ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អ៊ុយក្រែន​មួយ​គ្រួសារ​ត្រូវ​បាន​សម្លាប់​ក្នុង​តំបន់ Donetsk ដែល​កាន់កាប់​ដោយ​រុស្ស៊ី


រូបឯកសារ៖ អគារ​ស្នាក់នៅ​មួយ​ត្រូវ​បាន​បំផ្លិចបំផ្លាញ​នៅ​ក្នុង​ជម្លោះ​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន ក្នុង​តំបន់ Donetsk ដែល​គ្រប់​គ្រង​ដោយ​រុស្ស៊ី​នៅក្នុង​ប្រទេស​អ៊ុយក្រែន ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣។
រូបឯកសារ៖ អគារ​ស្នាក់នៅ​មួយ​ត្រូវ​បាន​បំផ្លិចបំផ្លាញ​នៅ​ក្នុង​ជម្លោះ​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន ក្នុង​តំបន់ Donetsk ដែល​គ្រប់​គ្រង​ដោយ​រុស្ស៊ី​នៅក្នុង​ប្រទេស​អ៊ុយក្រែន ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣។

ប្រទេស​អ៊ុយក្រែន​បាន​បញ្ជាក់​ថា គ្រួសារ​មួយ​ដែល​មាន​សមាជិក ៩ នាក់​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ​ក្នុង​ក្រុង Volnovakha ដែល​ត្រួតត្រា​ដោយ​រុស្ស៊ី​នៅ​ភាគ​ខាង​កើត​ប្រទេស។

រូបភាព​នៃ​ផ្ទះ​នេះ​ដែល​អាជ្ញាធរ​បាន​ផ្សព្វផ្សាយ​បាន​បង្ហាញ​ឱ្យ​ឃើញ​ទិដ្ឋភាព​ឧក្រិដ្ឋកម្ម​ដ៏​គួរ​ឱ្យ​រន្ធត់ ដោយ​ជន​រងគ្រោះដេក​ស្លាប់​នៅ​លើ​គ្រែ​ហើយ​ជញ្ជាំង​ពោរពេញ​ដោយ​ស្នាម​ឈាម​ខ្ទាត​ប្រឡាក់។

ការិយាល័យ​រដ្ឋអាជ្ញា​ដែល​គាំទ្រ​ដោយ​អ៊ុយក្រែន​នៅ​ក្នុង​ខេត្ត Donetsk ដែល​ក្រុង Volnovakha នេះ​ស្ថិត​នៅ បាន​បញ្ជាក់​ថា ឃាតកម្ម​នេះ​បាន​កើតឡើង​បន្ទាប់ពី​ម្ចាស់​ផ្ទះ​មិន​ព្រម​តាម​ការ​ទាមទារ​របស់​បុរស​មួយ​ក្រុម​ស្លៀកពាក់​ជា​យោធា​ដែល​ចង់​ឱ្យ​អ្នក​ដែល​រស់នៅ​ក្នុង​ផ្ទះ​នេះ​ចាកចេញ​ដើម្បី​ឱ្យ​ទាហាន​រុស្ស៊ី​អាច​ស្នាក់នៅ។ ការិយាល័យ​រដ្ឋអាជ្ញា​នេះ​បាន​បន្ថែម​ថា ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំង​នោះ​គឺ​មាន​ទាំង​កុមារ​តូចៗ​ពីរ​នាក់​ផង​ដែរ។

អ្នក​ស៊ើប​អង្កេត​រុស្ស៊ី​បាន​និយាយ​ថា ទាហាន​ពីរ​នាក់​មកពី​តំបន់​ចុង​បូព៌ា​រុស្ស៊ី​ត្រូវ​បាន​ដាក់​ឃុំ​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នេះ។ ទាហាន​ទាំង​ពីរ​នាក់​នេះ​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​នឹង​យោធា​រុស្ស៊ី​ដើម្បី​បំពេញ​ការងារ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

ក្រុង Volnovakha ត្រូវ​បាន​ត្រួតត្រា​ដោយ​កង​កម្លាំង​រុស្ស៊ី​ភ្លាមៗ បន្ទាប់ពី​រុស្ស៊ី​បាន​ចាប់ផ្ដើម​ការ​ឈ្លានពាន​លើ​អ៊ុយក្រែន​កាលពី​ខែ​កុម្ភៈ​ឆ្នាំ ២០២២។ ជន​ផ្ដាច់​ខ្លួន​ដែល​មាន​ទំនោរ​ទៅ​រក​រុស្ស៊ី​ក្នុង​តំបន់ Donetsk និង​តំបន់ Luhansk ដែល​នៅ​ក្បែរ​នោះ​បាន​ដណ្ដើម​កាន់កាប់​អគារ​រដ្ឋាភិបាល​អ៊ុយក្រែន​នៅ​ក្នុង​ឆ្នាំ ២០១៤ និង​បាន​ប្រកាស​ថា​តំបន់​ទាំង​នេះ​គឺ​ជា «សាធារណរដ្ឋ​ប្រជាមានិត» ឯករាជ្យ។ វិធានការ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​រុស្ស៊ី​បាន​ភ្ជាប់​យក​តំបន់​គ្រីមា (Crimea) ពី​អ៊ុយក្រែន។

ឃាតកម្ម​នេះ​បាន​កើតឡើង​នៅ​ចំ​ពេល​ដែល​ទាហាន​អ៊ុយក្រែន​និង​ទាហាន​រុស្ស៊ី​កំពុង​ជាប់​ផុង​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន ខណៈ​ដែល​សង្គ្រាម​នេះ​បាន​ចូល​ដល់​ឆ្នាំ​ទី​ពីរ។

ទាហាន​រុស្ស៊ី​បាន​ចាប់ផ្ដើម​ធ្វើ​យុទ្ធនាការ​វាយ​ប្រហារ​ថ្មី​នៅ​ជុំវិញ​ទីក្រុង Bakhmut ជាពិសេស​នៅ​ជិត​ក្រុង​យុទ្ធសាស្ត្រ Avdiivka៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

XS
SM
MD
LG