ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋអាជ្ញាអាមេរិក​​កំណត់​អត្ត​សញ្ញាណ​កុបករ​ជាង​១៧០នាក់​ដែល​បាន​វាយ​សម្រុក​ចូល​វិមាន​សភា​សម្រាប់​ការចោទ​​ប្រកាន់បទ​ព្រហ្មទណ្ឌ


ក្រុមបាតុករដែលជាអ្នកគាំទ្រលោកប្រធានាធិបតី Donald Trump បានសម្រុកចូលក្នុងវិមានសភាសហរដ្ឋអាមេរិក ឈរនៅមុខសាលប្រជុំរបស់សមាជិកព្រឹទ្ធសភា នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
ក្រុមបាតុករដែលជាអ្នកគាំទ្រលោកប្រធានាធិបតី Donald Trump បានសម្រុកចូលក្នុងវិមានសភាសហរដ្ឋអាមេរិក ឈរនៅមុខសាលប្រជុំរបស់សមាជិកព្រឹទ្ធសភា នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

ក្រុម​រដ្ឋអាជ្ញា​សហរដ្ឋ​អាមេរិក បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ពួកគេ​បាន​កំណត់​អត្តសញ្ញាណ​មនុស្ស​ជាង ​១៧០​នាក់ សម្រាប់​ការ​ចោទប្រកាន់​ខាង​ព្រហ្មទណ្ឌ ទាក់​ទិន​នឹង​ការ​វាយ​ប្រហារ​ហិង្សា​លើ​វិមាន​សភា​សហរដ្ឋ​អាមេរិក ​កាល​ពី​សប្តាហ៍​មុន​ ហើយ​រំពឹង​ថា ចំនួន​នេះ​នឹង​ឡើង​ដល់​រាប់​រយ​នាក់​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ ខណៈមាន​ការ​បន្ត​ស្វែង​រក​ចាប់ខ្លួនទ្រង់ទ្រាយ​ធំនៅទូទាំង​ប្រទេស​ ចំពោះ​ពួក​កុបករ​គាំទ្រ​លោក​ប្រធានាធិបតី Donald Trump។

លោក Michael Sherwin ប្រធាន​រដ្ឋអាជ្ញា​ស្តីទី​របស់​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ប្រាប់អ្នក​យកព័ត៌មាន​ថា មនុស្ស​ជាង​ ៧០ ​នាក់​ បាន​ត្រូវ​ចោទប្រកាន់​រហូត​មកទល់​ពេល​នេះ​ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដោយ​រដ្ឋអាជ្ញា​កំពុង​បន្ត​ចោទប្រកាន់​ប្រឆាំង​នឹង​មនុស្ស​យ៉ាង​តិច​ណាស់​ក៏​ ១០០​ នាក់​ទៀត​ដែរ។

លោក Sherwin បាន​និយាយ​ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​សន្និសីទ​កាសែត​ស្តី​ពី​ការ​ស៊ើប​អង្កេត​សហព័ន្ធ​លើ​អំពើ​កុបកម្ម​ដែល​បាន​ធ្វើ​ឲ្យមនុស្ស ​៥ នាក់​ស្លាប់ ​រួម​ទាំង​មន្ត្រី​ប៉ូលីស​វិមាន​សភា​សហរដ្ឋ​អាមេរិក​ម្នាក់​ផង​ ថា៖ « ខ្ញុំ​សង្ស័យ​ថា ចំនួន​នេះនឹង​កើន​ឡើង​ទៅ​ដល់​រាប់រយ​នាក់»។

ក្នុង​ខណៈ​នោះ​ដែរ លោក Chuck Schumer មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ព្រឹទ្ធសភា​បាន​និយាយ​ថា ពួក​អ្នក​គាំទ្រ​លោក​ប្រធានាធិបតី Donald Trump ដែល​បាន​វាយ​ប្រហារ​វិមាន​សភា​សហរដ្ឋ​អាមេរិក គួរ​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ជិះ​យន្តហោះ។

លោក​បាន​ហៅ​អ្នក​ទាំង​នោះ ថា​ជាអ្នក​បះបោរដែល​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​ ហើយ​ត្រូវ​តែ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​មិន​ឲ្យ​ជិះ​យន្តហោះ៕

XS
SM
MD
LG