បេក្ខជនប្រធានាធិបតីអាមេរិក ជាយូរយារណាស់មកហើយ តែងតែធ្វើដំណើរទៅកាន់តំបន់បច្ចេកវិទ្យា Silicon Valley ដើម្បីរៃអង្គាសប្រាក់ ហើយតែងតែនិយាយអំពីការបង្កើតថ្មីនិងអនាគតដោយមានទិដ្ឋភាពបរិវេណក្រុមហ៊ុនបច្ចេកវិទ្យាណាមួយនៅពីក្រោយ។ ប៉ុន្តែនៅឆ្នាំនេះ អ្វីៗបានផ្លាស់ប្ដូរហើយ។
បេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ ២០២០ កំពុងប្រឈមមុខដោះស្រាយនឹងអ្វីមួយដែលគេហៅថា«Tech-lash» ដែលជាប្រតិកម្មដ៏ខ្លាំងក្លារបស់សាធារណជនប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដោយសារបញ្ហានានារួមមានការលេចធ្លាយទិន្នន័យអ្នកប្រើប្រាស់ ការកើនឡើងទ្រព្យសម្បត្តិស្តុកស្តម្ភយ៉ាងឆាប់រហ័ស ការចោទប្រកាន់ពីការធ្លាក់ចុះសិទ្ធិកម្មករ និងការអះអាងអំពីការត្រួតពិនិត្យខ្លឹមសារនៃសំឡេងជនអភិរក្សនិយម ព្រមទាំងការព្រួយបារម្ភអំពីការកើនឡើងយ៉ាងឆាប់រហ័សនូវការប្រើប្រាស់ពាក្យសម្ដីជ្រុលហួសហេតុនៅលើបណ្ដាញអ៊ីនធឺណិត។
បេក្ខជនប្រធានាធិបតីខ្លះ ថែមទាំងក្លាយជាផ្នែកមួយនៃក្រុមដែលមាននិន្នាការប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ថែមទៀតផង។
ថ្មីៗនេះ លោក Pete Buttigieg អភិបាលក្រុង South Bend នៃរដ្ឋ Indiana បានចូលរួមជាមួយក្រុមបាតុករ នៅខាងក្រៅទីស្នាក់ការធំរបស់ក្រុមហ៊ុន Uber ដោយតវ៉ាឱ្យមានច្បាប់ថ្មីមួយនៅរដ្ឋកាលីហ្វ័រញ៉ា ដែលអាចឱ្យកម្មករជាប់កិច្ចសន្យា ដូចជាអ្នករត់ឡាន Uber ជាដើម ក្លាយជាបុគ្គលិកក្រុមហ៊ុន។
ចំណែកឯបេក្ខជនខ្លះទៀត ដូចជាសមាជិកព្រឹទ្ធសភា រួមមានអ្នកស្រី Elizabeth Warren អ្នកស្រី Kamala Harris និងលោក Bernie Sanders ជាដើម សុទ្ធតែចេញមុខគាំទ្រវិធានការច្បាប់សម្រាប់ដោះស្រាយបញ្ហាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនោះ៕