កាលពីខែមិថុនា នៅក្រោយកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមានវង់ប្រតិបត្តិការខ្លី៨គ្រាប់ទៅក្នុងមហាសមុទ្រ កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានតបតដោយបាញ់មីស៊ីល៨គ្រាប់ដែរទៅក្នុងសមុទ្រ។
ប្រាំខែក្រោយមក នៅពេលមីស៊ីលកូរ៉េខាងជើងមួយគ្រាប់បានហោះកាត់ព្រំដែនសមុទ្រជាក់ស្តែងរវាងប្រទេសកូរ៉េទាំងពីរជាលើកដំបូងតាំងពីសង្គ្រាមកូរ៉េនៅទសវត្សរ៍១៩៥០មក នៅពេលប៉ុន្មានម៉ោងបន្ទាប់មក កូរ៉េខាងត្បូងបានបាញ់មីស៊ីលបីគ្រាប់របស់ខ្លួនផ្ទាល់ទៅភាគខាងជើងនៃព្រំដែនសមុទ្រដ៏រសើបនេះ។
ក្នុងសប្តាហ៍ចុងក្រោយបង្អស់នៃខែធ្នូ ក្រោយពីកូរ៉ខាងជើងបានបញ្ជូនដ្រូនសង្កេតការណ៍តូចៗប្រាំគ្រឿងឆ្លងកាត់ព្រំដែនគោក កូរ៉េខាងត្បូងក៏បានសងសឹកយ៉ាងប្រញ៉ាប់ដោយបានបញ្ជូនដ្រូនមួយរបស់ខ្លួនទៅក្នុងកូរ៉េខាងជើងជាលើកដំបូង ហើយបានប្តេជ្ញាថាបញ្ជូនដ្រូន២ឬ៣គ្រឿងសម្រាប់ការបញ្ជូនដ្រូនកូរ៉េខាងជើងរាល់ៗដងក្នុងពេលខាងមុខ។
នៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Yoon Suk Yeol កូរ៉េខាងត្បូងបានប្រកាន់យកគោលនយោបាយ«តបតវិញ»នៅពេលឆ្លើយតបនឹងភាពគឃ្លើនរបស់កូរ៉េខាងជើង។
ពួកអ្នកគាំទ្រនិយាយថារបៀបដោះស្រាយមួយបែបនេះជួយរក្សាសន្តិភាព។ ពួកគេនិយាយបង្ហាញហេតុផលថា ដោយឆ្លើយតបដោយការបង្ហាញកម្លាំងយ៉ាងលឿន កូរ៉េខាងត្បូងនិងស.រ.អ.អាចបង្ហាញឱ្យឃើញសមត្ថភាពនិងបំណងតបតដោយប្រើអាវុធខ្លាំង។
ប៉ុន្តែក្រុមអ្នករិះគន់ថ្លែងថាយុទ្ធសាស្ត្រនេះក៏បង្កើនការគិតគូរខុសឬកំហុស បណ្តាលឱ្យមានស្ថានការណ៍មួយដែលអាចធ្ងន់ធ្ងរជាងមុនបាន។ ពួកគេបានពោលថា បន្ថែមលើនេះ យុទ្ធសាស្ត្រនេះធ្វើឱ្យកូរ៉េខាងជើងមានប្រៀប ដោយអនុញ្ញាតឱ្យប្រទេសនេះបង្ករឿងថែមទៀតដែលអាចត្រូវទាញយកជាប្រយោជន៍ខ្លួនបាន។
របៀបដោះស្រាយនេះមិនមែនថ្មីទេ
យូរយារមកហើយ កងយោធាកូរ៉េខាងត្បូងបានការពារការតបតនឹងសកម្មភាពគំរាមកំហែងរបស់កូរ៉េខាងជើង ដោយយ៉ាងហោចណាស់ ប្រើវិធានការសមាមាត្រហើយជួនកាលលើសពីនេះថែមទៀត។
នៅពេលមានភាពតានតឹងខាងយោធា ជាញឹកញយ កូរ៉េខាងត្បូងបានប្រកាន់យកគោលនយោបាយតបត យ៉ាងហោចណាស់ បីដងខ្លាំងជាងសកម្មភាពកូរ៉េខាងជើង។ គោលនយោបាយ«បីទល់នឹងមួយ»បានអនុវត្ត យ៉ាងហោចណាស់ តាំងពីឆ្នាំ២០១០នៅពេលកូរ៉េខាងត្បូងបានឆ្លើយតបនឹងការបាញ់ផ្តក់ដ៏ប្រល័យដោយកូរ៉េខាងជើងលើកោះជួរមុខ Yeonpyeong។
គោលនយោបាយនេះមានច្បាស់លាស់ជាងមុនកាលពីពីរបីឆ្នាំមុននេះ នៅពេលកូរ៉េខាងជើងបង្កើនការធ្វើតេស្តអាវុធនិងការគំរាមកំហែង ក្រោយពីបានផ្អាកសកម្មភាពបែបនេះនៅពេលខ្លួនឈោងដៃទៅកាន់រដ្ឋាភិបាលក្រុង Washington និងរដ្ឋាភិបាលក្រុងសេអ៊ូលក្នុងឆ្នាំ២០១៨-១៩។
ការធ្វើតេស្តមីស៊ីលកូរ៉េខាងជើងសឹងតែទៀងទាត់បាននាំឱ្យកូរ៉េខាងត្បូង មិនគ្រាន់តែបង្ហាញកម្លាំងយោធារបស់ខ្លួនផ្ទាល់ប៉ុណ្ណោះទេ តែក៏បានធ្វើការសម្របសម្រួលជាមួយសម្ព័ន្ធមិត្តខ្លួន គឺស.រ.អ.ផងដែរ។
ជួនកាល ការជជែកដេញដោលគ្នាអំពីការឆ្លើយតបបែបណាឱ្យបានល្អបំផុតនិងអំពីមុខនាទីដែលកូរ៉េខាងត្បូងគួរបំពេញ បានបណ្តាលឱ្យមានការខ្វែងគំនិតគ្នារវាងសម្ព័ន្ធមិត្តទាំងពីរនេះ ដូចជាកាលពីសប្តាហ៍ទីមួយនៃខែមករា នៅពេលរដ្ឋាភិបាលក្រុង Washington បានបដិសេធគំនិតលោក Yoon ចង់ឲ្យមានការធ្វើសមយុទ្ធនុយក្លេអ៊ែររួមគ្នាជាមួយរដ្ឋាភិបាលក្រុងសេអ៊ូល។
ការប្រថុយប្រថានច្រើន
បើតាមលោក Chun In-bum ឧត្តមសេនីយ៍ឯកចូលនិវត្តន៍នៃកងទ័ពជើងគោកកូរ៉េខាងត្បូងថា ទោះជាកូរ៉េខាងត្បូងត្រូវការបង្ហាញការតាំងចិត្តក្នុងការប្រឈមនឹងការបង្ករឿងដោយកូរ៉េខាងជើងក៏ដោយ ក៏ប្រតិកម្មនៃការធ្វើការតបតវិញរបស់កូរ៉េខាងត្បូងនាំឱ្យមានការបារម្ភដែរ។
ឮលោក Chun បាននិយាយក្នុងបទសម្ភាសជាមួយនឹងVOA ថា៖«បញ្ហាមួយលានជំពូកអាចខុសឆ្គង។ សូមពិចារណាអំពីរឿងនេះ»។
បើតាមលោក Chun ថា ក្នុងចំណោមលទ្ធភាពនៃការកើតមានបាន គឺថាបញ្ជារបស់លោក Yoon អាចត្រូវបកស្រាយខុសដោយមេដឹកនាំយោធាកូរ៉េខាងត្បូងដែលអន្ទះសាហួសហេតុ កូរ៉េខាងជើងអាចយល់ច្រឡំអំពីការតបតរបស់កូរ៉េខាងត្បូងថាជាការវាយប្រហារហើយបាញ់លើកូរ៉េខាងត្បូង អាវុធកូរ៉េខាងត្បូងអាចគាំងដំណើរដូចដែលបានកើតមានច្រើនដងមកហើយក្នុងការតបតបែបនេះកាលពីឆ្នាំទៅ ហើយអាវុធទំនើបរបស់កូរ៉េខាងត្បូងដូចជាដ្រូនជាដើម អាចត្រូវកូរ៉េខាងជើងចាប់បានប្រសិនបើត្រូវបញ្ជូនឆ្លងកាត់ព្រំដែន។
គ្មាន«ការតបតវិញ»ត្រូវបានអនុញ្ញាតទេ
ការឆ្លើយតបរបស់កូរ៉េខាងត្បូងបានរំលោភលើកិច្ចព្រមព្រៀងយុទ្ធសន្តិភាព ដែលសម្រាប់បញ្ចៀសកុំឱ្យមានអរិភាពនៅក្រោយសង្គ្រាមកូរ៉េពីឆ្នាំ១៩៥០ដល់១៩៥៣។
លោក Chun បានថ្លែងថាការគំរាមកំហែងដោយប្រើដ្រូន«បីទល់នឹងមួយ»របស់លោក Yoon អាចនាំឱ្យមានបញ្ហាជាពិសេស។
បើតាមលោក Chun តាមរយៈកិច្ចព្រមព្រៀងយុទ្ធសន្តិភាពនោះ ការឆ្លើយតបខាងយោធាឆ្លងកាត់ព្រំដែនត្រូវបានអនុញ្ញាតប្រសិនបើការតបតមានសមាមាត្រនិងជាការការពារខ្លួន។
លោកបានថ្លែងថា ម្យ៉ាងវិញទៀត អាជ្ញាធរកូរ៉េខាងត្បូងអាចមានហេតុផលត្រឹមត្រូវក្នុងការបាញ់ទម្លាក់ដ្រូនក្នុងដែនដីកូរ៉េខាងត្បូង។ លោកបានបន្ថែមថាមានពេលជាច្រើន ដ្រូនគ្មានប្រដាប់អាវុធអាចត្រូវមើលឃើញថាជាការគំរាមកំហែងអាយុជីវិត។
លោក Chun បាននិយាយថា ម្យ៉ាងវិញទៀត ការបញ្ជូនដ្រូនទៅប៉ែកខាងជើងព្រំដែនជា«ការតបត»ដូចដែលលោក Yoon បានស្នើ អាចរំលោភលើបទបញ្ញត្តិយុទ្ធសន្តិភាពស្តីពីការណែនាំក្នុងការប្រយុទ្ធនឹងសត្រូវ។
ពួកមន្ត្រីយោធាកូរ៉េខាងត្បូងបាននិយាយយោងដល់ការការពារខ្លួនឯងក្នុងការបញ្ជូនដ្រូនទៅខាងជើងព្រំដែន ដោយហៅការបញ្ជូននេះថាជាការឆ្លើយតបត្រឹមត្រូវដល់ការឈ្លានពានជាក់ស្តែងរបស់កូរ៉េខាងជើងក្នុងដែនអាកាសខ្លួន។ តែយ៉ាងណាក៏ដោយ ក៏លោក Yoon បាននិយាយយោងដល់របៀបដោះស្រាយរបស់លោកថាជាការប៉ុនប៉ងមួយដើម្បី«ដាក់ទណ្ឌកម្មនិងសងសឹក»ប្រឆាំងនឹងកូរ៉េខាងជើង។
បញ្ជាការអ.ស.ប. United Nations Command ដែលជាកងកម្លាំងយោធាពហុជាតិទទួលបន្ទុកធ្វើឱ្យមានការគោរពកិច្ចព្រមព្រៀងយុទ្ធសន្តិភាព មិនបានអធិប្បាយអ្វីក្រៅពីនិយាយថាខ្លួនបើកការស៊ើបអង្កេតនៅក្រោយការបង្ហោះដ្រូនកូរ៉េខាងជើងចូលក្នុងកូរ៉េខាងត្បូង។
នៅពេលត្រូវទាក់ទងដោយវីអូអេ បញ្ជាការអ.ស.ប.មិនបាននិយាយទេថាតើខ្លួននឹងស៊ើបអង្កេតអំពីសកម្មភាពកូរ៉េខាងត្បូងឬបែបណាទេ។ ប៉ុន្តែ ក្រោយការប៉ះទង្គិចគ្នាតាមព្រំដែនកាលពីពេលមុនៗ បញ្ជាការអ.ស.ប.បានបន្ទោសភាគីទាំងពីរ។
បន្ទាប់ពីមានការបាញ់តគ្នាមួយកាលពីខែឧសភា ឆ្នាំ២០២០នៅឯប៉ុស្តិ៍ឆ្មាំក្នុងតំបន់គ្មានកងទ័ព បញ្ជាការអ.ស.ប.បានរកឃើញថាកូរ៉េខាងជើងនិងកូរ៉េខាងត្បូងបានរំលោភលើកិច្ចព្រមព្រៀងយុទ្ធសន្តិភាព។
ការស៊ើបអង្កេតនេះបានរកឃើញថាកូរ៉េខាងជើងបានរំលោភលើកិច្ចព្រមព្រៀងយុទ្ធសន្តិភាពនៅពេលខ្លួនបាញ់កាំភ្លើងបួនគ្រាប់លើប៉ុស្តិ៍ឆ្មាំកូរ៉េខាងត្បូង ដែលអាចដោយចៃដន្យ។ កងឆ្មាំកូរ៉េខាងត្បូង ដែលបានរង់ចាំ៣២នាទីមុនតបតដោយបាញ់កាំភ្លើងពីរប្រាវ ក៏បានរំលោភលើកិច្ចព្រមព្រៀងនោះដែរ។
ការពិចារណាអំពីការធ្វើឱ្យរាមិនធ្វើសង្គ្រាម
ទោះជាមានការប្រថុយប្រថានច្រើនអំពីកំណើនភាពតានតឹងក៏ដោយ ក៏យុទ្ធសាស្ត្រនៃការឆ្លើយតបម៉ឺងម៉ាត់របស់កូរ៉េខាងត្បូងមានអ្នកគាំទ្រច្រើន។
លោក Dan Pinkston សាស្ត្រាចារ្យទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Troy មានមូលដ្ឋាននៅរដ្ឋធានីសេអ៊ូលបាននិយាយបង្ហាញហេតុផលថាការប្រថុយប្រថានអាចធំជាងនេះបើឃើញថាត្រូវបំភិតបំភ័យបាន ដោយការគំរាមកំហែងរបស់កូរ៉េខាងជើង។ លោកថ្លែងថាការតបតដោយសមាមាត្រធ្វើឱ្យប្រាកដប្រជាថាកូរ៉េខាងជើងដឹងថាខ្លួននឹងទទួលបរាជ័យបើខ្លួនវាយប្រហារកូរ៉េខាងត្បូង។
លោក Pinkston បានច្រានចោលគំនិតដែលថារបៀបដោះស្រាយមួយបែបនេះអាចនាំឱ្យមានការធ្វើតេស្តអាវុធកូរ៉េខាងជើងថែមទៀត ដែលលោកនិយាយថាជាញឹកញយ វាជាសមយុទ្ធត្រូវគ្រោងទុកជាមុនសម្រាប់អភិវឌ្ឍប្រព័ន្ធអាវុធជាពិសេស។
លោក Pinkston បានពោលថា៖ «វាជាផ្នែកនៃកម្មវិធីមួយកំពុងមានធ្វើ...លោកអ្នកមិនអាច«ធ្វើឱយរា»សមយុទ្ធទាំងនោះទេ»។
លោក Pinkston បានពោលថា កំណើនការប្រថុយប្រថាន រវាងប្រទេសកូរ៉េទាំងពីរគឺ«នៅឆ្ងាយ»ពីអរិភាពធំៗ ហើយថាមានរបៀបដោះស្រាយប្រសិនបើមានភាពតានតឹងជិតដល់ការធ្វើសង្គ្រាម។
ការសម្របសម្រួលរវាងសម្ព័ន្ធមិត្ត
ប្រសិនបើកូរ៉េខាងជើងនៅតែបង្ករឿងជាមួយកូរ៉េខាងត្បូង នៅពេលខ្លួនបន្តផលិតអាវុធល្អជាងមុននិងច្រើនជាងមុន កូរ៉េខាងត្បូងអាចយល់ថាខ្លួនត្រូវតែបន្តការតបតរបស់ខ្លួនតទៅទៀត។ លោក Yoon ដែលជាអតីតរដ្ឋអាជ្ញាគ្មានបទពិសោធន៍ខាងនយោបាយកាលពីពេលមុន ក៏អាចនៅតែតបតតាមវិធីដែលអាចបង្កើនភាពតានតឹង។
ពួកអ្នកវិភាគនិយាយថានៅក្រោយមានការបង្ករឿងសឹងតែរាល់ពេលដោយកូរ៉េខាងជើង ពួកមន្ត្រីស.រ.អ.និងកូរ៉េខាងត្បូងបាននិយាយជាថ្មីទៀតថាពួកគេបានទាក់ទងគ្នាយ៉ាងជិតស្និទ្ធ ដែលជាកត្តាសំខាន់មួយសម្រាប់បន្តដំណើរការទៅមុខ។
លោក Robert Rapson ភារធារីនិងជាអនុប្រធានបេសកកម្មនៅស្ថានទូតស.រ.អ.ក្នុងរដ្ឋធានីសេអ៊ូលរហូតដល់ឆ្នាំ២០២១បាននិយាយថា៖«ការទាក់ទងគ្នានេះពង្រឹងការសម្របសម្រួលសម្ព័ន្ធភាពជិតស្និទ្ធមានតទៅទៀតអំពីការឆ្លើយតបនឹងការបង្ករឿង...និងជាការបញ្ជូនសារជាសាធារណៈផងដែរ»។
លោក Rapson បានថ្លែងប្រាប់VOAថា៖«គ្មានការយល់ឃើញនៅកូរ៉េខាងជើងថាមានការបែកបាក់ឯកភាពទ្វេភាគីស្តីពីគោលដៅនិងរបៀបដោះស្រាយបញ្ហាបង្កើតឡើងដោយកូរ៉េខាងជើងទេ»។
លោកបានបន្ថែមថា៖ «ផលវិបាកនៃការគិតគូរខុសមានធំណាស់»៕
ប្រែសម្រួលដោយលោកឈឹម សុមេធ