ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​បរិស្ថាន​ស្នើ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​សារធាតុ​បំពុល​ខ្យល់​ក្នុង​បរិយាកាស


រូបឯកសារ៖ ទិដ្ឋភាព​មមាញឹក​នៃ​ចរាចរណ៍នៅ​កណ្តាល​រាជធានី​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃទី​១១​ ខែ​វិច្ឆិកា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ ទិដ្ឋភាព​មមាញឹក​នៃ​ចរាចរណ៍នៅ​កណ្តាល​រាជធានី​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃទី​១១​ ខែ​វិច្ឆិកា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

ក្រសួង​បរិស្ថាន​បាន​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​សុក្រ​ថា គុណភាព​ខ្យល់​ទីក្រុង​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន​ស្ថិត​ក្នុង​សន្ទស្សន៍​ខ្យល់​ពណ៌ក្រហម​ ដោយ​មាន​ការ​កើន​ឡើង​កំហាប់​ភាគ​ល្អិត​និចល ​ដែល​មាន​វិជ្ជមាឌ​តូច​ជាង​ ឬ​ស្មើ​២,៥​មីក្រូ​ម៉ែត្រ​ (PM25)​ នៅ​ក្នុង​បរិយាកាស។ ​ការ​ណ៍នេះ​ តម្រូវ​ឲ្យ​ប្រជា​ពលរដ្ឋ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ការពារ​សុខភាព​របស់​ខ្លួន។

នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា​ ​ឧបករណ៍​ និង​ស្ថានីយ៍​តាម​ដាន​ត្រួត​ពិនិត្យ​គុណភាព​ខ្យល់​ចំនួន​៦០​ទីតាំង​នៅ​ទូទាំង​ប្រទេស​ បាន​បង្ហាញ​ថា​ ខេត្ត​ជា​ច្រើន​មាន​គុណភាព​ខ្យល់​នៅ​ល្អ​ប្រសើរ។​ ដោយ​ឡែក​ទីតាំង​រាជធានី​ ខេត្ត​ចំនួន​៤​ រួមមាន​បន្ទាយ​មានជ័យ​ កោះកុង​ សៀមរាប​ និង​រាជធានី​ភ្នំពេញ​ គុណភាព​ខ្យល់​ស្ថិត​ក្នុង​សន្ទស្សន៍​គុណភាព​ក្រហម។​ ដំណាល​គ្នា​នេះ ​ខេត្ត​ចំនួន​៣​ផ្សេង​ទៀត​រួមមាន៖​ ខេត្ត​ព្រៃវែង ​ពោធិ៍សាត់ ​និង​ប៉ៃលិន ​ស្ថិត​នៅ​ក្នុង​សន្ទស្សន៍​ពណ៌​ទឹក​ក្រូច។

សេចក្តី​ប្រកាស​របស់​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​ថា៖​ «ក្នុង​ន័យ​នេះ​ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​សូម​ស្នើ​ដល់​សាធារណ​ជន ​ធ្វើការ​តាមដាន​ព័ត៌មាន​គុណភាព​ខ្យល់​ជា​ប្រចាំ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ក្រសួង​បរិស្ថាន ​និង​ការពារ​សុខភាព​ឱ្យ​បាន​ល្អ​ ប្រសិន​បើ​មាន​ស្ថានភាព​សុខភាព​ខុស​ប្រក្រតី ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ​នៅ​តាម​មន្ទីរពេទ្យ​ ដែល​ស្ថិត​នៅ​ក្បែរ​កន្លែង​រស់​នៅ»។​

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ក៏បាន​ស្នើ​ឲ្យ​អាជ្ញាធរ​រាជធានី​ ខេត្ត ​និង​ប្រជា​ពលរដ្ឋ​ នៅ​ក្នុង​តំបន់​ទទួល​រង​ការ​កើន​ឡើង​កំហាប់​ភាគ​ល្អិត​និចល ​PM2.5​ ចូល​រួម​សហការ​ផ្សព្វ​ផ្សាយ​ និង​ចាត់​វិធាន​ការ​ទប់​ស្កាត់​និង​កាត់​បន្ថយ​ការ​បំពុល​ ដូចជា​សម្អាត​លំនៅឋាន ​ផ្លូវ​ថ្នល់​ ប្រមូល​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្លាស្ទិក​ ទប់ស្កាត់​ការ​ដុត​ ធូលី​ហុយ ​និង​ករណី​ឆេះ​ផ្សេងៗ​ ជា​ពិសេស​ការ​ដុត​សំគល់​ជញ្ជ្រាំង ​ភ្លើង​ឆេះ​ព្រៃ​ ការដុត​សំរាម​ សំណល់​រឹង​ នៅ​តាម​លំនៅឋាន​ និង​ប្រភព​ផ្សេងៗ​ទៀត។​
គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ ​ទីក្រុង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ជា​ច្រើន​ដែល​មាន​ស្ថានភាព​បំពុល​ខ្យល់​ខ្លាំង​ជាង​គេ​ ក្នុង​នោះ​គឺ​ទីក្រុង​ Ho Chi Minh ​ទីក្រុង​ភ្នំពេញ ​និង​ទីក្រុង​បាងកក។ ​នេះ​បើ​តាម​ទីភ្នាក់​ងារ​ព័ត៌មាន​ Reuters។​

ការ​បំពុល​ខ្យល់​គឺ​បណ្តាល​មកពី​ការ​រួម​ផ្សំ​គ្នា​នៃ​ការ​ឆេះ​ដែល​ទាក់ទង​នឹង​ដំណាំ ​ការ​បំពុល​ពី​ផ្នែក​ឧស្សាហ​កម្ម​ និង​ភាព​មមាញឹក​នៃ​ចរាចរណ៍៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG