ហេតុការណ៍ហិង្សាកាលពីសប្តាហ៍មុន ដែលបណ្តាលឲ្យមនុស្ស ៥ នាក់ ស្លាប់នៅថ្ងៃដែលសភាសហរដ្ឋអាមេរិកប្រកាសបញ្ជាក់ជ័យជម្នះរបស់ប្រធានាធិបតីថ្មី ធ្វើឲ្យប្រជាជនកម្ពុជាមួយចំនួន មានភាពមន្ទិលលើមូលដ្ឋានគ្រឹះប្រជាធិបតេយ្យរបស់ប្រទេសមហាអំណាចមួយនេះ។
អ្នកខ្លះយល់ថាភាពចលាចលទាំងនេះមិនគួរកើតមានឡើងនៅអាមេរិកនោះទេ ព្រោះប្រទេសនេះត្រូវបានចាត់ទុកជាគំរូប្រជាធិបតេយ្យសម្រាប់ប្រទេសដទៃទៀត។
ពលរដ្ឋកម្ពុជាមួយចំនួនទៀតយល់ថា រដ្ឋបាលរបស់លោក Joe Biden នឹងអាចដោះស្រាយភាពរកាំរកូសទាំងនេះបាន ខណៈប្រជាធិបតេយ្យអាមេរិកត្រូវបានរិះគន់និងសើចចំអកដោយប្រទេសជាមិត្ត និងសត្រូវរបស់អាមេរិកផងដែរ។
ក្នុងពេល២សប្តាហ៍ចុងក្រោយនៃការកាន់អំណាចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ភាពតានតឹងដែលកើតចេញពីការមិនចង់ផ្ទេរអំណាចដោយសន្តិវិធីរបស់លោក បានបង្កឲ្យមានចលាចលនៅសហរដ្ឋអាមេរិកកាន់តែខ្លាំង។
កាលពីថ្ងៃពុធសប្តាហ៍មុន ក្រុមកុបករដែលគាំទ្រលោក Trump បានលុកលុយវិមានសភាអាមេរិក ខណៈក្រុមសមាជិកសភាកំពុងបើកសម័យប្រជុំពេញអង្គរួម ដើម្បីប្រកាសជ័យជម្នះជាផ្លូវការរបស់លោក Joe Biden មកពីគណបក្សប្រជាធិបតេយ្យ ជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក។ ហិង្សានេះបានបណ្តាលឲ្យមនុស្ស ៥ ស្លាប់ និងរបួសរាប់សិបនាក់។
លោក អ៊ិត ផូ អាយុ៨៥ឆ្នាំ ជាអតីតអ្នកបើករថយន្តយោធាអាមេរិក ពេលលោករស់នៅសហរដ្ឋអាមេរិក។ ពលរដ្ឋខ្មែរ-អាមេរិកាំងរូបនេះដែលសព្វថ្ងៃកំពុងរស់នៅក្នុងប្រទេសកម្ពុជា ប្រាប់ VOA ថា លោកមិនធ្លាប់ឃើញភាពចលាចលនិងហិង្សាកើតមានឡើងនៅសហរដ្ឋអាមេរិកដល់កម្រិតនេះនោះទេ។
លោកបានបន្ទោសលោក Donald Trump ថា ជាមនុស្សចង់បានតំណែង ខណៈលោកបានចាញ់ការបោះឆ្នោត ដែលមិនអាចដឹកនាំរដ្ឋបាលអាមេរិក៤ឆ្នាំទៀត។
លោកមានប្រសាសន៍ថា៖ «Trump ហ្នឹងរឹងទទឹងណាស់ ក្បាលរឹង។ មិនធ្លាប់ធ្វើធំ ធ្លាប់តែរកស៊ីដល់បានធ្វើធំ មិនចង់ចុះពីកៅអីទេ»។
ចំណែកលោកចាន់ សារឿន អាយុ៦២ឆ្នាំ ដែលជាអ្នករត់រ៉ឺម៉កកង់បីក្នុងរាជធានីភ្នំពេញ បង្ហាញការមិនពេញចិត្តចំពោះសកម្មភាពរបស់លោក Donald Trump នៅគ្រាដែលលោកជិតដល់ពេលលែងបានកាន់អំណាចជាប្រធានាធិបតីអាមេរិក។
លោកថា ការតវ៉ាប្រឆាំងលទ្ធផលបោះឆ្នោតនិងការមិនចង់ផ្ទេរអំណាចដោយសន្តិវិធីជាដើម បានធ្វើឲ្យប៉ះពាល់ដល់មុខមាត់អាមេរិកនៅលើឆាកអន្តរជាតិ ដែលត្រូវបានគេចាត់ទុកថា ជាមហាអំណាចសេដ្ឋកិច្ចទីមួយក្នុងពិភពលោកនិងមានប្រជាធិបតេយ្យរឹងមាំបំផុត។
លោកមានប្រសាសន៍ថា៖ «លោក Donald Trump មិនសមធ្វើចឹងទេ។ វាប៉ះពាល់ដល់សង្គមអាមេរិកទាំងមូលនិងនៅលើពិភពលោក។ អាមេរិកជាបិតាប្រជាធិបតេយ្យពិភពលោក។ អ៊ីចឹង គួរណាស់គោរពឲ្យបានត្រឹមត្រូវ។ ចាញ់ត្រូវតែចាញ់ ចុះទៅ មិនបាច់ទាមទារ តវ៉ារាប់សន្លឹកឆ្នោតឡើងវិញ។ ទោះរាប់ប៉ុន្មានដង ក៏នៅតែឃើញចាញ់ដដែល»។
ទាក់ទងនឹងការតវ៉ាដោយក្រុមបាតុករដែលគាំទ្រលោក Donald Trump លោក ចាន់ សារឿន លើកឡើងថាការតវ៉ាស្រដៀងគ្នានេះ ក៏ធ្លាប់កើតមាននៅកម្ពុជាដែរ ប៉ុន្តែមិនឈានដល់អំពើហិង្សាក្នុងស្ថាប័នកំពូល ដូចនៅសភាអាមរិកនោះទេ។ យ៉ាងណាក៏ដោយ អ្នករត់រ៉ឺម៉កកង់បីរូបនេះ យល់ថាអាជ្ញាធរអាមេរិកទំនងជាមិនយកទោសពៃរ៍ពីក្រុមបាតុករឡើយ។
លោកបន្ថែមថា៖ «ខ្ញុំជឿថា មិនអីទេព្រោះអាមេរិកគេគោរពច្បាប់ គេគោរពសិទ្ធិមនុស្ស។ គេមិនអាចយកទោស យកពៃរ៍ក្រុមបាតុករទេ។ នេះសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ គេនឹងសម្របសម្រួលម៉េចឲ្យល្អប្រសើរ។ គេអត់ឲ្យមានចលាចល ឬមួយក៏ចាប់ទោស ចាប់ទណ្ឌដាក់គុកដាក់ច្រវាក់អីទេ»។
យុវជនកម្ពុជាដែលជានិស្សិតនិងបានតាមដានស្ថានការណ៍នយោបាយនិងប្រជាធិបតេយ្យអាមេរិក បានប្រាប់វីអូអេថា ភាពចម្រូងចម្រាសដែលកើតឡើងនៅចុងអាណត្តិរបស់លោក ដូណាល់ ត្រាំ នេះ មិនមែនជារូបភាពល្អនៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេធ្លាប់រៀនសូត្រអំពីអាមេរិកនោះទេ។
ពួកគេថា ព្រឹត្តិការណ៍ហិង្សានេះបានប៉ះពាល់ដល់ទំនុកចិត្តដែលពួកគេធ្លាប់មានចំពោះប្រជាធិបតេយ្យអាមេរិក។
កញ្ញា ឈួ មុយកៀង ជានិស្សិតឆ្នាំទី៤ ផ្នែកសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មើលឃើញថាបេសកកម្មដំបូងរបស់លោក Joe Biden ដែលជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក គឺការដោះស្រាយបញ្ហា ឬភាពរកាំរកូសដែលកើតមានក្នុងអាណត្តិលោក Donald Trump ជាមុនសិន។
កញ្ញាដែលមានវ័យ ២១ ឆ្នាំរូបនោះ និយាយថា៖ «សម្រាប់លោក Joe Biden បើគាត់ចង់ពង្រឹងប្រជាធិបតេយ្យគាត់ឡើងវិញ គឺដំបូងគាត់ត្រូវធ្វើម៉េចដោះស្រាយបញ្ហាលោក Donald Trump [ដែល] គាត់បង្កើតឡើងឲ្យអស់សិនបានគាត់អាចដើរទៅមុខទៀតកើត។ បើបញ្ហាហ្នឹងនៅមានទោះគាត់ចង់បង្កើតគោលនយោបាយថ្មីឬចង់ពង្រឹងប្រជាធិបតេយ្យប្រទេសឡើងវិញ គឺពិបាកខ្លាំងមែនទែន»។
ចំណែកនិស្សិតឆ្នាំទី៤ ផ្នែកច្បាប់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លោក ណន សំណាងសីមុន្នី អាយុ២១ឆ្នាំ យល់ថា ការកសាងទំនុកចិត្ត គឺជាគន្លឹះសំខាន់ចំពោះការផ្សះផ្សាប្រជាធិបតេយ្យនៅអាមេរិកឡើងវិញ។
លោកនិយាយថា៖ «ដំបូងគេ គឺគាត់ [លោក Joe Biden] ត្រូវកសាងទំនុកចិត្តជាមួយបក្សនិងបក្សនៅក្នុងសភា កុំឲ្យវាមានការបែកខ្ញែកហើយនិងប្រជាពលរដ្ឋនៅខាងក្នុងសហរដ្ឋអាមេរិកហ្នឹង។ អញ្ចឹងនៅពេលដែលគាត់មានទំនុកចិត្តរវាងគ្នានិងគ្នា ហើយប្រជាធិបតេយ្យក៏អាចផ្សះផ្សាបានដែរ»។
ក្នុងសប្តាហ៍ចុងក្រោយនៃអាណត្តិរបស់លោក Trump សភាអាមេរិកបានបោះឆ្នោតគាំទ្រការចោទប្រកាន់ដកតំណែងលោក Trump ជាលើកទី២ ដោយសំឡេងឆ្នោតគាំទ្រ ២៣២ ទល់នឹងសំឡេងជំទាស់ ១៩៧។ លោក Trump ដែលនឹងផុតការកាន់តំណែង នៅថ្ងៃទី២០ ខែមករា ខាងមុខ ត្រូវបានចោទប្រកាន់ថា «បានញុះញង់ឲ្យមានការបះបោរ» ចំពោះតួនាទីរបស់លោកក្នុងការបង្កឲ្យមានព្រឹត្តិការណ៍ប្រមូលផ្តុំក្រុមមនុស្សដែលប្រើហិង្សាទៅលើវិមានសភាអាមេរិកកាលពីសប្តាហ៍មុន។
នេះជារបត់ប្រវត្តិសាស្ត្រថ្មីមួយនៅអាមេរិក ដែលប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានសភាបោះឆ្នោតចោទប្រកាន់ដកតំណែងពីរដងក្នុងមួយអាណត្តិរបស់លោក ដែលមានរយៈពេល៤ឆ្នាំ។
លោក សំណាងសីមុន្នី ដែលជានិស្សិតផ្នែកច្បាប់នៅរាជធានីភ្នំពេញ យល់ថា ការចោទប្រកាន់ដកតំណែងប្រធានាធិបតីនេះ អាចមានសេណារីយូចំនួន២។
លោកនិយាយថា៖ «ទីមួយ ការធ្វើ Impeachment [ការចោទប្រកាន់ដកតំណែងប្រធានាធិបតី] គ្រាន់តែជាឧបករណ៍នយោបាយ គឺថាចង់បំផ្លាញកេរ្តិ៍ឈ្មោះរបស់Trumpដែលជាប្រធានាធិបតីអាមេរិក។ តែបើនិយាយមួយទៀត ការប្តឹងទម្លាក់ហ្នឹងក៏ត្រូវដែរ ដោយសារវាមានភស្តុតាងគ្រប់គ្រាន់ដោយសារលោកដូណាល់ត្រាំស្ថិតនៅពីក្រោយការបាតុកម្មហ្នឹង។ ដូចថាមុនបាតុកម្មមួយថ្ងៃមានការចេញសេចក្តីថ្លែងការណ៍«ជួយសង្គ្រោះអាមេរិក»។
លទ្ធភាពនៃការបើកសវនាការដោយព្រឹទ្ធសភាលើករណីចោទប្រកាន់ដកតំណែងប្រធានាធិបតី Trump ជាលើកទី២ នៅព្រឹទ្ធសភា ទំនងជាមិនអាចធ្វើឡើង មុនពេលប្រធានាធិបតីជាប់ឆ្នោត លោក Biden ស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករានោះទេ។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិនៅសហរដ្ឋអាមេរិក៕