ប្រទេសកូរ៉េខាងជើងបានបញ្ជាក់នៅថ្ងៃចន្ទនេះថា ការបាញ់កាំជ្រួចមីស៊ីលរបស់ខ្លួនកាលពីពេលថ្មីៗនេះគឺជាការសាកល្បងឱ្យដូចការវាយប្រហារលើប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកដូច្នេះដែរ ដោយសារតែប្រទេសទាំងពីរនេះបានធ្វើ«សម យុទ្ធយោធាប្រកបដោយគ្រោះថ្នាក់»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានReuters។
ការលើកឡើងរបស់កូរ៉េខាងជើងនេះបានធ្វើឡើង ស្របពេលដែលប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ថាខ្លួនបានរកឃើញបំណែកមួយចំនួននៃកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើងមួយគ្រាប់នៅជិតមាត់សមុទ្ររបស់ខ្លួន។
កាលពីសប្ដាហ៍មុន កូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់ដែលក្នុងនោះប្រ ហែលជាមានគ្រាប់ផ្លោងមីស៊ីលឆ្លងទ្វីបមួយគ្រាប់ដែលបរាជ័យនៅពាក់កណ្ដាលទី និងគ្រាប់ផ្លោងកាំភ្លើងធំរាប់រយគ្រាប់ផងដែរចូលទៅក្នុងសមុទ្រ ស្របពេលដែលកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកធ្វើសមយុទ្ធផ្លូវអាកាសរយៈពេល៦ថ្ងៃដែលទើបនឹងបានបញ្ចប់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
យោធាកូរ៉េខាងជើងបានបញ្ជាក់ថា សមយុទ្ធ«Vigilant Storm»របស់កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនេះគឺជា«ការបង្កហេតុដោយបើកចំហក្នុងបំណងធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរបន្ថែមទៀតដោយចេតនា» និងជា«សមយុទ្ធប្រកបដោយគ្រោះថ្នាក់ដែលមានលក្ខណៈគឃ្លើនយ៉ាងខ្លាំង»។
យោធាកូរ៉េខាងជើងបានលើកឡើងថា ខ្លួនបានធ្វើសកម្មភាពសាកល្បងឱ្យដូចទៅនឹងការវាយប្រហារពិតប្រាកដលើមូលដ្ឋានទ័ពអាកាសនិងយន្តហោះចម្បាំង ក៏ដូចជាលើទីក្រុងចម្បងមួយរបស់កូរ៉េខាងត្បូងដើម្បី «កម្ទេចអារម្មណ៍ច្រាស់ច្រាល់ហួសកម្រិតរឿងសង្គ្រាមដែលបន្តមិនឈប់របស់សត្រូវ»។
មន្ត្រីការទូតកំពូលមកពីសហរដ្ឋអាមេរិក ជប៉ុននិងកូរ៉េខាងត្បូងបាននិយាយគ្នាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យហើយបានថ្កោលទោសការសាកល្បងកាំជ្រួចមីស៊ីលនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង ដែលក្នុងនោះរួមមានទាំងការបាញ់មីស៊ីលមួយគ្រាប់ដែល «គ្មានការប្រុងប្រយ័ត្ន» ធ្លាក់ចូលសមុទ្រជិតសមុទ្ររបស់កូរ៉េខាងត្បូងកាលពីសប្ដាហ៍មុនផងដែរ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក៕