ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការពារ​ជាតិ​សិង្ហបុរី​អំពាវនាវ​ចិន​ឱ្យ​នាំមុខ​នៅ​ក្នុង​ការកាត់​បន្ថយ​ភាពតានតឹង​ក្នុង​តំបន់


លោក Ng Eng Hen រដ្ឋមន្ត្រី​ការពារជាតិ​សិង្ហបុរី​ថ្លែង​សុន្ទរកថា​ក្នុង​អំឡុងពេល​នៃ​វេទិកា Xiangshan ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣។
លោក Ng Eng Hen រដ្ឋមន្ត្រី​ការពារជាតិ​សិង្ហបុរី​ថ្លែង​សុន្ទរកថា​ក្នុង​អំឡុងពេល​នៃ​វេទិកា Xiangshan ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សិង្ហបុរី​បាន​ជំរុញ​ឱ្យ​ប្រទេស​ចិន​ដែល​ជា​មហា​អំណាច​នៅ​ក្នុង​តំបន់​អាស៊ី​ដឹកនាំ​ក្នុង​ការកាត់បន្ថយ​ការតានតឹង​នៅ​ក្នុង​តំបន់​ដោយ​បាន​ព្រមាន​ថា​ជម្លោះ​យោធា​ណាមួយ​ដូចជា​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ឬ​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​នឹង​ក្លាយ​ជា​មហន្តរាយ​ចំពោះ​ទ្វីប​អាស៊ី​និង​អនាគត​របស់​ទ្វីប​នេះ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

ថ្លែង​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​ថ្ងៃ​ទី៣និង​ជា​ថ្ងៃ​បញ្ចប់​នៃ​សន្និសីទ​ការពារ​ជាតិ​ប្រចាំ​ឆ្នាំ​ដែល​រៀបចំ​ឡើង​ដោយ​ប្រទេស​ចិន លោក Ng Eng Hen បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការទាក់​ទង​រវាង​យោធា​និង​យោធា​ដើម្បី​គ្រប់គ្រងវិបត្តិ​នេះ ដោយ​លោក​សង្ឃឹម​ថា​សហរដ្ឋ​អាមេរិក​និង​ចិន​នឹង​បន្ត​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនងយោធា​ផ្ទាល់​របស់​ខ្លួន។

លោក Ng បាន​និយាយ​ទៀត​ថា​សន្តិភាព​មាន​ភាព​ផុយស្រួយហើយ​មិន​ដែល​ត្រូវ​បាន​ផ្តល់​ឱ្យ​នៅ​ទីកន្លែង​ណា​មួយ​ក្នុង​ពិភពលោក​ទេ។ លោក​និយាយ​ថា៖​«អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​តំបន់​អឺរ៉ុប​និង​មជ្ឈិម​បូព៌ា​មិន​ត្រូវ​កើត​ឡើង​នៅ​ទីនេះ​ទេ។ យើង​ត្រូវ​តែធ្វើ​អ្វីៗ​ទាំង​អស់​ដែល​យើង​អាច​ដើម្បី​បញ្ចៀស​ជម្លោះ​នេះ»។

វេទិកា Xiangshan ​ចូលរួម​ដោយ​មន្ត្រី​ការពារ​ជាតិ​មកពី​ប្រទេស​និង​អង្គការ​រាប់​សិប​។ ចិន​ដែល​កាលពីពេល​ថ្មីៗនេះ​បាន​ដក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចេញពី​តំណែង​នោះ​ត្រូវ​បាន​តំណាង​ដោយលោក Zhang Youxia អនុ​ប្រធាន​គណៈកម្មការ​យោធា​មជ្ឈិម។

រដ្ឋមន្ត្រី​ការពារ​ជាតិរុស្ស៊ី​លោក Sergei Shoigu បាន​ប្រើ​វេទិកា​នេះ​ដើម្បី​បញ្ជាក់​ពី​ចំណង​ទាក់ទង​កាន់តែ​ជ្រាលជ្រៅ​ឡើង​របស់​រុស្ស៊ី​ជាមួយ​ចិន​នៅពេល​ដែល​ខ្លួន​ប្រឈម​ភាពឯកោ​ពី​ប្រទេស​លោក​ខាង​លិច​អំពី​ការឈ្លានពាន​របស់​ខ្លួន​លើ​ប្រទេស​អ៊ុយក្រែន។

លោក Shoigu ត្រូវ​បាន​គេ​ទទួល​ស្វាគមន៍​ដោយ​កង​កិត្តិយសយោធា​មុនពេល​ជួប​ជាមួយ​លោក Zhang កាលពី​ថ្ងៃ​ចន្ទ។ ទីភ្នាក់ងារ​សារព័ត៌មាន Tass របស់​រុស្ស៊ី​បាន​ដកស្រង់​សម្តី​របស់​លោក Zhang​ មក​ចុះផ្សាយ​ថា​ចិន​បាន​ប្រុងប្រៀប​ឆ្លើយតប​ជាមួយ​រុស្ស៊ី​ដល់​ការគំរាម​កំហែង​សន្តិសុខ​និង​បញ្ហា​ប្រឈម​ផ្សេងៗ​ទៀត​ហើយ​នឹង«រក្សា​រួមគ្នានូវ​តុល្យភាព​និង​ស្ថិរភាព​យុទ្ធសាស្ត្រ​សាកលលោក»។

លោក Ng ដែល​បាន​ថ្លែង​ពី​ជម្លោះ​ទឹក​ដី​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​និង​ការគំរាម​កំហែង​នុយក្លែអ៊ែរ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​និយាយ​ថា​វា​ជា​ការសំខាន់​សម្រាប់​ស្ថាប័ន​ការពារ​ប្រទេស​និង​យោធា​ធ្វើការ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការវាយ​តម្លៃ​ស្ថានការណ៍ខុស៕

XS
SM
MD
LG