មជ្ឈមណ្ឌលឯកសារកម្ពុជាដែលធ្វើការងារប្រមូលឯកសារនិងស្រាវជ្រាវពីរបបខ្មែរក្រហមនឹងពង្រីកការងាររបស់ខ្លួនថែមទៀតឱ្យទៅជាកន្លែងមួយដែលបង្រៀនអំពីរបបខ្មែរក្រហមតាមរយៈការប្រែខ្លួនជាវិទ្យាស្ថានមួយមានឈ្មោះថា «ស្លឹករឹត»។
វិទ្យាស្ថាន«ស្លឹករឹត»នឹងត្រូវស្ថិតនៅក្នុងអគារអចិន្ត្រៃយ៍ថ្មីមួយដែលនឹងផ្តល់ការសិក្សាអំពីរបបខ្មែរក្រហមនិងការសិក្សាអំពីបញ្ហាជាច្រើនទៀតដែលកើតមាននៅក្នុងតំបន់។
លោកឆាង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានពន្យល់ពីការបន្តបេសកកម្មដូចមុន បើទោះបីជានឹងមានការវិវត្តថែមទៀតក៏ដោយ។
«មជ្ឈមណ្ឌលឯកសារកម្ពុជានឹងប្រែខ្លួនជាវិទ្យាស្ថានស្លឹករឹត ដែលតួនាទីក្នុងការប្រមែប្រមូលឯកសារនៅតែបន្ត។ កិច្ចការអ្វី ដែលយើងធ្វើនៅតែបន្ត។ ប៉ុន្តែយើងបានបន្ថែមនូវតួនាទីធំៗដាច់ដោយឡែកចំនួនបី»។
តួនាទីបន្ថែមទាំងនោះរួមមានការបង្រៀនអំពីរបបប្រល័យពូជសាសន៍ ជម្លោះនិងសិទ្ធិមនុស្ស ការសិក្សាស្រាវជ្រាវអំពីគោលនយោបាយអភិវឌ្ឍន៍ថ្នាក់ជាតិនិងថ្នាក់តំបន់ និងជាសារមន្ទីរចងចាំអំពីរបបខ្មែរក្រហម។
សម្រាប់លោកឆាំង យុ វិទ្យាស្ថានស្លឹករឹតមិនគ្រាន់តែតំណាងឱ្យការចងចាំពីអតីតកាលដ៏ជូរចត់ដែលប្រទេសកម្ពុជាឆ្លងកាត់ក្នុងរបបខ្មែរក្រហមទេ ប៉ុន្តែវាក៏តំណាងឱ្យភាពដ៏អស្ចារ្យនៃស្ថាបត្យកម្មរបស់ខ្មែរ។
ការគូរប្លង់នេះធ្វើឡើងក្រោមគោលគំនិតហៅថា ដំណើរវិវត្តន៍ពីសាលាឆទានទៅកាន់សាកលភាវូបនីយកម្ម។
តាមការរៀបរាប់របស់លោកអាសា សាស្រ្ត ស្ថាបត្យករដែលបានគូរប្លង់នេះពន្យល់ថា នៅផ្នែកខាងមុខមានសង់អគារទំនើបធំៗពីរសងខាងផ្លូវចូលដែលមានរចនាលម្អជាប៉ាណូ ទ្រង់ទ្រាយដូចស្លឹករឹតទម្លាក់ចុះពីដំបូលសំយ៉ាកមកក្រោម។ នៅបន្ទាប់ពីនោះ មានអគារមូលមួយដែលមានរាងជាតុមកំបោរដែលមានកម្ពស់៣០ម៉ែត្រពីផ្ទៃរាបខាងក្រោមដល់ក្បាលតុម ដោយនៅពីលើក្បាលតុមមានបន្ថែមកំពូលស្រួច មានប្រវែង១៥ម៉ែត្រទៀត។ វានឹងក្លាយជារូបតុមកំបោរដែលតំណាងវប្បធម៌ដ៏ចំណាស់របស់ខ្មែរ ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតនៅលើពិភពលោកនេះ។ អគារភ្លោះទាំងពីរនិងអគារតុមកំបោរត្រូវសាងសង់នៅលើផ្ទៃដីទំហំ១០០ម៉ែត្រគុណនឹង១០០ម៉ែត្រលើផ្ទៃរាបមួយដែលមានរាងដូចផ្កាចន្ទន៍។ នៅផ្នែកទីពីរជាផ្នែកខាងក្រោយ មានសាងសង់ជាសាលាឆទានដែលមានកន្លែងខ្លះមានកម្ពស់រហូតដល់ទៅបីជាន់។ សម្រាប់តួវិទ្យាស្ថានទាំងមូល ចាប់ពីខាងមុខរហូតដល់ផ្នែកខាងក្រោយមានប្រវែង១៦០ម៉ែត្រ។
លោកអាសា សាស្រ្តពន្យល់ពីរបៀបដែលលោកគូរប្លង់នេះឡើងដោយមានការគិតគូរប្រើប្រាស់ធម្មជាតិដែលមានដូចជាពន្លឺព្រះអាទិត្យជាដើមដើម្បីជាប្រយោជន៍សម្រាប់ការបំភ្លឺផ្ទៃខាងក្នុងផងដែរ។
«កន្លែងបើកឆ្នុកវាមានគំនិតល្អៗណាស់។ កន្លែងហ្នឹងយើងអាច ពេលថ្ងៃ យើងមិនចាំបាច់បើកអំពូល ក៏យើងឃើញ។ ពន្លឺព្រះអាទិត្យចូលក្នុងប្រហោងទៅក្រោមគឺប្រើពន្លឺព្រះអាទិត្យតែម្តង។ យើងមិនចាំបាច់ប្រើភ្លើងទេ។ យើងអាចប្រើភ្លើងគឺយើងអាចប្រើដើម្បីយកពន្លឺព្រះអាទិត្យធម្មជាតិចាំងទៅក្រោម ហើយកម្ពស់ពីខាងហ្នឹងទៅក្រោមមាន៣០ម៉ែត្រ ហើយធ្លាក់ទៅដល់កន្លែងក្រោមបំផុតដែលមានរង្វង់មូលធំ គេហៅថា សារមន្ទីរខ្មែរក្រហម»។
សារមន្ទីរនេះនឹងស្ថិតនៅជម្រៅ៧ម៉ែត្រពីផ្ទៃខាងលើ។ លោកឆាង យុពន្យល់បន្ថែមថា៖
«យើងហៅថា សារមន្ទីរនៃការចងចាំ។ នៅក្នុងសារមន្ទីរនេះគឺយើងដាក់សារមន្ទីរខ្មែរក្រហមនៅក្រោម ទៅបាតដី នៅខាងក្រោមដី ហាក់ដូចជាកប់មិនឱ្យខ្មែរក្រហមនេះងើបឡើង។ ហើយយើងបានធ្វើសារមន្ទីរនេះគឺនៅក្រោមវប្បធម៌គឺនៅក្រោមអកកំបោរ។ អញ្ចឹងពេលដែលយើងចូលក្នុងអគារអកកំបោរហ្នឹង យើងអាចចុះទៅក្រោមគឺអាចមើលឃើញពិព័រណ៍អចិន្ត្រៃយ៍មួយដែលនិយាយអំពីការជម្លៀសប្រជាជនថ្ងៃ១៧មេសា ហើយនៅក្នុងជុំវិញ នៅក្នុងផ្ទៃខាងក្រោមបាតនៃអគារអកកំបោរហ្នឹងគឺមានតាំងពិព័រណ៍របបកម្ពុជាប្រជាធិបតេយ្យ ក៏ដូចជាមានតាំងពិព័រណ៍ផ្សេងៗដែលមានលក្ខណៈចល័ត»។
មជ្ឈមណ្ឌលឯកសារកម្ពុជាបានសិក្សាស្រាវជ្រាវអំពីរបបខ្មែរក្រហមតាំងពីឆ្នាំ១៩៩៥ ដោយបានចងក្រងឯកសារជិតមួយលានទំព័រអំពីរបបនេះ ហើយឯកសារមួយចំនួនរបស់មជ្ឈមណ្ឌលនេះត្រូវបានប្រើប្រាស់ក្នុងតុលាការខ្មែរក្រហមដើម្បីជាទុនក្នុងការកាត់ទោសអតីតមេដឹកនាំរបបនេះ។
លោកជុំ ម៉ី អតីតអ្នកទោសម្នាក់នៃមន្ទីរឃុំឃាំងស២១ និងជាប្រធានសមាគមក្សេមក្សាន្ត ដែលជាសមាគមតំណាងជនរងគ្រោះពីរបបខ្មែរក្រហម បាននិយាយថា វិទ្យាស្ថាននេះនឹងសមតាមការទាមទាររបស់ជនរងគ្រោះដែលចង់ឱ្យមានការចងចាំអំពីរបបដ៏សាហាវឃោរឃៅនោះ ហើយប្រសិនបើអាចត្រូវបានគេស្នើដាក់ជាផ្នែកមួយនៃសំណងផ្លូវចិត្តក្រោយពីការកាត់ទោសក្រុមមេដឹកនាំខ្មែរក្រហមគឺកាន់តែជួយដល់អារម្មណ៍ផ្សះផ្សាររបស់ជនរងគ្រោះ។
«បើបានគេជួយអញ្ចឹងហើយ យើងមិនយកម៉េចនឹងកើត? បើយើងមិនយក ដូចជាយើងហ្នឹងនៅតែមានការគំនុំដដែល»។
រីឯលោកហុង គឹមសួន មេធាវីដើមបណ្តឹងរដ្ឋប្បវេណីតំណាងឱ្យជនរងគ្រោះនៅ តុលាការខ្មែរក្រហមបានបញ្ជាក់ថា៖
«វាគឺជាកិត្តិយសមួយដ៏ធំធេងណាស់ដែលគាត់អាចធ្វើជំនួសតុលាការបាន។ មានន័យថា តុលាការអត់មានលទ្ធភាព សមត្ថភាពបង្ខំជនជាប់ចោទ ឬមានសមត្ថភាពទៅស្វែងរកទ្រព្យសម្បត្តិពួកអាជនទណ្ឌិតហ្នឹងយកមកសម្រាប់ធ្វើជាសំណងនិមិត្តរូបឱ្យប្រជាពលរដ្ឋបាននោះទេ។ អញ្ចឹងខ្ញុំគាំទ្រ ប្រសិនបើលោកឆាង យុគាត់ធ្វើអញ្ចឹងបានមែន...គឺល្អណាស់»។
តាមគម្រោង វិទ្យាស្ថានស្លឹករឹតត្រូវបានរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យសាងសង់នៅក្នុងផ្នែកមួយនៃវិទ្យាល័យបឹងត្របែក។ ប៉ុន្តែបើតាមទំហំនិងបេសកម្មដ៏ធំ វិទ្យាស្ថាននេះអាចនឹងត្រូវការទីតាំងមួយធំជាងនេះ។ យ៉ាងណាក៏ដោយ ការសាងសង់វិទ្យាស្ថានថ្មីនេះនឹងមិនអាចចាប់ផ្តើមបានឆាប់ទេ យ៉ាងហោចណាស់ក៏ប្រហែលពីរឆ្នាំទៀតដែរទើបចាប់ផ្តើម។ នេះបើតាមការបញ្ជាក់របស់លោកឆាង យុ៕