ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កុលាលភាជន៍​រចនាបថ​ខ្មែរ​ដុត​ក្នុង​ឡដុត​អុស​គ្មាន​ផ្សែង​មាន​ពណ៌ប្លែកៗ​គ្នា​ និង​ពេញនិយម


កុលាលភាជន៍​នៅ​ក្នុង​ឡ​របស់​លោក​យ៉ារី។ (ពិន ស៊ីសុវណ្ណ/VOA)
កុលាលភាជន៍​នៅ​ក្នុង​ឡ​របស់​លោក​យ៉ារី។ (ពិន ស៊ីសុវណ្ណ/VOA)

លោក​យ៉ារី​ លីវ៉ាន់​​បាន​ឲ្យ​ដឹង​ថា ​កុលាល​ភាជន៍​តាម​រចនាបថ​ខ្មែរ​ ដែល​ដុត​ក្នុង​ឡ​ដុត​អុស​គ្មាន​ផ្សែង​នេះ​មាន​លក្ខណៈ​សម្បត្តិ​ និង​លក្ខណៈ​ពិសេស​ដោយ​ឡែកៗ​ពី​គ្នា។​

កុលាលភាជន៍​រចនាបថ​ខ្មែរ​មាន​លក្ខណៈ​ធម្មជាតិ​ ហើយវា​មិន​ត្រឹមតែ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​និស្សិត​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ទាក់ទាញ​ចំណាប់​អារម្មណ៍​សាស្ត្រាចារ្យ​អាមេរិកាំង​ខាង​កុលាភាជន៍​ផង​ដែរ​ ព្រោះ​ពួកគេ​អាច​សិក្សា​អំពី​លទ្ធផល​ខុសៗគ្នា​នៃ​ការ​ដុត​កុលាលភាជន៍​ក្នុង​ឡ​ដុត​អុស​គ្មាន​ផ្សែង។​

កុលាល​ភាជន៍​រចនាបថ​ខ្មែរ​ទាំង​នេះ​មាន​សណ្ឋាន​និង​ពណ៌​សម្បុរខុសគ្នា ហើយ​វា​ទាក់​ទាញ​ភ្នែក​ ព្រោះ​វា​ជា​លទ្ធផល​នៃ​ការ​សិក្សា និង​បទពិសោធន៍​ដុត​កុលាល​ភាជន៍​ក្នុង​ឡ​ដុត​អុស​គ្មាន​ផ្សែង​ដែល​ជា​ស្នាដៃ​របស់​លោក​យ៉ារី លីវ៉ាន់ ​សាស្ត្រាចារ្យ​ផ្នែក​កុលាល​ភាជន៍​នៃ​មហា​វិទ្យាល័យ​សហគមន៍ Middlesex Community Collegeនៅ​ទី​ក្រុង​ Lowell រដ្ឋ​ Massachusetts​ ស.រ.អា.។​

លោក​យ៉ារី​ លីវ៉ាន់បាន​ឲ្យ​ដឹង​ថា ​កុលាល​ភាជន៍​តាម​រចនាបថ​ខ្មែរ​ ដែល​ដុត​ក្នុង​ឡ​ដុត​អុស​គ្មាន​ផ្សែង​នេះ​មាន​លក្ខណៈ​សម្បត្តិ​ និង​លក្ខណៈ​ពិសេស​ដោយ​ឡែកៗ​ពី​គ្នា។​

«ភាគ​ច្រើន​នៅ​ស.រ.អា.​នេះ​ គេ​ចូល​ចិត្ត​ទិញ​របស់​ណា​ដែល​កំពិត ​ឆែប ​ដូចថា ​ដូចវា​ប្លែក​ណា៎។​ ដូចថា​ វា​កំពិត​ វា​អី ​ដោយ​អចេតនា ​គេ​ចូល​ចិត្ត​ទិញ​របស់​ហ្នឹង។ ​របស់​ណា​ដែល​ស្អាត​ភ្លឹង​ ដែល​ខ្ញុំ​ស្រឡាញ់​ហ្នឹង​ ជួនកាល​នៅ​ជាមួយ​ខ្ញុំ​មួយ​ជីវិត​ហើយ​ អត់​ទៅ​ណា​ទេ។ ​មនុស្ស​យើង​ស្រឡាញ់​ខុសគ្នា។ ​យើង​ថា ​មិន​ស្អាត​ គេ​ថា​ ស្អាត»។​

លោក​បន្ថែម​ថា ​ កុលាល​ភាជន៍​របស់​លោក​មាន​ព្រលឹង​សិល្បៈ ​ជា​វត្ថុ​តាំង​លម្អ ​ដែល​មាន​តម្លៃ​ខ្ពស់​សម្រាប់​អតិថិជនអាមេរិកាំង ​គឺ​ខុសពីគ្រឿង​ព័កសឺឡែន​ ដូចជា​ចាន ពែង​ ​ថូទឹក ​ឆ្នាំង ដែល​ផលិត​ជា​លក្ខណៈ​ឧស្សាហកម្ម​ ​ដុត​ក្នុង​ឡ​អគ្គីសនី ​ឬ​ឡ​ឧស្ម័ន​ និង​មាន​រូបរាង​ដូចៗ​គ្នា​ ហើយ​ដែល​មិន​មាន​លក្ខណៈ​សម្បត្តិ​សិល្បៈ​នោះ​ទេ។​

ឡ​ដុត​កុលាលភាជន៍​នេះកើត​ចេញពី​គំនិត​ផ្តួច​ផ្តើម​របស់​លោក​យ៉ារី​ ដោយ​មានការ​ឧបត្ថម្ភរបស់​មហា​វិទ្យាល័យ​សហគមន៍ Middlesex Community College ​និង​អាជ្ញាធរ​ឧទ្យាន​ក្រុង ​Lowell​ ដែល​ផ្តល់​ដី​សម្រាប់​សាងសង់​ឡ​នេះ។

អ្នកស្រី​ Nancy ពិភាក្សា​ជាមួយ​លោក​យ៉ារី​អំពី​ក្អមឆ្នាំង។ (ពិន ស៊ីសុវណ្ណ/VOA)
អ្នកស្រី​ Nancy ពិភាក្សា​ជាមួយ​លោក​យ៉ារី​អំពី​ក្អមឆ្នាំង។ (ពិន ស៊ីសុវណ្ណ/VOA)

អ្នកស្រី ​Margaret Rack ​ដែល​ជា​សាស្ត្រាចារ្យ​សិល្បៈ​នៅ​មហា​វិទ្យាល័យ​សហគមន៍Middlesex Community Collegeនៅ​ទី​ក្រុង ​Lowell រដ្ឋ​ Massachusetts​ បាន​ឲ្យដឹង​ថា​ ​លោក​យ៉ារី​គឺជា ​ស្នូល​នៃ​បណ្តាញ​សហគមន៍​ខ្មែរ​ ព្រោះ​អតីត​កូន​សិស្ស​របស់​លោក​គាំទ្រ​តាម​មើល​លោក​បណ្តាញ​សង្គម​ ទោះ​ជា​គេ​បាន​រៀន​ចប់​ រៀបការ​មាន​កូន​ហើយ​ក៏ដោយ។ ​មុខ​វិជ្ជា​របស់​លោក​ទាក់ទាញ​ចំណាប់​អារម្មណ៍​ ​ហើយ​សិស្ស ​និង​គ្រូ​បង្រៀន​២៤​នាក់​បាន​ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​នៅ​ប្រទេសកម្ពុជា។​

ចំពោះ​អ្នកស្រី​ផ្ទាល់ ​អ្នក​ស្រី​និយាយ​ថា៖​

«ចំពោះ​ខ្ញុំ​ វា​ជា​ដំណើរ​ជីវិត​អស្ចារ្យ​មួយ ​ដែល​បាន​ស្គាល់​គាត់​ ​ហើយ​ខ្ញុំ​បាន​យល់​ដឹង​ច្រើន​អំពី​កម្ពុជា​ និង​សហគមន៍​ខ្មែរ​និង​សិល្បៈ​ខ្មែរ។​ តាម​ពិត​ទៅ ​បាន​ស្គាល់​គាត់​គឺ​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​នឹង​កម្ពុជា​ហើយ​បាន​ទៅ​ប្រទេស​កម្ពុជា​៣​ដង។ ​វា​ធ្វើ​ឲ្យ​ជីវិត​របស់ខ្ញុំ​ប្រសើរ​ឡើង​និង​បាន​សប្បាយ​ច្រើន»។​

លោក​យ៉ារី លីវ៉ាន់​ បង្ហាញ​អ្នក​ចូលរួម​ពី​ការ​សូន​ក្អមឆ្នាំង។ (ពិន ស៊ីសុវណ្ណ/VOA)
លោក​យ៉ារី លីវ៉ាន់​ បង្ហាញ​អ្នក​ចូលរួម​ពី​ការ​សូន​ក្អមឆ្នាំង។ (ពិន ស៊ីសុវណ្ណ/VOA)

អ្នកស្រី​ Margaret Rack​ ឲ្យ​ដឹង​ថា ​អ្នកស្រី​និង​លោក​យ៉ារី​បាន​សហការគ្នា​ធ្វើ​គម្រោង​ជា​ច្រើន​ ដែល​ភាគច្រើន​បាន​ជោគជ័យ​ រហូត​ដល់​បាន​រង្វាន់​ទៀត​ផង។​

«កម្មវិធី​ទាំងនោះ​បាន​ជោគជ័យ។​ ជោគជ័យ​ណាស់​ ហើយ​កម្មវិធី​យុវជន​ទទួល​បាន​រង្វាន់​អស្ចារ្យ​ចំនួន​២​ ពេល​យើង​ធ្វើ​ការ​ជាមួយ​គ្នា។ ​អីចឹង​ហើយ​បាន​ជា​យើង​ទៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ទទួល​រង្វាន់​ធំនៅឆ្នាំ២០០៥។ នោះ​ជា​កម្មវិធី​ល្អ​បំផុត​ក្នុង​ប្រទេស… ក្នុង​ស.រ.អា.​ទាំងមូល។ ​ដូច្នេះ​យើង​បាន​ជោគជ័យ​ខ្លាំង​ដោយសារ​តែ​គាត់​ [លោក យ៉ារីៀ»។​

ក្រៅពី​រង្វាន់​ដែល​អ្នកស្រី ​Margaret​ បាន​លើក​ឡើង លោក​យ៉ារី​គឺជា ​ជ័យ​លាភី​រង្វាន់ ​National Herita​ge Fellowship ​កាលពី​ឆ្នាំ២០១៥ ​ដែល​ជា​រង្វាន់​ថ្នាក់​ជាតិ​កម្រិតខ្ពស់​ទទួល​ស្គាល់​ស្នាដៃ​របស់​លោក។​

លោក​យ៉ារី​បានធ្វើ​ឲ្យ​រចនាបថ​កុលាល​ភាជន៍​ខ្មែរ​ដែល​មាន​កំណើត​តាំងពី​សម័យ​អង្គរ​មក​នោះ​ មាន​មុខមាត់​ថ្មី​តាម​រយៈ​ការសិក្សា​ ច្នៃ​ប្រឌិត​ជា​បន្ត​បន្ទាប់ក្នុងការដុត​កុលាល​ភាជន៍​នៅក្នុង​ឡ​នេះ។

អ្នកស្រី Nancy Selvage ​អតីត​នាយក​កម្មវិធីកុលាលភាជន៍​នៅ​សាកលវិទ្យាល័យ​ Havard ​University ហើយ​បច្ចុប្បន្នជា​សិល្បៈការិនី​ឯករាជ្យ​ បាន​រៀបរាប់​អំពី​ចំណេះ​ដឹង​ ​ការច្នៃ​ប្រឌិត ​ បទ​ពិសោធន៍​និង​ការ​សិក្សា​មិន​ចេះចប់​របស់​លោក​យ៉ារី​ ថ្វីបើ​លោក​ជា​សាស្ត្រាចារ្យ​ជើង​ចាស់​ក៏​ដោយ។ ​អ្នកស្រី​ពន្យល់​ថា ​កុលាលភាជន៍​ធ្វើពី​ដីឥដ្ឋ​ខុស​គ្នា​ ត្រូវ​មាន​បច្ចេកទេស​និង​សីតុណ្ហភាព​ក្នុង​ការ​ដុត​ខុស​គ្នា។ ​ ដូច្នេះ ​អ្នកជំនាញ​ ខាងកុលាលភាជន៍​ដូចជា ​លោក​យ៉ារី​ត្រូវតែ​រៀន​សូត្រ​បទពិសោធន៍​ថ្មី​ពី​កន្លែងមួយ​ទៅកន្លែង​មួយ ដូច្នេះ​លោកមានបទពិសោធន៍​ច្រើន។​

«ចា៎ បច្ចេកទេស​ក្នុង​ការឆ្លាក់​របស់​គាត់​ពិសេស​ណាស់ ​ហើយ​គ្រប់ៗ​គ្នា​ចាប់​អារម្មណ៍។​ គ្រប់គ្នា​ចាប់​អារម្មណ៍​រៀន​តាម​បច្ចេកទេស​របស់​គាត់ ​និង​ស្តាប់​រឿង​កម្សត់ ​រឿង​លំបាក​របស់​គាត់​ ហើយ​យើង​ក្លាយ​ជា​មិត្ត​ភក្តិ»។​

លោក​យ៉ារី លី​វ៉ាន់​ យក​កុលាលភាជន៍​ចេញ​ពី​ឡ។ (ពិន ស៊ីសុវណ្ណ/VOA)
លោក​យ៉ារី លី​វ៉ាន់​ យក​កុលាលភាជន៍​ចេញ​ពី​ឡ។ (ពិន ស៊ីសុវណ្ណ/VOA)

អ្នកស្រី ​Nancy ​ក៏​បាន​ពន្យល់​អំពី​ផល​ប្រយោជន៍​នៃ​ឡ​របស់​លោក​យ៉ារី​ ដែល​គ្មាន​ផ្សែង​ក្នុង​ការ​ដុត​កុលាល​ភាជន៍​រចនាបថ​ខ្មែរ​ទាំង​នេះ។​

«មាន​ប្រសិទ្ធភាព​ជាង​ ព្រោះ​មិន​ចាំ​បាច់​ប្រើ​ប្រេង​ឥន្ធនៈ ​ហើយ​មិន​ធ្វើ​ឲ្យ​ខូច​ខ្យល់​អាកាស។ ​មនុស្ស​រស់​ក្នុង​ក្រុង​នេះ​មិន​ខកចិត្ត​ទេ។​ ខាង​ពន្លត់​អគ្គីភ័យ​មិន​មកដេញ​ដោល​ថា "ហ្អេ ធ្វើ​អី​ផ្សែងហុយទ្រលោម?" និយាយរួម​គឺមាន​ប្រយោជន៍​ច្រើន»។​

អ្នកស្រី ​Maggie Holtzberg ​ជា​នាយិកា​កម្មវិធី​សិល្បៈ​ប្រជាប្រិយ​ ដែល​អមដំណើរ​លោក​យ៉ារី​មកធ្វើ​បទបង្ហាញ​អំពី​កុលាលភាជន៍​រចនាបថខ្មែរ​នៅ​វិចិត្រសាល​ Arthur M. Sackler Gallery ​របស់​សារមន្ទីរ ​Smithsonian ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ ​លោកស្រី​បានសរសើរ​ស្នាដៃ​ និង​ឆន្ទៈ​របស់​លោក។​

«ជាពិសេស​ក្នុង​ពេល​៥ ទៅ​១០​ឆ្នាំ​កន្លងមក​នេះ ​ ​លោក​យ៉ារី និង​ស្នាដៃ​សិល្បៈ​ថ្មី​របស់​គាត់​គួបផ្សំនឹង​ប្រពៃណី​វប្បធម៌ខ្មែរ​ បាន​លើកកម្ពស់​មុខមាត់​ខ្មែរ​នៅ​ទីក្រុង ​Lowell»។

ក្រៅពី​បង្រៀន​អំពី​កុលាលភាជន៍​នៅ​ក្នុង​មហា​វិទ្យាល័យ​នៅក្រុង​ Lowell លោក​យ៉ារី​មាន​វត្តមាន​ជានិច្ច​នៅ​ក្នុង​ពិធី​សំខាន់ៗ​នៅ​ក្នុងរដ្ឋ​ Massachusttes ជាពិសេស​នៅ​ក្រុង​Lowell ​ដូចជា ​ពិធី​បុណ្យ​ប្រពៃណី​វប្បធម៌​ចម្រុះ​ជាតិ​សាសន៍​ប្រចាំ​ឆ្នាំ​នៅ​ក្រុង Lowell ដែល​បាន​ប្រារព្ធ​កាលពី​ចុង​ខែ​កក្កដា។​ លោក​ក៏​ចូលរួម​ពិធី​សិល្បៈ​វប្បធម៌​នានា​នៅ​ក្រៅរដ្ឋMassachusttes​ ផង​ដែរ​ ជាក់ស្តែង​ការបង្ហាញ​របៀប​ធ្វើកុលាលភាជន៍​ដល់​អ្នកចូលរួមនៅ​មជ្ឈមណ្ឌល ​ The District Clay Center ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ផងដែរ។​

ជំនាញ​ធ្វើ​កុលាលភាជន៍​នេះ​បាន​សង្គ្រោះ​ជីវិត​លោក​យ៉ារី លីវ៉ាន់​ពី​របប​ខ្មែរក្រហម ព្រោះ​ពួក​កុម្មុយនិស្ត​អាវ​ខ្មៅ​នេះ​បាន​ទុក​ជីវិត​បញ្ញាវន្ត​រូបនេះ​ឲ្យ​ធ្វើ​ឡ​ដុត​ក្បឿង​សង់ផ្ទះ​ឲ្យ​កម្មាភិបាល​របស់​របប​វាលពិឃាដ​នេះ៕

XS
SM
MD
LG