ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ថា លោក​មិន​អាច​ទទួល​យក​ការសុំទោស​របស់​លោក សុន ឆ័យ ឡើយ


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤០ និង​លើក​ទី៤១ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤០ និង​លើក​ទី៤១ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ ប្រកាស​ថា​ លោក​មិន​ទទួល​យក​ការ​សុំទោស​របស់​លោក សុន ឆ័យ អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ឡើយ។

ការ​ថ្លែង​របស់​លោក ហ៊ុន សែន ក្រោយ​មាន​ការ​ផ្សព្វ​ផ្សាយ​លិខិត​មួយ​ច្បាប់​របស់​លោក សុន ឆ័យ ចុះ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ដែល​សរសេរ​ទៅ​កាន់​លោក​នា​យក​រដ្ឋមន្រ្តី ហ៊ុន សែន។ លោក ហ៊ុន សែន បាន​ចែក​រំលែក​លិខិត​របស់​លោក សុន ឆ័យ តាម​ប្រព័ន្ធ​តេឡេក្រាម​របស់​លោក។

លោក ហ៊ុន សែន សរសេរ​នៅ​ក្នុង​ប្រព័ន្ធ​តេឡេ​ក្រាម​របស់​លោក​ថា៖ «យើង​មិន​ទទួល​យក​ការ​សុំទោស​នោះ​ឡើយ។ យើង​ចង់​បញ្ចប់​វប្បធម៌​លាប​ពណ៌ និង​ការ​ប្រមាថ។ យើង​ទទួល​យក​មិន​បាន​នូវ​ការ​ចោទ​ប្រកាន់​ថា​ យើង​ជា​អ្នក​លួច​សន្លឹក​ឆ្នោត។ យើង​ធ្លាប់​បាន​គេ​សុំទោស​ច្រើន​ដង​ហើយ​តែ​រឿង​ច្រំដែល​នៅ​តែ​កើត​ឡើង​ទើប​យើង​ចង់​បញ្ចប់​។ វប្បធម៌​រឿង​ដដែល​ហើយ​សូម​ទោស​តាម​ផ្លូវ​តុលាការ ដើម្បីមនុស្យ​អាក្រក់​វា​រាង​ចាល»។

លោក ហ៊ុន សែន បន្ថែម​ថា៖ «ភាព​ខ្លួន​ឯង​បាន​ដឹង​ច្បាស់​ហើយ​តើ ​សម រង្ស៊ី ធ្លាប់​បាន​សុំទោស​ខ្ញុំ តែ​ទី​បំផុត​វា​កើត​ដដែល។ អ្នក​គាំទ្រ​វា​គឺ​ដូច​គ្នា​ដែល​យើង​ត្រូវ​តែ​ប្រើ​ផ្លូវ​ច្បាប់ ដើម្បី​បញ្ចប់​រឿង​ច្រំ​ដែល​នេះ»។

វីអូអេមិន​ទាន់​អាចសុំការអត្ថាធិ​ប្បាយ​ពីលោក សុន ឆ័យ បាននៅឡើយទេ​។

នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃទី​១៣ ខែ​កុម្ភៈ លោក សុន ឆ័យ សរសេរ​ថា លោក​បាន​ដឹង​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាត់​ទុក​ពាក្យ​សម្តី​មួយ​ផ្នែក​ដែល​លោក​បាន​ឆ្លើយ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន ឌឹ ខេមបូឌា​ដេលី កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០​២២​ថាបាន​«ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ជា​ចោរ​លួច​សន្លឹក​ឆ្នោត» ដោយ​លោក​បានបដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

លោក​បញ្ជាក់​ក្នុង​លិខិត​ថា៖ «បើ​គណបក្ស​ប្រជា​ជន​កម្ពុជា ឬ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប) ​ចាត់​ទុក​សម្តី​ក្នុង​បទ​សម្ភាសន៍​ថា ​ខ្ញុំ​បាន​ចោទ​ជា​ចោរ​លួច​សន្លឹក​ឆ្នោត​នោះ ខ្ញុំ​សុំ​អភ័យ​ទោស»។

លោក គឹមសួរ ​ភិរិទ្ធ អ្នកនាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន ប្រាប់​វីអូ​អេ​ថា គណ​បក្ស​របស់​លោក​មិន​មាន​អ្វី​ដែល​ត្រូវ​និយាយ​ឡើយ ​ក្រៅ​ពី​អនុវត្ត​ទៅ​តាម​នីតិ​វិធី​របស់តុលាការ ដោយ​សារ​តែ​លោក ​សុន ឆ័យ បាន​សុំទោស​រួចរាល់។

រូបឯកសារ៖ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដើរចេញពីតុលាការកំពូល បន្ទាប់ពីសវនាការនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដើរចេញពីតុលាការកំពូល បន្ទាប់ពីសវនាការនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

ទោះ​ជាយ៉ាងណា លោក​រំពឹងថា លោក ហ៊ុន សែន នឹង​មាន​ទឹក​ចិត្ត​អធ្យាស័្រយ ដោយ​ហេតុថា ​អនុ​ប្រធា​ន​គណបក្សភ្លើង​ទៀន​រូបនោះ ​ជា​គូប្រជែង​នយោបាយ​មួយរូប​ដែរ ​។

លោក​បញ្ជាក់​ថា៖ «បង្ហាញ​ពី​ចេតនា​សុំទោស​ហើយ​ចំពោះ​ការ​ដែល​លោក​បាន​លើក​ឡើង​នោះ។លោក​ថា​ គ្មាន​ចេតនា​ចង់​ឱ្យ​ប៉ះ​ពាល់​កិត្តិ​យស​គណបក្ស​ដឹកនាំ​ប្រទេស​អីទេ។ អ៊ី​ចឹង​បើ​ធ្វើ​ប៉ុណ្ណឹង​ហើយ ​លោក​បដិសេធ​អា​ហ្នឹង​យើង​មាន​អី​មាន​តែ​ទ​ទួល​យក​តាម​អ្វី​ដែល​យើ​ង​ទទួល​បាន​ពី​តុ​លា​ការ​»។

លោក​ នី សុខា ប្រធាន​សមាគមសិទ្ធិ​មនុស្ស​អាដហុកប្រាប់វីអូអេ​ថា ​ការ​ប្តឹង​ផ្តល់​គ្នា​របស់អ្នក​នយោ​បាយ មិន​មែន​ដើម្បី​លុយ​ឡើយ តែ​ដើម្បី​ឱ្យ​ដៃគូ​នយោបាយ​របស់​ខ្លួន​ទទួល​ស្គាល់នូវ​កំហុស។ លោក​បន្ថែម​ថា​ កាល​ណា​អ្នក​នយោបាយ​ណា​ដែល​រិះ​គន់ ​ឬក៏​វាយ​ប្រហារ​មិន​ផ្អែក​លើ​មូលដ្ឋាន​ការ​ពិត នោះ​ប្រជាពល​រដ្ឋ​នឹង​វាយ​តម្លៃ​ដោយ​ខ្លួន​ឯង។

លោក​ជំរុញ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​សម្រុះ​សម្រួល​គ្នា​នៅ​មុនការ​បោះឆ្នោត​នាពេល​ខាង​មុខ​ ជា​ការ​ប្រសើរ ដោយ​ហេតុថា​ វា​អាច​បញ្ចៀស​នូវ​ការ​លើក​ឡើង​ថា​ រដ្ឋាភិបាល​បច្ចុប្បន្ន​រឹត​ត្បិត​នូវ​សិទ្ធិ​សេរី​ភាព​របស់​អ្នក​នយោបាយ។

លោក​បញ្ជាក់ថា​៖ «ខ្ញុំគិត​ថា ​គួរតែមានការផ្តល់​ជា​ការ​អនុ​គ្រោះឬក៏​ផ្តល់​ជាការ​យោគ​យល់​សម្រាប់ យើ​ង ពីព្រោះ​អ្នក​ន​យោ​បា​យ យើង​មិន​មែន​ទៅ​ធ្វើ​ន​យោ​បាយ ដើម្បី​ប្រ​កួត​ប្រ​ជែងគ្នា​ស្លាប់​រស់​នោះ​ទេ តែ​ថា​យើង​ប្រកួត​ប្រជែង​លើ​គោល​នយោបាយ ទៅ​លើអ្វី​ដែល​យើង​គិត​ថា​ជួយ​ទៅ​ដល់​ប្រយោ​ជន៍​ជាតិ»។

កាល​ពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៣ ចៅក្រម​តុលាការ​កំពូល​បា​នស​ម្រេចតម្កល់​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍ ដោយ​តម្រូវ​ឱ្យ​លោក សុន ឆ័យ អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន បង់​សង​សំណង​សរុប​ជាង​១លាន​ដុល្លារ​អាមេរិក​ទៅ​គណបក្ស​កាន់​អំណាច និង​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការបោះឆ្នោត។

គួរ​បញ្ជាក់​ថា ​លោក ​សុន ឆ័យ ​ត្រូវ​បាន​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍ជា​សាធារណៈ តាម​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។ ការ​ចោទ​ប្រកាន់​នេះ​ពាក់​ព័ន្ធ​នឹង​ការ​ថ្លែង​របស់​លោក ដោយ​មាន​ប្រើ​ពាក្យ​ពេចន៍​មួយ​ចំនួន​ ដូច​ជា​ថា​«លទ្ធ​ផល​នេះ​មិន​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​ប្រជា​ពលរដ្ឋ។​ វា​មាន​ការ​បំភ័យ វា​មាន​ការ​ទិញ​ វា​មាន​ការ​លួច​បាន​នៅ​សល់​ប៉ុណ្ណឹង»។

កាល​ពី​ពេល​កន្លង​ទៅ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ក៏​បាន​ចេញ​ដីកា​មួយ​បង្គាប់​ឱ្យ​រឹបអូស​ទ្រព្យ​សម្បតិ្ត​ជា​អចលន​វត្ថុ​ពីរ​កន្លែង​របស់​លោក ​សុន ឆ័យ ទុក​ជា​បណ្តោះ​អាសន្ន។ ការ​សម្រេចនេះ​ធ្វើ​ឡើង​ទៅ​តាម​សំណើ​របស់​មេធាវី​គណ​បក្ស​ប្រជាជន​កម្ពុជា ​ក្រោម​ហេតុ​ផល​ថា​ លោកសុន ឆ័យ​មាន​ចិត្ត​រឹង​ទទឹង ​មិន​គោរព​ទៅ​តាម​ច្បាប់ ​និង​គ្មាន​ឆន្ទៈ​នៅ​ក្នុង​ការ​បង់​សង​ជំងឺ​ចិត្ត​ទៅ​តាម​អ្វី​ដែល​តុលាការ​បាន​សម្រេច៕

XS
SM
MD
LG