រដ្ឋមន្ត្រីក្រសួងកីឡាប្រទេសអាហ្វ្រិកខាងត្បូងកំពុងតែទទូចថា ប្រទេសរបស់លោក មិនបានសូកប៉ាន់មន្ត្រីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ឬហៅកាត់ថា FIFA ដើម្បីទទួលបានសិទ្ធិរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១០នោះទេ។
លោករដ្ឋមន្ត្រីក៏បានសសើរផងដែរដល់ប្រធានអាជ្ញាធរបាល់ទាត់ពិភពលោក ដែលបានលាលែងពីតំណែង ចំពេលដែលមានរឿងអាស្រូវទាក់ទិននឹងអំពើពុករលួយនេះ។
សេចក្តីប្រកាសរបស់លោក Sepp Blatter កាលពីថ្ងៃអង្គារដែលថា លោកនឹងលាលែងពីតំណែងបានធ្វើឡើងស្របពេលដែលមន្រ្តីពង្រឹងច្បាប់របស់ សហរដ្ឋអាមេរិកថ្លែងថា លោកគឺជាគោលដៅនៃការស៊ើបអង្កេតទាក់ទិននឹងអំពើពុករលួយរបស់សហព័ន្ធកីឡានេះ។
កាលពីសប្តាហ៍មុន ក្រសួងយុត្តិធម៌អាមេរិកបានបង្ហាញ និងធ្វើការចាប់ខ្លួនមន្រ្តី និងថ្នាក់ដឹកនាំប្រតិបត្តិរបស់សហព័ន្ធ FIFA ចំនួន១៤នាក់ ដោយចោទប្រកាន់ថា ពួកគេបានទទួលសំណូកជាង១៥០លានដុល្លារសហរដ្ឋអាមេរិក។
ថ្លែងកាលពីថ្ងៃពុធនៅឯទីក្រុង Johannesburg រដ្ឋមន្រ្តីក្រសួងកីឡាប្រទេសអាហ្វ្រិកខាងត្បូងគឺលោក Fikile Mbalula បានសសើរលោក Blatter ដែលបានទទួលការគាំទ្រពីសំណាក់មន្រី្តកីឡាបាល់ទាត់របស់អាហ្រ្វិកជាយូរមកហើយនោះ។
លោក Sepp Blatter នេះមិនមែនអ្វីដែលយើងបានរំពឹងថា នឹងកើតមានឡើងនោះទេ។ ប៉ុន្តែវាជារឿងដ៏សោកសៅមួយ ដែលយើងត្រូវចែកផ្លូវគ្នាបែបនេះ។ ខ្ញុំគិតថា លោកនឹងត្រូវបានចងចាំជារៀងរហូត ដែលលោកមានតួនាទីយ៉ាងសំខាន់ក្នុងការនាំការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកមកទ្វីបអាហ្រ្វិក ជាលើកទីមួយ។
ប៉ុន្តែលោក Mbalula បន្តប្រឆាំងនឹងដីការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថា ប្រទេសអាហ្វ្រិកខាងត្បូងបានសូកប៉ាន់ដើម្បីបានសិទ្ធិរៀបចំការប្រកួតដែលអាចរកបានចំណូលច្រើននេះ។ លោកនិយាយថា ការបង់ប្រាក់១០លានដុល្លារសហរដ្ឋអាមេរិកគឺជាលុយស្របច្បាប់ដើម្បីជួយកម្មវិធីបាល់ទាត់ នៅប្រទេសកំពុងអភិវឌ្ឍន៍។
«ពួកយើងបានត្រៀមខ្លួនរួចរាល់ក្នុងការពន្យល់អ្នកគ្រប់គ្នា រួមទាំងសហព័ន្ធស៊ើបអង្កេត FBI ថា ហេតុអ្វីបានជានេះមិនមែនជាសំណូកសូកប៉ាន់នោះ។ ពួកគេអាចហៅយើងបានគ្រប់ពេល។ ពួកយើងត្រៀមខ្លួនរួចជាស្រេច។ ខ្ញុំនឹងជួបជាមួយលោក Floyd Mayweather ដូច្នេះពួកគេអាចរកខ្ញុំបាននៅពេលខ្ញុំធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកក្នុងពេលឆាប់ៗខាងមុខនេះ។ ដូច្នេះខ្ញុំបានត្រៀមខ្លួនរួចរាល់ក្នុងការពន្យល់ពួកគេថា ថវិកានេះត្រូវបានបែងចែកយ៉ាងដូចម្តេច ហើយមូលហេតុអ្វីបានជាវាបានបែងចែកយ៉ាងដូចនេះ។ ពួកយើងបានត្រៀមខ្លួនរួចរាល់ក្នុងការពន្យល់ដល់ពួកគេដើម្បីកែប្រែគំនិតពួកគេដែលថា នេះជាសំណូក»។
អគ្គនាយកទូទៅនៃក្រសួងកីឡា និងកម្សាន្តរបស់ប្រទេសអាហ្រ្វិកខាងត្បូងគឺលោក Alec Moemi និយាយថា ទំនាក់ទំនងរវាងប្រទេសនេះជាមួយនឹង សហព័ន្ធ FIFA គឺគ្មានអ្វីកែប្រែទៅជាប្រសើរ ឬអាក្រក់ជាងមុននោះទេ ខណៈដែល លោក Blatter បានលាលែងពីការងារនៅ FIFA នោះ។
«នៅខាងយើងវិញ ទំនាក់ទំនងនឹងរក្សានៅដដែល។ ពួកយើងនឹងធ្វើការជាមួយនឹងសហព័ន្ធ FIFA តាមវិធីដដែល ដូចដែលអ្វីដែលយើងបានធ្វើរួចមកហើយ ហើយលោករដ្ឋមន្រ្តីនិយាយត្រូវ។ ការណ៍ពិតនោះគឺថា បញ្ហានេះកើតមានឡើងមិនមែនមានន័យថា ការចូលរួមរបស់ពួកយើងទៅលើរឿងអ្វីផ្សេងទៀត រួមមានការទទូចរបស់រដ្ឋាភិបាលយើងនោះ មានការពាក់ព័ន្ធជ្រៅរហូតដល់កែប្រែការប្រកួត ដែលពួកយើងកំពុងតែពិនិត្យមើលនោះទេ។ ដូច្នេះទំនាក់ទំនងគឺនៅតែមានសភាពដដែល»។
អាជ្ញាធរប្រទេសស្វីសកំពុងតែធ្វើការស៊ើបអង្កេតថា តើសំណូកនោះគឺជាកត្តាក្នុងការសម្រេចចិត្តឲ្យប្រទេសរុស្ស៊ីរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៨ និងការសម្រេចចិត្តឲ្យប្រទេស Qatarរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៨ឬយ៉ាងណា៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា