ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកពាក់ព័ន្ធ​កំពុង​តាមដាន​​​​ការរឹបអូស​អចលនវត្ថុ​របស់​លោក សុន ឆ័យ ពី​បទ​បរិហារកេរ្តិ៍


រូបឯកសារ៖ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ឈរថ្លែងនៅ​ក្នុង​សន្និសីទសារព័ត៌មានមួយ​នៅមុខអគារគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត នៅរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ឈរថ្លែងនៅ​ក្នុង​សន្និសីទសារព័ត៌មានមួយ​នៅមុខអគារគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត នៅរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

ក្រោយតុលាការ​កំពូល​បាន​ប្រកាស​តម្កល់សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍ឱ្យ​លោក សុន ឆ័យ ​ចាញ់​ក្តីគណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​គណៈ​កម្មាធិការជាតិរៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ពាក់ព័ន្ធ​បទ​«បរិហារ​កេរ្តិ៍​ជា​សាធារណៈ​» អ្នកពាក់ព័ន្ធកំពុង​តាម​ដានយ៉ាង​យក​ចិត្ត​ទុក​ដាក់អំពី​ការ​រឹប​អូស​អចលនវត្ថុ​លោក សុន ឆ័យ ​ទៅ​នឹង​ការ​ទូរទាត់​សង​សំណង​ជា​ទឹកប្រាក់​ជាង ​១លាន​ដុល្លារ​អាមេ​រិក។ ក៏ប៉ុន្តែមក​ដល់​ពេល​នេះ ​មិន​ទាន់​មាន​ការ​កំណត់​ពេល​វេលា​ជាក់​លាក់​ឱ្យ​លោក សុន ឆ័យ​ ​សង​សំណង​នៅ​ឡើយទេ​។

លោក ​កែត ឃី មេធាវី​ការ​ពារ​ក្តី​ឱ្យ​លោក ​សុន ឆ័យ ប្រាប់​វីអូអេ​នៅថ្ងៃ​ចន្ទ​នេះ​ថា ចាប់​តាំង​ថ្ងៃ​ដែ​ល​តុលាការ​កំពូល​ប្រកាស​សាល​ដីកា​រួច​មក​ ​ទាំង​លោក​ សុន ឆ័យ ​ផ្ទាល់​និង​រូប​លោក​ ដែល​ជា​មេធាវី​ការ​ពារក្តី មិន​ទាន់ទទួល​បាន​នូវកាល​បរិច្ឆេទ ​ដែល​តម្រូវ​ឱ្យ​ទូទាត់​សំណង​ទៅ​ភាគី​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​ស្ថាប័នរៀបចំការ​បោះឆ្នោត​ជាង​១​លាន​ដុល្លារ​នោះ​ទេ។ ​លោក​ថា​ កា​រកំណត់​កាល​បរិច្ឆេទ អាស្រ័យលើអ្នក​ឈ្នះ​ក្តី​ ជា​អ្នក​សុំ​អនុ​វត្ត។ ប៉ុន្តែ​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ការ​ជូ​ន​ដំណឹង​ណា​មួយដល់​រូបលោក និង​កូនក្តី​របស់​លោក​ទេ។

លោកថ្លែងថា៖ ​«អាហ្នឹង​អាស្រ័យ​ ភាគី​ខាង​ឈ្នះ​ក្តី​គេ​សុំ​អនុវត្ត​ ឆាប់​ឬ​យូរ​ អ៊ីចឹង​។ វាអត់​មា​នច្បាប់​កំណត់​ទេ​»​។

កាលពីថ្ងៃទី ២៣ ​ខែ​កុម្ភៈ ​ចៅក្រម​តុលាការ​កំពូល​ បា​នស​ម្រេច​តម្កល់​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​ ដោយ​តម្រូវ​ឱ្យ​លោក សុន ឆ័យ អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន បង់​សង​សំណង​សរុប​ជាង​ ១​ លាន​ដុល្លារ​អាមេរិក​ទៅ​គណបក្ស​កាន់​អំណាច និង​គណៈ​កម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត។ ​

វីអូអេ​មិន​ទាន់អាច​សុំ​ការ​អត្ថាធិប្បាយពីលោក គី តិច មេធាវីការពារ​ក្តី​ឱ្យគណបក្ស​ប្រជាជនកម្ពុជាបាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ចន្ទ​នេះ។

ក៏ប៉ុន្តែ​លោក ​គី តិច មេធាវី​តំណាង​ឱ្យ​គណបក្ស​ប្រជាជនកម្ពុជា ប្រាប់​សារ​ព័ត៌​មានខ្មែរ​ថាមស៍​កាលពីថ្ងៃ​ព្រហស្បតិ៍ថា​ តុលាការ​បាន​ចេញ​ដីកា​រឹប​អូសអចល​វត្ថុ​របស់លោក សុន ឆ័យ​ រួច​រាល់​ហើយ។ ​ហើយ​មន្ត្រី​ពាក់​ព័ន្ធ​ កំពុងវាយ​តម្លៃ​អចនល​ទ្រព្យ​នោះ។​ នេះ​បើ​តា​ម​សារ​ព័ត៌​មានខ្មែរ​ថាមស៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៩ ខែ​មីនា។

​ទាក់​ទង​កា​ររឹបអូស​ និងវាយ​តម្លៃ​អចលន​វត្ថុ​របស់​លោក សុន ឆ័យ នេះ លោក កែត ឃី ​ដែលជា​មេធាវី​ការ​ពារ​ក្តី​ បាន​បញ្ជាក់​ថា នៅពេល​នេះ​លោក​មិន​បាន​ដឹង និងមិន​ទទួល​បានព័ត៌​មា​នអ្វី​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​លោក​ថា ទោះជា​យ៉ាង​ណា ​លោក​នៅតែ​ចាំ​មើល​ទាក់​ទង​ការ​វាយ​តម្លៃ​នោះ ប្រសិន​បើ​តម្លៃ​អចល​នវត្ថុវាយ​តម្លៃ​ចេញ​មក​បាន​ «​ថោក» ​នោះ លោក​នឹង​តវ៉ា​បន្ត​ទៀត​។

​លោកថ្លែងថា៖ ​«ចាំ​មើល​ការ​វាយ​តម្លៃ​[អចលនវត្ថុ​]ហ្នឹង បើ​ដាក់​ថោក​ពេក​ ក៏​អត់​ព្រម​ដែរ​។ យើង​នឹង​ប្តឹង​តវ៉ា ​ការ​វាយ​តម្លៃ​ហ្នឹង វា​ទាប​ពេក វា​អី​អ៊ីចឹង​»។

​លោក កែត ឃី ​បាន​ថ្លែង​បន្ថែម​ថា ​លោក សុន ឆ័យ ​មិន​មាន​លុយអ្វី​ក្រៅ​ពី​អចល​នវត្ថុពីរ​កន្លែង​នេះ​ទេ ​ដើម្បី​បង់​សង​សំណងពាក់​ព័ន្ធ​បទ«បរិហារ​កេរ្តិ៍ជា​សាធារណៈ»។ ​កាល​ពីថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ ឆ្នាំ​២០២៣ តុលាការ​កំពូល​កម្ពុជា​បា​ន​សម្រេច​ជា​ស្ថាពរ ដោយ​តម្រូវ​ឱ្យ​លោក សុន ឆ័យ បង់​សង​ទៅគណ​បក្ស​ប្រជា​ជន​កម្ពុជា​ជាទឹក​ប្រាក់​ចំនួន៤​ពាន់​លាន​រៀល ឬ​ប្រហែល​ ១លាន​ដុល្លារ​អាមេរិក និង​បង់​ចូល​រដ្ឋ​ចំនួន​ ១០លាន​រៀល​ និងប​ង់​សំណងឱ្យ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ចំនួន​ ១០​លាន​រៀល​។

លោក កែត ឃី ​មិន​អស់​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​តុលាការលើ​សំណុំ​រឿង លោក សុន ឆ័យ ​អនុប្រធាន​គណបក្សភ្លើង​ទៀន​នេះ ដោយ​លោក​បន្ត​ចាត់ទុក​ការ​សម្រេច​នេះ​ថា«អយុត្តិ​ធម៌»​។ ​ ​

វីអូអេ​មិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពី​លោក សុន ឆ័យ ​អនុប្រធាន​គណ​បក្សភ្លើង​ទៀន​ បាន​នៅឡើយ​ទេ។

​បើតាមការ​បញ្ជាក់​ទៅ​កាន់​ចៅ​ក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល​ លោក សុន ឆ័យ​ បាន​អះអាង​ថា ​ការ​លើក​ឡើង​របស់​លោកក្នុង​បទសម្ភាសន៍​ជា​មួយ​សារ​ព័ត៌មាន​ឌឹ ខេមបូឌា ដេលី (The Cambodia Daily)​ អំពី​ភាព​មិន​ប្រក្រតី​នានា​ ទាក់ទង​ការ​បោះ​ឆ្នោត​នោះ​គឺ​ជា​«​ការ​តស៊ូ​មតិ​នយោបាយ​»​ ដើម្បី​ធ្វើ​ឱ្យ​ដំណើរការ​បោះ​ឆ្នោត​មាន​ភាព​ល្អ​ប្រសើរ​ ដោយ​មិន​មាន​ចេតនា​មួល​បង្កាច់​ ​បរិហារ​កេរ្តិ៍​ទៅ​លើ​គណ​បក្ស​ប្រជាជន​កម្ពុជា ​និង​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ គ.ជ.ប. ​អ្វី​នោះ​ទេ។​ ​

​នៅ​ក្នុង​ដីកា​ចុះ​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា​ ឆ្នាំ ​២០២២ ​លោក​ អួង វុទ្ធា ​ចៅ​ក្រម​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​រឹបអូស​យក​អចលន​វត្ថុ​ (ដី​និង​អគារ) របស់​លោក​ សុន ឆ័យ​ ជា​បណ្តោះ​អាសន្នចំនួន​ពីរ​ទី​តាំង ​ដែល​នៅ​ក្នុង​សង្កាត់​បឹងកក់​ទី ១ ​ខណ្ឌ​ទួល​គោក រាជ​ធានី​ភ្នំពេញ​ ​ផ្ទៃដី​មាន​ទំហំ​ ៣៥៩ ​ម៉ែត្រ​ការ៉េ ​ដែល​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ចុះថ្ងៃទី ១៥ ខែធ្នូ​ ឆ្នាំ ២០១១​ ចេញ​ដោយ​ប្រធាន​មន្ទី​រ​រៀប​ចំ​ដែន​ដី ​រាជ​ធានី​ភ្នំពេញ ​និង​មួយ​ទីតាំង​ទៀត​ស្ថិត​នៅ​មណ្ឌល ​១​ សង្កាត់​ស្វាយដ​ង្គុំ​ ក្រុង​សៀមរាប ​ខេត្ត​សៀម​រាប ​ផ្ទៃដីមាន​ទំហំ​ ៧៥ ​ម៉ែត្រ​ការ៉េ ដែល​វិញ្ញា​បនបត្រ​សម្គាល់​ម្ចាស់​អចល​នវត្ថុ​ចុះ​ថ្ងៃទី​ ៣ ខែឧសភា ឆ្នាំ ២០១៦ ចេញ​ដោយ​ប្រធានមន្ទី​រ​រៀប​ចំដែន​ដី ​ខេត្ត​សៀបរាម។

បើ​តាម​តម្លៃទីផ្សារ​អចលនទ្រព្យ​ ក្នុងឆ្នាំ ២០​២២ និង​ដើម​ឆ្នាំ​ ២០​២៣ នេះ ​នៅ​សង្កាត់​បឹង​កក់​ទី​ ១ ​ខណ្ឌ​ទួល​គោក រាជ​ធានី​ភ្នំពេញ ​មាន​តម្លៃ​ប្រមាណ​ ២៣០០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ ដូច្នេះ​បើតាម​ការ​សន្និដ្ឋាន ដី​របស់​លោក សុន ឆ័យ ​មាន​ទំហំ ៣៥៩​ ម៉ែត្រ​ការ៉េនោះ អាច​មាន​តម្លៃជាង ​៨២​០​.​០០០ដុល្លារ​អាមេរិក​។ ចំណែក​ដី​នៅ​ក្នុងសង្កាត់​ស្វាយដ​ង្គុំ​ ក្រុង​សៀមរាប នៅ​ដើម​ឆ្នាំ​ ២០២៣ ​នេះ​ ​នៅ​មាន​ការ​ប្រែប្រួល​ទៅ​តាម​តំបន់ ដោយដី​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ ​មាន​តម្លៃ​ចាប់ពី​ ១៥០ ​ដុល្លារ ទៅ​ដល់ ​៥០០ ​ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​។

អ្នកស្រី ​ម៉ៅ ធីតា ​អ្នក​នាំ​ពាក្យ​តុលាការ​កំពូល​ ប្រាប់​វីអូអេ​នៅថ្ងៃ​ចន្ទ​នេះថា អ្នកស្រី​មិន​ទាន់​ទទួល​បាន​ព័ត៌​មាន​អ្វី​នៅ​ឡើយ​ទេ ទាក់​ទង​ការ​កំណត់ពេល​វេលា​ឱ្យ​លោក សុន ឆ័យ បង់​សំណងទៅកាន់​គណបក្ស​ប្រជាជន​កម្ពុជា និង​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ និងទាក់​ទង​ដីកា​សម្រេច​ដក​ហូត​អចលន​វត្ថុរ​បស់​លោក សុន ឆ័យ ​បែប​ណា​ទៀតនោះ។

អ្នក​ស្រី​ថ្លែង​ថា៖ ​«​ខ្ញុំ​អត់​ទាន់​បាន​ទទួល​ព័ត៌មាន​ហ្នឹង​ទេ ពាក់ព័ន្ធ​ការ​ងារ​បច្ចេកទេស​»​។

លោក​ សោម សូរីដា ​អគ្គលេខាធិការ​រង​ និង​ជា​អ្នកនាំ​ពាក្យ​គណៈ​កម្មាធិការជាតិ​រៀប​ចំការ​បោះ​ឆ្នោត បញ្ជាក់​ថា នេះ​ជាលើក​ទីមួយ​ ដែ​ល​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត ​ប្តឹងពាក់​ព័ន្ធបទ «​បរិហារកេរ្តិ៍​ជាសាធារណៈ»​នេះ ។

លោក​បន្ថែម​ថា ប្រសិន​បើ​កា​របោះឆ្នោត​ថ្នាក់ជាតិ​ខាង​មុខ​ នៅតែ​មាន​បុគ្គល​ណារិះ​គន់នូវ​អ្វីដែល​ខុស​ពី​ការ​ពិត ​និង​ប៉ះ​ពាល់​កិត្តិយស​ស្ថាប័ន​រៀប​ចំការ​បោះឆ្នោត ​នោះ​ស្ថាប័​ន ​គ.ជ.ប នឹង​ប្រើ​ប្រាស់​យន្ត​ការ​តុលាការ​នេះ ដើម្បីបង្ហាញ​ «​ភាព​ស្អាត​ស្អំ»​ ព្រោះ​ស្ថាប័ន​រៀប​ចំការ​បោះ​ឆ្នោត​តែង​មាន​យន្ត​ការ​ដោះ​ស្រាយ​បណ្តឹង​ អំពី​ភាព​មិន​ប្រក្រតី​នៅ​ពេល​បោះ​ឆ្នោត​។

​លោក​ថ្លែង​ថា៖ ​«ការ​ប្តឹង​នេះ​គឺ​ដើម្បី​ឱ្យ​អ្នកចោទ​ប្រកាន់​នោះ បង្ហាញ​ទៅ​តាម​យន្តការ​តុលាការ​វិញ​ម្តង​ ពីព្រោះ​ គ.ជ.ប អត់​ដោះស្រាយ​បណ្តឹង​បរិហា​កេរ្តិ៍ ដែលជា​បណ្តឹង​ ក្នុង​ទោស​ព្រហ្មទណ្ឌ​នោះទេ»។

​លោក សោម សូរីដា ក៏បានស្នើ​ទៅ​លោក សុន ឆ័យ ​ឱ្យ​អនុវត្តច្បាប់ តាម​ការ​សម្រេច​របស់​តុលាការ​កំពូល​។

ដោយ​ឡែក លោក​ សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បញ្ជាក់ថា គណ​បក្ស​ប្រជា​ជន​កម្ពុជា មិន​មាន​សិទ្ធិកំណត់​ថ្ងៃ​ ដើម្បី​ឱ្យ​ភាគី​ចាញ់​ក្តី​ ​បង់​សំណង​មក​កាន់​គណ​បក្ស​កាន់​អំណាច​នោះ​ទេ​។ ​

​លោក​ថ្លែ​ងថា៖ ​«តុលាការ​កាត់​សេចក្តី មាន​សាលក្រម សាលដីការបស់តុលាការ​ហើយ។ ​គេមាន​កំណត់​ក្នុង​ច្បាប់ ថាតើ​ពេល​វេលាណា​ ដែលគេត្រូវ​អនុវត្ត​សម្រេច​សាល​ក្រម សាល​ដីកា​របស់​តុលាការ​។ អាហ្នឹង​បើឱ្យ​ដើម​បណ្តឹ​ង​ទៅទារ​[សំណង​]ខ្លួន​ឯង​ ធ្វើ​ម៉េច​កើត​ អាហ្នឹង​គឺអត់​ទេ​ អត់មាន​ពាក់​ព័ន្ធជាមួ​យ​ដើម​បណ្តឹង​ទេ​ អាហ្នឹង​ចាំតែ​ទទួល​យក​តាម​លទ្ធផល»។

​លោក​ ចាត់ទុកថា ការ​ប្តឹង​លោក ​សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន​ ពីបទ បរិហារកេរ្តិ៍​ជា​សាធារណៈនេះ​ គឺ​ស្រប​ទៅ​តាម​ច្បាប់ជា​ធរ​មាន​ ចំពោះ​បុគ្គល​ដែលធ្វើប៉ះ​ពាល់​កិត្តិយស សេចក្តីថ្លៃ​ថ្នូ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

​តាំង​តែ​ពី​ឆ្នាំ​ ១៩៩៣ ​មក លោក សុន ឆ័យ ​បាន​ជាប់​ឆ្នោត និង​ដើរ​តួ​នាទី​ជា​អ្នក​តំណាង​រាស្ត្រ​នៅ​គណបក្ស​បី​ផ្សេងៗ​ពី​គ្នា ចាប់​តាំង​ពី​អតីត​គណបក្ស​ប្រជាធិប​តេយ្យ​សេរី​និយម​ព្រះ​ពុទ្ធសាសនា អតីត​គណបក្ស​ សម រង្ស៊ី និង​ចុង​ក្រោយ​បង្អស់​នេះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មក​ទល់​នឹង​ពេល​រំលាយ​គណបក្ស​នេះ លោក សុន ឆ័យ ដើរ​តួ​នាទី​ជា​ប្រធាន​ក្រុម​តំណាងរាស្ត្រ​របស់​គណបក្ស​។

ក្រោយពី​មិន​បាន​ធ្វើ​នយោបាយ​រយៈពេល​ជាង​ ៥ ឆ្នាំ​បន្ទាប់​ពី​បក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ ​លោក សុន ឆ័យ ក៏​បាន​សម្រេច​ចិត្ត​ចូល​រួម​ជីវភាព​នយោ​បាយ​ជាមួយ​គណ​បក្ស​ភ្លើង​ទៀន ដើម្បី​ចូល​រួមការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ​ឆ្នាំ​២០២២ ​កន្លង​ទៅ​ ​ដែល​ធ្វើ​ឱ្យ​លោករង​បណ្តឹងបទបរិហារកេរ្តិ៍​ជាសាធារណៈ មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។

បន្ទាប់ពី​លោក សុន ឆ័យ ​បាន​ចាញ់ក្តី​គណបក្ស​ប្រជាជន​កម្ពុជា និង​ស្ថាប័នរៀបចំការ​បោះឆ្នោត (​គ.ជ.ប) ពាក់​ព័ន្ធបរិហារកេរ្តិ៍​លើ​ការ​រិះគន់​ដំណើរ​ការ​បោះឆ្នោត ខណៈ​ក្តីក្តាំង​របស់​លោក ថាច់ សេដ្ឋា ដែល​កំពុង​ស្ថិត​ក្នុងការ​ឃុំឃាំង​នៅ​ពន្ធនាគារ​នៅតែ​បន្ត អ្នក​នាំ​ពាក្យ​គណ​បក្ស​ភ្លើង​ទៀន លោក​ គីមសួរ ភីរិទ្ធ ​បាន​បញ្ជាក់​ថា បញ្ហា​ទាំង​នេះឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញថា ​បរិយា​កាស​នយោបាយនៅ​កម្ពុជា​មិន​ទាន់ស្មើ​ភាព និង​មិន​ទាន់​ល្អ​ប្រសើរ​ សម្រាប់​ដៃ​គូ​ប្រកួត​ប្រជែងនៅ​ឡើយ។

​លោក​ថ្លែង​ថា៖«ថ្វីត្បិត​តែវាមិនមែនជា​ការ​ប្រើ​ប្រាស់កម្លាំង​ហិង្សា ប៉ុន្តែ​វាប្រើ​ប្រាស់តា​មបែប​ គេ​ហៅថា​ដាក់សម្ពាធ​ផ្លូវ​ចិត្ត​ទៅលើ​គូរប្រជែងទាំង​ឡាយណា​ដែលហ៊ាន​និយាយ​ប៉ះពាល់​ដល់គណបក្ស​ដែល​គេមាន​អំណាច។ អ៊ីចឹង​យើង​ឃើញថា ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​នេះ វាជា​ផ្នែក​មួយ​ហើយ​ដែល​បង្ហាញ​ឃើញថា​ អ្នក​ដែល​មាន​មតិ​រិះ​គន់​ត្រូវ​ប្រយ័ត្ន​ប្រយែង ហើយ​ត្រូវ​កំហិត​ សេរីភាព​ក្នុង​ការ​និយាយ​របស់​ខ្លួន​។ អ៊ីចឹង​បាន​ន័យ​ថា​បរិយា​កាស​នយោបាយ​ប្រកួត​ប្រជែង​វាអត់​ស្មើភាព​ អ៊ីចឹងជារឿង​មួយ​ដែល​លំបាក​សម្រាប់​គណបក្ស​ដែល​ជាគូ​ប្រជែង​»។

លោកថា ​គណបក្ស​ភ្លើងទៀន ​កំពុងពិនិត្យ​មើល​បន្ថែមទៀត ថា​តើ​សកម្មភាព​របស់​គណបក្ស​ភ្លើង​ទៀនមានការ​កំហិត​បែបណា ហើយ​បើសិន​សកម្មភាពនានាកាន់តែតឹង​តែង ​លំហរ​សេរីភាពបញ្ចេញ​មតិ​កាន់​តែចង្អៀត ​នោះ​គណ​បក្ស​នឹង​អាច​រៀប​ចំ​សមាជ​វិសាមញ្ញ ដើម្បី​សម្រេច​ថាចូលរួម ឬ​មិនចូលរួម​ការបោះឆ្នោត​ថ្នាក់​ជាតិ នាខែ​កក្កដា​ខាង​មុខ​នេះ​។

លោក គីមសួរ ភិរិទ្ធ យល់ថា ​ករណី​លោក សុន ឆ័យ គឺ​នៅ​តែអាច​មាន​ផ្លូវ​ចេញ ពីព្រោះ​លោកមើល​ឃើញ​ថា​ វាពាក់ព័ន្ធ​រឿង​នយោ​បាយ​ច្រើន​ជាង។ ដូច្នេះ​លោក​ថា ​អ្នក​នយោ​បាយ​គួរ​តែ​ជជែក​ទល់​មុខ​គ្នា រក​ដំណោះ​ស្រាយ​បញ្ហា​រួមគ្នា យោគ​យល់​គ្នា​ ដើម្បី​ផល​ប្រយោ​ជន៍​ប្រទេស​ជាតិ​ ​និង​ថា ​«​សន្តិ​ភាព​ ​កើតបាន ​លុះត្រា​យើង​អង្គុយ​និយាយ​គ្នា យោគ​យល់​គ្នា ដោយ​មិន​អាច​គំរាម​កំហែងបាននោះ​ទេ​»៕

XS
SM
MD
LG