរទាំងនេះបានក្លាយជាឧទាហរណ៍មួយអំពីលទ្ធភាពដែលបច្ចេកវិទ្យាអាចជួយជំរុញដល់សមត្ថភាពស្ត្រីបាន ប្រសិនបើពួកគេទទួលបានការអប់រំ ការឧបត្ថម្ភ និងការលើកទឹកចិត្តត្រឹមត្រូវពីគ្រួសារនិងសង្គម។ ថ្វីបើកុមារីទាំងនេះភាគច្រើនមកពីក្រុមគ្រួសារដែលមានជីវភាពខ្វះខាតក្តី ពួកគេបានទទួលបានបណ្តុះបណ្តាលពីសាលាអន្តរជាតិ Liger Learning Center ដែលជាអង្គការមួយផ្តោតទៅលើការអប់រំបែបគម្រោង រៀនដកពិសោធន៍ និងភាពជាអ្នកដឹកនាំ ដែលខុសប្លែកពីការអប់រំធម្មតាតាមកម្មវិធីអប់រំរបស់រដ្ឋ។
លោក ម៉ៅ មុនី ជាវិស្វករខាងកម្មវិធី software កុំព្យូទ័រ ដែលបម្រើការនៅក្នុងវិស័យបច្ចេកវិទ្យាក្នុងតំបន់ Silicon Valley នេះអស់រយៈពេល២០មកហើយ។ ពេលបានដំណឹងពីមិត្តភក្តិអំពីការដែលមានកុមារីខ្មែរមកចូលរួមការប្រកួតលំដាប់ពិភពលោកនេះ លោកក៏ប្រញាប់មកចូលរួមភ្លាម។ លោក ម៉ៅ មុនី ដែលមានកូនស្រីអាយុ១១ឆ្នាំដែរនោះ បានសម្តែងការស្ញប់ស្ញែងចំពោះកុមារីទាំង៥ ប្រាប់ VOA ថា៖
«យើងឃើញថា វាមោទនភាពមួយ ឃើញកូនខ្មែរត្រឹមអាយុ១០ ១១ឆ្នាំ ចេះធ្វើបាន app ហើយការណ៍សំខាន់មានចិត្តថា ចង់ជួយខ្មែរយើង ដូចថាធ្វើឲ្យមានជីវភាពរស់នៅបានល្អ ដោយការធ្វើបាន ហើយខ្ញុំ impressed [ស្ញប់ស្ញែង] មួយជាងគេហ្នឹងគឺឃើញថា មិនចង់ឲ្យខ្មែរយើងទៅរកស៊ីនៅប្រទេសក្រៅទៀត។ ឲ្យប្រើអា app ហ្នឹង។»
លោកជឿងថា ការដែលមានកុមារីខ្មែរទាំង៥នាក់មកប្រកួតដល់តំបន់ Silicon Valley នេះនឹងលើកទឹកចិត្តឲ្យកុមារីនិងយុវនារីខ្មែរផ្សេងទៀតចាប់អាជីពខាងវិស័យបច្ចេកវិទ្យានេះកាន់តែច្រើន។
ក្នុងចំណោមយុវនារីអាមេរិកាំងកំណើតខ្មែរដ៏តិចតួចដែលបម្រើការក្នុងវិស័យបច្ចេកវិទ្យានៅ Silicon Valley នេះ មានកញ្ញា Pauline Seng អ្នកគ្រប់គ្រងកម្មវិធីមួយរូបនៅក្រុមហ៊ុន Google ដែលជាកន្លែងនៃការប្រកួតនេះ។ ក្រោយពីបានទទួលដំណឹងពីការប្រកួតដែលមានកុមារីខ្មែរចូលរួម កញ្ញា Pauline Seng ក៏បានមកគាំទ្រ ហើយនិយាយថា កុមារីទាំង៥បានក្លាយជាគំរូរួចទៅហើយដល់ស្ត្រីផ្សេងទៀត រួមទាំងកញ្ញាខ្លួនឯងផងដែរ ដែលទើបចាប់ប្រឡូកក្នុងវិស័យបច្ចេកវិទ្យានេះពេលនាងអាយុ២៣ឆ្នាំ។
កញ្ញាបញ្ជាក់ប្រាប់ VOA ថា៖
«ពិតណាស់ មើលចុះ ពួកគេបានមកដល់ Silicon Valley! នឹងមានស្ត្រីជាច្រើនទៀតដែលនឹងខំប្រឹងឲ្យបានមកដល់ដំណាក់កាលនេះដូចក្មេងស្រីទាំងនេះដែលនឹងជំរុញឲ្យក្មេងស្រីផ្សេងទៀតចាប់អារម្មណ៍នឹងបច្ចេកវិទ្យា។»
កញ្ញា Pauline Seng ថ្លែងថា បច្ចុប្បន្ននេះស្ត្រីនៅអាមេរិកមានភាពងាយស្រួលជាងមុនក្នុងការចូលប្រឡូកក្នុងវិស័យបច្ចេកវិទ្យាដោយសារមានកម្មវិធីគាំទ្រច្រើនជាងមុនដូចជាកម្មវិធី Technovation ជាដើម។ បុគ្គលិកក្រុមហ៊ុន Google រូបនេះដែលទើបបានទៅទស្សនាប្រទេសកម្ពុជាកាលពីប៉ុន្មានឆ្នាំមុន ជឿជាក់ថា យុវតីក្នុងជំនាន់កុមារីទាំង៥នឹងកាន់តែមានអនាគតត្រចះត្រចង់ក្នុងវិស័យនេះ ដែលអាចជួយជំរុញដល់វិស័យបច្ចេកវិទ្យាដ៏ក្មេងខ្ចីរបស់កម្ពុជា។
នៅក្នុងចំណោមអ្នកគាំទ្រក្រុមខ្មែរ ក៏មាននិស្សិតខ្មែរពីប្រទេសកម្ពុជាមួយរូបផងដែរគឺ កញ្ញ គី វិល័យវណ្ណ អាយុ២៣ឆ្នាំ និស្សិតវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ Brown University នៅរដ្ឋ Rhode Island។ កញ្ញាកំពុងធ្វើកម្មសិក្សា (internship) ខាងវិស្វកម្ម software កុំព្យូទ័ររយៈពេល៣ខែនៅក្រុមហ៊ុន Google ក្នុងរដ្ឋកាលីហ្វ័រញ៉ានេះ។
កញ្ញាបានទទួលដំណឹងអំពីការណ៍ដែលមានកុមារីខ្មែរមកប្រកួតនៅក្រុមហ៊ុន Google ដែលកញ្ញាកំពុងធ្វើកម្មសិក្សានេះ តាមរយៈការផ្សាយរបស់ VOA ហើយកញ្ញាមានអារម្មណ៍រំភើបខ្លាំងនៅពេលបានឃើញពួកគេឡើងលើឆាកបង្ហាញពី app មួយដែលកញ្ញាថាពិបាកបង្កើត។ ការណ៍នេះធ្វើឲ្យកញ្ញា គី វិល័យវណ្ណ នឹកឃើញដល់កាលពីកញ្ញាមានអាយុដូចកុមារីទាំង៥៖
«ឃើញក្មេងៗហ្នឹងអាយុត្រឹម១១ ១២ ប៉ុន្តែដូចមានទំនុកចិត្តខ្លួនឯងខ្ពស់។ ហើយនឹកឃើញកាលខ្ញុំអាយុប៉ុណ្ណឹង ប្រើកុំព្យូទ័រដូចរបៀបថា អត់សូវចេះនៅឡើយ ហើយអត់ចេះកូដ អត់ចេះអីហ្នឹង។ ហើយឃើញគាត់បង្កើត app មួយដូចរបៀបថា ដូចរំភើប ពេលគាត់ឡើងដូចចង់ស្រក់ទឹកភ្នែកដែរ ព្រោះរំភើបពេក។»
នៅក្នុងការប្រកួតរយៈពេល២ថ្ងៃនេះ ក្រុមកុមារីខ្មែរដែលបង្កើតកម្មវិធី Cambodia Identity Product មិនបានឈ្នះរង្វាន់ធំទេ គឺបានចាញ់ក្រុមយុវតីមកពីក្រុងហុងកុង។ ប៉ុន្តែយ៉ាងនេះក្តី ពួកគេមានទភាព ដែលពួកគេ បានត្រូវជ្រើសរើសពីជាង១.០០០ក្រុមនៅទូទាំងពិភពលោក ហើយបានជាប់មកប្រកួតផ្តាច់ព្រ័ត្រនៅតំបន់បច្ចេកវិទ្យាដ៏ល្បីរបស់សហរដ្ឋអាមេរិក។
កុមារី យស់ សិរីសប្តាហ អាយុ១២ឆ្នាំ ថ្លែងប្រាប់ VOA នៅក្រោយកម្មវិធីប្រកួតនេះថា៖
«ខ្ញុំមានអារម្មណ៍ថា សប្បាយចិត្តដែលក្រុមខ្ញុំបានមកដល់វគ្គនេះ។»
ដោយសារពួកគេជាក្រុមជាប់ក្នុងវគ្គផ្តាច់ព្រ័ត្រ ក្រុម CIT របស់ខ្មែរនេះបានទទួលអាហារូបករណ៍៥.០០០ដុល្លារត្រឡប់ទៅស្រុកវិញ។
ឆ្លើយតបនឹងសំណួរ VOA ក្រោយពីបានទស្សនាការថ្លែងរបស់ប្រធានក្រុមហ៊ុន Google ដែលជាបុរស គឺលោក Sundar Pichai នៅក្នុងពិធីបិទនៃកម្មវិធីប្រកួត Technovation នេះ ថាតើកុមារីខ្មែរទាំង៥គិតថា មហាក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះអាចនឹងមានស្ត្រីជាមេដឹកនាំទៅអនាគតទេ ពួកគេឆ្លើយព្រមគ្នាថា៖
«ចាស!»
ទោះបីរឿងនេះអាចឬមិនអាចក្លាយជាការពិតទៅពេលអនាគតក្តី ក៏កុមារីខ្មែរទាំង៥បានក្លាយជាក្រុមជនគំរូមួយរួចទៅហើយ៕