ក្នុងសវនាការនៅតុលាការកំពូល នាព្រឹកថ្ងៃសុក្រនេះ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដែលមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ» បានបន្តការពារខ្លួន និងស្នើឱ្យតុលាការកំពូលទម្លាក់ការចោទប្រកាន់លើរូបលោក។
សំណុំរឿងរបស់លោក សុន ឆ័យ ដែលកំពុងឈានដល់តុលាការកំពូលនេះ ពាក់ព័ន្ធនឹងការរិះគន់ដំណើរការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ២០២២ ដែលប្តឹងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) និងគណបក្សប្រជាជនកម្ពុជា។
ក្នុងបន្ទប់សវនាការ ទាំងមេធាវីលោក សុន ឆ័យ មេធាវីគណបក្សប្រជាជនកម្ពុជា និងមេធាវីការពារឱ្យស្ថាប័នគ.ជ.ប.បានព្យាយាមការពារយកត្រូវរៀងៗខ្លួន នៅចំពោះមុខលោក ជីវ កេង អនុប្រធានតុលាការកំពូល និងជាប្រធានចៅក្រមជំនុំជម្រះ។
លោក សុន ឆ័យ បានបញ្ជាក់ទៅកាន់ចៅក្រមជំនុំជម្រះថា ការលើកឡើងរបស់លោកក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានឌឹ ខេមបូឌា ដេលី (The Cambodia Daily) អំពីភាពមិនប្រក្រតីនានាទាក់ទងការបោះឆ្នោតនោះគឺជាការតស៊ូមតិនយោបាយដើម្បីធ្វើឱ្យដំណើរការបោះឆ្នោតមានភាពល្អប្រសើរ ដោយមិនមានចេតនាមូលបង្កាច់ បរិហារកេរ្តិ៍ទៅលើគណបក្សប្រជាជនកម្ពុជា និងស្ថាប័នរៀបចំការបោះឆ្នោតគ.ជ.ប.អ្វីនោះទេ។
លោកបន្ថែមថា អ្វីដែលលោកលើកឡើងគឺសំអាងតាមគណបក្សភ្លើងទៀន និងអង្គការផ្សេងទៀត ដែលចេញសេចក្តីថ្លែងការណ៍ពីភាពមិនប្រក្រតីនៃការបោះឆ្នោត។ លោកចាត់ទុកថា ពាក្យសម្តីក្នុងកិច្ចសន្ទនានោះជាការបញ្ចេញមតិ ដែលយោងទៅតាមច្បាប់របស់កម្ពុជា ក្នុងការតំណាងឱ្យគណបក្សតែប៉ុណ្ណោះ។
លោកទទូចសុំឱ្យតុលាការកំពូលពិនិត្យមើល និងទម្លាក់ចោលបទចោទប្រកាន់ដើម្បីឱ្យលោករួចផុតពីបទចោទប្រកាន់បរិហារកេរ្តិ៍។
ក្រោយបញ្ចប់សវនាការ នៅព្រឹកថ្ងៃសុក្រនេះ លោក សុន ឆ័យ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីធ្លាសួនវត្តបទុមវត្តីថា៖ «រយៈពេលពីរថ្ងៃក្រោយការបោះឆ្នោត នៅពេលដែលសមាជិករបស់យើងបានប្តឹងទៅគ.ជ.ប.ជាច្រើនករណី ហើយមិនទាន់បានលទ្ធផល ខ្ញុំមានកាតព្វកិច្ចក្នុងនាមគណបក្សដើម្បីចូលរួមតវ៉ា។ ហើយការតវ៉ានោះទោះបីជាមេធាវីគណបក្សប្រជាជន មេធាវីគ.ជ.ប.ខំឆ្កឹះយកពាក្យសម្តីសម្ភាសន៍ជាងមួយម៉ោង យកមកដើម្បីជាហេតុផលថា ខ្ញុំមានគំនិតទុច្ចរិតគឺអត់ពិត ព្រោះខ្ញុំជាមនុស្សម្នាក់ ប្រហែលជាសាធារណជនយល់ច្បាស់ណាស់ ព្រោះជាសម្បត្តិសាធារណៈយូរឆ្នាំដែរ ជាតំណាងរាស្ត្រ តាំងឆ្នាំ១៩៩៣ តាំងពីសភាធម្មនុញ្ញ»។
លោកបន្តថា៖ «ខ្ញុំមិនដែលមានមតិជាសាធារណៈ ឬក្នុងកិច្ចប្រជុំណាដែលនិយាយដៀលប្រមាថ មូលបង្កាច់ ចោទប្រកាន់អ្នកណាទេ ក្នុងប្រវត្តិជីវិតរបស់ខ្ញុំ។ អត់មានទេ។ ចុះហេតុដូចម្តេចបានជាខ្ញុំមកចោទប្រកាន់ពេលនេះ? អាហ្នឹងគួរតែយកមកពិចារណាដែរ។ ហើយរឿងនេះជារឿងតវ៉ារឿងបោះឆ្នោតសុទ្ធសាធ អត់មានរឿងខ្ញុំឈ្លោះប្រកែកជាមួយអ្នកណាផ្ទាល់ខ្លួន ក៏អត់មាន [គឺនេះ] រឿងបោះឆ្នោត ហើយវាគួរតែគ.ជ.ប. ហើយគណបក្សប្រជាជនឆ្លើយបំភ្លឺទៅ បើសិនណាជាការនិយាយខុសឆ្គង ហើយគណបក្សប្រជាជនក៏មានប្រព័ន្ធឃោសនាច្រើនណាស់»។
លោក សុន ឆ័យ បន្តថា ការប្តឹងផ្តល់រូបលោកមកកាន់តុលាការអំពីការរិះគន់ភាពមិនប្រក្រតីនៃដំណើរការបោះឆ្នោតនេះគឺមិនមានចំណេញអ្វីនោះទេ ដូច្នេះលោកស្នើតុលាការពិនិត្យ និងសម្រេចឡើងវិញ។
ចំណែកលោកមេធាវី គី តិច ដែលការពារក្តីឱ្យគណបក្សប្រជាជនកម្ពុជា បញ្ជាក់ក្នុងសវនាការនោះថា ពាក្យពេចន៍របស់លោក សុន ឆ័យ ដែលមានក្នុងសម្ភាសន៍ជាមួយសារព័ត៌មានបាន«ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ»ដល់គណបក្សប្រជាជនកម្ពុជា។ លោកនៅតែស្នើឱ្យតុលាការកំពូលរក្សាទុកដដែល តាមសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ដែលបានទាមទារឱ្យលោក សុន ឆ័យ បង់សងជំងឺចិត្តដល់គណបក្សប្រជាជនកម្ពុជាចំនួន៤ពាន់លានរៀល ឬស្មើ១លានដុលា្លរអាមេរិក និងបង់ចូលរដ្ឋចំនួន១០លានរៀលនោះ។
ដោយឡែក មេធាវីការពារក្តីឱ្យលោក សុន ឆ័យ គឺមេធាវី ជូង ជូងីបានការពារថា លោក សុន ឆ័យមិនមានចេតនាមូលបង្កាច់ និងបរិហារកេរ្តិ៍លើគណបក្សប្រជាជនកម្ពុជា និងស្ថាប័នជាតិរៀបចំការបោះឆ្នោតនោះទេ។ លោកមេធាវីថា នេះជាការតស៊ូមតិនយោបាយដែលស្របតាមមាត្រា៤ និងមាត្រា៥ និងមាត្រាមួយចំនួនទៀតក្នុងក្រមព្រហ្មទណ្ឌ។
លោកសោម សូរីដា អគ្គលេខាធិការរងគ.ជ.ប. ដែលមានវត្តមានក្នុងសវនាការដែរនោះ ក៏បានការពារខ្លួន និងបញ្ជាក់ប្រាប់ទៅចៅក្រមថា ការលើកឡើងរបស់លោក សុន ឆ័យ គ្រាន់តែជាលេសដោះបន្ទុកតែប៉ុណ្ណោះ។
លោកប្រាប់វីអូអេបន្ថែមតាមប្រព័ន្ធទូរស័ព្ទថា៖ «ការលើកឡើងថា ស្ថាប័នមួយថាចោរ មានការលួចបន្លំសន្លឹកឆ្នោត មិនមែនជាការបញ្ចេញមតិ ឬក៏ជាការតស៊ូមតិនោះទេ។ អ៊ីចឹងវោហារសាស្រ្តអ្នកនយោបាយត្រូវបែងចែងឱ្យច្បាស់ បើសិនគ្រាន់តែជាការតស៊ូមតិ វាមិនអាចមានពាក្យបណ្តឹងទៅតាមផ្លូវតុលាការទេ ពាក់ព័ន្ធបរិហារកេរ្តិ៍»។
លោកការពារស្ថាប័នគ.ជ.ប.ថា បើសិនគណបក្សនយោបាយណាមួយមើលឃើញពីភាពមិនប្រក្រតី ដែលប៉ះពាល់ដល់ដំណើរការបោះឆ្នោតឃុំសង្កាត់ គឺគណបក្សនយោបាយនោះត្រូវដាក់ឯកសារ និងភស្តុតាង ដើម្បីប្តឹងតាមយន្តការរបស់ស្ថាប័នគ.ជ.ប. ដោយមិនមែនរិះគន់បែបនេះទេ។
ក្រោយការសួរដេញដោល លោកជីវ កេង ប្រធានអង្គជំនុំជម្រះ បានថ្លែងថា តុលាការកំពូលនឹងប្រកាសសាលក្រមនៅថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៣។
លោក កន សាវាង្ស មន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល
យល់ថា ការសម្របសម្រួលផ្នែកនយោបាយ និងការអត់ឱនឱ្យគ្នាគឺជារឿងល្អប្រសើរ និងជាចំណុចសំខាន់ក្នុងការប្រកួតប្រជែង។
ដោយឡែកពាក់ព័ន្ធនឹងសំណងជំងឺចិត្តនេះ លោក កែត ឃី ដែលការពារក្តីឱ្យលោក សុន ឆ័យ ចាត់ទុកថា នេះជាការពិន័យធ្ងន់ធ្ងរ ក្នុងកម្រិតមួយខ្ពស់ ដែលលោកមិនដែលធ្លាប់ឃើញទេ តាំងពីលោកធ្វើជាមេធាវី រយៈពេលជាង២០ឆ្នាំនេះ ដូច្នេះលោកស្នើទៅចៅក្រមពិនិត្យលើប្រាក់ពិន័យនេះ។
គួរបញ្ជាក់ថា កាលពីកន្លងទៅ សាលាដំបូងរាជធានីភ្នំពេញក៏បានចេញដីកាមួយបង្គាប់ឱ្យរឹបអូសទ្រព្យសម្បតិ្តជាអចលនវត្ថុពីរកន្លែងរបស់លោក សុន ឆ័យ ទុកជាបណ្តោះអាសន្ន។ ការសម្រេចនេះធ្វើឡើងទៅតាមសំណើរបស់មេធាវីគណបក្សប្រជាជនកម្ពុជា ក្រោមហេតុផលថា លោកសុន ឆ័យមានចិត្តរឹងទទឹង មិនគោរពទៅតាមច្បាប់ និងគ្មានឆន្ទៈនៅក្នុងការបង់សងជំងឺចិត្តទៅតាមអ្វីដែលតុលាការបានសម្រេច៕