ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមក្នុងចំណោមយុវជនកម្ពុជាបច្ចុប្បន្នមានភាពទូលំទូលាយជាងមុន ហើយពួកគេបានប្រើបណ្តាញសង្គមលើសពីការដែលគ្រាន់តែទំនាក់ទំនងជាមួយមិត្តភក្តិ។ បណ្តាញទំនាក់ទំនងសង្គមក៏ជាប្រភពព័ត៌មានដ៏ចាំបាច់មួយសម្រាប់ពួកគេ ដើម្បីតាមដានព្រឹត្តិការណ៍ដែលកើតមានឡើងនៅក្នុងនិងក្រៅប្រទេសដែរ។ អ្នកជំនាញបានឱ្យដឹងថា ការប្រើប្រាស់បណ្តាញសង្គមមានការកើនឡើងច្រើននៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយអ្នកប្រើប្រាស់កំពុងពិភាក្សាថ្លឹងថ្លែងគ្នាអំពីបញ្ហាព័ត៌មានដែលមាននៅលើបណ្តាញសង្គមថាតើព័ត៌មានទាំងនោះ ជាព័ត៌មានពិត ឬគ្រាន់តែជាព័ត៌មានចចាមអារ៉ាម។
Facebook គឺជាបណ្តាញទំនាក់ទំនងសង្គមដែលមានប្រជាប្រិយ៍ភាពជាងគេនៅក្នុងប្រទេសកម្ពុជា ហើយយុវជនកម្ពុជាកំពុងប្រើប្រាស់វាដើម្បីចែករំលែកព័ត៌មាន ឬព្រឹត្តិការណ៍ណាមួយដោយផ្ទាល់ដៃរបស់ពួកគេ។ បណ្តាញទំនាក់ទំនងសង្គមនេះជាប្រភពព័ត៌មានដ៏ជិតស្និទ្ធរបស់យុវជនដើម្បីបំពេញតម្រូវការព័ត៌មានរបស់ពួកគេ ស្របពេលដែលព័ត៌មានទទួលបានពីប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនៅមិនទាន់គ្រប់គ្រាន់ មិនទាន់មានអព្យាក្រិតភាព និងមិនទាន់មានការវិភាគឱ្យបានគ្រប់គ្រាន់នៅឡើយ។
អ្នកស្រី ចក់ សុភាព នាយិការប្រតិបត្តិរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា៖ «ចាប់ពីឆ្នាំ២០១២ ជាពិសេសអំឡុងពេលបោះឆ្នោតនៅឆ្នាំ២០១៣ហ្នឹង យើងឃើញថាមានការផុសផុលខ្លាំងក្នុងការចែករំលែក និងការពិភាក្សាក្នុងបញ្ហាសង្គម បញ្ហានយោបាយ និងបញ្ហាជាច្រើន»។
អ្នកស្រី ចក់ សុភាព បន្តថា នេះជាទម្រង់មួយក្នុងការបញ្ចេញមតិ ហើយការបញ្ចេញមតិនេះមិនប្រាកដថាត្រូវតែពិតរហូតនោះទេដោយសារតែព័ត៌មានជាច្រើននៅលើបណ្តាញទំនាក់ទំនងសង្គមនេះភាគច្រើនអ្នកប្រើប្រាស់មានបញ្ចូលគំនិតរបស់ពួកគេ ដែលប្រហែលជាមិនទាន់ត្រឹមត្រូវទាំងស្រុងនោះទេ។
«វាមិនមែនជាទម្រង់ព័ត៌មានអាជីពនោះទេ ដែលពួកគាត់ត្រូវការទាមទារនូវក្រមសីលធម៌និងភារៈកិច្ចរបស់គាត់ទៅតាមវិជ្ជាជីវៈដែលគាត់បានរៀនសូត្រហើយទទួលស្គាល់ជាផ្លូវការ។ ប៉ុន្តែ អ្នកប្រើ Facebook ឬប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀតហ្នឹង ពួកគាត់គ្រាន់តែជាពលរដ្ឋដែលគាត់បញ្ចេញមតិ ដូច្នេះការបញ្ចេញមតិវាអាចមានខុសអាចមានត្រូវ»។
លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានឱ្យដឹងថាការប្រើប្រាស់បណ្តាញសង្គមFacebookរបស់អ្នកនយោបាយ និងមន្ត្រីរាជការ គឺដើម្បីបង្ហាញពីគោលជំហរតាមរយៈសាររបស់គេ ដើម្បីឱ្យសាធារណជននិងប្រព័ន្ធផ្សព្វផ្សាយបានដឹងឮ។
«ពេលអ្នកសារព័ត៌មានបានឃើញហើយ ពេលខ្លះគាត់អាចសួរបញ្ចាក់បន្ថែមដោយផ្ញើសារតាមប្រអប់សំបុត្ររបស់ FB ទៅ ពីខ្លឹមសារដែលបង្ហោះនៅលើគណនីរបស់ពួកគាត់ហ្នឹង»។
ទោះយ៉ាងណា លោក អ៊ុក គឹមសេង បានទទួលស្គាល់ថា ព័ត៌មាននៅលើបណ្តាញសង្គម Facebookនៅតែត្រូវការការផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់។
«នៅក្នុងខ្លឹមសារដែលគេបង្ហោះ បើសិនជាចង់ដឹងថាវាពិតឬយ៉ាងណានោះ យើងត្រូវស្រាវជ្រាវបន្ថែម។ អ្នកខ្លះជឿឬមិនជឿវាជារឿងរបស់គេ»។
អ្នកប្រើប្រាស់បណ្តាញសង្គម Facebook ដែលVOA បានជួបសម្ភាសឱ្យដឹងថា ពួកគេមិនជឿជាក់ទាំងស្រុងទៅលើព័ត៌មានដែលបានចែកចាយនោះទេ ហើយពួកគេបានពិនិត្យព័ត៌មានទាំងនោះឡើងវិញដោយផ្ទៀងផ្ទាត់ជាមួយសារព័ត៌មានអាជីព។
លោក កាក់ យុត្ថាវ័ន្ត វ័យ២២ឆ្នាំ ជានិស្សិតទើបបញ្ចប់ការសិក្សាផ្នែកនីតិសាស្ត្រ នៅសាកលវិទ្យាល័យនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច។ យុវជនរូបនេះបានប្រើបណ្តាញសង្គម Facebook ដើម្បី ទំនាក់ទំនងរវាងមិត្តភក្តិ និងបងប្អូនជាដើម ហើយក៏ដើម្បីមើលព័ត៌មានផងដែរ។
«ព័ត៌មានមួយចំណែកតូចខ្ញុំបានពី Facebook ប៉ុន្តែមួយផ្នែកធំខ្ញុំមើលលើគេហទំព័ររបស់សារព័ត៌មានធំៗវិញ។ ព័ត៌មាននៅលើ Facebook ជួនកាលអាចទុកចិត្តដូចជាគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែបើទាក់ទងនឹងព័ត៌មានផ្សេងៗក្នុងសង្គមច្រើនមានការបំប៉ោងដែលធ្វើឱ្យខុសពីការពិតជាដើម»។
លោក ង៉ិល សុវណ្ណារិទ្ធ អាយុ២២ឆ្នាំ មកពីសាលកលវិទ្យាល័យដូចគ្នា ក៏បានបញ្ជាក់ថាខ្លួនមិនទុកចិត្តព័ត៌មានដែលបានចែកចាយលើបណ្តាញសង្គមFacebookទេ។
«ខ្ញុំត្រូវមើលថានណាជាអ្នកចែករំលែកព័ត៌មាន ប្រសិនបើជាអ្នកប្រើប្រាស់គណនីធម្មតា យើងអត់អាចទុកចិត្តបាន ពីព្រោះពេលខ្លះវានឹងមានភាពលំអៀងរបស់អ្នកចែករំលែកហ្នឹង»។
ចំនួននៃការចែកចាយនិងចែករំលែកព័ត៌មាននៅលើបណ្តាញសង្គម Facebookមានការកើនឡើងយ៉ាងរហ័ស ជាពិសេសនៅពេលដែលព័ត៌មានចចាមអារ៉ាមណាមួយត្រូវបានទទួលស្គាល់ថាជាការពិតពីសំណាក់អ្នកប្រើប្រាស់។
កន្លងមកមានការចែកចាយព័ត៌មានជាច្រើននៅលើបណ្តាញសង្គម Facebook ជាក់ស្តែងដូចជាការនាំចូលផលិតផលរបស់ចិនធ្វើពីផ្លាស្ទិច «អង្ករផ្លាស្ទិច» មកក្នុងទីផ្សារកម្ពុជា ដែលបានធ្វើឱ្យមនុស្សជាច្រើនយល់ថាអង្ករដែលមានលក់នៅលើទីផ្សារបច្ចុប្បន្នពិតជាមានគ្រោះថា្នក់ដល់សុខភាព។ ព័ត៌មានចចាមអារ៉ាមផ្សេងទៀតនោះក៏មានដូចជា ការដាក់លក់ពងទានិងការចរាចរណ៍មីកញ្ចប់ដែលមានជាតិផ្លាស្ទិច និងជាតិកៅស៊ូនៅក្នុងទឹកសណ្តែក នៅលើទីផ្សារកម្ពុជាជាដើម។
ក្នុងនោះភាគីពាក់ព័ន្ធដូចជា ក្រុមហ៊ុនឬរោងចក្រនិងរដ្ឋាភិបាលបានព្យាយាមពន្យល់ថានេះគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ ក៏ប៉ុន្តែមនុស្សជាច្រើនបានជឿព័ត៌មានទាំងនោះតាមរយៈបណ្តាញសង្គមរួចទៅហើយ។
លោក ឌិម ថេង ជាអគ្គនាយករងកាំកុងត្រូល បានឱ្យដឹងថា ព័ត៌មានដែលត្រូវបានចែករំលែកលើបណ្តាញសង្គម Facebook មិនអាចទុកចិត្តបានទាំងស្រុងនោះទេ។
«ជាទូទៅគឺមិនមានអង្ករផ្លាស្ទិចនោះទេ នៅលើទីផ្សារកម្ពុជា»។
លោកពន្យល់ទៀតថា មន្ទីរពិសោធន៍នៅក្នុងអគ្គនាយកកាំកុងត្រូល មិនទាន់បានរកឃើញអង្ករផ្លាស្ទិចដូចដែលបានផ្សព្វផ្សាយនៅតាមបណ្តាញសង្គមនោះឡើយ។
លោកអ៊ុក គឹមសេង និយាយថា អ្នកប្រើហ្វេសប៊ុកត្រូវមានការប្រយ័ត្នក្នុងពេលចែករំលែកព័ត៌មាននៅតាមបណ្តាញសង្គម បើទោះជាព័ត៌មានទាំងនោះមិនពិត ក្នុងន័យលេងសើចក៏ដោយ។
«ការលេងសើចនឹង ត្រូវប្រយ័ត្នប្រយែងដែរ បើយើងនាំគ្នាប្រើភាសាមូលបង្កាច់ឬក៏បំផុសឱ្យមានស្អីមួយកើតឡើង ដែលច្បាប់អនុញ្ញាតឱ្យសមត្ថកិច្ចឃាត់ឬក៏សួរនាំយើង»។
លោកបាន បន្ថែមទៀតថា អ្នកប្រើប្រាស់បណ្តាញសង្គម Facebook គួរតែប្រុងប្រយ័ត្ននៅពេលដែលមានព័ត៌មានមិនទាន់បានពិនិត្យឱ្យបានត្រឹមត្រូវ ចែករំលែកនៅតាមប្រព័ន្ធអ៊ីនធើណេត តាមបណ្តាញសង្គមទាំងនោះ ដោយសារតែការធ្វើបែបនេះអាចធ្វើឱ្យពួកគេប្រឈមមុខនឹងផ្លូវច្បាប់៕