ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលយ៉ាងតិច ១០ គ្រាប់នៅថ្ងៃពុធនេះ ដែលក្នុងនោះមីស៊ីលយ៉ាងតិច ៣ គ្រាប់ត្រូវបានបាញ់សំដៅឆ្ពោះទៅដែនដីរបស់ប្រទេសកូរ៉េខាងត្បូង ដែលនេះគឺជាការបាញ់ដែលមិនធ្លាប់មានពីមុនមក ដែលបានធ្វើឱ្យមានការជូនដំណឹងនៅតាមទូរទស្សន៍ក្នុងប្រទេសកូរ៉េខាងត្បូងឱ្យមានការប្រុងប្រយ័ត្ន និងបានបណ្ដាលឱ្យមានការបន្លឺស៊ីរ៉ែនវាយប្រហារតាមអាកាសនៅលើកោះមួយរបស់កូរ៉េខាងត្បូង។
មីស៊ីលមួយគ្រាប់របស់កូរ៉េខាងជើងបានធ្លាក់ចូលក្នុងសមុទ្រដែលស្ថិតនៅចម្ងាយតែ ៥៧ គីឡូម៉ែត្រប៉ុណ្ណោះពីភាគខាងកើតនៃទីក្រុង Sokcho ដែលជាទីក្រុងទេសចរណ៍ជាប់សមុទ្រនៅភាគឦសានប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង។
មីស៊ីលមួយគ្រាប់ទៀតបានធ្លាក់នៅចម្ងាយ ១៦៧ គីឡូម៉ែត្រពីស្រុក Ulleung ដែលជាតំបន់ដីកោះដែលមានមនុស្សរស់នៅរប៉េះរប៉ោះនៅឯសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងត្បូង។
មីស៊ីលគ្រាប់ទី ៣ បានធ្លាក់ចូលក្នុងដែនទឹកអន្តរជាតិដែលមានចម្ងាយតែ ២៦ គីឡូម៉ែត្រតែប៉ុណ្ណោះពីភាគខាងត្បូងនៃព្រំដែនសមុទ្រជាក់ស្ដែងរវាងប្រទេសកូរ៉េទាំងពីរ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីនានា។
យោធាកូរ៉េខាងត្បូងបានបញ្ជាក់នៅថ្ងៃពុធនេះថា យន្តហោះចម្បាំងកូរ៉េខាងត្បូងបានបាញ់មីស៊ីល ៣ គ្រាប់នៅភាគខាងជើងនៃព្រំដែនសមុទ្រនេះ ដើម្បីឆ្លើយតបចំពោះការបាញ់របស់កូរ៉េខាងជើងនេះ។
ក្រុមនាយសេនាធិការកងទ័ពកូរ៉េខាងត្បូងបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ការឆ្លើយតបនេះបង្ហាញឱ្យឃើញពី «សមត្ថភាពនិងការប្រុងប្រៀបរួចជាស្រេច» របស់ប្រទេសកូរ៉េខាងត្បូងនៅក្នុង «ការវាយប្រហារសត្រូវឱ្យចំគោលដៅ»។
ស្ថានការណ៍លើកនេះបានបង្កឱ្យមានភាពតានតឹងបន្ថែមទៀតនៅលើឧបទ្វីបកូរ៉េ។ នៅក្នុងឆ្នាំនេះ កូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងមីស៊ីលប្រហែល ៥០ គ្រាប់រួចមកហើយ ដែលជាចំនួនមួយដ៏ច្រើនមិនធ្លាប់មានពីមុនមក៕
លោក Lee Juhyun រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។