ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ការ​ទូត​អារ៉ាប៊ី ​សាអូឌីត​ការពារ​ការ​វាយ​ប្រហារ​នៅ​យេម៉ែន


យុទ្ធជន​របស់​ឧទ្ទាម Houthi ត្រួត​ពិនិត្យ​ការ​ខូចខាត​ដែល​បណ្តាល​មក​ពី​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ឯ​ព្រលាន​យន្តហោះ​នៅ​ក្រុង Saada ភាគ​ពាយព្យ​ប្រទេស​យេម៉ែន​ កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥។
យុទ្ធជន​របស់​ឧទ្ទាម Houthi ត្រួត​ពិនិត្យ​ការ​ខូចខាត​ដែល​បណ្តាល​មក​ពី​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ឯ​ព្រលាន​យន្តហោះ​នៅ​ក្រុង Saada ភាគ​ពាយព្យ​ប្រទេស​យេម៉ែន​ កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥។

ឯក​អគ្គរាជ​ទូត​ប្រទេស​អារ៉ាប៊ី ​សាអូឌីត​ប្រចាំ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោនបាន​និយាយ​ថា​ យុទ្ធនា​ការ​វាយ​ប្រហារ​តាម​អាកាសដែល​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប់ប៊ី ​សាអូឌីត​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម ​Houthi ​និកាយ​ស៊ីអ៊ីដ​នៅ​ក្នុង​ប្រទេស​យេម៉ែន​គឺ​ជា​សង្គ្រាម​ចាំបាច់ ​មិន​មែន​ជា​សង្គ្រាម​ដោយ​ប្រយោល​ប្រឆាំង​នឹងប្រទេស​អ៊ីរ៉ង់​ទេ។​ ថ្វី​បើ​សម្ព័ន្ធ​អារ៉ាប់​បាន​សម្រេចបង្កើត​កងកម្លាំង​អន្តរាគមន៍​រួម​គ្នា​ ក៏​ប៉ុន្តែ​សម្ព័ន្ធ​ភាព​នេះ​គ្មាន​ផែនការ​ភ្លាមៗ​ដើម្បី​ដាក់​កងទ័ព​ថ្មើរ​ជើង​នៅ​ក្នុង​ប្រទេស​យេម៉ែនទេ។​

លោក​ Adel al-Jubeir ​ឯក​អគ្គរាជ​ទូត​អារ៉ាប៊ី ​សាអូឌីត ​និយាយ​ថា ​គោល​បំណង​នៃ​យុទ្ធនា​ការ​វាយ​ប្រហារ​តាម​អាកាស​គឺ​ដើម្បី​ការពារ​ប្រជាពលរដ្ឋ​ហើយ​និង​រដ្ឋាភិបាល​យេម៉ែន​ប្រឆាំង​នឹង​ក្រុម​ Houthis ​ដែល​លោក​ពណ៌នា​ថា ​ជា​អង្គការ​ប្រកាន់​គោល​នយោបាយជ្រុលនិយម​ដែល​មាន​ចំណង​ទាក់​ទង​ជាមួយ​ប្រទេស​អ៊ីរ៉ង់​និង​ក្រុម ​Hezbollah។​ លោក​ក៏​និយាយ​ដែរ​ថា ​យុទ្ធនាការ​របស់អារ៉ាប៊ី សាអូឌីត​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទៅ​តាម​បញ្ជា​រដ្ឋាភិ​បាល​ប្រទេសយេម៉ែន​ស្រប​ច្បាប់​របស់លោក​ប្រធានាធិបតី​ Abd Rabbou Mansur Hadi ​ហើយ​និង​មាន​គោល​បំណង​ធ្វើ​ឲ្យ​មាន​សន្តិភាព​និង​ស្ថេរភាព​ឡើង​វិញ​ដល់​ប្រទេស​ជិត​ខាង​នៅ​ផ្នែក​ខាង​ត្បូងប្រទេស​អារ៉ាប៊ី ​សាអូឌីត។​

លោក​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ បារ៉ាក់ អូបាម៉ា ​ដែល​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រជាមួយ​ព្រះ​មហាក្សត្រ​ Salman ​នៃ​ប្រទេស​អារ៉ាប៊ី ​សាអូឌីត​ ​បាន​បញ្ជាក់​ថា ​សហ​រដ្ឋ​អាមេរិក​គាំទ្រ​សកម្មភាព​ធ្វើ​ឡើង​ដោយរដ្ឋាភិបាល​ទីក្រុង​រីយ៉ាដ (Riyadh) ​ហើយ​និង​ដៃគូ​នានា​របស់​រដ្ឋាភិបាល​នោះ​នៅ​ក្នុង​ប្រទេស​យេម៉ែន ​ដោយ​និយាយ​ថា ​លោក​ទាំង​២​បាន​ព្រម​ព្រៀង​គ្នា​លើ​គោល​ដៅ​មួយ​គឺ​ធ្វើ​ឲ្យ​មានស្ថេរភាព​ដ៏​ស្ថិតស្ថេរដល់​ប្រទេស​យេម៉ែន​តាម​រយៈ​ដំណោះ​ស្រាយ​ខាង​នយោ​បាយ​ដោយ​ការ​ចរចា​គ្នា។​

ឯក​អគ្គ​រាជទូត​អារ៉ាប៊ី សាអូឌីត​ ដែល​បង្ហាញ​ខ្លួន​នៅ​តាម​បណ្តាញ​ទូរទស្សន៍​ CBS​ ក្នុង​កម្មវិធី ​Face the Nation​ បាន​និយាយ​ថា ​ការ​វាយ​ប្រហារ​តាម​អាកាស​ទាក់​ទិន​ប្រទេស​ជាង​១០​នេះ​នឹង​បន្ត​រហូតដល់​សម្រេចគោល​ដៅ។​ លោក​បាន​ហៅ​ការ​វាយ​ប្រហារ​នេះ​ថា ​ជា​សង្គ្រាមដ៏​ចាំបាច់ ​គឺ​មិន​មែន​ជា​សង្គ្រាម​ប្រយោល​រវាង​អារ៉ាប៊ី ​សាអូឌីត​ដែល​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ុននី​ និង​អ៊ីរ៉ង់​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ីអ៊ីដ​នោះ​ទេ។​

«យើង​គ្មាន​ជម្រើស​ទេ។ ​យើង​បាន​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​បញ្ចៀស​ការ​វាយ​ប្រហារ​តាម​អាកាស​នេះ។​ ប្រជា​ពលរដ្ឋ​យេម៉ែន​បាន​ព្យាយាម​គ្រប់​មធ្យោបាយ​ដើម្បី​បញ្ចៀស​ការ​វាយ​ប្រហារ​នេះ​ដែរ។​ កិច្ច​ព្រម​ព្រៀងបាន​ធ្វើ​ហើយ ប៉ុន្តែ​គ្រប់​កិច្ច​ព្រម​ព្រៀងដែល​បាន​ធ្វើ​ឡើង​ជាមួយ​ក្រុម ​Houthis​ គឺ​កិច្ច​ព្រមព្រៀង​ចំនួន​៦៧ ​ដែល​ក្រុម ​Houthis ​មិន​បាន​យកចិត្ត​ទុកដាក់។​

ដូច្នេះ ​ពួកគេ​បន្តត្រួតត្រា​ប្រទេស​នោះ ​ហើយ​ពេល​ដែល​ពួកគេ​សឹងតែ​កាន់​កាប់​កំពង់ផែ​ទីក្រុង ​Aden ​ដោយ​មាន​ប្រធានាធិបតី ​Abd Rabbou Mansur Hadi ​នៅ​ទី​នោះ ​យើង​ត្រូវ​តែ​ចូល​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​ជួយ​រដ្ឋាភិបាល​ស្រប​ច្បាប់​នេះ‍»។​

លោក​ឯក​អគ្គរាជ​ទូត​មាន​ប្រសាសន៍​ទៀត​ថា ​គ្មាន​ផែនការ​ដើម្បីបញ្ជូន​ទ័ព​ថ្មើរ​ជើង​ក្នុង​ប្រទេស​យេម៉ែន​ទេ​ ក៏ប៉ុន្តែ​មន្រ្តី​យោធា​អារ៉ាប៊ី ​សាអូឌីត​ម្នាក់​ និយាយ​ថា ​ការវាយ​ប្រហារ​ដោយ​គ្រាប់​កាំភ្លើង​ត្បាល់​ខ្លះៗ​ឆ្លង​កាត់​ព្រំ​ដែន​ ទៅ​លើក្រុម ​Houthis​ ក្នុង​តំបន់​ខាង​ជើង​នៃ​ប្រទេស​យេម៉ែន។​

លោក ​Jubeir ​មាន​ប្រសាសន៍​ទៀត​ថា ​អ៊ីរ៉ង់បាន​ទាក់ទិន​យ៉ាង​ខ្លាំងនៅ​ក្នុង​ការគាំទ្រ​ក្រុម ​Houthis។​

«ក្រុម ​Houthis ​ជា​ចលនា​ខាង​មនោគម​វិជ្ជា​ដែល​មាន​ការ​ពាក់​ព័ន្ធ​នឹង​អ៊ីរ៉ង់។​អ៊ីរ៉ង់​បានផ្តល់​អាវុធ​ដល់​ពួកគេ។​ អ៊ីរ៉ង់​បាន​ផ្តល់​ទីប្រឹក្សា​ដល់​ពួកគេ​ ហើយ​អ៊ីរ៉ង់​បាន​ផ្តល់​ប្រាក់​ដល់​ពួក​គេ‍»។​

អ៊ីរ៉ង់​បាន​បដិសេធ​ការ​ថា ខ្លួន​មិន​បាន​ផ្តល់​អាវុធ​ដល់​ក្រុម ​Houthis​ ទេ។​

សមាជិក​ព្រឹទ្ធ​សភា​ Richard Burr ​ប្រធាន​គណៈ​កម្មាធិការ​ស៊ើប​ការណ៍​សម្ងាត់​ព្រឹទ្ធ​សភា​សហ​រដ្ឋ​អាមេរិក​បាន​ប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​ដដែល​នោះ​ថា ​អ៊ីរ៉ង់​បាន​ពាក់​ព័ន្ធ​ ហើយក្រុម​ចម្រុះ​ដែល​ដឹកនាំ​ដោយ​អារ៉ាប៊ី ​សាអូ​ឌីត​មិន​អាច​អនុញ្ញាតឲ្យអ៊ីរ៉ង់​ចូល​ទៅ​ក្នុង​ប្រទេស​យេម៉ែន​ទេ‍។​

«យើង​ហៅ​ពួកគេ​ថា ​Houthis ​ក៏ប៉ុន្តែ​ក្រុម​នេះ​ជា​អ៊ីរ៉ង់។​ អ៊ីរ៉ង់​បាន​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ពួកគេ។​ ក្រុម ​Houthis ​បានពិគ្រោះ​យោបល់​ជាមួយ​ពួក​គេ។ ​អ៊ីរ៉ង់​បាន​បញ្ជូន​អាវុធ ​ហើយ​តាម​ការណ៍​ពិត​គឺ​ថា ​រដ្ឋ​នៅ​ឈូង​សមុទ្រ​គឺ​ក្រុម​ចម្រុះ​នេះ​នឹង​មិន​ឱប​ដៃ​ឈរ​មើលនោះ​ទេ‍»។​

លោក​ Burr ​មាន​ប្រសាសន៍​ទៀត​ថា ​ដោយសារ​តែ​ខ្វះ​វត្ត​មាន​សហ​រដ្ឋ​អាមេរិក ​ភេរវកម្ម​បាន​រីក​លូតលាស់ក្នុង​តំបន់​មជ្ឈឹម​បូព៌ា​ ហើយ​កំពុង​រាលដាល​ទៅ​តំបន់​អាហ្វ្រិក​ខាង​ជើង​និង​អាស៊ី​កណ្តាល​ទៀត។​

នៅ​ពេលបញ្ចប់​សន្និសីទ​កំពូល​២​ថ្ងៃ​នៅតំបន់​លំហែ​កាយ ​Sharm el-Sheikh ​នៃ​ប្រទេស​អេហ្ស៊ីប​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​ ​លោក ​Nabil Elaraby ​អគ្គ​លេខាធិការ​សម្ព័ន្ធ​អារ៉ាប់​បាន​ព្រមាន​ថា ​យេម៉ែន​ហៀប​ធ្លាក់​ចូល​រណ្តៅ​ដែល​តម្រូវ​ឲ្យ​មាន​ចំណាត់​ការ​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​របស់​អារ៉ាប់​ និង​អន្តរ​ជាតិ​ ដើម្បី​បញ្ចប់​អ្វី​ដែល​លោក​បាន​ហៅ​ថា រដ្ឋ​ប្រហារ​របស់ ​Houthis ​ហើយ​និង​ដើម្បី​ស្រោចស្រង់រដ្ឋាភិបាល​ស្រប​ច្បាប់​នោះ​ឡើង​វិញ។ ​លោក ​និយាយ​បន្ត​ទៀត​ថា ​សម្ព័ន្ធ​អារ៉ាប់​បាន​ព្រម​ព្រៀង​គ្នា​ជា​គោល​ការណ៍​ដើម្បី​បង្កើត​កង​កម្លាំង​អន្តរាគមន៍​អារ៉ាប់​រួម​គ្នា​ដើម្បី​ប្រឈម​មុខ​បញ្ហា​ក្នុង​តំបន់​ហើយ​និង​រក្សា​អត្ត​សញ្ញាណ​ជាតិ​អារ៉ាប់។​

លោក ​Amin Saikal ​អ្នក​វិភាគ​ក្នុង​តំបន់​នៃ​សាកល​វិទ្យាល័យ​ជាតិ​អូស្រ្តាលី ​ជឿ​ជាក់​ថា គេ​ត្រូវ​ចំណាយ​ពេល​រាប់​សិប​ខែ​ ទើបប្រទេស​ចូល​រួម​ក្នុង​សម្ព័ន្ធ​អារ៉ាប់​នេះ​អាច​បង្កើត​កង​កម្លាំង​បែប​នេះ​បាន។​

«ខ្ញុំ​គិត​ថា ​នេះ​ជា​អ្វី​ដែល​ប្រធានាធិបតី​ Abdel Fattah el-Sissi​ នៃ​ប្រទេស​អេហ្ស៊ីប​ចង់​បាន​ក្នុង​ឋានៈ​ជា​ឧត្តម​សេនីយ៍​យោធា​ម្នាក់​ ហើយ​ឥឡូវ​នេះ​លោកមាន​កិច្ច​ព្រម​ព្រៀង​របស់​សម្ព័ន្ធ​អារ៉ាប់ ​ក៏ប៉ុន្តែជា​ការណ៍​ពិត ​គេមិន​ទាន់ប្រាកដ​នៅ​ឡើយ​ថា ​ប្រទេស​អារ៉ាប់​ទាំង​អស់​ចំនួន​២៤នឹង​ចូល​រួម​នៅ​ក្នុង​ការ​បង្កើត​កង​កម្លាំង​នេះ​ឬ​ទេ‍»។​

លោក​ Siakal ​និយាយ​បន្ត​ទៀត​ថា ​ការ​ខ្វះ​សាមគី្គភាពក្នុង​ចំណោម​រដ្ឋ​ជា​សមាជិក ​បាន​ធ្វើ​ឲ្យ​មាន​ការ​រកាំ​ចិត្តនៅ​ក្នុង​ការ​ខំ​ប្រឹងប្រែង​កាល​ពី​អតីត​កាលដើម្បីបង្កើត​កង​កម្លាំង​បែប​នេះ។​ លោក​និយាយ​បន្ត​ទៀត​ថា ​គេមិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា​ តើ​ប្រទេស​ណា​នឹង​ផ្តល់​ហិរញ្ញ​វត្ថុ ​សំភារៈ​ ឬ​ផ្តល់​កងទ័ព​សម្រាប់​កម្លាំង​បែប​នេះ​ទេ។​

នៅ​ក្នុងបទ​សម្ភាសន៍ដាច់​ដោយ​ឡែកក្នុង​បណ្តាញ​ទូរទស្សន៍ ​NBC​ ក្នុង​កម្មវិធី ​Meet the Press ​លោក​ឯក​អគ្គរាជ​ទូត ​Jubeir ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​អារ៉ាប៊ី ​សាអូឌីត​និង​អ៊ីរ៉ង់​អាច​រស់​នៅ​ដោយ​សន្តិភាព​ជាមួយ​គ្នា​ឬ​មិន​អាច​នោះ​ គឺអា​ស្រ័យ​លើ​រដ្ឋាភិបាល​ទីក្រុង​តេហេរ៉ង់ (Tehran)។​ លោក​មាន​ប្រសាសន៍​ទៀត​ថា ​ប្រទេស​របស់​លោក​បាន​ក្លាយ​ជា​ជន​រងគ្រោះ​ម្តង​ហើយ​ម្តង​ទៀត​ ​ដោយ​សារភាព​គឃ្លើន​របស់​អ៊ីរ៉ង់​ ហើយ​សំណើ​សន្តិភាព​របស់​អារ៉ាប៊ី សាអូឌីតត្រូវ​គេ​ច្រាន​ចោល។​

លោក​ Jubeir ​បាន​មាន​ប្រសាសន៍​ថា ​ព្រះ​រាជា​ណាចក្រ​អារ៉ាប៊ី ​សាអូឌីត​ គាំទ្រ​កិច្ច​ព្រម​ព្រៀង​អំពី​កម្មវិធី​នុយក្លេអ៊ែ​របស់​អ៊ីរ៉ង់ ​ប៉ុន្តែ​លោក​និយាយ​ថា ​កិច្ច​ព្រម​ព្រៀង​នោះ​ត្រូវ​តែ​ជា​កិច្ច​ព្រម​ព្រៀង​ដ៏​ប្រាកដ​ប្រជា​ ដែល​មិន​ឲ្យ​អ៊ីរ៉ង់មាន​លទ្ធភាព​ធ្វើអាវុធ​នុយក្លេអ៊ែ​បាន​ទេ​ ហើយកិច្ច​ព្រម​ព្រៀង​នោះ​ត្រូវ​តែ​អាច​ផ្ទៀង​ផ្ទាត់​បាន៕​

ប្រែសម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG