ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកតាមដានសង្គមជំរុញឲ្យពង្រឹងសីលធម៌ប៉ូលិសចរាចរណ៍បន្ថែមនៅក្នុងម៉ោងការងារ


រូបឯកសារ៖ ប៉ូលិស​ចរាចរណ៍​បំពេញ​ការងារ​​ដោយ​ពាក់​ម៉ាស់​​ នៅ​ភ្នំពេញ ថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២១។​ (ហ៊ាន​ សុជាតា/វីអូអេ)
រូបឯកសារ៖ ប៉ូលិស​ចរាចរណ៍​បំពេញ​ការងារ​​ដោយ​ពាក់​ម៉ាស់​​ នៅ​ភ្នំពេញ ថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២១។​ (ហ៊ាន​ សុជាតា/វីអូអេ)

នៅ​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍ចុង​ក្រោយ​នេះ ​មាន​ការ​ពិភាក្សា​ច្រើន​ពី​សារណ​ជន​ពាក់​ព័ន្ធ​នឹង​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​ប៉ូលិស​ចរាចរណ៍​ ខណៈ​អ្នក​តាម​ដាន​បញ្ហា​សង្គម​បាន​ជំរុញ​ឲ្យមាន​ការ​ពង្រឹង​ក្រម​សីលធម៌​បន្ថែម​លើ​ប៉ូលិស​ចរាចរណ៍​ខ្លះ ដែល​ចុះ​ធ្វើការ​តាម​ដងផ្លូវ​សាធារណៈ។​

លោក ​យ៉ង់ គឹមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាជន​ដើម្បី​អភិវឌ្ឍន៍និង​សន្តិភាព​ សម្តែង​ការ​ងឿង​ឆ្ងល់​ចំពោះ​ប៉ូលិស​ចរាចរណ៍​ដែល​ជា​ញឹក​ញាប់​បាន​បង្ក​រឿង​ឈ្លោះ​ជាមួយ​ប្រជា​ពលរដ្ឋ​ ព្រោះ​ពួកគេ​គួរ​ជាអ្នក​អនុវត្ត​ច្បាប់ ហើយ​ចេះ​សម្រប​សម្រួល​ជាមួយ​ពលរដ្ឋ​ដោយ​ពាក្យ​សម្តី​បែបជា​អ្នកមាន​វិជ្ជាជវៈ​ និង​ជា​អ្នក​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ជា​មន្ត្រី​អនុវត្ត​ច្បាប់។​

លោក​ថ្លែង​ថា៖​ «ប៉ូលិ​សចរាចរណ៍​ភាគ​ច្រើន​តាំងខ្លួន​ជា​ភាគី​នៃ​ជម្លោះ​ជាមួយ​ប្រជា​ពល​រដ្ឋ​ដែល​ជាអ្នក​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ ឬ​ចរាចរណ៍ ​ឬនៅ​ក្នុង​ការ​ពិនិត្យ​អី​ផ្សេងៗ។ ​ គាត់​ចាត់​ទុក​ថា​ គាត់​ជាភាគី​នៃ​ជម្លោះ​ហើយ​ស្រេច។​ អ៊ីចឹង​ហើយ​ធ្វើ​ឲ្យ​មាន​បញ្ហា​កើត​ឡើង។ ​បើ​គាត់​ចាត់ទុក​ខ្លួន​គាត់ត្រឹមតែ​ជាមន្ត្រី​អនុវត្ត​ច្បាប់​ ហើយ​គិតថា​ ​អ្នក​ដែល​បាន​ប្រព្រឹត្ត​ខុស​នោះ ​គឺខុស​ទៅ​នឹង​ច្បាប់​ ជា​អ្នក​ដែល​មាន​ទំនាស់​ទៅនឹង​ច្បាប់​ អាហ្នឹង​គាត់គឺ​ជាអ្នក​ដែល​អនុវត្ត​ច្បាប់។​ អាហ្នឹងគឺ​អត់​សូវ​មានបញ្ហា​ប្រទូស្ត​ ដែល​គាត់​ត្រូវ​ប្រើ​សម្តី​អសុរោះ​អស់ហ្នឹង​ទេ​ គឺគាត់​ត្រូវ​តែប្រើ​សម្តី​សមរម្យ​ សីលធម៌​ មាន​វិជ្ជាជីវៈ»។​

លោក ​យ៉ង់ គឹមអេង​ បន្ត​ថា ​ការប្រើ​អាកប្បកិរិយា​មិន​សមរម្យ​បែបនេះ​មិន​សម​ជាមន្ត្រី​ដែល​ស៊ី​ប្រាក់​ខែពី​រាស្ត្រ​ឡើយ​។ លោក​ថ្លែង​បន្ថែម​ថា បើ​ពួកគេ​និយាយ​ពាក្យ​ធម្មតា ​ក៏​អាច​ដាក់​ពិន័យ​ចំពោះ​ប្រជា​ពលរដ្ឋ​ដែល​ល្មើស​ច្បាប់​ដែរ។​

លោក​ថ្លែងថា៖​ «គាត់​ចាំ​បាច់​ទៅ​ធ្វើ​ឡូឡា​ អាកប្បកិរិយា​ច្រងេង​ច្រងាង​ធ្វើ​អី? ​អាហ្នឹង​គឺ​ជា​រឿងមួយ​ដែល​មិន​សក្តិសម​ជាមន្ត្រី​ដែល​បម្រើពល​រដ្ឋ​ មន្ត្រី​ដែល​ទទួល​បាន​ប្រាក់ខែ​ពី​ពលរដ្ឋ​ទេ។ ​នេះគឺជា​រឿង​មួយ​សំខាន់​ ដែល​ជាការ​បង្ហាញ​អំណាច​មួយ​ដែល​ខុសច្បាប់»។​

កាលពី​ពេល​ថ្មីៗ​នេះ ​មាន​ប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស​ចរាចរណ៍​ជាមួយ​នឹង​លោក​ សុខ ទូច​ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​នៅ​ក្នុង​ខណ្ឌសែនសុខ​ រហូត​នាំឲ្យ​ប៉ូលិស​ចំនួន​២នាក់​ត្រូវ​បាន​ព្យួរ​ការងារ។​

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក​ រ៉ុង​ ឈុន ​ប្រាប់​វីអូអេ​ថា​ លោក​ទទួល​បាន​ព័ត៌មាន​ច្រើន​ពីប្រជា​ពលរដ្ឋ​ពាក់ព័ន្ធ​នឹង​កង្វះ​ក្រម​សីលធម៌​របស់​ប៉ូលិស​ចរាចរណ៍។ លោក​ជំរុញ​ឲ្យ​ក្រសួង​មហាផ្ទៃ​ និង​ថ្នាក់​ដឹកនាំ​ស្ថាប័ន​នគរបាល​ពង្រឹង​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​ប៉ូលិស​ចរាចរណ៍​ទាំង​នោះ។​

លោក​ថ្លែង​ថា៖ ​«កន្លែង​ខ្លះ ​ប្រជា​ពល​រដ្ឋ​គាត់​មិន​បាន​ស៊ី​ជម្រៅ​ទៅ​លើ​បញ្ហា​ច្បាប់​ត្រូវ​ហៅ​គាត់​មក​អប់រំ​ ណែនាំ​ និង​អាច​អនុគ្រោះ​ឲ្យ​គាត់​ទៅៗ។​ យើង​កុំ​ឃើញ​ដូច​ពាក្យ​ចាស់​ថា​ ប៉ះ​ដៃយក​ដៃ​ ប៉ះជើង​យក​ជើង។​ យើង​ក៏​ត្រូវ​មាន​វិធី​សាស្ត្រ​គ្រប់បែប​យ៉ាងប្រើ​ឥរិយាបថ​ធ្វើម៉េច​ឲ្យ​បាន​សមរម្យ​មកលើ​ប្រជា​ពលរដ្ឋ»។​

អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​លោក​ ជួន ណារិន ​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ដោយ​ឲ្យ​អ្នក​យក​ព័ត៌មាន​ឲ្យ​សំឡេង​សហ​រដ្ឋ​អាមេរិក ​(វីអូអេ) ​ទាក់​ទង​ទៅ​អ្នក​នាំពាក្យ​របស់​លោក​វិញ។ ​វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ សំ វិច្ឆិកា ​អ្នក​នាំពាក្យ​ស្នងការ​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។​

បន្ទាប់​ពី​ករណី​រិះគន់​លើ​ក្រម​សីលធម៌​ពី​ប្រជា​ពលរដ្ឋ​លើ​ប៉ូលិស​ចរាចរណ៍​ ​ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​ លោក​ តឹង សុធី​ បាន​ដឹក​នាំ​កម្លាំង​អន្តរាគមន៍​ពិសេស​ ចូលរួម​ប្រជុំ​ជួរ​ត្រួត​ពិនិត្យ ​និង​ពង្រឹង​វិន័យ​កង​កម្លាំង ​ត្រូវ​មាន​អាកប្បកិរិយា​ទន់ភ្លន់ ​ម៉ឺងម៉ាត់​ក្នុង​ការ​អនុវត្ត​ច្បាប់ ​និង​មាន​ក្រម​សីលធម៌​ប្រកប​ដោយ​វិជ្ជាជីវៈ​ និង​ផ្សព្វផ្សាយ​នូវ​បទ​វិន័យ​កង​កម្លាំង​នគរបាល​ជាតិ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG