នៅថ្ងៃពុធនេះ លោកស្រីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង kang Kyung-wha បានមានប្រសាសន៍ថា ស.រ.អា.និងប្រទេសកូរ៉េខាងត្បូងបានសម្រេចចិត្តរួមគ្នាក្នុងការផ្អាកសមយុទ្ធយោធារួមគ្នាដែលមានកំណត់ធ្វើក្នុងខែសីហា។
ក៏ប៉ុន្តែលោកស្រីមិនបានបញ្ជាក់ថា តើរដ្ឋាភិបាលលោកស្រីបានត្រូវប្រាប់ឱ្យដឹងជាមុននៅមុនលោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ ប្រកាសអំពីបំណងរបស់លោកក្នុងការលុបចោលសមយុទ្ធនេះនៅក្រោយលោកបានជួបជាមួយមេដឹកនាំកូរ៉េខាងត្បូង គីម ជុងអ៊ុន នៅក្នុងប្រទេសសិង្ហបូរីកាលពីថ្ងៃទី១២ខែមិថុនាឬបែបណាទេ។
លោកស្រីរដ្ឋមន្ត្រី kang បានមានប្រសាសន៍ថា «យើងបាននិយាយច្បាស់លាស់ថា នេះជាកាយវិការសុឆន្ទៈមួយដើម្បីពង្រឹងសន្ទុះនៃការសន្ទនាគ្នានៅចំណុចនេះ ក៏ប៉ុន្តែសមយុទ្ធទាំងនេះមិនមែនមិនអាចប្រែក្រឡះបានទេ។ សមយុទ្ធទាំងនេះអាចធ្វើបានឆាប់រហ័សប្រសិនបើយើងឃើញថា សន្ទុះនៃការសន្ទនាគ្នាបានថមថយឬប្រទេសកូរ៉េខាងជើងមិនធ្វើតាមការសន្យារបស់ខ្លួនថាធ្វើមិនឱ្យឧបទ្វីបកូរ៉េមានអាវុធនុយក្លេអ៊ែរ»។
នៅក្នុងសន្និសីទកាសែតមួយនៅក្នុងក្រុងសេអ៊ូល លោកស្រីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងបានមានប្រសាសន៍ថា លោកស្រីបានទាក់ទងជិតស្និទ្ធដោយផ្ទាល់ជាមួយលោករដ្ឋមន្ត្រីការបរទេសស.រ.អា. Mike Pompeo អំពីសមយុទ្ធទាំងនេះនៅក្រោយជំនួបកំពូលក្នុងប្រទេសសិង្ហបុរី។
លោកស្រី kang បាននិយាយថានៅពេលដែលមានការប្រកាសអំពីការលុបចោលសមយុទ្ធទាំងនេះ ប្រទេសកូរ៉េខាងត្បូងក៏បានពិចារណាអំពីជម្រើសនេះដោយរក្សាឱ្យមានសន្ទុះខាងការទូតទៅមុខទៀតនៅក្រោយជំនួបកំពូលរវាងស.រ.អា.និងប្រទេសកូរ៉េខាងត្បូងដែលនៅទីនោះលោក Kim Jong Un បានបញ្ជាក់ជាថ្មីអំពីការសន្យារបស់លោកស្តីពីការធ្វើមិនឱ្យមានអាវុធនុយក្លេអ៊ែរទាំងស្រុងនៅក្នុងឧបទ្វីបកូរ៉េ៕