រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃអាទិត្យ បានថ្លែងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅដើមខែមិថុនា មានលក្ខណៈសេរី គ្មានការគំរាមកំហែងលើអ្នកបោះឆ្នោត ទោះមានវោហារសព្ទនយោបាយឆ្លងឆ្លើយដាក់គ្នារវាងគណបក្សចូលរួមក្នុងការបោះឆ្នោតក៏ដោយ។
នៅក្នុងពិធីសាសនាមួយក្នុងខេត្តព្រៃវែង កាលពីថ្ងៃទី១៩ ខែមិថុនា លោក ស ខេង ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងទៀតថាការបោះឆ្នោតឃុំសង្កាត់សម្រាប់អាណត្តិទី៥នេះ មានលក្ខណៈប្រជាធិបតេយ្យ ដោយសារមានគណបក្សចំនួន១៧ចូលរួម ក្នុងនោះមានគណបក្សកាន់អំណាច ដែលលោកអះអាងថា បានទទួលសំឡេងគាំទ្រច្រើនពីអ្នកបោះឆ្នោត។
ថ្លែងនៅក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តពោធិរង្សី (ហៅវត្តត្រពាំងទទឹម) ស្ថិតក្នុងភូមិត្រពាំងទឹម ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង លោក ស ខេង ប្រាប់ក្រុមមន្ត្រីដែលហែហមរូបលោក និងប្រជាពលរដ្ឋដែលចូលរួមថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ បានផ្តល់ឱកាសឱ្យពលរដ្ឋជ្រើសរើសមេដឹកនាំនៅថ្នាក់មូលដ្ឋានដោយគ្មានការភ័យខ្លាច។
ក៏ប៉ុន្តែលោកថា មតិរិះគន់នៅតែមានជុំវិញការបោះឆ្នោត ដែលតាមលទ្ធផលបឋមបង្ហាញឱ្យឃើញថាគណបក្សប្រជាជនកម្ពុជានឹងក្តោបក្តាប់ក្បាលម៉ាស៊ីនឃុំសង្កាត់នៅស្ទើរគ្រប់រាជធានីខេត្តក្រុង។
លោកនិយាយថា៖ «ប៉ុណ្ណឹងហើយ នៅមានអ្នកគេថា លួចបន្លំ ប៉ុន្តែមាត់ចេះតែថាលួចបន្លំ ប៉ុន្តែដៃទទួលយកលទ្ធផលបោះឆ្នោត។ ចុះបើគេលួចបន្លំហើយ ចាំបាច់យើងយកធ្វើអី? ចេះនិយាយទៅកើត និយាយឱ្យតែបាន និយាយអត់ទទួលខុសត្រូវ ហើយនិយាយដោយបំពានការពិត»។
បើតាមលោក ស ខេង ការបោះឆ្នោតកន្លងទៅ ជាកិច្ចការលំបាកមួយសម្រាប់កម្លាំងនគរបាលផ្តល់ការការពារសន្តិសុខ ដោយសារធនធានកម្លាំងនគរបាលនៅមានកម្រិត ដែលត្រូវការការជួយបន្ថែមពីប្រជាការពារភូមិជាង១ម៉ឺននាក់នៅទូទាំងប្រទេស។
គួររម្លឹកឡើងវិញផងដែរថា នៅក្រោយការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥នេះ មានការចោទប្រកាន់ផ្សេងៗ ពីភាគីតំណាងគណបក្សនយោបាយមួយចំនួនក្នុងនោះមានគណបក្សភ្លើងទៀន ដែលប្តឹងស្ថាប័នរៀបចំការបោះឆ្នោតជាតិ ចំពោះភាពមិនប្រក្រតីនៃការរាប់សន្លឹកឆ្នោត និងវត្តមានមេភូមិ និងមេឃុំ នៅការិយាល័យបោះឆ្នោត។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលចូលរួមការបោះឆ្នោតថ្នាក់មូលដ្ឋានមួយនេះ ក៏បានដាក់ពាក្យបណ្តឹងចំនួន៥ផងដែរទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ឃុំសង្កាត់ និងជាតិ ពាក់ព័ន្ធភាពមិនប្រក្រតីនៃវត្តមានរបស់មន្ត្រីមូលដ្ឋានរួមមានក្រុមប្រឹក្សាស្រុកនិងខេត្តនៅការិយាល័យបោះឆ្នោត។
វីអូអេព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីអនុប្រធានគណបក្សភ្លើងទៀនពីររូប គឺលោក សុន ឆ័យ និងលោក ថាច់ សេដ្ឋា ទាំងតាមទូរស័ព្ទ និងប្រព័ន្ធទំនាក់ទំនងសង្គម តែគ្មានការឆ្លើយតប។
មន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែលលោក កន សាវាង្ស ប្រាប់វីអូអេថា ស្ថាប័នរបស់លោកមិនវាយតម្លៃទៅលើភាពត្រឹមត្រូវនៃដំណើរការរៀបចំការបោះឆ្នោតឃុំសង្កាត់កន្លងទៅនោះទេ ក្រោមហេតុផលថានៅមុនការបោះឆ្នោត ក្រុមអង្គការសង្គមស៊ីវិលចំនួន៦៤ស្ថាប័នបានលើកឡើងអំពីលក្ខខណ្ឌអប្បបរមា៦ចំណុច ពាក់ព័ន្ធសិទ្ធិបញ្ចេញមតិ ការជួបជុំដោយសន្តិវិធី និងសិទ្ធិនយោបាយ សម្រាប់ឱ្យការបោះឆ្នោតដំណើរការទៅដោយសេរី និងយុត្តិធម៌។
បើតាមលោក កន សាវង្ស មានការប្រែប្រួលតិចតួច ក្នុងលក្ខខណ្ឌទាំង៦នេះ ទើបសង្គមស៊ីវិលដាក់ពង្រាយបានត្រឹមតែអ្នកសង្កេតការណ៍ ប៉ុន្តែមិនវាយតម្លៃលើដំណើរការបោះឆ្នោតទេ។
លោកថ្លែងថា៖ «តិចតួចត្រង់ណា? តិចតួចត្រង់ថា ទីមួយ ដំណើរការ ទាក់ទងជាមួយនឹងរឿងសិទ្ធិនយោបាយ ដែលយើងឃើញថា ទោះបីក្នុងកម្រិតបែបណាក៏ដោយ ក៏ប៉ុន្តែយើងឃើញថា ប្រជាពលរដ្ឋនាំគ្នា បង្កើតលម្ហបរិយាកាសនៅខាងក្រោមហ្នឹង តាមរយៈការទៅចុះឈ្មោះ ឈរឈ្មោះបោះឆ្នោតអីផ្សេងៗហ្នឹង។ ទី២ លម្ហរបស់អង្គការសង្គមស៊ីវិល ទោះបីថាកម្រិតមានការតឹងតែងប៉ុណ្ណាក៏ដោយ ប៉ុន្តែយើងនៅមើលឃើញកន្លែងខ្លះ អាចធ្វើការងារជាមួយគ្នាបានជាមួយនឹងថ្នាក់ក្រោម»។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក ឡឹក សុធារ ចាត់ទុកការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ មានភាពអាក្រក់ជាងពេលណាទាំងអស់ក្នុងប្រវត្តិសាស្ត្រនៃការបោះឆ្នោតនៅកម្ពុជា ព្រោះមិនមានភាពស្មើគ្នាសម្រាប់គណបក្សនយោបាយក្នុងការឃោសនា ហើយអាជ្ញាធរភូមិឃុំ និងក្រុមប្រឹក្សាស្រុកខេត្តមានវត្តមាននៅតាមមណ្ឌលបោះឆ្នោត។
លោកបន្ថែមថា៖ «ហើយក៏រាប់សន្លឹកឆ្នោត ដោយបិទទ្វារ ដោយបិទបង្អួច មិនមានការចូលរួមរបស់ប្រជាពលរដ្ឋដែរ។ លើសពីនេះទៀត ទម្រង់១១០២ ដែលជាទម្រង់លទ្ធផលបឋមនៅការិយាល័យបោះឆ្នោត ក៏ខកខាននៅការិយាល័យមួយចំនួនធំ មិនបានបិតដែរ។ អ៊ីចឹង យើងវាយតម្លៃ សរុបមកថាការបោះឆ្នោតនេះ គឺជាការបោះឆ្នោតដែលអាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្រនៃការបោះឆ្នោតដែលកម្ពុជារៀបចំដោយខ្លួនឯង»។
យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចាត់ទុកការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥នេះ ជាជោគជ័យសម្រាប់ប្រទេសកម្ពុជា ព្រោះគ្មានការរិះគន់ពីសហគមន៍អន្តរជាតិ ដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យ ដូចជាបារាំង និងសហគមន៍អឺរ៉ុបជាដើម៕
លោក ស ខេង៖ ការបោះឆ្នោតឃុំសង្កាត់ប្រព្រឹត្តទៅដោយសន្តិវិធី និងស្មើភាពចំពោះគ្រប់គណបក្ស
ភ្នំពេញ —