នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានច្រានចោលការអំពាវនាវមកពីជុំវិញពិភពលោកដើម្បីប្រកាសការឈប់បាញ់គ្នានៅក្នុងយុទ្ធនាការយោធារបស់អ៊ីស្រាអែលលើពួកសកម្មប្រយុទ្ធហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សា។
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលចាប់តាំងការវាយប្រហារថ្ងៃទី៧ ខែតុលាដោយពួកសកម្មប្រយុទ្ធហាម៉ាស់លើតំបន់ហ្កាហ្សាភាគខាងត្បូងបាននាំឱ្យមានវិបត្តិមនុស្សធម៌នៅទីកន្លែងរស់នៅរបស់ជនជាតិប៉ាឡេស្ទីនដែលមានមនុស្សកកកុញ។ ក្រសួងសុខាភិបាលប៉ាឡេស្ទីនដែលចាត់ចែងដោយក្រុមហាម៉ាស់បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថាមនុស្សជាង៨.៣០០នាក់បានត្រូវសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស ភាគច្រើនជាស្ត្រីនិងកុមា។ អង្គការមនុស្សធម៌ Save the Children និយាយថាកុមារជាង៣០០០នាក់បានត្រូវសម្លាប់នៅក្នុងជម្លោះនេះ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Netanyahu បានថ្លែងនៅក្នុងសន្និសីទកាសែតកាល ពីថ្ងៃចន្ទថាការអំពាវនាវឱ្យមានការឈប់បាញ់គ្នានេះជាការអំពាវនាវឱ្យអ៊ីស្រាអែលចុះចាញ់ក្រុមហាម៉ាស់ ចុះចាញ់ភេរវកម្ម ចុះចាញ់អំពើព្រៃផ្សៃ។
លោក Netanyahu ក៏បានច្រានចោលការអំពាវនាវកាន់តែខ្លាំងឡើងឱ្យលោកចុះចេញពីតំណែងក្រោយការវាយប្រហារដ៏រន្ធត់ដែលបានធ្វើឱ្យជនជាតិអ៊ីស្រាអែល១៤០០នាក់ស្លាប់។
លោក Philippe Lazzarini ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជន ភៀសខ្លួនប៉ាឡេស្ទីនដែលគេហៅថា UNRWA បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទម្សិលមិញថាយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រា អែលលើតំបន់ហ្កាហ្សា«ជាទណ្ឌកម្មរួម»ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីនទាំងមូល។ លោក Lazzarini បាននិយាយទៀតថា«សេវាកម្មសំខាន់ៗកំពុងខ្ទេចខ្ទី»នៅក្នុងតំបន់ហ្កាហ្សា ដោយថ្នាំសង្កូវ ម្ហូបអាហារ ទឹកនិងប្រេងឥន្ធនៈកំពុងអស់ហើយផ្លូវនានាពោពេញទៅដោយទឹកសំអុយ។
កងទ័ពនិងរថក្រោះអ៊ីស្រាអែលបានរំកិលចូលកាន់តែជ្រៅក្នុងតំបន់ហ្កាហ្សាភាគខាងជើងកាលពីថ្ងៃចន្ទម្សិលមិញ ដោយកំពុងពង្រីកវត្តមានយោធារបស់ខ្លួននៅក្នុងទឹកដីប៉ាឡេស្ទីននៅពេលដែលមានការអំពាវនាវរបស់អន្តរជាតិឱ្យការពារជនស៊ីវិល។
យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទថាទាហានស្រីម្នាក់ដែលត្រូវពួកសកម្មប្រយុទ្ធហាម៉ាស់ចាប់បានត្រូវដោះលែងក្នុងអំឡុងនៃកិច្ចប្រតិបត្តិការថ្មើរជើងហើយមានសុខភាពល្អ។ យោធាអ៊ីស្រាអែលមិនបានផ្តល់សេចក្តីលម្អិតបន្ថែមទៀតទេ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, Reuters និង AFP