យន្តហោះចម្បាំងប្រទេសយេម៉ែន បានធ្វើការវាយប្រហារថ្មីមួយប្រឆាំងក្រុមឧទ្ទាម ហ៊ូធី (Houthi) ភាគខាងត្បូង ប្រទេសនាថ្ងៃព្រហស្បតិ៍នេះ ក្នុងពេលដែលក្រុមសម្ព័ន្ធមិត្តអារ៉ាប់ក្នុងឈូងសមុទ្រ Perse និងអ្នកដទៃទៀតក្នុងតំបន់ រុសរាន់ទៅជួយលោកប្រធានាធិបតី Abd-Rabbu Mansour Hadi ដែលអន្តរជាតិគាំទ្រ។
មន្រ្តីនិយាយថា យុទ្ធនាការវាយប្រហារផ្ឡូវអាកាស ដែលបានចាប់ផ្តើមកាលពីល្ងាចថ្ងៃពុធ បានតម្រង់ទៅលើទីតាំងយោធា ដែលក្រុមហ៊ូធីបានដណ្តើមយក នៅពេលដែលក្រុមនោះបានបន្តធ្វើប្រតិបត្តិការក្នុងរយៈពេលច្រើនសប្តាហ៍ឆ្លងកាត់ប្រទេសយេម៉ែនភាគខាងត្បូង។
ប្រទេសហ្ស៊កដានី អេហ្ស៊ីប និង ស៊ូដង់ បានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនក៏បានចូលរួមនៅក្នុងប្រតិបត្តិការនេះដែរ ក្នុងខណៈដែលការិយាល័យការបរទេសរបស់ប្រទេសប៉ាគិស្ថានបាននិយាយថា ខ្លួនកំពុងពិចារណាសេចក្តីស្នើរបស់ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ក្នុងការបញ្ជូនកងទ័ព។
ទីភ្នាក់ងារព័ត៌មានរដ្ឋ អារ៉ាប៊ី សាអ៊ូឌីតរាយការណ៍ថា ប្រទេសម៉ារ៉ុកបានសន្យាថានឹងចូលរួម ហើយបណ្តាញព័ត៌មាន al-Arabiya របស់អារ៉ាប៊ី សាអ៊ូឌីតនិយាយថា ប្រទេសអារ៉ាប៊ី សាអ៊ូឌីត បានសន្យាដោយផ្ទាល់ក្នុងការបញ្ជូនកងទ័ព ១៥ ម៉ឺននាក់ និង យន្តហោះ ១០០ គ្រឿង។
ប្រទេសអ៊ីរ៉ង់ ដែលជាគូប្រជែងរបស់អារ៉ាប៊ី សាអ៊ូឌីត ហើយគេជឿថាជាអ្នកគាំទ្រក្រុម ហ៊ូធី បានថ្កោលទោសការវាយប្រហារនេះ ដោយនិយាយថាសកម្មភាពយោធាជា«ការឈ្លានពាន»មួយ នឹងធ្វើឲ្យវិបត្តិនៅប្រទេសយេម៉ែនរឹតតែមានភាពស្មុគស្មាញតទៅទៀត៕