ប៉ូលីសអន្តរជាតិ (Interpol) បានចេញសេចក្តីជូនដំណឹងពីការចាប់ខ្លួនអតីតមន្រ្តីអង្គការ FIFA ២នាក់និងនាយកប្រតិបត្តិ៤នាក់លើបទចោទប្រកាន់ដែលរួមមានអំពើពុករលួយនិងការប្រព្រឹត្តអំពើទុច្ចរិត។
ពួកគេប្រឈមការចាប់ខ្លួននៅគ្រប់ទីកន្លែងក្នុងពិភពលោកដែលពួកគេទៅ។ បុរសទាំង៦នាក់នេះស្ថិតក្នុងចំណោមមនុស្ស១៤នាក់ដែលត្រូវចោទប្រកាន់ដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកពីការប្រព្រឹត្តអំពើទុច្ចរិត ការលួចបន្លំប្រាក់ ការផ្ទេរប្រាក់តាមធនាគារ ហើយនិងការលាងប្រាក់កខ្វក់នៅក្នុងផែនការមួយដែលរដ្ឋអាជ្ញានិយាយថា មានការពាក់ព័ន្ធនឹងនាយកប្រតិបត្តិព័ត៌មានដែលបានបង់ប្រាក់ ឬយល់ព្រមបង់ប្រាក់ជាង១៥០លានដុល្លារនៅក្នុងការដោះដូរសិទ្ធិឲ្យបានទទួលទីផ្សារសម្រាប់ការប្រកួតកីឡា។
មន្រ្តី២នាក់ក្នុងចំណោម៦នាក់បានរងការចោទប្រកាន់រួចទៅហើយនៅក្នុងប្រទេសរបស់ខ្លួនគឺលោក Jack Warner នៃប្រទេសទ្រីនីដាដនិងតូបាហ្គោ (Trinidad and Tobago) អតីតអនុប្រធានអង្គការ FIFA និងលោក Licolas Leoz នៃប្រទេសប៉ារ៉ាហ្គីណេ (Paraguay) អតីតសមាជិកគណៈកម្មាធិការប្រតិបត្តិ។ លោក Warner បានត្រូវគេដោះលែងវិញ ហើយលោក Leoz បានស្ថិតនៅក្រោមការឃុំឃាំងក្នុងផ្ទះ។
លោក Josh Ernest អ្នកនាំពាក្យសេតវិមាននិយាយថា រឿងអាស្រូវពុករលួយរបស់អង្គការ FIFA ហើយនិងការលាចេញពីតំណែងរបស់លោក Blatter អាយុ៧៩ឆ្នាំ កាលពីថ្ងៃអង្គារបានផ្តល់ឱកាសឲ្យអង្គការគ្រប់គ្រងកីឡាបាល់ទាត់នេះអាចធ្វើឲ្យប្រសើរឡើងនូវកិត្យានុភាពរបស់អង្គការនេះ ហើយនិងធ្វើឲ្យប្រាកដថា សកម្មភាពរបស់អង្គការនេះស្របទៅតាមបេសកម្មរបស់ខ្លួន។ ព័ត៌មាននោះបានធ្វើឲ្យលោក Blatter អាយុ៧៩ឆ្នាំ ក៏ក្លាយជាគោលដៅនៃការស៊ើបអង្កេតដោយរដ្ឋអាជ្ញាសហព័ន្ធ ហើយនិងទីភ្នាក់ងារស៊ើបអង្កេត FBI ដែលបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោកបានលាចេញពីតំណែងភ្លាមៗក្នុងអំឡុងពេលនៃសន្និសីទកាសែតក្នុងទីក្រុង Zurich៕