ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​លោក ត្រាំ​ ថា​លោក​នឹង​បញ្ឈប់​ការ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង


រថយន្ត​សម្រាប់​បើក​លើ​គោក​និង​ក្នុង​ទឹក​របស់​កង​ទ័ព​មុជ​ទឹក​​កូរ៉េ​ខាង​ត្បូង ក្នុង​ពេល​ធ្វើ​សមយុទ្ធ​យោធា​រួម​ជាមួយ​សហរដ្ឋ​អាមេរិក កាល​ពី​ខែ​មេសា ២០១៨ នៅទីក្រុង Pohang ប្រទេស​កូរ៉េ​ខាង​ត្បូង។
រថយន្ត​សម្រាប់​បើក​លើ​គោក​និង​ក្នុង​ទឹក​របស់​កង​ទ័ព​មុជ​ទឹក​​កូរ៉េ​ខាង​ត្បូង ក្នុង​ពេល​ធ្វើ​សមយុទ្ធ​យោធា​រួម​ជាមួយ​សហរដ្ឋ​អាមេរិក កាល​ពី​ខែ​មេសា ២០១៨ នៅទីក្រុង Pohang ប្រទេស​កូរ៉េ​ខាង​ត្បូង។

កិច្ច​ប្រជុំ​រវាង​សហរដ្ឋ​អាមេរិក ​និង​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ដោយ​ប្រទេស​ទាំង​ពីរ​ប្ដេជ្ញា​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ។

ប៉ុន្តែ ចំណុច​ដែល​ទំនង​ជា​សំខាន់​បំផុត​ដែល​មិន​បាន​បង្ហាញ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ផ្លូវការ​នៃ​កិច្ច​ប្រជុំ​នេះ គឺ​ការ​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​នូវ​ការ​ប្ដេជ្ញា​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ​ នៅ​ក្នុង​ការ​រារាំង​អ្វី​ដែល​លោក​បាន​ហៅ​ថា​ជា​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន។

លោក ត្រាំ​ បាន​ប្រាប់ VOA បន្ទាប់ពី​កិច្ច​ប្រជុំ​នេះ​ថា៖ «យើង​នឹង​បញ្ឈប់​ការ​ធ្វើ​សមយុទ្ធ​ដែល​ចំណាយ​អស់​ថវិកា​ជា​ច្រើន​កន្លង​មក ដោយសារតែ​ខ្ញុំ​គិត​ថា ទី​មួយ សមយុទ្ធ​នេះ​គឺ​ជា​ទង្វើ​បង្ក​ហេតុ។ ខ្ញុំ​គិត​ថា ពួក​គេ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​អំពី​រឿង​នេះ ដោយសារតែ​វា​មាន​លក្ខណៈ​បង្ក​ហេតុ។ ប៉ុន្តែ វា​ចំណាយ​អស់​ថវិកា​ជា​ច្រើន​ដើម្បី​ធ្វើ​រឿង​នេះ ហើយ​យើង​នឹង​មិន​ធ្វើ​សមយុទ្ធ​នេះ​ទៀត​ទេ ដរាបណា​យើង​កំពុង​ចរចា​ដោយ​ស្មោះ​ត្រង់»។

ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​ការ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ការ​សម្រេច​ចិត្ត​ដូច​នេះ​របស់​លោក ត្រាំ​ ដោយ​អ្នក​នាំ​ពាក្យ​វិមាន​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា៖ «យើង​ចាំបាច់​ត្រូវ​ស្វែងរក​អត្ថន័យ​ពិត​ប្រាកដ ឬ​ក៏​គោល​បំណង​ពិត​ប្រាកដ​នៃ​ការ​លើក​ឡើង​របស់​លោក​ប្រធានាធិបតី ត្រាំ ដូច​នេះ»។

អ្នក​នាំ​ពាក្យ​បញ្ជាការដ្ឋាន​កងទ័ព​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក​វរសេនីយ៍ឯក​ Chad Carroll បាន​និយាយ​ថា លោក «មិន​ទាន់​ទទួល​បាន​ការ​ណែនាំ​បន្ថែម​ណា​មួយ​អំពី​ការ​អនុវត្ត ឬ​ក៏​ការ​ដក​ខ្លួន​ចេញ​ពី​ការ​ធ្វើ​សមយុទ្ធ​នេះ ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​កាល​វិភាគ​សមយុទ្ធ​រដូវ​ក្ដៅ និង​រដូវ​ស្លឹកឈើ​ជ្រុះ​នៅ​ក្នុង​ឆ្នាំ​នេះ ដែល​ហៅ​ថា «អ្នក​ការពារ​សេរីភាព Ulchi» នោះ​ទេ»៕

XS
SM
MD
LG