អ្នកតាមដានសង្គម កត់សម្គាល់ថា ប្រជាពលរដ្ឋបានចូលរួមប្រព្រឹត្តអំពើពុករលួយដោយសារកង្វះទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ ដែលទាមទារឲ្យរដ្ឋយកចិត្តទុកដាក់ និងអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ដើម្បីលុបបំបាត់។
កាលពីថ្ងៃអង្គារ អង្គការតម្លាភាពអន្តរជាតិបានចេញផ្សាយសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ (CPI) ឆ្នាំ ២០២៤ ដោយបង្ហាញថា កម្ពុជាទទួលបានពិន្ទុ ២១ លើ ១០០។ មាត្រដ្ឋានពិន្ទុ ០ មានន័យថា «ពុករលួយខ្លាំង» ចំណែកមាត្រដ្ឋានពិន្ទុ១០០ មានន័យថា «ស្អាតស្អំខ្លាំង»។
លោក មាស នី អ្នកវិភាគនយោបាយ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា បច្ចុប្បន្នអំពើពុករលួយបានក្លាយទៅជាវប្បធម៌មួយដែលទាំងអ្នកអនុវត្តច្បាប់ និងអ្នកគោរពច្បាប់កំពុងប្រព្រឹត្ត ដោយសារពួកគេគិតថានេះជាវិធីងាយស្រួលនៅក្នុងការដោះស្រាយបញ្ហា។ លោកថា ករណីមួយចំនួនដូចជាករណីផ្តល់សេវារដ្ឋបាល និងការផាកពិន័យដោយប៉ូលិសចរាចរណ៍ជាដើម។
លោកប្រាប់វីអូអេថា៖ «នៅពេលដែលប៉ូលិសចរាចរណ៍ផាកពិន័យតាមតម្លៃដែលចែងក្នុងគោលការណ៍ច្បាប់ អ្នកប្រព្រឹត្តខុស គឺទាមទារចង់បានថោក។ អ៊ីចឹងត្រូវការចរចា ឡាំប៉ាអីអ៊ីចឹងជាមួយប៉ូលិសចរាចរណ៍ ដល់អ៊ីចឹងខាងប៉ូលិសចរាចរណ៍ ក៏មានគោលការណ៍ខ្លះដែលយើងមិនដឹងថានៅពីក្រោយវាំងននហ្នឹងគេធ្វើយ៉ាងម៉េចខ្លះ ក៏មានគោលការណ៍ដូចជាទំនង ដូចជាចង់បានលុយក្រៅដែរ។ អ៊ីចឹងទៅទាំងសងខាងហ្នឹង បើយើងមើលមែនទែនទៅជាអ្នកដែលចូលរួមនៅក្នុងការប្រព្រឹត្តអំពើពុករលួយដូចគ្នា»។
លោកបន្ថែមថា អំពើពុករលួយនៅកម្ពុជាកើតចេញមកពីការឲ្យរង្វាន់ ការឲ្យថ្លៃទឹកតែដល់មន្ត្រី ឬនៅពេលពលរដ្ឋមិនឲ្យលុយលើសពីសេវារដ្ឋបាល នោះមន្ត្រីមួយចំនួនមិនសប្បាយចិត្តក្នុងការបម្រើសេវាសាធារណៈជូនពលរដ្ឋ។ ដូច្នេះរដ្ឋាភិបាលគួរតែតាមដានករណីទាំងនោះ។
លោកថា៖ «ខ្ញុំឃើញមន្ត្រី ជួនកាលមេឃុំខ្លះអីគាត់ល្អណាស់ គាត់ប្រាប់ពលរដ្ឋគាត់តាមត្រង់ អាហ្នឹងមិនមានយកលុយ មិនមានបង់លុយអីទេ កុំបាច់បង់ឲ្យ យកទៅ កុំគិតអីច្រើនទៅ យកទៅចិញ្ចឹមកូន ទៅមើលកូនវិញទៅ យកឯកសារទៅ ស៊ីញ៉េឲ្យហើយ។ នេះជារឿងដែលត្រង់ និយាយត្រង់ទៅត្រង់មក ក៏ប៉ុន្តែបើសិនជាមិនមានហុចលុយ ហើយមិនមាននិយាយអីទេ មានតែមុខក្រញូវដើរចេញអី អាហ្នឹងសុទ្ធតែជាមានការបង្កប់នូវការលោភលន់ណាមួយ ដែលធ្វើឲ្យពលរដ្ឋចេះខ្លាចចិត្ត ហើយកាលណាចេះតែខ្លាចចិត្ត គាត់ចេះតែហ៊ុចឲ្យហើយ»។
បើតាមលោក មាស នី ចំណុចសំខាន់ដើម្បីលុបបំបាត់អំពើពុករលួយ គឺត្រូវចាប់ផ្តើមរៀបចំការជ្រើសរើសមេភូមិ តាមរយៈការបោះឆ្នោតផ្តល់ទំនុកចិត្តពីប្រជាពលរដ្ឋ ដោយយោងទៅតាមបុគ្គលិកលក្ខណៈដែលពលរដ្ឋចង់បាន និងមិនត្រូវយកគោលការណ៍នយោបាយទៅលាយឡំនោះទេ។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ថ្លែងថា ដើម្បីកាត់បន្ថយអំពើពុករលួយក្នុងសង្គម លុះត្រាតែមានការពង្រឹងយុត្តិធម៌និងនីតិរដ្ឋ។ លោកថា នៅពេលប្រជាពលរដ្ឋមានទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ នោះពលរដ្ឋនឹងកាត់បន្ថយការសូកប៉ាន់។
លោក អ៊ូ វីរៈ ប្រាប់វីអូអេថា៖ «ប្រជាពលរដ្ឋគាត់ព្យាយាមដណ្តើមគ្នារស់ គាត់ព្យាយាមចង់រស់ អាហ្នឹងគឺនរណាក៏ចង់រស់ដែរ។ យើងបន្ទោសប្រជាពលរដ្ឋមិនបានទេ។ ហើយអ្នករកស៊ីក៏ពិបាកបន្ទោសដែរ ព្រោះដោយសារគាត់មិនធ្វើ អ្នកផ្សេងធ្វើ។ ហើយទី ២ បើសិនគាត់អាចយកច្បាប់ជាខ្នងបាន ស្មើភាពគ្នាបាន គឺគ្មានអ្នកណាទៅសូកប៉ាន់អីទេ»។
បើតាមលោក អ៊ូ វីរៈ ការឲ្យសារគុណ ការឲ្យថ្លៃទឹកតែ ឬថ្លៃកាហ្វេទៅមន្ត្រីពេលបម្រើសេវាសាធារណៈ គឺជាផ្នែកមួយនៃអំពើពុករលួយ ក៏ប៉ុន្តែការកិបកេងថវិកាជាតិ ការផ្តល់គម្រោងរបស់រដ្ឋដល់សាច់ញាតិជាអ្នកទទួលបានគម្រោង ការប្រមូលពន្ធដោយលម្អៀង ការលួចទ្រព្យសម្បត្តិរដ្ឋ ឬការលួចផ្ទេរទ្រព្យសម្បត្តិរដ្ឋ និងដីធ្លីទៅជាទ្រព្យសម្បត្តិឯកជន សុទ្ធតែជាទម្រង់នៃអំពើពុករលួយ។
លោក អ៊ូ វីរៈ ព្រួយបារម្ភថា ប្រសិនបើអំពើពុករលួយអាចទិញមន្ត្រីបាន ដូចជាករណីលាងលុយកង្វក់ដោយក្រុមឧក្រិដ្ឋជន ការបោកប្រាស់តាមប្រព័ន្ធអនឡាញ ឬតាមរយៈក្រុមហ៊ុនល្បែងស៊ីសងតាមអនឡាញជាដើម នោះវាជាគ្រោះថ្នាក់ដ៏ធំសម្រាប់ជាតិ។ ដូច្នេះលោកថា ការលុបបំបាត់អំពើពុករលួយទាមទារឲ្យមានការដោះស្រាយជាប្រព័ន្ធ។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល ប្រាប់វីអូអេថា រដ្ឋាភិបាលទទួលស្គាល់ថាកម្ពុជាមានអំពើពុករលួយ ដូច្នេះទើបរដ្ឋាភិបាលបេ្តជ្ញាចិត្ត និងមានឆន្ទៈក្នុងការធ្វើសកម្មភាពប្រយុទ្ធប្រឆាំងអំពើពុករលួយនេះ។
លោកថា រដ្ឋាភិបាលបានបង្កើតឲ្យមានអង្គភាពប្រឆាំងអំពើពុករលួយ ការធ្វើកំណែទម្រង់ជាច្រើន ដូចជាការបង្កើតច្រកចេញចូលតែមួយ កំណែទម្រង់ហិរញ្ញវត្ថុ និងរដ្ឋបាលសាធារណៈ និងកំណែទម្រង់ផ្សេងៗជាច្រើន ដើម្បីធ្វើឲ្យមានតម្លាភាព និងអភិបាលកិច្ចល្អ និងដើម្បីឲ្យប្រជាពលរដ្ឋទទួលបានសេវាសាធារណៈលឿនរហ័ស ប្រកបដោយប្រសិទ្ធភាព ដូចជាការបង់ពន្ធផ្លូវ ឬការបង់ពន្ធអចលទ្រព្យជាដើម គឺពលរដ្ឋអាចបង់សេវាកម្រៃទាំងនោះតាមរយៈធនាគារ ឬតាមប្រព័ន្ធអនឡាញ (Online)ដោយខ្លួនឯង។
លោក ប៉ែន បូណា ថ្លែងថា៖ «ពិតហើយថា មានការលើកឡើងពីការត្អូញត្អែរលើកឡើងពីចំណុចខ្វះខាតខ្លះៗ ពីមន្ត្រីបម្រើមួយចំនួនដែលលោកនៅមិនទាន់បានបម្រើឲ្យបានល្អគ្រប់ជ្រុងជ្រោយ។ វាជាធម្មតា គឺថា នៅក្នុងដំណើរការ មិនអាចនឹងថា យើងឥតខ្ចោះទាំងអស់បានទេ តែងតែមាន។ ប៉ុន្តែបើសិនជាមានករណីហ្នឹងកើតឡើង គឺអាជ្ញាធរ រាជរដ្ឋាភិបាលចាត់វិធានការជាក់ស្តែងអាចណែនាំគាត់ អាចដាក់ទោសវិន័យខាងរដ្ឋបាល ឬក៏ចំណាត់ការផ្សេងៗទៀតទៅតាមទំហំនៃកំហុសឆ្គងរបស់គាត់»។
កម្សោយនៃយន្តការអនុវត្ត និងកង្វះឆន្ទៈនយោបាយនៅតែបន្តជាឧបសគ្គយ៉ាងសំខាន់ ដូច្នេះទាមទារឲ្យមានកិច្ចប្រឹងប្រែងក្រាស់ក្រែលបន្ថែមដើម្បីពង្រឹងគណនេយ្យភាព នយោបាយ និងនីតិរដ្ឋ។ នេះបើតាមអង្គការតម្លាភាពអន្តរជាតិ៕
វេទិកាបញ្ចេញមតិ