ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានការពារជាថ្មីឡើងវិញទៅលើកិច្ចព្រមព្រៀងរបស់លោកជាមួយនឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដើម្បីធ្វើឲ្យឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរ ដោយលោកនិយាយថា កិច្ចព្រមព្រៀងនោះបាននាំឲ្យកូរ៉េខាងជើងបញ្ចប់ការធ្វើតេស្តនុយក្លេអ៊ែររបស់ខ្លួន និង «កាំជ្រួចមីស៊ីលដែលហោះទៅគ្រប់ទីកន្លែងហើយ»។
លោក ត្រាំ បានសម្តែងការមិនពេញចិត្តនឹងការវាយតម្លៃរបស់អ្នករិះគន់អាមេរិកដែលលើកឡើងថា កិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយលោកនិងលោក គីម នៅឯជំនួបកំពូលរបស់ពួកគេក្នុងប្រទេសសិង្ហបុរីមិនមានលក្ខណៈជាក់លាក់គ្រប់គ្រាន់ដើម្បីធានាថា នឹងអាចបញ្ចប់ការផលិតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងបានទេ។ កិច្ចព្រមព្រៀងនោះបាននិយាយថា លោក គីម «ធានាអះអាងឡើងវិញចំពោះការប្តេជ្ញាដ៏មុតមាំរបស់លោកក្នុងការធ្វើឲ្យឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរ ប៉ុន្តែមិនបានកំណត់កាលបរិច្ឆេទជាក់លាក់ឬលក្ខខណ្ឌសម្រាប់ការត្រួតពិនិត្យដោយឯករាជ្យនៅទីតាំងផលិតនុយក្លេអ៊ែររបស់កូរ៉េខាងជើងឡើយ។
លោកត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Twitter ថា «គួរឲ្យអស់សំណើចណាស់ដែលព័ត៌មានប្រឌិតដែលប្រឹងប្រែងសហការគ្នាចូលចិត្តនិយាយថា ខ្ញុំផ្តល់ដល់ប្រទេសកូរ៉េខាងជើងយ៉ាងច្រើន ដោយសារតែខ្ញុំបានជួបពួកគេ។ នេះគឺដោយសារតែ ការបន្តុះបង្អាប់គឺជាអ្វីដែលពួកគេមាន។ យើងមានសន្តិភាពច្រើនណាស់នៅក្នុងពិភពលោក ហើយនឹងបន្តមានកាន់តែច្រើនបន្ថែមទៀត»៕