ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វេសប៊ុក​អាច​​ជា​វេទិកា​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី


រូប​សម្រោល​នៃ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​រួម​ជាមួយ​ស្លាក​សញ្ញា ​Facebook។
រូប​សម្រោល​នៃ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​រួម​ជាមួយ​ស្លាក​សញ្ញា ​Facebook។

ជា​ទូទៅ​ស្ត្រី​កម្ពុជា​បាន​​ប្រើ​បណ្ដាញ​សង្គម​នេះ​ដើម្បី​ទំនាក់ទំនង​ជាមួយ​អ្នក​នៅ​ជុំវិញ​​ ទទួល​យក​ព័ត៌មាន ​និង​ធ្វើ​អាជីវកម្ម​ ហើយ​ភាគ​ច្រើន​គេ​ប្រើ​វា​សម្រាប់​ការ​វេទិកា។

នៅ​ពេល​អាជ្ញាធរប៉ូលិស​បាន​ចាប់​ខ្លួន​លោក​ សុខ​ ប៊ុន​ អ្នក​ជំនួញ​អចលនទ្រព្យ​ម្នាក់​កាល​ពី​ពាក់​កណ្តាល​ខែ​សីហា​នេះ​ វា​ហាក់​ដូច​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កំហឹងយ៉ាង​ខ្លាំងកា្ល​ពី​សំណាក់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ដែល​មាន​ប្រតិកម្ម​តបនឹង​អំពើ​ហិង្សា​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ។

វីដេអូ​ខ្លី​ដែល​មាន​រយៈពេល​ជាង​មួយ​នាទី​ស្តីពី​សកម្មភាព​ហិង្សា​របស់​លោក​សុខ ប៊ុន​ទៅ​លើ​កញ្ញា​ ឯក សុជាតា​ អតីត​ពិធីការិនី​ទូរទស្សន៍​ម្នាក់​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ត្រូវ​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​និង​ចែកចាយ​បន្ត​គ្នា​ជាច្រើន​ហើយ​ក៏ ទាក់​ទាញ​ឱ្យ​មាន​ប្រតិកម្ម​រិះគន់​លើ​ទង្វើ​អមនុស្ស​ធម៌​នោះ។ ប្រតិកម្មបាន​កើត​ចេញ​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​និង​នាយករដ្ឋមន្ត្រី​ផង​ដែរ។

អ្នក​ជំនាញ​មើល​ឃើញ​ថា​បណ្តាញ​សង្គម​អាច​ជា​ប្រយោជន៍​មួយ​ដល់​ស្ត្រី​នៅ​កម្ពុជា​ ប៉ុន្តែ​ដោយសារ​កម្ពុជា​ស្ថិត​នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ឡើយ​ ដូចនេះ​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដើម្បី​ទាញ​ផល​ប្រយោជន៍​ឱ្យបាន​ពេញ​លេញ​ដល់​ស្ត្រី​នោះ​ គឺនៅ​មាន​កម្រិត​នៅ​ឡើយ​។

កញ្ញា​ កែវ​ គូនីឡា ​អ្នក​សរសេរ​ប្លុក​មួយ​នៅ​កម្ពុជា​យល់​ថា Facebook បាន​ក្លាយ​ជា​កន្លែង​ថ្មី​មួយ​សម្រាប់​ការ​លើក​កម្ពស់​សិទ្ធិ​របស់​ស្ត្រី។

នៅ​ក្នុង​បទសម្ភាស​មួយ​ជាមួយ​នឹង​ VOA ​កញ្ញា ​កែវ គូនីឡា​ បាន​បញ្ជាក់​ថា៖

«​ខ្ញុំ​គិត​ថា​ហ្វេសប៊ុក​ជា​ឧបករណ៍​មួយ​ដែល​ជំរុញ​ឱ្យ​ស្ត្រី​ហ៊ាន​និយាយ​អំពី​ប្រធាន​បទ​ផ្សេងៗ​ហើយ​វា​ក៏​ផ្ដល់​ឱកាស​ឱ្យ​ស្ត្រី​បង្ហាញ​ពី​គំនិត​របស់​ពួក​គេ​ក៏​ដូច​ជា​ការ​ស្វែង​រក​ឱកាស​ដើម្បី​ធ្វើ​ការ​និង​ទទួល​បាន​ចំណេះ​ដឹង»​។

នាង​បាន​បន្ត​ថា​វា​នឹង​ផ្តល់​ប្រយោជន៍​ជា​ច្រើន​ប្រសិន​បើ​ស្ត្រី​បាន​ដឹង​ពី​របៀប​ប្រើប្រាស់​ដើម្បី​ទទួល​យក​ឱកាស​នានា​ព្រោះ​វា​ជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ​មួយ។

កញ្ញា​ កែវ​ គូនីឡា​ បានប្រើ​ហ្វេសប៊ុក​ដើម្បី​កសាង​កេរ្តិ៍​ឈ្មោះ​ផ្ទាល់ខ្លួន​របស់​នាង​និង​ផ្សព្វផ្សាយ​ពី​ប្លុក​ របស់​នាងក៏​ដូច​ជា​ការ​ស្វែង​រក​ឱកាស​បន្ថែម៖

«នៅ​ពេល​ដែល​ខ្ញុំ​បង្ហោះ​អ្វី​ដែល​មាន​ប្រយោជន៍​និង​ល្អៗ​ គេ​នឹង​ត្រឡប់​មក​រក​ខ្ញុំ ​ទាំង​នេះ​ហើយ​គឺ​ជា​ឱកាស​ដែល​ខ្ញុំ​រក​បាន​ពី​ហ្វេសប៊ុ​ក ‍»។

ជា​ទូទៅ​ស្ត្រី​កម្ពុជា​បានប្រើ​បណ្ដាញ​សង្គម​នេះ​ដើម្បី​ទំនាក់ទំនង​ជាមួយ​អ្នក​នៅ​ជុំវិញ ទទួល​យក​ព័ត៌មាន ​និង​ធ្វើ​អាជីវកម្ម​ ហើយ​ភាគ​ច្រើន​គេ​ប្រើ​វា​សម្រាប់​ការ​វេទិកា។

យុវសិស្ស ​ថា​ ​ម៉ានិត ​អាយុ​១៥​ឆ្នាំ​ ជា​សិស្ស​ភាសា​អង់គ្លេស​នៅ​វិទ្យាស្ថាន ​ELT ​បាន​ថ្លែង​ថា​៖ «​ចំពោះ​ខ្ញុំ​ហ្វេសប៊ុក​គឺ​ជា​កន្លែង​កំសាន្ដ​‍»។

សិស្ស​ម្នាក់​ទៀត​ កុច​ ស៊ីណាលីន​ ជា​សិស្ស​ថ្នាក់​ទី១០ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​បាន​និយាយ​ថា​៖

​«ខ្ញុំ​ប្រើ​ហ្វេសប៊ុក​សម្រាប់​ការ​កម្សាន្ត​ និង ជជែក​លេង​ជាមួយ​ពួកម៉ាក​ឬ​និយាយ​អំពី​មេរៀន​»។

សម្រាប់​ កុច ស៊ីណាលីន ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ដ៏​មាន​ប្រជាប្រិយ៍​នេះ​សម្រាប់​លើក​កម្ពស់​ការយល់​ដឹ​ង​បញ្ហា​សង្គម​ហាក់​នៅ​វែង​ឆ្ងាយ​នៅឡើយ។​

នាង​បាន​បញ្ជាក់ថា៖«​ខ្ញុំ​អត់​ដឹង​ពី​ការ​ប្រើប្រាស់​ហ្វេសប៊ុក​សម្រាប់​ការ​លើក​កម្ពស់​សិទ្ធិ​របស់​ស្ត្រី​នោះ​ទេ»។

ហ្វេសប៊ុក​មាន​ចំណុច​មិនល្អ​ជា​ច្រើន​ដូចជា​មាន​ការ​បង្ហោះ រូប​អាសអាភាស​ វីដេអូ​មិន​សមរម្យ​ ឬ​ ​ការ​ជេរ​ប្រមាថ​គ្នា ជាដើម ហើយ​ការ​រក្សា​ភាព​ជា​ឯកជន​ត្រូវ​បាន​គេ​មើល​រំលង​។

យុវសិស្ស​ ថា​ ម៉ានិត​ បាន​ថ្លែង​បន្ត​ថា៖ «​ខ្ញុំ​មិន​បាន​ដឹង​ពី​ការ​រក្សា​ភាព​ឯកជន​និង​ផល​ប៉ះពាល់​របស់​វា​នោះ​ទេ ណា​ មួយ​ ខ្ញុំ​ក៏​មិន​ដែល​ខ្វល់​អំពី​វា​ដែរ​»។

សម្រាប់​ប្រទេស​ដែល​ស្ថិត​ក្នុង​ដំណាក់​កាល​អន្តរកាល​ឈាន​ទៅ​ទំនើបកម្ម​ប្រព័ន្ធ​អ៊ីនធឺណិត​ដូច​កម្ពុជា ប្រសិទ្ធភាព​របស់​ហ្វេសប៊ុក​គឺ​អាស្រ័យ​លើ​ការប្រើប្រាស់​របស់​មនុស្ស​ម្នាក់ៗ​។

កញ្ញា​ កែវ​ គូនីឡា​ បាន​បន្តថា​ ហ្វេសប៊ុក​អាច​ផ្ដល់​ឱ្យ​អ្នក​ប្រើប្រាស់​នូវ​គុណសម្បត្តិ​និង​គុណវិបត្តិ​អាស្រ័យ​លើ​របៀប​ដែល​ពួក​គេ​បាន​ប្រើ​វា​។

នាង​បាន​បន្ត​ថា​៖ «អ្នក​ប្រើប្រាស់​មួយ​ចំនួន​តែងតែ​បង្ហោះ​រូបភាព​និង​វីដេអូ​របស់​ខ្លួន​ដោយ​ ពួក​គាត់​មិន​បាន​យល់​ដឹង​ពី​ភាព​ជា​ឯកជន​នៅ​លើ​ហ្វេសប៊ុក​ ដែល​វា​នឹង​អាច​នាំ​មក​នូវ​ផលអាក្រក់​ដល់​ពួកគេ»​។

បញ្ហា​នេះ​ត្រូវ​បាន​គេ​លើក​ឡើង​ជា​រឿយៗ​ ដោយ​សារ​ចំនួន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ និង​ បណ្ដាញ​សង្គម​មាន​ការ​កើនឡើង​។ របាយការណ៍​ឆ្នាំ​២០១៥​ របស់​ក្រសួង​ប្រៃសណីយ៍​បាន​ឱ្យ​ដឹង​ថា​មានប្រជាពលរដ្ឋកម្ពុជា​ជាង ៥លាន​នាក់​កំពុង​ប្រើប្រាស់​អ៊ីនធឺណិត​។

នៅ​ក្នុង​ខែ​កក្កដា Deutsche Welle Akademie ដែល​ជា​អង្គការ​អភិវឌ្ឍន៍ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ផ្ដល់​ការ​បណ្តុះ​បណ្តាល​រយៈពេល​មូយ​អាទិត្យ​ទៅ​ដល់​បុគ្គលិក​ក្រសួង​កិច្ចការ​នារី​ដើម្បី​ជួយ​ពួកគេឱ្យយល់ដឹង​ពី​បណ្ដាញ​សង្គម​ ការ​បង្ហោះ​ព័ត៌មាន​នានា​នៅ​លើ​ហ្វេស​ប៊ុក​ហើយ នឹង​ការ​ថត​វីដេអូ​សម្រាប់​ការ​ផ្សាយអនឡាញ។

ប៉ុន្តែក្រសួង​មិន​ទាន់​បាន​ទាញ​យក​ផលប្រយោជន៍​ពី​បណ្ដាញ​សង្គម​នេះ​ទេ។

​លោក​ ផុន​ ពុធបូរី​ មន្ត្រី​ព័ត៌​មាន​របស់​ក្រសួង​កិច្ចការ​នារី ​បាន​និយាយ​ថា៖«ក្រសួង​មិន​ទាន់​មាន​វិធានការ​ដើម្បី​លើក​កម្ពស់សិទ្ធិ​របស់​ស្ត្រី​តាម​រយៈ​ហ្វេសប៊ុក​នៅ​ឡើយ​ទេ​»​។

XS
SM
MD
LG