ប្រធានអង្គការអូតង់ (NATO) លោក Mark Rutte បានចាត់ទុកការពង្រាយកងទ័ពកូរ៉េខាងជើងដើម្បីជួយរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែនថាជាការពង្រីកសង្គ្រាមដ៏គ្រោះថ្នាក់ដែលបង្ហាញអំពី «ភាពអស់សង្ឃឹមកាន់តែខ្លាំងឡើង» របស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
នៅពេលថ្លែងក្នុងទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៊ិកក្រោយពីជួបជាមួយមន្ត្រីស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងមក លោក Rutte បាននិយាយថាលោកអាចបញ្ជាក់បានថាអង្គភាពយោធាកូរ៉េខាងជើងពិតជាត្រូវបានបញ្ជូនទៅតំបន់ Kursk ប៉ែកខាងលិចរបស់រុស្ស៊ីប្រាកដមែន។
លោក Rutte បានថ្លែងក្នុងសន្និសីទកាសែតមួយថា៖ «កិច្ចសហប្រតិបត្តិការយោធាដែលកាន់តែស៊ីជម្រៅរវាងរុស្ស៊ីនិងកូរ៉េខាងជើងគឺជាការគំរាមកំហែងចំពោះសន្តិសុខទាំងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនិងតំបន់អឺរ៉ុបអាត្លង់ទិក»។
លោកថ្លែងទៀតថា៖ «ការពង្រាយកងទ័ពកូរ៉េខាងជើងទៅកាន់តំបន់ Kursk ក៏ជាសញ្ញាបង្ហាញអំពី «ភាពអស់សង្ឃឹមកាន់តែខ្លាំងឡើង» របស់លោក Putin ផងដែរ»។
កងទ័ពអ៊ុយក្រែនបានបើកការវាយលុកថ្មើរជើងនៅក្នុងតំបន់ Kursk តាំងពីខែសីហាមក ហើយគ្រប់គ្រងដែនដីរុស្ស៊ីបានរាប់រយគីឡូម៉ែត្រការ៉េ៕