រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា មានភស្តុតាងដែលថាទាហានកូរ៉េខាងជើងស្ថិតនៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែអ្វីដែលពួកគេកំពុងធ្វើនៅទីនោះ «ជារឿងមិនច្បាស់លាស់»។
ការអត្ថាធិប្បាយរបស់លោកបានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា រដ្ឋាភិបាលរបស់លោកមានព័ត៌មានថាអង្គភាពយោធាកូរ៉េខាងជើងចំនួនពីរកំពុងហ្វឹកហាត់នៅក្នុងប្រទេសរុស្ស៊ី សម្រាប់ការប្រយុទ្ធដ៏ដែលអាចកើតឡើងនៅអ៊ុយក្រែន។
លោក Austin បានលើកឡើងពី «ទំនាក់ទំនងកាន់តែរឹងមាំ» រវាងរុស្ស៊ី និងកូរ៉េខាងជើង ដោយកត់សម្គាល់ថា កូរ៉េខាងជើងបានផ្តល់អាវុធដល់រុស្ស៊ី។
លោក Austin បាននិយាយថា៖ «ប្រសិនបើពួកគេជាអ្នកសហការបះបោរ ប្រសិនបើពួកគេមានបំណងចង់ចូលរួមក្នុងសង្រ្គាមជំនួសរុស្ស៊ី នោះគឺជាបញ្ហាដ៏ធ្ងន់ធ្ងរបំផុត ហើយវានឹងមានផលប៉ះពាល់មិនត្រឹមតែនៅក្នុងទ្វីបអឺរ៉ុបប៉ុណ្ណោះទេ វាក៏នឹងជះឥទ្ធិពលដល់អ្វីៗនៅក្នុងប្រទេសឥណ្ឌូប៉ាស៊ីហ្វិកផងដែរ»។
លោក Austin ក៏បានគូសបញ្ជាក់ផងដែរអំពីជនរងគ្រោះរុស្ស៊ីនៅក្នុងសង្រ្គាម ដែលរុស្ស៊ីបានចាប់ផ្តើមជាមួយនឹងការលុកលុយពេញលេញលើអ៊ុយក្រែននៅដើមឆ្នាំ២០២២ ដោយនិយាយថា រឿងកូរ៉េខាងជើងចូលរូមនេះ គឺជាការចង្អុលបង្ហាញថាប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អាចមានបញ្ហាច្រើនជាងមនុស្សភាគច្រើនដឹង។
ការវាយតម្លៃរបស់ លោក Austin ត្រូវបានគាំទ្រយ៉ាងឆាប់រហ័សដោយមន្ត្រីណាតូ ដែលកំពុងរង់ចាំការផ្តល់ព័ត៌មានបន្ថែមពីកូរ៉េខាងត្បូង ដែលបានផ្សព្វផ្សាយជាសាធារណៈជាមួយនឹងការស៊ើបការណ៍សម្ងាត់របស់ខ្លួនអំពីចលនាទាហានកូរ៉េខាងជើងកាលពីសប្តាហ៍មុន។
អ្នកនាំពាក្យអង្គការណាតូ លោក Farah Dakhlallah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ VOA ថា «សម្ពន្ធមិត្តបានបញ្ជាក់ពីភស្តុតាងនៃការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី»។
លោក Dakhlallah បាននិយាយថា «យើងកំពុងពិភាក្សាយ៉ាងសកម្មនៅក្នុងចំណោមសម្ពន្ធមិត្តលើបញ្ហានេះ។ ប្រសិនបើកងទ័ពទាំងនេះមានគោលដៅប្រយុទ្ធនៅអ៊ុយក្រែន វានឹងបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងការគាំទ្ររបស់កូរ៉េខាងជើងចំពោះសង្គ្រាមខុសច្បាប់របស់រុស្ស៊ី និងជាសញ្ញាមួយផ្សេងទៀតដែលថាប្រទេសរុស្ស៊ីកំពុងខាតបង់យ៉ាងច្រើននៅក្នុងសមូរភូមិជួរមុខ»។
លោកZelenskyy បាននិយាយកាលពីថ្ងៃអង្គារថា អ៊ុយក្រែនរំពឹងថានឹងមាន «ការឆ្លើយតបយ៉ាងរឹងមាំនិងជាក់ស្តែងពីពិភពលោក»។
លោក Zelenskyy បាននិយាយថា «ប្រសិនបើកូរ៉េខាងជើងអាចធ្វើអន្តរាគមន៍ក្នុងសង្គ្រាមនៅអឺរ៉ុប នោះសម្ពាធលើរបបនេះគឺពិតជាមិនខ្លាំងគ្រប់គ្រាន់ទេ។ ហើយប្រសិនបើរុស្ស៊ីនៅតែអាចពង្រីក និងអូសបន្លាយសង្រ្គាមនេះ វាមានន័យថា គ្រប់រូបនៅក្នុងពិភពលោកដែលនៅតែមិនជួយបង្ខំរុស្ស៊ីឱ្យស្វែងរកសន្តិភាព គឺពិតជាកំពុងជួយលោកពូទីនឱ្យធ្វើសង្រ្គាម»៕