ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ថា ខ្លួន​មិន​ពិចារណា​ធ្វើ​សមយុទ្ធ​នុយក្លេអ៊ែរ​រួមគ្នា​ជាមួយ​កូរ៉េ​ខាងត្បូង​ទេ


រូបឯកសារ៖ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Yoon Suk Yeol ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)-កូរ៉េ​ខាងត្បូង នៅក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបឯកសារ៖ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Yoon Suk Yeol ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)-កូរ៉េ​ខាងត្បូង នៅក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

សហរដ្ឋ​អាមេរិក​មាន​គម្រោង​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​តូច​និង​ពង្រីក​ផ្នែក​ផ្សេងៗ​ទៀត​នៃ​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ត្បូង ប៉ុន្តែ​មិន​ពិចារណា​ធ្វើ​សមយុទ្ធ​នុយក្លេអ៊ែរ​រួម​គ្នា​ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង​នោះ​ទេ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​មួយ​រូប។

ការ​ប្រកាស​របស់​សហរដ្ឋ​អាមេរិក​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Yoon Suk Yeol បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាស​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​កំពុង​ពិភាក្សា​គ្នា​ក្នុង​គោល​បំណង​ផ្ដល់​តួនាទី​ធំ​ជាង​មុន​ដល់​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​ប្រតិបត្តិការ​របស់​កង​កម្លាំង​នុយក្លេអ៊ែរ​សហរដ្ឋ​អាមេរិក។

លោក Yoon បាន​ប្រាប់​កាសែត Chosun Ilbo ថា ការ​ពិភាក្សា​នេះ​ផ្ដោត​ជា​ចម្បង​លើ​ការ​ធ្វើ​ផែនការ​រួម​គ្នា​និង​ការ​ធ្វើ​សមយុទ្ធ​ជាមួយ​នឹង​កង​កម្លាំង​នុយក្លេអ៊ែរ​សហរដ្ឋ​អាមេរិក ដែល​ជា​ដំណើរការ​មួយ​ដែល​លោក​ប្រមើល​មើល​ឃើញ​ថា​នឹង​មាន​លទ្ធផល​ដូច​ទៅ​នឹង «ការ​ចែក​រំលែក​នុយក្លេអ៊ែរ» ដូច្នេះ​ដែរ។

នៅ​ពេល​ដែល​គេ​សួរ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា​តើ​លោក​កំពុង​ពិភាក្សា​អំពី​ការ​ធ្វើ​សមយុទ្ធ​នុយក្លែអ៊ែរ​រួម​គ្នា​ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង​ឬ​ក៏​អត់ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ឆ្លើយ​ថា «ទេ» ប៉ុន្តែ​មិន​បាន​រៀបរាប់​លម្អិត​នោះ​ឡើយ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​ផ្ញើ​មក​កាន់ VOA តាម​អ៊ីមែល​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​មួយ​រូប​បាន​ព្យាយាម​បញ្ជាក់​ឱ្យ​បាន​ច្បាស់​អំពី​ស្ថានភាព​នេះ​ដោយ​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង «កំពុង​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ពង្រឹង​វិធីរារាំង​បន្ថែម​ទៀត ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​តូច​ផង​ដែរ​ដែល​នឹង​ស្ទង់​មើល​ការ​ឆ្លើយតប​រួម​គ្នា​របស់​យើង​ចំពោះ​ស្ថានភាព​ជា​ច្រើន​ដូចជា​ស្ថានភាព​ដែល​ប្រទេស​កូរ៉េ​ខាង​ជើង​ប្រើប្រាស់​នុយក្លេអ៊ែរ​ជាដើម»។

កាលពី​ឆ្នាំ​មុន ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​ជា​ច្រើន​គ្រាប់​មិន​ធ្លាប់​មាន​ពី​មុន​មក និង​កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​បាន​សន្យា​ថា​នឹង​«បង្កើន​ឱ្យ​បាន​កាន់តែ​ច្រើន​និង​លឿន​បំផុត» នូវ​ផលិតកម្ម​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​ខ្លួន។

មន្ត្រី​សហរដ្ឋ​អាមេរិក​ខាង​លើ​បាន​បន្ថែម​ថា សកម្មភាព​និង​ការ​លើកឡើង​នា​ពេល​ថ្មីៗ​នេះ​របស់​កូរ៉េ​ខាង​ជើង​បាន​បង្ក​ឱ្យ​មាន​«ក្ដី​បារម្ភ​កាន់តែ​ខ្លាំង​ឡើង»។

នៅ​ពេល​ក្រោយ​មក ទាំង​ខុទ្ទកាល័យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​និង​ខុទ្ទកាល័យ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​សុទ្ធតែ​បាន​បដិសេធ​ថា​មិន​មាន​ចំណុច​ផ្ទុយ​គ្នា​ណា​មួយ​រវាង​ការ​លើកឡើង​របស់​លោក Biden និង​លោក Yoon នោះ​ទេ ដោយ​ខុទ្ទកាល័យ​ទាំង​ពីរ​បាន​កត់​សម្គាល់​ថា ដោយសារ​កូរ៉េ​ខាង​ត្បូង​មិន​មែន​ជា​ប្រទេស​នុយក្លេអ៊ែរ តាម​លក្ខណៈ​ជាក់ស្ដែង ប្រទេស​នេះ​មិន​អាច​ចូលរួម​នៅ​ក្នុង​«សមយុទ្ធ​នុយក្លេអ៊ែរ​រួម​គ្នា» បាន​ឡើយ៕

XS
SM
MD
LG