បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់នៅលើផ្លូវ៦០ម៉ែត្រ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរពាក់ព័ន្ធបានចុះសិក្សាលើវិធានការបន្ថែម ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវមួយនេះ។
កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ រដ្ឋមន្រ្តីក្រសួងសាធារណការ និងអភិបាលរាជធានីភ្នំពេញបានចុះពិនិត្យផ្លូវ៦០ម៉ែត្រ ដើម្បីគូសគំនូសចរាចរណ៍ និងបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍បន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានជាយថាហេតុ ព្រមទាំងបង្កើនសុវត្ថិភាពការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ នេះបើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកប្រាប់វីអូអេតាមតេឡេក្រាមនៅថ្ងៃចន្ទថា ក្រសួងបានគូសគំនូសបែងចែកទ្រូងផ្លូវជាថ្មី ដំឡើងភ្លើងស្តុបបន្ថែមនៅទីតាំងឆ្លងកាត់ដែលមានភាពមមាញឹកចូលបុរី និងទីប្រជុំជន បំពាក់កាមេរ៉ាចាប់ល្បឿន និងចុះផ្សព្វផ្សាយអប់រំ ណែនាំអំពីច្បាប់ចរាចរណ៍ផ្លូវគោក ចែកខិតបណ្ណ និងផ្តល់មួកសុវត្ថិភាពដល់អ្នកដំណើរដោយម៉ូតូ។
អ្នកនាំពាក្យរូបនេះក៏បានអំពាវនាវដល់អ្នកធ្វើដំណើរតាមដងផ្លូវ ទោះដោយមធ្យោបាយណាក៏ដោយ សូមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ជាពិសេសកុំបើកបរលើសល្បឿនកំណត់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុដល់ខ្លួនឯង និងអ្នកដទៃ។
នៅក្នុងឆ្នាំ២០២៥ គិតមកទល់ពេលនេះ មានគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ៦០ម៉ែត្រចំនួន២ករណីដែលបណ្តាលឱ្យមនុស្សចំនួន៤នាក់ស្លាប់ នៅក្នុងនោះក៏មានតារាចម្រៀងរ៉េបម្នាក់។ ចំណែកកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៥ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូដែលអ្នកជិះម៉ូតូមានឪពុកប្រពន្ធ និងកូនតូច២នាក់។
អ្នកជិះម៉ូតូស្លាប់៣នាក់ នៅរស់តែម្តាយដែលមានរបួសធ្ងន់។ សមត្ថកិច្ចបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីភាគីរថយន្តបើកបរមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន ហើយមានជាតិអាល់កុល ពេលបើកបរ។ នេះបើយោងតាមសារដែលបង្ហោះនៅលើហ្វេសប៊ុករបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព ថ្លែងថា ហេតុនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ៦០ម៉ែត្រញឹកញាប់គឺដោយសារតែការបើកបរក្នុងស្ថានភាពស្រវឹង ផ្លូវអត់មានផ្លាកសញ្ញា ការជិះមិនគោរពគន្លងផ្លូវនិងការបើកបរខ្វះការប្រុងប្រយ័ត្ន។ លោកជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយបញ្ហានេះ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវមួយនេះ។
លោកបញ្ជាក់ថា៖ «អ្វីដែលយើងអាចកែលម្អបាននៅលើផ្លូវនោះ ទី១ត្រូវតែរៀបចំដាក់ស្លាកសញ្ញា ហើយគំនូសសញ្ញាចរាចរណ៍អីគួរតែគូសឱ្យច្បាស់នៅលើផ្លូវហូរហែ ហើយក៏ដាក់ការត្រួតពិនិត្យជាតិអាល់កុលឱ្យបានត្រឹមត្រូវ ហើយធ្វើការត្រួតពិនិត្យ ព្រមទាំងពិនិត្យល្បឿនផងដើម្បីឱ្យប្រជាពលរដ្ឋគាត់បើកបរមានការប្រុងប្រយ័ត្ន។ ហើយលើសពីនេះទៀត គឺការអនុវត្តច្បាប់ចរាចរណ៍ឱ្យបានហ្មត់ចត់ ឱ្យបានតឹងរ៉ឹងដើម្បីបង្ការហានិភ័យទាំងអស់នោះកើតឡើង»។
បើតាមលោក យង់ គិមអេង ការអនុវត្តច្បាប់ចរាចរណ៍ឱ្យបានល្អជាការសំខាន់ ដែលនាំឱ្យអ្នកបើកបរមានការប្រុងយ័ត្នជាងមុន។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ មនុស្ស១៥០៩នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ដែលថយចុះចំនួន៨១នាក់ បើធៀបនឹងឆ្នាំ២០២៣។ ក្នុងមួយថ្ងៃ ជាមធ្យម មនុស្ស៤នាក់ស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម៕
វេទិកាបញ្ចេញមតិ