ភ័ស្តុតាងទាក់ទិននឹងពួកអ្នកកាន់កាប់កិច្ចការប្រតិបត្តិនៃអង្គការ FIFA នៅក្នុងរឿងអាស្រូវពុករលួយដ៏យូរមួយបានកើនឡើងយ៉ាងឆាប់រហ័ស នៅក្រោយការប្រកាសនាំឱ្យមានការភ្ញាក់ផ្អើលកាលពីពេលមុននេះ ក្នុងសប្តាហ៍ទីមួយនៃខែមិថុនាថា ប្រធាននៃអង្គការគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកនេះនឹងចុះចេញពីតំណែង។
ការចរចាប្តូរចម្លើយជាមួយការសម្រាលទោស និងសេចក្តីថ្លែងការណ៍សាធារណៈដោយអតីតមន្ត្រីនៃអង្គការ FIFA គំរាមកំហែងដែលនាំឱ្យមានការបញ្ចេញការសម្ងាត់ដែលបញ្ជាក់ថា រឿងអាស្រូវនេះអាចមានទាក់ទិនជាមួយប្រធានអង្គការ FIFA ដែលចេញពីតំណែងគឺលោក Sepp Blatter ផ្ទាល់តែម្តង។
អតីតអនុប្រធានអង្គការ FIFA ឈ្មោះ Jack Warner បានចាប់ផ្តើមបញ្ចេញរឿងអាស្រូវនេះកាលពីថ្ងៃពុធ ទី៣ ខែមិថុនា ដោយបានបដិសេធថា លោកមិនបានធ្វើអ្វីខុសទេ។
«ជាការណ៍មិនពិតទេ។ ប្រទេស Afrique ខាងត្បូងមិនបានសូកខ្ញុំ១០លានដុល្លារទេ។ ពួកគេមិនបានសូកប៉ាន់ខ្ញុំឡើយ»។
នៅពេលបន្ទាប់មក ក្នុងថ្ងៃនោះដែរ លោក Warner បានចោទប្រធានចេញពីតំណែងនៃអង្គការ FIFA។
«លោក Blatter ដឹងថា ហេតុដូចម្ដេចបានជាលោកធ្លាក់។ ប្រសិនបើមានមនុស្សម្នាក់ទៀតដែលដឹងអំពីរឿងនេះ ខ្ញុំដឹងអ្នកនោះជានរណា»។
លោក Warner ជាមនុស្សម្នាក់ក្នុងបណ្តាមន្ត្រី FIFA ចំនួន៩នាក់ និងអ្នកកាន់កាប់កិច្ចការប្រតិបត្តិសាជីវកម្ម៥នាក់ ដែលបានត្រូវចោទប្រកាន់ដោយក្រសួងយុត្តិធ៌មស.រ.អ.ពីបទប្រព្រឹត្តរបរទុច្ចរិត និងការលាងប្រាក់កាសកខ្វក់។ ការអះអាងថា ខ្លួនលោកជាមនុស្សស្លូតត្រង់គ្មានទោសពៃរ៍នេះធ្វើឡើង នៅក្រោយការចេញផ្សាយឯកសារតុលាការស.រ.អា.ដែលបានលាតត្រដាងអំពីការសារភាពកំហុសដោយចុងចោទបន្ថែម៦នាក់ទៀត។
លោកស្រី Amy Tenney សាស្ត្រាចារ្យច្បាប់នៅឯសាកលវិទ្យាល័យ American University និយាយថា ពួកជនទាំងនេះមិនទំនងជាមនុស្សចុងក្រោយដែលត្រូវចោទប្រកាន់ទេ។
«អ្វីដែលទំនងជានឹងកើតមានគឺថា ពួកចុងចោទកម្រិតទាបនឹងចាប់ផ្តើមសារភាពទោសកំហុស...»។
លោកស្រី Tenny និយាយថា អត្រានៃការឆ្លើយសារភាពកំហុសនៅក្នុងការចោទប្រកាន់ដោយសហព័ន្ធមានច្រើនជាង៩៥ភាគរយ។ ការណ៍នេះមានន័យថា ពួកចុងចោទមានការជំរុញចិត្តខ្លាំងឲ្យឆ្លើយសារភាពថា កំហុសដើម្បីបញ្ចៀសកុំឱ្យមានទោសជាប់គុករយៈពេលយូរ។
«ជាផ្នែកនៃកិច្ចព្រមព្រៀងសារភាពកំហុស ពួកគេនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល ដោយផ្តល់ព័ត៌មានដែលនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលរកកំហុសពួកអ្នកធំៗទៀត»។
លោកស្រី Tenney ថ្លែងថា រហូតមកដល់ពេលនេះ ទោះបីជាលោក Blatter មិនទាន់បានត្រូវចោទប្រកាន់ក៏ដោយ ក៏លោកនៅតែជាទីដៅមួយនៃការចោទប្រកាន់។
«លោកអ្នកអាចឃើញពីវិធី ដែលរដ្ឋាភិបាលបញ្ចូលទិដ្ឋភាពទាំងអស់នៃរឿងក្តីនេះ គឺធ្វើឱ្យប្រាកដថា នៅពេលបន្ទាប់មក ពួកគេអាចចោទប្រកាន់ពួកអ្នកធំៗក្នុងអង្គការ FIFA តែម្តង»។
នៅពេលដែលលោក Warner កំពុងឋិតនៅក្រៅឃុំ ដោយមានការបង់ប្រាក់ធានានៅក្នុងប្រទេស Trinidad ដែលជាស្រុកកំណើតរបស់លោកនោះ មានចុងចោទ៧នាក់កំពុងជាប់ឃុំឃាំងនៅក្នុងប្រទេសស្វីស។ គ្មានជនជាប់ចោទណាម្នាក់ទំនងជានឹងមានការព្រមព្រៀងទទួលសារភាពដើម្បីឱ្យរួចទោសទេ រហូតដល់ពេលពួកគេត្រូវធ្វើបត្យាប័នមកកាន់ស.រ.អា.។
ក៏ប៉ុន្តែ លោក Jacob Frenkel អតីតរដ្ឋអាជ្ញាសហព័ន្ធផ្នែកអំពើពុករលួយដែលនៅពេលនេះធ្វើការជាមួយក្រុមហ៊ុនមេធាវី Shulman, Rogers, Gandal, Pordy និង Ecker នៅក្នុងក្រុង Potomac រដ្ឋ Maryland បាននិយាយតាម Skype ជាមួយវីអូអេថា៖
«ប្រសិនបើពួកចុងចោទទាំងនេះជ្រើសរើសប្រយុទ្ធប្រឆាំងនឹងបត្យាប័ន នោះដំណើរការនេះអាចចំណាយពេលពី៦ខែ ទៅ២ឆ្នាំ ឬ២ឆ្នាំកន្លះ។ ហើយនៅពេលដែលស.រ.អា.មានការទុកចិត្ត ហើយសម្រេចថា ធ្វើបត្យាប័នជនទាំងនេះក៏ដោយ ក៏ការណ៍នេះមិនមែនមានន័យថា វាជាការព្រមព្រៀងមួយដែលធ្វើបានសម្រេចហើយនោះទេ»។
លោក Frenkel យល់ស្របជាមួយលោក Tenney ថា មានឱកាសច្រើនថា នឹងមានបត្យាប័ន។
«ខ្ញុំមានជំនឿថា រដ្ឋាភិបាលស.រ.អា.ធ្វើការចោទប្រកាន់ក្នុងរឿងក្តីនេះដោយមានការប្រុងប្រយ័ត្ន ដើម្បីបន្ថយឱ្យនៅតិចបំផុតនូវការប្រថុយប្រថានក្នុងការប្រើច្បាប់ប្រទេសស្វីស ឬការលើកលែងតាមរយៈច្បាប់ស្វីស ឬមួយការលើកលែងតាមច្បាប់នៃប្រទេសណាមួយដែលអាចនាំឱ្យមានការពិបាកច្រើនឡើងក្នុងការធ្វើ បត្យាប័ន»។
លោក Sepp Blatter ជាមន្ត្រី FIFA ជាន់ខ្ពស់បំផុត។ ការចរចាប្តូរចម្លើយដើម្បីសម្រាលទោសដែលបានត្រូវប្រើប្រាស់ជាអលជ្ជីដោយពួករដ្ឋអាជ្ញាសហព័ន្ធស.រ.អា. អាចធ្វើឱ្យលោកធ្លាក់ពីតំណែងបាន។
ប្រែសម្រួលដោយ លោក ឈឹម សុមេធ