ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បាននិយាយកាលពីថ្ងៃអង្គារថា កិច្ចសហប្រតិបត្តិការយោធារវាងកូរ៉េខាងជើងនិងរុស្ស៊ី «បណ្តាលឱ្យមានការគំរាមកំហែងសន្តិសុខដ៏ខ្លាំងដល់សហគមន៍អន្តរជាតិ»។
ការអត្ថាធិប្បាយនៅឯជំនួបរបស់គណៈរដ្ឋមន្ត្រីនៅក្នុងរដ្ឋធានីសេអ៊ូលបានកើតមានឡើង បន្ទាប់ពីលោកប្រធានាធិបតី Yoon និយាយកាលពីថ្ងៃចន្ទថា ការបញ្ជូនកងទ័ពកូរ៉េខាងជើងទៅកាន់សមរភូមិនៅក្នុងប្រទេសអ៊ុយក្រែនអាចកើតមានឡើង «យ៉ាងឆាប់រហ័សជាងការរំពឹងទុក»។ នេះបើតាមការវាយតម្លៃការស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង។
ក្រសួងការពារជាតិសហដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា កូរ៉េខាងជើងបានបញ្ជូនកងទ័ពប្រហែល ១ម៉ឺននាក់ ទៅហ្វឹកហាត់នៅក្នុងប្រទេសរុស្ស៊ី ដែលច្រើនជាង ៣ ដងនៃការប៉ាន់ស្មានកាលពីពេលមុន។
អ្នកស្រី Sabrina Singh អ្នកនាំពាក្យរងក្រសួងការពារជាតិអាមេរិក បានប្រាប់ពួកអ្នកយកព័ត៌មាននៅឯមន្ទីរបច្ចៈកោណថា៖ «យើងជឿថា កូរ៉េខាងជើងបានបញ្ជូនទាហានទាំងអស់ប្រហែល ១ម៉ឺននាក់ ទៅហ្វឹកហាត់ក្នុងតំបន់ភាគខាងកើតប្រទេសរុស្ស៊ី ដែលនឹងប្រហែលបន្ថែមកងទ័ពរុស្ស៊ី នៅជិតអ៊ុយក្រែន នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតនេះ»។
អ្នកស្រីបានបន្ថែមទៀតថា៖ «មួយផ្នែកនៃទាហានទាំងនោះបានរំកិលខិតកាន់តែជិតទៅនឹងប្រទេសអ៊ុយក្រែនហើយ យើងមានការព្រួយបាម្ភយ៉ាងខ្លាំងថា រុស្ស៊ីមានបំណងប្រើប្រាស់ទាហានទាំងអស់នោះនៅក្នុងការប្រយុទ្ធឬគាំទ្រកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងកងទ័ពអ៊ុយក្រែននៅក្នុងតំបន់ Kursk នៃប្រទេសរុស្ស៊ី នៅជិតព្រំដែនជាមួយប្រទេសអ៊ុយក្រែន។
កាលពីព្រឹកថ្ងៃចន្ទ អង្គការអូតង់បានបញ្ជាក់ថា ទាហានកូរ៉េខាងជើង ៣ ពាន់នាក់បានត្រូវបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួយរដ្ឋាភិបាលក្រុងមូស្គូ ក្នុងការប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន ហើយក៏ត្រូវបានបញ្ជូនទៅកាន់តំបន់ Kursk នៃប្រទេសរុស្ស៊ី ជាទីកន្លែងដែលកងទ័ពអ៊ុយក្រែនបានឈ្លានពាននៅក្នុងការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយ កាលពីខែសីហា ហើយនៅកាន់កាប់ទឹកដីនោះនៅឡើយ។
អគ្គលេខាងធិការអង្គការអូតង់បាននិយាយថា ការបញ្ជូនកងទ័ពកូរ៉េខាងជើងជាសញ្ញាមួយនៃ «ការអស់សង្ឃឹមកាន់តែខ្លាំងឡើង» ស្តីពីផ្នែកមួយរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ លោក Rutte បានបន្ថែមទៀតថា កងទ័ពរុស្ស៊ីជាង ៦សែននាក់ បានត្រូវសម្លាប់ ឬរងរបួសចាប់តាំងពីការឈ្លានពានអ៊ុយក្រែននៅខែកុម្ភៈ ឆ្នាំ ២០២២ មក៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវបានផ្តល់ដោយទីភ្នាក់ងារសារព័ត៌មាន Associated Press, Agence France-Presse និង Reuters