ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អារ៉ាប៊ីសាអូឌីត​អាច​ឈោង​យក​អាវុធ​បរមាណូ​ដើម្បី​តតាំង​នឹង​អ៊ីរ៉ង់​​ទោះ​បី​ជា​មាន​កិច្ច​ព្រមព្រៀង​ក៏​ដោយ


កាលពីថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ២០១៥ ក្រុមស្ត្រី​​អ៊ីរ៉ង់​​ដែល​គោរព​សាសនា​​ បានចូលរួម​ការ​តវ៉ា​មួយ​បន្ទាប់​ពី​បាន​បួងសួង​ ដើម្បី​ផ្កោលទោស​ការ​​វាយ​ប្រហា​តាម​អាកាស​ដឹក​នាំ​ដោយ​អារ៉ាប៊ីសាអូឌីត​ ប្រឆាំង​ប្រទេស​យេម៉ែន។ នៅ​ពីលើ​ មាន​ផ្ទាំង​គំនូ​រអំពី​មេស្ថាបនិក​បដិវត្តន៍​អ៊ីរ៉ង់ Ayatollah Khomeini​ ដែល​បាន​ស្លាប់​កាលពីពេល​ថ្មីៗ។​
កាលពីថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ២០១៥ ក្រុមស្ត្រី​​អ៊ីរ៉ង់​​ដែល​គោរព​សាសនា​​ បានចូលរួម​ការ​តវ៉ា​មួយ​បន្ទាប់​ពី​បាន​បួងសួង​ ដើម្បី​ផ្កោលទោស​ការ​​វាយ​ប្រហា​តាម​អាកាស​ដឹក​នាំ​ដោយ​អារ៉ាប៊ីសាអូឌីត​ ប្រឆាំង​ប្រទេស​យេម៉ែន។ នៅ​ពីលើ​ មាន​ផ្ទាំង​គំនូ​រអំពី​មេស្ថាបនិក​បដិវត្តន៍​អ៊ីរ៉ង់ Ayatollah Khomeini​ ដែល​បាន​ស្លាប់​កាលពីពេល​ថ្មីៗ។​

ការ​អះអាង​បញ្ជាក់​សាជា​ថ្មី​ពី​ទី​ក្រុង​វ៉ាស៊ីនតោន​ថា ​កិច្ច​ព្រមព្រៀង​បរមាណូ​ ជា​ក្របខណ្ឌ​ដែល​ត្រូវ​បាន​សម្រេច​កាល​ពី​សប្តាហ៍​កន្លង​ទៅ​ ដើម្បី​រាំង​ខ្ទប់ប្រទេស​អ៊ីរ៉ង់​មិន​ឲ្យ​ផលិត​គ្រាប់​បែក​បរមាណូ​នោះ ​ប្រហែល​ជា​មិន​ទាន់​គ្រប់​គ្រាន់​ទេ​ ក្នុង​ការ​ទប់​ស្កាត់​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ ​មិន​ឲ្យ​ចាត់​វិធានការ​ដ៏​មោះមុត​ប្រឆាំង​នឹង​ទីក្រុង​តេហ៍រ៉ង់។

លើស​ពី​នេះ​ទៅ​ទៀត​ ក៏មាន​ការ​ព្រមាន​ថ្មីៗ​ដែរ​ថា វិធានការ​មួយ​ក្នុង​បណ្តា​វិធានការ​ទាំង​នោះ ​អាច​រួម​បញ្ចូល​ទាំង​ការប្រែ​ក្លាយ​ខ្លួន​ឲ្យ​ទៅ​ជា​ប្រទេស​មួយ​មាន​អាវុធ​បរមាណូ​ ដែល​អាចធ្វើ​ឡើង​បានភ្លាមៗ។

អតីត​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ លោក ​Mark Wallace​ ដែល​សព្វថ្ងៃ​ជា​មន្រ្តី​នាយកប្រតិបត្តិ​នៃ​ក្រុម​មួយ​ឈ្មោះ​ថា​ «គម្រោង​ប្រឆាំង​នឹង​អំពើ​ជ្រុស​និយម»​ និង​ជា​សហ​ស្ថាបនិក​នៃ​ក្រុមមួយ​ឈ្មោះ​ថា​ «ការ​រួបរួម​ដើម្បី​ប្រឆាំង​នឹង​បរមាណូ​អ៊ីរ៉ង់»​ បាន​មាន​ប្រសាសន៍​ថា៖ «ថ្នាក់​ដឹកនាំ​របស់​ប្រទេស​អារ៉ាប៊ីសាអីឌីត​បាន​និយាយ​ថា​ ប្រទេស​នេះ​នឹង​មានអាវុធ​បរមាណូ។ ការ​នេះ ​ប្រហែល​ជា​មាន​ភាព​ងាយស្រួល​ដូចជា​ការទិញ​និងដឹក​គ្រាប់​បែក​បរមាណូមួយ​គ្រាប់​មកពី​ប្រទេស​ប៉ាគីស្ថាន​តែ​ប៉ុណ្ណោះ»។

ជា​សាធារណៈ​ ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ស្វាគមន៍​កិច្ច​ព្រមព្រៀង​នោះ​ដោយ​ប្រុងប្រយ័ត្ន ដោយ​ព្រះមហាក្សត្រ​ Salman ​ទ្រង់​បាន​ជំរាប​ទៅ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ កាល​ពីល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា​ ព្រះ​អង្គ​មាន​ក្តី​សង្ឃឹម​ថា​ កិច្ច​ព្រមព្រៀង​ជា​ក្រប​ខ័ណ្ឌ​នឹង​ពង្រឹង​ស្ថិរភាព​ និង​សន្តិសុខ​ក្នុង​តំបន់​មជ្ឈឹមបូព៌ា។ ​ទោះជាយ៉ាង​ណា​ អតីត​អ្នក​ការទូត​និង​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​មួយ​ចំនួន​និយាយថា​ ចំណាត់​ការ​របស់​អារ៉ាប៊ី​សាអូឌីតបាន​បង្ហាញន័យ​ផ្សេង​ពី​នេះ។

លោក ​Jonathan Schanzer​ នាយក​រងនៃ​ក្រុម​ស្រាវជ្រាវ​មួយ​នៅ​មូល​និធិ​សម្រាប់​ការពារលទ្ធិ​ប្រជាធិបតេយ្យ​បាន​មាន​ប្រសាសន៍​តាម​ប្រព័ន្ធ​ Skype​ ថា៖ ​«វាពិត​ជា​មាន​ភាព​មិន​ច្បាស់​លាស់ ទាល់​តែ​សោះ​ ថា​តើ​អារ៉ាប៊ី​សាអូឌីត​នឹង​មានឆន្ទៈ​ដល់​កម្រិត​ណា​ក្នុងការ​តទល់​ជាមួយ​អ៊ីរ៉ង់ ឬ​ក៏​ត្រូវ​ដកថយ​ក្រោយ​វិញ»។

គេមិន​ដឹង​ច្បាស់ ថាតើ​អារ៉ាប៊ីសាអូឌីត​ត្រូវ​ចំណាយ​ពេល​យូរ​ប៉ុណ្ណា​ដើម្បី​អាច​មាន​សមត្ថភាព​បរមាណូ​ស្មើ​គ្នា​ជាមួយ​អ៊ីរ៉ង់។​ ក៏ប៉ុន្តែ ​លោក Schanzer ​បាន​មាន​ប្រសាសន៍​ថា គេ​អាច​ឃើញ​ច្បាស់ថា យ៉ាង​ហោច​ណាស់​ អារ៉ាប៊ីសាអូឌីត​កំពុង​តែ​គិត​ពិចារណា​យ៉ាង​ហ្មត់ចត់​អំពី​ការ​វិវត្តន៍ឆ្ពោះ​ទៅ​កាន់​ទិសដៅនោះ។​

លោក​មាន​ប្រសាសន៍​ថា៖ «វា​បញ្ជាក់​ឲ្យ​ឃើញ​ថា​ អារ៉ាប៊ីសាអូឌីត​មាន​ការ​ព្រួយបារម្ភ​ជាខ្លាំង​ហើយ​រដ្ឋ​ដែល​កាន់​សាសនា​និកាយ​ Sunni ​ក៏​មាន​ការ​ព្រួយបារម្ភ​ផងដែរ​អំពី​ការ​រីករាល​ធំ​នៃ​ឥទ្ធិពលរបស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់»។

អ្វី​ដែល​បាន​អនុវត្ត​រួច​មក​ហើយ​គឺថា​ អារ៉ាប៊ីសាអូឌីត​បាន​បង្រួប​បង្រួម​ក្រុម​ចម្រុះមួយ​នៃ​ប្រទេស​អារ៉ាប់​កាន់​សាសនា​និកាយសុន្នី ​ដើម្បី​វាយ​លុក​តាម​អាកាស​ទៅ​លើ​ប្រទេស​យេម៉ែន​ ដែល​ជា​ប្រតិកម្ម​ទៅ​នឹង​អ្វី​ដែល​ខ្លួន​បាន​គិត​ថា ​ជាការ​គំរាម​កំហែង​ពី​ពួកឧទ្ទាម​ Houthi ​ដែល​គាំ​ទ្រដោយ​ប្រទេស​អ៊ីរ៉ង់។ លើស​ពី​នេះ​ទៅ​ទៀត​ ការ​ជួប​ពិភាក្សា​ថ្មីៗ​នេះ​ ជា​មួយ​ប្រទេស​ប៉ាគីស្ថានទាក់ទិន​នឹង​ការ​គាំទ្រយុទ្ធនាការ​វាយ​ប្រហារ​នោះ​ បាន​ធ្វើ​ឲ្យ​មាន​សំណួរ ថា​តើ​នឹង​អាច​មានការ​ពិភាក្សា​អំពី​ការ​ជួយ​ជ្រោម​ជ្រែង​លើ​រណសិរ្ស​អាវុធ​បរមាណូ​ដែរ​ឬយ៉ាងណា។

ទោះយ៉ាងណា​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យ​ ថា​តើ​ប្រទេស​ប៉ាគីស្ថាន​នឹង​ផ្តល់​ការ​គាំទ្រ​បែប​នេះ​ដោយ​សុឆន្ទៈ​ខ្ពស់​ឬ​យ៉ាងណា​ បើ​ទោះណា​ខ្លួន​ជា​សម្ព័ន្ធមិត្ត​របស់​អារ៉ាប៊ីសាអូឌីត​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​ក្តី។

លោក Michael Kugelman អ្នក​ជំនាញ​ខាង​កិច្ច​ការ​ប្រទេស​ប៉ាគីស្ថាន​ម្នាក់​នៅ​មជ្ឈមណ្ឌល Woodrow Wilson មាន​ប្រសាសន៍​ជា​អាទិ​ថា៖ «តាមទស្សនៈ​របស់​ខ្ញុំ​ ប៉ាគីស្ថាន​ប្រាកដ​ជាមិន​ចង់​ចូល​ពាក់​ព័ន្ធនៅ​ក្នុងសហប្រតិបត្តិការ​បរមាណូ​ជាមួយ​អារ៉ាប៊ីសាអូឌីត​ក្នុង​របៀប​មួយ​ដែល​អាច​ធ្វើឲ្យ​អារ៉ាប៊ីសាអូឌីត​មាន​សមត្ថភាព​អាច​ផលិត​អាវុធ​បរមាណូ​បាន​ក្នុង​ពេល​ឆាប់ៗ​នោះ​ទេ។ ខ្ញុំ​គិត​ថា វា​គ្មាន​ការ​ចាប់ផ្តើម​មួយឡើយ។ ថ្ងៃ​នេះ​ខ្ញុំ​និយាយ​ដូច្នេះ តែ​ថ្ងៃ​ក្រោយ​រឿងរ៉ាវ​អាច​ផ្លាស់ប្តូរ»។

ប្រទេស​ប៉ាគីស្ថាន​មាន​ព្រំ​ប្រទល់​ជាប់​ជាមួយ​ប្រទេស​អ៊ីរ៉ង់ ហើយ​ប្រហែល​ជា​មាន​ហេតុផល​ខ្លះ​ដែល​ថា​ ប្រទេស​នេះ​ខ្លាច​អ៊ីរ៉ង់​បង្ក​ភាពវឹកវរ ​ដោយ​ការ​ផ្តល់​ថវិកា​និង​ការ​គាំទ្រ​ដល់​ជន​ Shi'ite ក្នុង​ប្រទេស​ប៉ាគីស្ថាន។​ តែ​ទោះ​ជាយ៉ាង​ណា​ក៏ដោយ ​ការ​ព្រួយ​បារម្ភនេះ​ អាច​ត្រូវ​បានលុប​លើ​ដោយ​កត្តា​ផ្សេងៗ​ទៀត។

លោក Kugelman មាន​ប្រសាសន៍​ថា៖​ «នេះ​គឺ​ពិត​ជា​ស្ថានការណ៍​ដ៏​សែន​លំបាក​មួយ​សម្រាប់​ប្រទេស​ប៉ាគីស្ថាន​ ពីព្រោះ​ប្រទេស​នេះ​បាន​ទទួល​ផល​ចំណេញ​យ៉ាង​ច្រើន​ពីប្រទេស​អារ៉ាប៊ី​សាអូឌីត​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ មិន​ថា​ជំនួយ​ផ្នែក​សេដ្ឋកិច្ច​ឬ​ក៏​ការ​គាំទ្រ​ដោយ​យោធា​នោះ​ទេ»។

មន្រ្តី​អារ៉ាប៊ីសាអូឌីត​ក៏ហាក់​ដូចជា​កំពុង​តែ​បណ្តុះ​ឲ្យ​មាន​ជម្រើស​ផ្សេង​ទៀត​ដែរ។ ​គ្រាន់​តែ​ក្នុង​ខែមុននេះ ​រដ្ឋាភិបាល​ក្រុង​ Riyadh ​បាន​ចុះ​ហត្ថលេខា​លើ​អនុសារណៈ​នៃ​ការ​យោគយល់​គ្នា​មួយជាមួយ​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​រក​មើល​លទ្ធភាព​ក្នុង​ការ​កសាង​រេអាក់ទ័រ​បរមាណូ​ពីរ​កន្លែង​ដែល​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល​២ពាន់​លាន​ដុល្លារ។ ​ពួក​អតីត​មន្រ្តី​អារ៉ាប៊ីសាអូឌីត​និង​មន្រ្តី​ដែល​នៅ​កាន់​តំណែង​នៅ​ឡើយ​មួយ​ចំនួន​ បាន​និយាយ​កាល​ពី​ប៉ុន្មាន​ខែ​មុន​ថា​ ក្រុង​ Riyadh នឹង​ទាមទារ​ឲ្យ​បាន​នូវ​សមត្ថភាព​អាវុធ​បរមាណូ ដូចអ្វី​ដែល​ប្រទេសអ៊ីរ៉ង់​នឹង​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​មាន​ ​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​ថ្មី​ចុង​ក្រោយ​ណា​មួយ។

អតីតប្រធានផ្នែកស៊ើប​ការណ៍​សម្ងាត់​នៃប្រទេស​អារ៉ាប៊ីសាអូឌីត​ ព្រះ​អង្គម្ចាស់​ Turki al-Faisal បាន​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ BBC ​នៅ​ក្នុង​បទ​សម្ភាសន៍​កាល​ពី​ថ្ងៃ​ទី១៦​ ខែមីនា​ជា​អាទិ​ថា៖ «ខ្ញុំ​តែង​តែ​និយាយ​ថា ​អ្វី​ក៏ដោយ​ដែល​កើត​ចេញ​ពី​កិច្ច​ពិភាក្សា​នោះ ​យើង​ក៏ចង់​បាន​ដូច​គ្នា​នេះ​ដែរ»។

ទោះ​យ៉ាង​ណា វា​ក៏អាច​មាន​ឱកាស​មួយដែរ​ដែល​ថា​ ប្រទេស​អារ៉ាប៊ីសាអូឌីតនឹង​មិន​អាច​រង់ចាំ​បាន​ទេនៅ​ក្នុង​ការ​តទល់​ជាមួយអ៊ីរ៉ង់​ ដោយកសាងខ្លួនឯង​ឲ្យ​ទៅ​ជា​ប្រទេស​មួយ​មាន​អាវុធ​បរមាណូ​នោះ។

អតីត​អគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ លោក Dennis Ross ​បាន​ប្រាប់​ក្រុម​អ្នក​ស្តាប់កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ថា៖ ​«ខ្ញុំ​ហ៊ាន​និយាយ​ថា​ ប្រទេស​យេម៉ែន​កំពុង​តែ​ប្រកាស​ប្រាប់​អ៊ីរ៉ង់​តាម​របៀប​ច្រើន​ប្រការ​យ៉ាងច្បាស់​ថា​ ពួក​គេ​នឹង​ប្រឆាំង​ទល់​នឹងអ្វីដែល​អ៊ីរ៉ង់​កំពុង​ធ្វើ​ឡើង​នៅ​ទូទាំង​តំបន់។ ​បើតាម​ជំហរ​របស់​អារ៉ាប៊ីសាអូឌីត​ យ៉ាង​ហោច​ណាស់​ក៏​ពួក​គេ​មើល​ឃើញ​ខ្លួន​ឯង​ថា​កំពុង​តែ​ត្រូវ​បាន​ឡោមព័ទ្ធ​ដោយអ្វី​ដែល​គេជឿ​ថា​ជា​ការ​គំរាម​កំហែង ឬ​ជា​បញ្ហា​ប្រឈម​ ដែល​មានការ​ជំរុញ​ទឹក​ចិត្ត​ពី​ប្រទេស​អ៊ីរ៉ង់»។

លោក Schanzer នៃ​មូល​និធិ​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ​ជឿ​ជាក់​ថា ​នេះ​គឺ​ជា​ហេតុផល​ដែល​ធ្វើ​ឲ្យ​ការ​វាយ​ប្រហារ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត​ក្នុង​ប្រទេស​យេម៉ែន ​មាន​ការ​ពិនិត្យ​មើល​យ៉ាងដិត​ដល់។

លោក​បាន​មាន​ប្រសាសន៍​ថា៖​ «ដរាបណា​ការ​វាយ​ប្រហារ​នេះ​នៅ​តែ​បន្ត​យូរ​ទៀត​នោះ ខ្ញុំ​គិត​ថា យើង​នឹង​ចាប់​ផ្តើម​ឃើញ​កាន់​តែ​ច្បាស់​ឡើង​អំពី​បេសកកម្ម​ខ្លះ​បន្ត​វាទី​ទៅ​មុខ​យឺតៗ​ ហើយ​ប្រហែល​ជា​មាន​ការ​វាយ​ប្រហារ​ទៅ​លើ​គោល​ដៅ​ដែល​គំាទ្រ​ដោយ​អ៊ីរ៉ង់​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​តំបន់»។

មន្រ្តី​អារ៉ាប៊ីសាអូឌីត​មួយ​ចំនួន​ហាក់​ដូចជា​កំពុង​តែ​និយាយ​ដោយ​មាន​ទស្សនៈ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង។ នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​កាល​ពី​សប្តាហ៍​កន្លង​ទៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន លោក​ Adel al-Jubeir​ ឯក​អគ្គរាជទូត​អារ៉ាប៊ីសាអូឌីត​បាន​និយាយ​ដៀមដាម​ចំពោះ​ការ​គាំទ្រ​របស់​អ៊ីរ៉ង់​ដល់​ពួក​ Houthis ​ដោយ​និយាយ​ថា​ នេះ​ជា​«ស្ថានភាព​មួយ​ដែល​មិន​អាច​អត់​អោន​ឲ្យបាន​ទេ»។

លោក​មាន​ប្រសាសន៍​ថា៖ ​«យើង​ឃើញ​មាន​ផលវិបាក​បែប​នោះ​កើត​ឡើង​ជាមួយ​ពួក​ Hezbollah ក្នុង​ប្រទេស​លីបង់​ ដែល​នៅ​ទីនោះ​ក្រុម​ជីវពល​មួយ​បាន​គ្រប់​សង្កត់​លើរដ្ឋ​ទាំង​ស្រុង​និង​គំរាម​កំហែង​ដល់​ស្ថាប័ន​រដ្ឋ​ជាច្រើន​ទៀត»។

មន្រ្តី​សហរដ្ឋ​អាមេរិក​មិន​យល់​ឃើញ​ថា ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​អារ៉ាប៊ីសាអូឌីត​ក្នុង​ប្រទេស​យេម៉ែន​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា ក្រុង​ Riyadh ​មាន​ចក្ខុវិស័យ​ចង់​ក្លាយ​ជា​ប្រទេស​អំណាច​ពង្រីក​ទឹកដី​ ឬ​ចង់​ព្យាយាម​ត​ទល់​ជាមួយ​អ៊ីរ៉ង់​នោះ​ទេ»។

មន្រ្តី​សហរដ្ឋ​អាមេរិក​ម្នាក់​បាន​ប្រាប់​វីអូអេ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា៖​ «ជាទូទៅ ការ​ព្រួយ​បារម្ភ​របស់​ពួក​គេ​នោះ ​គឺ​ការ​ទប់​ទល់​ជាមួយ​អំពើ​ជ្រុល​និយម​ដោយ​មាន​គោល​ដៅ​វែង​ឆ្ងាយ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ស្ថិរភាព​ឡើងវិញ។ ពួក​គេ​ផ្តល់​តម្លៃ​ខ្ពស់​ទៅ​លើ​ស្ថិរភាព»។

ការ​ព្រួយ​បារម្ភ​មួយ​ទៀត​គឺ​ ផល​ប៉ះពាល់​ដែល​វិធានការ​របស់ប្រទេស​អារ៉ាប៊ីសាអូឌីត អាច​មាន​ទៅ​លើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដែល​កំពុង​ធ្វើ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ពួក​ជន​ជ្រុលនិយម​និកាយ​សុន្នី​ រួមទាំង​ពួក​រដ្ឋអ៊ីស្លាម​ និង​ពួក​អាល់កៃដា ​នៅ​ក្នុង​ឧបទ្វីប​អារ៉ាប់។

មន្រ្តី​សហរដ្ឋ​អាមេរិក​ម្នាក់​ផ្នែក​ប្រឆាំង​នឹង​អំពើរ​ភេរវកម្ម​បាន​ប្រាប់​វីអូអេ​ថា​ នៅ​ក្នុង​ផ្នែក​មួយ​នៃការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រឆាំង​នឹង​ពួក​ Shi'ite Houthis​ ក្រុមសកម្មជន​និកាយ​សុន្នី​ក្នុង​ប្រទេស​យេម៉ែន​ ប្រហែល​ជា​អាច​ភ្ជាប់ខ្លួន​ទៅ​ជាមួយ​ក្រុម​ផ្សេងៗ​ ដូច​ជា​ក្រុម​ AQAP​ ដើម្បី​ទទួល​បាន​«អត្ថ​ប្រយោជន៍​ខាងយុទ្ធសាស្រ្ត»។​

អតីត​ឯកអគ្គ​រដ្ឋទូត​អាមេរិក ​លោក Mark Wallace​ មាន​ប្រសាសន៍​ថា​ លោក​ជឿ​ជាក់​ថា ការ​ផ្លាស់ប្តូរដូច​គ្នា​នេះ​មួយ​ អាច​លាត​សន្ធឹង​ជា​ទ្រង់ទ្រាយ​ធំ​ជាង​នេះ​ថែមទៀត។

លោក​ថ្លែង​ថា​ «ពេល​ខ្លះ​ ការ​ត​ទល់​ជាមួយ​នឹង​អ៊ីរ៉ង់​អាច​នាំ​ឲ្យ​មាន​ការ​គាំទ្រ​ដល់ក្រុម​ទាំង​ឡាយនោះ​ទៅ​វិញទេ​ ដែល​យើងបាន​ចាត់​ថា​ជា​ពួក​ជន​ជ្រុល​និយម»៕

ប្រែ​សម្រួល​ដោយ​ នៀម ​ឆេង

អត្ថបទ​ទាក់ទង

XS
SM
MD
LG