ភ្នំពេញ — ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជាមានប្រតិកម្មផ្សេងៗទៅនឹងហេតុការណ៍ហិង្សាដែលកម្រកើតមាននៅវិមានសភាអាមេរិក កាលពីថ្ងៃពុធ ដែលជាថ្ងៃសភាអាមេរិកប្រកាសបញ្ជាក់ជ័យជម្នះរបស់លោក ចូ បៃដិន (Joe Biden) ជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក។
ក្រុមបាតុករដែលជាអ្នកគាំទ្រប្រធានាធិបតីលោក ដូណាល់ ត្រាំ (Donald Trump) បានលុកលុយសភាអាមេរិក ខណៈក្រុមសមាជិកសភាកំពុងបើកសម័យប្រជុំពេញអង្គ ដើម្បីទទួលស្គាល់លោក បៃដិន ជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកជាផ្លូវការ។ ព្រឹត្តិការណ៍នេះនាំឲ្យមេដឹកនាំពិភពលោកបានចាប់ផ្តើមវាយតម្លៃទាបទៅលើប្រជាធិបតេយ្យអាមេរិក ជាពិសេសទាក់ទងនឹងការមិនចង់ផ្ទេរអំណាចដោយសន្តិវិធីរបស់លោក ដូណាល់ ត្រាំ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាចាត់ទុកថា ព្រឹត្តិការណ៍ដែលបានកើតឡើងនៅអាមេរិកថាជា «សភាពការណ៍ពិសេស» ដែលមិនធ្លាប់មានពីមុនមក ក្នុងដំណើរការបោះឆ្នោតអាមេរិក ហើយវាបានជះឥទ្ធិពលអាក្រក់លើប្រជាធិបតេយ្យរបស់អាមេរិក។
លោកមានប្រសាសន៍ថា៖ «អាហ្នឹងជាសភាពការណ៍ពិសេសរបស់សហរដ្ឋអាមេរិក ហើយមិនដែលមានទេបាតុករចូលវាយដល់ទៅក្នុងវិមាន Capitol [វិមានសភា]។ ខ្ញុំក៏តាមដានសភាពការណ៍ហ្នឹងដែរខ្ញុំយល់ថា សហរដ្ឋអាមេរិកពីពេលនេះទៅបាទ មិនអាចយកធ្វើជាគំរូប្រជាធិបតេយ្យគេបានទេបាទ»។
លោក បៃដិន នឹងត្រូវស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ជំនួសលោក ត្រាំ ដែលបានចោទប្រកាន់ពុំមានភស្តុតាងជាច្រើនលើកច្រើនសាថា ការបោះឆ្នោតកាលពីដើមខែវិច្ឆិកា ឆ្នាំមុន ត្រូវបានគេលួចបន្លំ។
ក្រុមអ្នកគាំទ្ររបស់លោក ត្រាំ បានសម្រុកចូលទៅកន្លែងដែលប៉ូលិសព័ទ្ធខ្សែមិនអនុញ្ញាតឲ្យចូលនៅខាងក្រៅវិមានសភា និងបានសម្រុកចូលទៅក្នុងវិមានសភា។ សេចក្ដីរាយការណ៍ព័ត៌មានពីបណ្ដាញទូរទស្សន៍ បានឲ្យដឹងថា ឧស្ម័នបង្ហូរទឹកភ្នែកត្រូវបានប្រើ ខណៈបាតុករមួយចំនួនបានព្យាយាមទម្លុះទ្វារចូលទៅក្នុងបន្ទប់ប្រជុំនៅក្នុងវិមានសភា។
ស្ត្រីម្នាក់ត្រូវបានអ្នកថតរូបរបស់បណ្តាញព័ត៌មាន Bloomberg ថតបាន ពេលស្ត្រីរូបនោះដួលទៅនឹងដីក្រោយរងការបាញ់ប្រហារ។ ក្រោយមកមានសេចក្តីរាយការណ៍បន្ថែមថា ស្ត្រីម្នាក់បានស្លាប់ តែពុំមានការបញ្ជាក់ភ្លាមៗថាស្រ្តីដែលស្លាប់នោះ គឺស្ត្រីដែលដេកដួលទៅនឹងដី ឬយ៉ាងណា។
ការសម្រុកចូលដោយហិង្សារបស់ក្រុមបាតុករកើតមានឡើង បន្ទាប់ពីលោក ត្រាំ ប្រកាសថាលោក «នឹងមិនចុះចាញ់ជាដាច់ខាត»។
លោក សុខ ឥសាន ដែលជាសមាជិកព្រឹទ្ធសភាមួយរូប មានប្រសាសន៍ថា ការបោះឆ្នោតរបស់អាមេរិកឆ្នាំ ២០២០ នេះ បានពើបប្រទះភាពល្អក់កករ ខណៈលោក ត្រាំ មិនព្រមទទួលស្គាល់បរាជ័យរបស់លោក។
លោកមានប្រសាសន៍ថា៖ «ឥឡូវនេះតាមរយៈការបោះឆ្នោតនេះមិនដឹងថា ប្រជាធិបតេយ្យ ឬអនាធិបតេយ្យទេ។ ឥឡូវនេះលទ្ធផលបោះឆ្នោតបានចេញហើយ។ អ៊ីចឹងការសម្រេចថ្ងៃនេះរបស់សភាទាំងពីរអាហ្នឹងគឺថា សម្រេចជាចុងក្រោយដើម្បីធ្វើឲ្យលោក ចូ បៃដិន ដែលជាប្រធានាធិបតីជាប់ឆ្នោតហ្នឹង។ លោកចូលកាន់តំណែងថ្ងៃ២០ ក៏ប៉ុន្តែដោយសារលោក ត្រាំ មានមហិច្ឆតាអំណាច គាត់ទៅញុះញង់ឲ្យអ្នកគាំទ្រគាត់ទៅធ្វើបាតុកម្មអនាធិបតេយ្យ នៅក្នុងវិមាន Capitol អានេះជាបញ្ហាមួយដែលយើងមើលឃើញ»។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់វីអូអេថា បាតុកម្មដែលកើតឡើងនៅវិមានសភារបស់អាមេរិកនោះ ជាបញ្ហារបស់អាមេរិកដែលលោកយល់ថា ពលរដ្ឋអាមេរិកាំងនឹងរកដំណោះស្រាយ ដើម្បីបញ្ចប់វិវាទ។
លោកមានប្រសាសន៍ថា៖ «កម្ពុជាមិនដែល...ស្អីគេហៅថាចូលលូកដៃកិច្ចការផ្ទៃក្នុងនៃប្រទេសផងគ្នានោះទេអត់ទេបន់ឲ្យតែអាមេរិកដោះស្រាយបាននូវកិច្ចការដោយសន្តិភាពទៅ យើងអរណាស់។ ប៉ុន្តែក្រែងអាមេរិកទេអាមេរិកដែលអ្នកចង់ឲ្យកម្ពុជា អ្នកដឹកនាំអាមេរិកមួយចំនួន...ដែលចង់ទាញកម្ពុជាឲ្យដូចឆ្នាំ៦០ ឬ៧០...អ្នកដឹកនាំមួយចំនួនដែលវាគឺថាចឹងប៉ុន្តែបើកម្ពុជាយើងខ្ញុំនេះបន់ឲ្យតែអាមេរិកសន្តិភាពដោះស្រាយកិច្ចការឲ្យចប់ដោយសន្តិវិធីមិនចង់ឲ្យអាមេរិកមានអីទាំងអស់»។
លោកបន្ថែមថា កម្ពុជានឹងនៅតែមានទំនាក់ទំនងល្អជាមួយអាមេរិកមិនថាអាមេរិកស្ថិតក្រោមការដឹកនាំរបស់លោក ត្រាំ និងលោក បៃដិន ទេ ប៉ុន្តែលោកស្នើសុំកុំឲ្យអាមេរិកនាំកម្ពុជាទៅរកជម្លោះជាថ្មីទៀត។
លោកបន្ថែមថា៖ «មិនថាត្រាំ មិនថាស្អី ចូ បៃដិនទេអត់ទេ ប៉ុន្តែសុំតែមួយទេសុំឲ្យអាមេរិកមេត្តាកុំយកប្រវត្តិសាស្ត្រកម្ពុជាដដែលៗមកទៀត»។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល មានប្រសាសន៍ថា កម្ពុជាគាំទ្រការសម្រេចចិត្តរបស់ពលរដ្ឋអាមេរិកកាំង។ ប៉ុន្តែលោកថា អ្វីដែលកើតឡើងនៅសហរដ្ឋអាមេរិក ជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសប្រជាធិបតេយ្យមួយនេះ។
លោកមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលកម្ពុជាយើងគាំទ្រនូវសេចក្តីសម្រេចចិត្តរបស់ប្រជាពលរដ្ឋសហរដ្ឋអាមេរិក តាមរយៈការបោះឆ្នោតហើយរឿងនេះជារឿងផ្ទៃក្នុង។ យើងសុំរក្សាសិទ្ធិមិនធ្វើការអត្ថាធិប្បាយទេបាទ»។
នៅក្រោយអំពើហិង្សាដែលបានកើតឡើងនៅវិមានសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោក ត្រាំ បានបង្ហោះសារមួយលើ Twitter អំពាវនាវឲ្យពួកគេ «ត្រឡប់ទៅផ្ទះវិញដោយសន្ដិវិធី» ប៉ុន្តែលោកបន្តចោទប្រកាន់ការបោះឆ្នោតលួចបន្លំ។ ក្រោយមកទៀត លោក ត្រាំ ក៏បានបង្ហោះសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ការប្តេជ្ញារបស់លោកក្នុង «ការផ្ទេរអំណាចដោយមានរបៀបរៀបរយ»។
ចំណែកប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន បានហៅបាតុកម្មហិង្សានៅវិមានសភាថា ជា«ការរំលោភបំពានលើការបំពេញកាតព្វកិច្ចដ៏ពិសិដ្ឋបំផុតរបស់ពលរដ្ឋអាមេរិកាំង» ហើយថា លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក «កំពុងរងការវាយប្រហារដែលមិនធ្លាប់មានពីមុនមក»។
លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាមានប្រសាសន៍ថា ភាពប្រទូសរ៉ាយនៅចុងអាណត្តិរបស់លោក ត្រាំ ដែលមានប្រវត្តិជាអ្នកជំនួញនោះបានផ្ទុះឡើង ដោយលោកថាលោក ដូណាល់ ត្រាំ ជាមេដឹកនាំមួយខ្វះពិសោធន៍ក្នុងការដឹកនាំកិច្ចការនយោបាយ។
លោកមានប្រសាសន៍ថា៖ «ការដឹកនាំរបស់គាត់ក៏ដូចជាគោលនយោបាយរបស់គាត់ហ្នឹងយើងឃើញថា វារៀងប្រាសចាកឆ្ងាយបន្តិចពីគោលការណ៍ប្រជាធិបតេយ្យ និងលំអាននៃនយោបាយសហរដ្ឋអាមេរិក។ ហេតុនេះហើយទិដ្ឋភាពនៃការធ្វើកុបកម្មនេះប្រហែលជាបាតុភូតសង្គម និងនយោបាយចុងក្រោយនៅក្នុងអាណត្តិរបស់លោកប្រធានាធិបតី ដែលមិនមែនជា...មិនមែនជាបុគ្គលដែលមានប្រវត្តិជាអ្នកនយោបាយឬក៏ជាអ្នកប្រជាធិបតេយ្យនេះឯង»។
យ៉ាងណាក៏ដោយលោកជឿថា ដំណើរការប្រជាធិបតេយ្យអាមេរិកនឹងមិនត្រូវបានធ្វើឲ្យខូចខាតដោយភាពរពើតរពើងតែមួយស្របក់នេះទេ ព្រោះថានៅអាមេរិកមានការបែងចែកអំណាចច្បាស់លាស់នៃស្ថាប័នទាំង៣ ហើយរចនាសម្ព័ន្ធរដ្ឋបាលនៅសហរដ្ឋអាមេរិក មានភាពច្បាស់លាស់ដោយមានការបែងចែកមន្ត្រីនយោបាយ និងបច្ចេកទេសដាច់ដោយឡែកពីគ្នា។
ដោយឡែក លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយកាលពីឆ្នាំ ២០១៧ លើកឡើងថា លោកមិនធ្លាប់ឃើញ «សកម្មភាពហិង្សាអាក្រក់» បែបនេះ នៅវិមានសភាអាមេរិកទេ គិតចាប់តាំងពីលោកធ្លាប់រស់នៅទីនោះតាំងពីទស្សវត្សរ៍ឆ្នាំ៨០។ ប៉ុន្តែលោកថា អាជ្ញាធរសហរដ្ឋអាមេរិក នឹងមានវិធានការផ្លូវច្បាប់លើជនល្មើស ហើយហេតុការណ៍អាក្រក់បែបនឹងត្រូវបញ្ចៀសបានទៅថ្ងៃអនាគត។
លោកមានប្រសាសន៍ថា៖ «គេអាចនឹងរៀបចំឡើងវិញគេអាចនឹងសម្របសម្រួល មិនឲ្យស្ថានភាពបែបហ្នឹងកើតឡើងទេ ព្រោះមុខមាត់ប្រទេសគេហ្នឹង វាធំណាស់ចាត់ទុកថាជាបិតាប្រជាធិបតេយ្យក្នុងលោកទៅហើយ។ ដូច្នេះអារបៀប អាអំពើអស់នេះ គេមិនអាចទទួលបានទេ»។
នៅប្រទេសកម្ពុជាអតីតតំណាងរាស្រ្តរូបនេះរំឭកឡើងវិញថា គណបក្សកាន់អំណាចបច្ចុប្បន្នធ្លាប់បដិសេធមិនទទួលស្គាល់លទ្ធផលការបោះឆ្នោតឆ្នាំ ១៩៩៣ ដែលជ្រោមជ្រែងដោយអង្គការសហប្រជាជាតិ។ ពេលនោះគណបក្សកាន់អំណាចមិនសុខចិត្តនឹងលទ្ធផលបោះឆ្នោត ដែលបង្ហាញថា គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចបានឈ្នះ ហើយគំរាមបង្កើតតំបន់អបគមន៍ ឬការបំបែកខ្លួន។ ប៉ុន្តែលោកថាដោយការផ្សះផ្សារជាតិ ជម្លោះត្រូវបានពន្លត់ទៅវិញ។
លោក អ៊ូ ច័ន្ទរ័ត្ន បន្តថា វាជាការពិបាកក្នុងការវាយតម្លៃសម្រាប់គណបក្សនយោបាយកម្ពុជាក្នុងការទទួលស្គាល់ជ័យជម្នះគូប្រជែងដោយហេតុថា គណបក្សសង្គ្រោះជាតិដែលគេគិតថា មានប្រៀបអាចឈ្នះគណបក្សអំណាចត្រូវបានតុលាការកំពូលរំលាយ មុនការបោះឆ្នោតសាកលឆ្នាំ ២០១៨។
លោកបន្ថែមថា៖ «យើងមើលឃើញហើយថា មិនទាន់ទាំងបានឈ្នះផងគាត់មិនមែនឡាំប៉ាទេ គាត់រំលាយគណបក្សសង្គ្រោះជាតិតែម្តង»។
លោកបណ្ឌិត សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋានកត់សម្គាល់ថា គិតចាប់តាំងពីឆ្នាំ ១៩៦០ មក ប្រធានាធិបតីដែលចាញ់ការបោះឆ្នោត មិនដែលបដិសេធលទ្ធផលបោះឆ្នោតដូចលោក ត្រាំ ទេ។
លោកបន្ថែមថា បើសិនការផ្ទេរអំណាច នៅថ្ងៃទី២០ ខែមករាខាងមុខនេះ មិនប្រឈមនឹងឧបសគ្គ នោះដំណើរការប្រជាធិបតេយ្យអាមេរិកនៅតែជាគំរូដល់បណ្តាប្រទេសផ្សេងទៀត ក្នុងការជ្រើសរើសមេដឹកនាំតាមការបោះឆ្នោត។
លោកមានប្រសាសន៍ថា៖ «វាលើកលែងតែស្រាប់តែថ្ងៃ២០ មករាហ្នឹង មិនអាចរៀបចំដំណើរការផ្ទេរអំណាចបាន ហើយមានជម្លោះជ្រាលជ្រៅកើតឡើង ហិង្សាធ្ងន់ធ្ងរ ហើយការផ្ទេរអំណាចមិនអាចប្រព្រឹត្តទៅបាន ខ្ញុំគិតថា អាហ្នុងប្រហែលជាពិភពលោកនឹងធ្វើការវាយតម្លៃអំពីដំណើរការប្រជាធិបតេយ្យ ប្រព័ន្ធប្រជាធិបតេយ្យដែលអាមេរិកបានកសាង ២៥០ ឆ្នាំហ្នឹង។ គេអាចនឹងធ្វើការវាយតម្លៃឡើងវិញ»។
លោកសាម អ៊ីន ជឿថា កម្ពុជានឹងមិនប្រឈមមុខជាមួយជម្លោះផ្ទៃក្នុង បន្ទាប់ពីការបោះឆ្នោតបើសិនជាមេដឹកនាំនយោបាយខ្មែររូបណាចាញ់ការបោះឆ្នោត ហើយមិនយកលំនាំតាមលោក Trumpនោះ៕