កាលពីថ្ងៃពុធ តុលាការស.រ.អាបានបញ្ចេញឯកសាររបស់អតីតសមាជិកប្រតិបត្តិនៃអង្គការគ្រប់គ្រងកីឡាបាល់ទាត់ FIFA ដែលបានសារភាពពីការទទួលសំណូកទាក់ទិននឹងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ពិភពលោកនៅ ឆ្នាំ១៩៩៨និងឆ្នាំ២០១០ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៣ ។
លោក Charles Blazerជាពលរដ្ឋស.រ.អា ដែលបានចំណាយពេលពីរទសវត្សរ៍បម្រើការជា មន្រ្តីកីឡាដ៏មានអំណាចបំផុតរបស់ពិភពលោក បានសារភាពទទួលទោសសម្ងាត់ខាងព្រហ្មទណ្ឌចំនួន១០ករណីនៅក្នុងទីក្រុងញូយ៉ក ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាមួយរដ្ឋអាជ្ញាស.រ.អា នេះយោងតាមឯកសារមួយផ្នែកនៃការធ្វើសវនាការ។
លោក Blazer បានប្រាប់ចៅក្រមសហរដ្ឋអាមេរិកម្នាក់ថា លោក និងគណៈកម្មាធិការប្រតិបត្តិផ្សេងទៀតរបស់អង្គការ FIFA បានទទួលសំណូកដោយការជ្រើសរើសប្រទេសបារាំងជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាដណ្តើមពានរង្វាន់ពិភពលោកឆ្នាំ១៩៩៨។
ចៅក្រមអាមេរិក បាននិយាយទៀតថា លោក Blazerក៏បានទទួលសំណូកនៅក្នុងពិធីឆ្នាំ២០១០ដោយផ្តល់ការរៀបចំការប្រកួតនោះទៅឲ្យប្រទេសអាហ្វ្រិកខាងត្បូង។
អតីតមន្រ្តីអង្គការ FIFA ម្នាក់ទៀតដែលរងការចោទប្រកាន់នៅក្នុងរឿងអាស្រូវនោះគឺលោក Jack Warnerនៃប្រទេសទ្រីនីដា និងតូបាហ្គោ បានអះអាងកាលពីថ្ងៃពុធក្នុងអំឡុងពេលនៃការធ្វើសុន្ទរកថាតាមទូរទស្សន៍ថា លោកមានភស្តុតាងពីការព្រមព្រៀងខាងហិរញ្ញវត្ថុដែលទាក់ទិននឹងអង្គការគ្រប់គ្រងកីឡាបាល់ទាត់ FIFA និងការបោះឆ្នោតទូទៅរបស់តំបន់ការ៉ាអ៊ីបក្នុងឆ្នាំ២០១០។ អតីតអនុប្រធាននៃអង្គការ FIFA ជាមនុស្សម្នាក់នៃមនុស្ស៦នាក់ រួមមានមន្រ្តីលំដាប់ថ្នាក់ទី២ និងសមាជិកប្រតិបត្តិ៤នាក់របស់អង្គការ FIFA ដែលបានស្ថិតនៅក្នុងការចាប់ខ្លួនដោយទីភ្នាក់ងារប្រតិបត្តិច្បាប់អន្តរជាតិ ( Interpol) លើបទចោទប្រកាន់រួមមានអំពើពុករលួយ និងការប្រព្រឹត្តអំពើទុច្ចរឹត ដែលមានន័យថា ពួកគេ ប្រឈមការចាប់ខ្លួននៅគ្រប់ទីកន្លែងក្នុងពិភពលោក ដែលពួកគេទៅ៕