ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​តម្កល់​សេចក្តី​សម្រេច​សាលា​ឧទ្ធរណ៍​លើ​លោក សុន ឆ័យ ក្នុង​សំណុំ​រឿង​បរិហារ​កេរ្តិ៍ជា​សាធារណៈ


រូបឯកសារ៖ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន​ផ្តល់បទសម្ភាសន៍ដល់​អ្នកសារព័ត៌មាន បន្ទាប់ពីលោកបានជួបជាមួយអតីតសកម្មជនគណបក្សសង្គ្រោះជាតិក្នុងពន្ធនាគារព្រៃស នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន​ផ្តល់បទសម្ភាសន៍ដល់​អ្នកសារព័ត៌មាន បន្ទាប់ពីលោកបានជួបជាមួយអតីតសកម្មជនគណបក្សសង្គ្រោះជាតិក្នុងពន្ធនាគារព្រៃស នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

ចៅក្រម​តុលាការ​កំពូល នៅ​ថ្ងៃ​ព្រហស្បតិ៍ បា​នស​ម្រេចតម្កល់​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍ ដោយ​តម្រូវឱ្យលោក សុន ឆ័យ អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន បង់​សង​សំណង​សរុប​ជាង១លាន​ដុល្លារអាមេរិក​ទៅ​គណបក្ស​កាន់​អំណាច និង​គណៈ​កម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត។

នេះ​ជា​សំណុំ​រឿង«​បរិយា​កេរ្តិ៍​ជាសាធារណៈ»ពាក់​ព័ន្ធ​នឹង​ការ​រិះគន់​របស់​លោក សុន ឆ័យ លើ​ភាព​មិន​ប្រក្រតី​នៃការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​មុន។

​នៅ​ក្នុង​សវ​នាការ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ លោក ជីវ កេង ​អនុ​ប្រធាន​តុលាការ​កំពូល ​និង​ជា​ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ​ បាន​ប្រកាស​ថា តុលាការ​បដិ​សេធ​បណ្តឹង​សារទុក្ខ​របស់​មេធាវី ជូង ជូងី ដែល​ការពារ​ក្តី​ឱ្យ​លោក សុន ឆ័យ និង​បានតម្តល់​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​លើ​សំណុំ​រឿង​«​បរិហារកេរ្តិ៍ជា​សាធារ​ណៈ​»​ ចាត់​ទុក​ជា​បាន​ការ​ដដែល​។

​ក្រោយ​ពី​ការ​ប្រកាស​សាលាដីកា​លោក ជូង ជូងី ប្រាប់​អ្នក​សារ​ព័ត៌​មាន​យ៉ាងខ្លីថា៖ ​«តុលាការ​កំពូល​សម្រេច​តម្កល់សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​ដដែល»។

​ចំណែក​នៅ​ក្នុង​បន្ទប់​សវនាការ​មានវត្ត​មានមេធាវី ជូង ជូងី ​ការពារ​ក្តី​ឱ្យ​លោក សុន ឆ័យ មេធាវី គី តិច ការពារ​ក្តី​ឱ្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​មេធាវី​ការ​ពារ​ឱ្យគណៈ​កម្មការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ ប៉ុន្តែ​មិន​ឃើញ​មាន​វត្ត​មានលោក សុន ឆ័យ ​ទេ។

​បើ​តាម​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​ កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០​២២​ តុលាការ​បាន​សម្រេច​ពិន័យ​ លោក សុន ឆ័យ ចំនួន​១០​លាន​រៀល​បង់​ចូល​រដ្ឋ​ និង​សង​ជំងឺ​ចិត្ត​ទៅ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចំនួន​ ៤​ពាន់​លាន​រៀល ឬប្រហាក់ប្រហែល​១លាន​ដុល្លារ​អាមេរិក​ និង​សម្រេច​ពិន័យ​ ១០​លាន​រៀល​ចូល​ថវិកា​ជាតិ​ផ្សេង​ទៀត​ទៅ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំកា​រ​បោះ​ឆ្នោត។

គួរ​បញ្ជាក់​ថា កាល​ពី​ពេល​កន្លង​ទៅ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ក៏​បាន​ចេញ​ដីកា​មួយ​បង្គាប់​ឱ្យ​រឹបអូស​ទ្រព្យ​សម្បតិ្ត​ជា​អចលន​វត្ថុ​ពីរ​កន្លែង​របស់​ លោក ​សុន ឆ័យ ទុក​ជា​បណ្តោះ​អាសន្ន។ ការ​សម្រេចនេះ​ធ្វើ​ឡើង​ទៅ​តាម​សំណើ​របស់​មេធាវី​គណ​បក្ស​ប្រជាជន​កម្ពុជា ​ក្រោម​ហេតុ​ផល​ថា​ លោក សុន ឆ័យ ​មាន​ចិត្ត​រឹង​ទទឹង ​មិន​គោរព​ទៅ​តាម​ច្បាប់ ​និង​គ្មាន​ឆន្ទៈ​នៅ​ក្នុង​ការ​បង់​សង​ជំងឺ​ចិត្ត​ទៅ​តាម​អ្វី​ដែល​តុលាការ​បាន​សម្រេច។

វីអូអេ​មិន​ទាន់​អាចសុំ​ការ​អត្ថាធិប្បាយ​ពី​ លោក សុន ឆ័យ ​បាន​នៅ​ឡើយ​ទេ។

​ប៉ុន្តែលោក សុន ឆ័យ ធ្លាប់​ប្រាប់​អ្នក​សារ​ព័ត៌​មាន បន្ទាប់​ពី​លោក​ចេញ​ពី​តុលាការ​កំពូល កាល​ពី​សប្តាហ៍​មុន​ថា ​ទាក់​ទងនឹងការ​រឹប​អូស​អចល​វត្ថុ​របស់​លោក​ និង​ការ​បង្គាប់​ឱ្យ​បង់សំណងទៅ​ឱ្យ​គណ​បក្ស​ប្រជាជន​កម្ពុជា និង​ស្ថាប័ន​រៀប​ចំការ​បោះ​ឆ្នោត​នោះ គឺលោក​នឹង​ទុក​ឱ្យ​មេធាវីចាត់​ចែង​ការងារ​នេះ។​ លោកបន្ថែមថា​ លោក​ធ្វើ​ការ​បម្រើ​ប្រទេស​ជាតិ ​មិន​មែន​ដើម្បី​ផល​ប្រយោ​ជន៍​ផ្ទាល់​ខ្លួន​ឡើយ។

​មេធាវី​ការពារ​ក្តី​ឱ្យ​ លោក​ សុន ឆ័យ​ គឺ​ លោក ​ជូង​ ជូងី សុំ​មិន​ធ្វើការ​អត្ថា​ធិប្បា​យ​អ្វី​បន្ថែម ពេល​វីអូអេ​ទាក់​ទង​ទៅ។

ចំណែកលោក សោម សូរីដា អគ្គលេខាធិការ​រង​ និង​ជា​អ្នកនាំ​ពាក្យ​គណៈ​កម្មាធិការជាតិ​រៀបចំការ​បោះ​ឆ្នោត​ចាត់ទុកថា ការ​សម្រេច​របស់​តុលាការ​កំពូលគឺយុត្តិ​ធម៌​សម្រាប់​ស្ថាប័ន​រៀបចំការ​បោះ​ឆ្នោត ដែល​បង្ហាញ​ថា​ គណៈ​កម្មការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត ពិត​ជា​មិន​បាន​លួច​បន្លំ​សន្លឹក​ឆ្នោត ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់នោះ​ទេ​។

លោក​ប្រាប់​វីអូអេ​នៅថ្ងៃ​ព្រហស្បតិ៍នេះ​ថា៖ «​ការ​សម្រេច​របស់​តុលាការ​កំពូល គឺ​ជា​ការ​សម្រេច​មួយ​ដែល​ផ្តល់​យុត្តិធម៌​ឱ្យ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ដែល​ជា​ស្ថាប័ន​ចា​ត់ចែង​ គ្រប់​គ្រង​ការ​បោះ​ឆ្នោត​ ដូច​មាន​ចែង​ក្នុង​មាត្រា​១៥០​ថ្មី​ពីរ​នៃ​រដ្ឋ​ធម្មនុញ្ញ»។

គួរ​បញ្ជាក់​ថា​ លោក ​សុន ឆ័យ ​ត្រូវ​បាន​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍ជា​សាធារណៈ តាម​មាត្រា​៣០៥​នៃ​ក្រម​ព្រហ្ម​ទណ្ឌ ដែល​ចែង​ថា​ ការបរិ​ហា​កេរ្តិ៍​ជា​សាធារណៈ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី១០​ម៉ឺន​រៀល​ទៅ​១០​លាន​រៀល ដោយ​មិន​គិត​ពី​សំណង​ជំងឺ​ចិត្ត​ដែល​ដើម​ចោទ​ទាមទារ។ ការ​ចោទ​ប្រកាន់​នេះ​ពាក់​ព័ន្ធ​នឹង​ការ​ថ្លែង​របស់​លោក ដោយ​មាន​ប្រើ​ពាក្យ​ពេចន៍​មួយ​ចំនួន​ ដូច​ជា​ថា​«លទ្ធ​ផល​នេះ​មិន​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​ប្រជា​ពលរដ្ឋ។​ វា​មាន​ការ​បំភ័យ វា​មាន​ការ​ទិញ​ វា​មាន​ការ​លួច​បាន​នៅ​សល់​ប៉ុណ្ណឹង»។

លោក សុន ឆ័យ តែង​តែ​បញ្ជាក់​ថា ​លោក​មិ​នចង់​ឱ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត ទើប​ធ្វើ​ការ​តស៊ូ​មតិនយោបាយបែប​នេះ ​ដើម្បី​ធ្វើ​ឱ្យ​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា​ មាន​ភាព​ល្អ​ប្រសើរ៕

XS
SM
MD
LG