ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកគ្រោងនឹងប្រកាសអំពីការផ្អាកការធ្វើសមយុទ្ធយោធា «ទ្រង់ទ្រាយធំ» របស់ខ្លួននៅក្នុងសប្ដាហ៍នេះ ដោយមានលក្ខខណ្ឌថា ពួកគេនឹងចាប់ផ្ដើមការធ្វើសមយុទ្ធនេះឡើងវិញ ប្រសិនបើប្រទេសប្រទេសកូរ៉េខាងជើងមិនរក្សាការសន្យារបស់ខ្លួននៅក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap នៅថ្ងៃអាទិត្យនេះ។
ដោយស្រង់សម្ដីពីប្រភពរដ្ឋាភិបាលដែលមិនបញ្ចេញឈ្មោះ ទីភ្នាក់ងារព័ត៌មានរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ បានរាយការណ៍ថា ការផ្អាកនេះគឺសំដៅលើការធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ មិនមែនលើការធ្វើសមយុទ្ធយោធាជាប្រចាំនោះទេ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានធ្វើឲ្យមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូង និងមន្ត្រី រដ្ឋាភិបាលអាមេរិកមានការភ្ញាក់ផ្អើល នៅពេលដែលលោកបានសន្យាថានឹងបញ្ចប់ការធ្វើសមយុទ្ធយោធានេះ បន្ទាប់ពីជំនួបរបស់លោកជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានបញ្ចប់ទៅនៅក្នុងប្រទេសសិង្ហបុរីកាលពីសប្ដាហ៍មុន។
ក្រោយពីការប្រកាសនេះភ្លាមៗ ទាហានសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ថា ពួកគេមិនបានទទួលការណែនាំណាមួយឲ្យបញ្ឈប់ការធ្វើសមយុទ្ធនេះនោះទេ ហើយមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយថា ពួកគេព្យាយាមស្វែងយល់អំពីថាតើការធ្វើសមយុទ្ធមួយណាដែលលោក Trump ចង់សំដៅទៅលើនោះ។
កន្លងមក សមយុទ្ធទ្រង់ទ្រាយធំដែលមានឈ្មោះថា «អ្នកការពារសេរីភាព Ulchi» គ្រោងនឹងធ្វើឡើងនៅចុងរដូវក្ដៅនេះ។ កាលពីឆ្នាំមុន ទាហានអាមេរិកាំងចំនួន ១ ម៉ឺន ៧ ពាន់ ៥ រយនាក់ និងទាហានកូរ៉េខាងត្បូងចំនួន ៥ ម៉ឺននាក់ បានចូលរួមនៅក្នុងសមយុទ្ធអ្នកការពារសេរីភាព Ulchi នេះ៕