ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​នយោបាយ និង​អង្គការ​មួយ​ចំនួន​លើក​ឡើង​ពី​ភាព​មិន​ប្រក្រតី​ផ្សេងៗ ក្រោយ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់


ពលរដ្ឋម្នាក់បោះឆ្នោត នៅសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ នៅក្នុងបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥​ នៅថ្ងៃទី៥​ ខែមិថុនា​ ឆ្នាំ២០២២។ (កាន់​ វិច្ឆិកា/វីអូអេ)
ពលរដ្ឋម្នាក់បោះឆ្នោត នៅសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ នៅក្នុងបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥​ នៅថ្ងៃទី៥​ ខែមិថុនា​ ឆ្នាំ២០២២។ (កាន់​ វិច្ឆិកា/វីអូអេ)

គណបក្ស​នយោបាយ ​និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ បាន​លើក​ឡើង​ពីភាព​មិន​ប្រក្រតី​ ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៥ ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ ដោយ​បាន​រៀបរាប់​ពី​ភាព​មិន​ប្រក្រតី​នៅ​តាម​ការិយាល័យ​ ​និង​មណ្ឌល​បោះឆ្នោត​មួយ​ចំនួន ក្នុង​តំបន់​ដែល​គណបក្ស​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​បាន​បញ្ជាក់​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួនដូចជា ​ការ​បិទ​ទ្វារ​ការិយាល័យ​នៅ​ពេល​រាប់​សន្លឹក​ឆ្នោត ការ​កត់​ឈ្មោះ​ពលរដ្ឋ​ពី​សំណាក់​អាជ្ញាធរ​ភូមិ​ឃុំ​ ករណី​មេ​ឃុំ​ចៅ​សង្កាត់ពី​គណបក្ស​កាន់​អំណាច​ឈរ​នៅ​ក្បែរ​ការិយាល័យ​ ឬ​មណ្ឌល​បោះឆ្នោត​ និង​ការ​ខកខាន​របស់​ស្ថាប័ន​រៀប​ចំ​ការ​បោះឆ្នោត​ក្នុង​ការ​បំពេញ​តាម​សិទ្ធិ​របស់​ភ្នាក់ងារ​គណបក្ស​ជា​ដើម។

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​លោក​ យ៉េង វីរៈ ​បាន​ឲ្យ​ដឹង​ថា​ យោង​តាម​ករណី​ខាង​លើ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ បានរៀបចំ​ដាក់ពាក្យ​បណ្តឹង​ជា​បន្ត​បន្ទាប់ទៅ​កាន់​អង្គភាព​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​ត្រួតពិនិត្យ​ និង​ស៊ើប​អង្កេត។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ យើង​មាន​បណ្តឹង​ខ្លះ​ដែរ ខ្ញុំ​មិន​បាន​រាប់​ទេ ប៉ុន្តែ​ប្រហែល​ក្រោម​ដប់។ ប៉ុន្តែ​យើង​ត្រូវ​តែ​ប្តឹង ​ហើយ​ករណី​ហ្នឹង ប៉ុន្មានៗ​ទៀត​ប្តឹង​ផ្ទាល់​មាត់​អី​អ៊ីចឹង​ទៅ ឬ​ក៏​ថា​យើង​ធ្វើការ​កត់​សម្គាល់​អី​អ៊ីចឹង​ទៅ។ ប៉ុន្តែ​បណ្តឹង​ជា​លាយលក្ខណ៍​អក្ស​មាន​ក្រោម​ដប់។ សម្រាប់​យើង​ មួយ​ករណី​ក៏​ដោយ ពីរ​ករណី​ក៏​ដោយ គឺ​យើង​ទទួល​យក​អត់​បាន​នោះ​ទេ»។

​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ពី​ទីស្នាក់ការ​កណ្តាល​គណបក្ស​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៧ ខែ​មិថុនា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)
​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ពី​ទីស្នាក់ការ​កណ្តាល​គណបក្ស​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៧ ខែ​មិថុនា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

បើ​តាម​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉ង សាំងកុមារ​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ទទួល​បាន​៦​អាសនៈ​ ក្នុង​ឃុំ​ចំនួន​៤ នៅ​ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥​នេះ។ លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះឆ្នោតគ្រោង​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី ២៦ ខែ​មិថុនា ឆ្នាំ​២០២២។

កាល​ពី​ថ្ងៃ​ចន្ទ គណបក្ស​ភ្លើង​ទៀន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដោយ​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ដោយ​ថា​ លទ្ធផល​នៃ​ការ​បោះឆ្នោត គឺ«មិន​មាន​ភាព​សេរី​ និង​យុត្តិធម៌» ហើយ​ «មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ» របស់​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​លើក​ឡើង​ថា​ «ការ​បោះ​ឆ្នោត​មិន​មាន​បរិយាកាស​ស្មើ​ភាព ពលរដ្ឋ​មិន​មាន​សេរី​ភាព​ក្នុង​ការ​ចូលរួម​កិច្ចការ​នយោបាយ​ និង​ការ​បញ្ចេញ​មតិ​បាន​ត្រឹមត្រូវ និង​ស្ថាប័ន​បោះឆ្នោត​មិន​ទាន់​ឯករាជ្យ»។

បើ​តាម​សេចក្តី​ថ្លែងការណ៍ គណបក្ស​ភ្លើង​ទៀន​បាន​បញ្ជាក់​ពី​ការ​ទទួល​រង​«ការ​គាប​សង្កត់​បំភិតបំភ័យ» ចាប់​តាំង​ពី​ការ​រៀបចំ​បញ្ជី​បេក្ខជន​ រហូត​ដល់​ការ​ដាក់​បញ្ជី​អ្នក​សង្កេតការណ៍​ និង​លើក​ឡើង​ពី​សកម្មភាព​កៀរគរ​ប្រជា​ពលរដ្ឋ​តាមរយៈ «ការ​ទិញ​សន្លឹក​ឆ្នោត តាមដាន​ សំឡុត​ គំរាម» ដែល​គណបក្ស​នេះ​អះអាង​ថា​ សកម្មភាព​ទាំង​នេះ​មិន​ទទួល​បាន​ការ​ស៊ើប​អង្កេត និង​ហាម​ប្រាម​ពី​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប ​នោះ​ទេ។

ដូចគ្នា​នឹង​គណបក្ស​ភ្លើង​ទៀន​ផង​ដែរ គណបក្ស​កម្ពុជា​និយម ដែល​ដឹកនាំ​ដោយ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍ កាល​ពី​ថ្ងៃ​ចន្ទ ដោយ​ថា ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់ អាណត្តិ​ទី​៥​នេះ មិន​បាន​អនុវត្ត​ពេញលេញ​តាម​គោលការណ៍​បោះឆ្នោត​សេរី​ និង​យុត្តិធម៌​នោះ​ទេ ដោយ​ចង្អុល​បង្ហាញពី​ភាព​មិន​ប្រក្រតី​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការ​បំពាន​សិទ្ធិ​ពី​អាជ្ញាធរ​ភូមិ​ឃុំ ភាព​មិន​បើក​ចំហ​ចំពោះ​ការ​រាប់​សន្លឹក​ឆ្នោត និង​ការ​មាន​ក្រុម​តាមដាន​ពលរដ្ឋ​ទៅ​បោះឆ្នោត​ជា​ដើម។

មន្រ្តី​រៀប​ចំការបោះឆ្នោត​កត់ត្រាចំនួនស្លឹកឆ្នោតដែលបានរា​ប់​ នៅមណ្ឌល​បោះឆ្នោត​មួយ​ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ៧មករា​ រាជធានីភ្នំពេញ ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)
មន្រ្តី​រៀប​ចំការបោះឆ្នោត​កត់ត្រាចំនួនស្លឹកឆ្នោតដែលបានរា​ប់​ នៅមណ្ឌល​បោះឆ្នោត​មួយ​ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ៧មករា​ រាជធានីភ្នំពេញ ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

បន្ថែម​ពី​នេះ អង្គការ​សង្គម​ស៊ីវិល​ចំនួន​៥​បាន​ចេញ​របាយការណ៍​សង្ខេប​បឋម​មួយ​ស្តី​ពី​ស្ថានភាព​នៃ​ដំណើរការ​ថ្ងៃ​បោះ និង​រាប់​សន្លឹក​ឆ្នោត នា​ថ្ងៃ​អង្គារ​នេះ។ អង្គការ​សង្គម​ស៊ីវិល​ទាំង​៥​នេះ​រួមមាន​ អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ អង្គការ​ខុមហ្វ្រែល សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​សន្តិភាព​និង​ការ​អភិវឌ្ឍ និង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស។

របាយការណ៍​សង្ខេប​បាន​ឲ្យ​ដឹង​ថា អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​សង្កេត​ឃើញ​មាន​ភាព​មិន​ប្រក្រតីមួយ​ចំនួន ​ពាក់ព័ន្ធ​នឹង​ការ​រារាំង​អ្នក​សង្កេតការណ៍​មិន​ឲ្យ​ចូល​សង្កេត ​និង​ថត​ដំណើរការ​រាប់​សន្លឹក​ឆ្នោត ការ​បិទ​បាំង ​និង​ខ្វះ​តម្លាភាព​ក្នុង​ដំណើរការ​រាប់​សន្លឹក​ឆ្នោត ការ​មិន​ផ្សាយ​កំណត់​ហេតុ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត (ទម្រង់ ១១០២)​ នៅ​តាម​ការិយាល័យ​បោះឆ្នោត​មួយ​ចំនួន និង​ការ​មិន​បំពេញតាម​នីតិវិធី​អំពី​លទ្ធផល​នៃ​ការ​រាប់​សន្លឹកឆ្នោត។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក នី សុខា បាន​បញ្ជាក់​ថា របាយការណ៍​ខាង​លើ​នេះ​ជា«របក​គំហើញ​ពី​ភាព​មិន​ប្រក្រត្រី» ជុំវិញ​ដំណើរការ​នៃ​បោះ​និង​រាប់​សន្លឹក​ឆ្នោត បើ​ទោះ​បី​អង្គការ​សង្គមស៊ីវិល​មិន​ធ្វើ​ការ​វាយ​តម្លៃ​ពាក់ព័ន្ធ​នឹង​ដំណើរការ និង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ក៏​ដោយ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ជំរុញ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ (គ.ជ.ប) រក្សា​ភាព​អព្យាក្រឹត្យ​ និង​យុត្តិធម៌​នៅ​ក្នុង​ការ​ដោះស្រាយ​ពាក្យ​បណ្តឹង​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​បោះឆ្នោត។

លោក​ថ្លែង​ថា៖ «ពេល​នេះ​គ.ជ.ប​ គួរ​តែ​បង្ហាញ​ថា ប្រសិន​បើ​មាន​ការ​ប្តឹង​ផ្តល់​ច្រើន បើ​យើង​ស្តាប់​ទៅ​ថា មាន​ការ​ប្តឹង​ផ្តល់​ពី​គណបក្ស​ប្រឆាំង​ ដែល​កំពុង​មាន​ការ​ប្តឹងផ្តល់​ពី​បញ្ហា​ភាព​មិន​ប្រក្រតី​នេះ។ ដូច្នេះ​យើង​ចង់​មើល​ដែរ​ថា​តើ គ.ជ.ប​ លោក​ឈរ​នៅ​ក្នុង​ភាព​យុត្តិធម៌​កម្រិត​ប៉ុនណា ​តាមរយៈ​នៃ​ការ​ដោះស្រាយ​បណ្តឹង​នេះ។ យើង​នឹង​រង់ចាំ​មើល​ត​ទៅ​ទៀត​រឿង​នេះ»។​

លោក​ នី សុខា ក៏​បាន​សង្កត់​ធ្ងន់​ជា​ថ្មី​នៃ​អព្យាក្រឹត្យភាព​របស់​មន្ត្រី​រាជការ ​អាជ្ញាធរ និង​កង​កម្លាំង​ប្រដាប់​អាវុធ ដែល​ជា​ចំណុច​សំខាន់​មួយ​នៃ​លក្ខខណ្ឌ​អប្បបរមា​៦​ចំណុច​ជុំវិញ​ការ​បោះឆ្នោត​ពិតប្រាកដ​ដោយ​សេរី​ និង​យុត្តិធម៌ ដោយ​លើកឡើង​ថា​ករណី​អព្យាក្រឹត្យភាព​ គឺ«ពាក់ព័ន្ធ​នឹង​ឥទ្ធិពល​របស់​អាជ្ញាធរ​ទៅ​លើ​ប្រជាពលរដ្ឋ​ឬ​អង្គ​បោះឆ្នោត»។ ​

យ៉ាង​ណាក្តី ​ក៏​មាន​គណបក្ស​នយោបាយ​មួយ​ចំនួន​ទៀត ​ដូចជា​គណបក្ស​ឯកភាព​ជាតិ​ខ្មែរ គណបក្ស​ខ្មែរ​ស្រឡាញ់ជាតិ និង​គណបក្ស​យុវជន​កម្ពុជា​ជាដើម បាន​ចេញ​សេចក្តីថ្លែងការណ៍​គាំទ្រ ​និង​ទទួល​យក​លទ្ធផល​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ បើ​ទោះ​បី​មិន​ទទួល​បាន​អាសនៈ​ណា​មួយ និង​បញ្ជាក់​ថា​ ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ អាណត្តិ​ទី​៥​នេះ​ គឺ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន សេរី និង​យុត្តិធម៌។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត(គ.ជ.ប) នៅ​ថ្ងៃ​អង្គារ​នេះ បាន​ចេញ​សេចក្តី​បំភ្លឺ​មួយ​ដោយ​ច្រាន​ចោល​សេចក្តីថ្លែងការណ៍​របស់​គណបក្សភ្លើងទៀន​ ពាក់ព័ន្ធ​នឹង​ករណី​ជន​ដែល​ត្រូវ​បានអនុញ្ញាត​ឲ្យ​ចូល​ក្នុង​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត។

បើ​តាម​សេចក្តី​បំភ្លឺ​នេះ គ.ជ.ប ​បាន​បញ្ជាក់​ថា តាម​គោលការណ៍​នៃ​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ គ.ជ.ប បើក​សិទ្ធិ​និង​រង់ចាំ​ទទួល​ពាក្យ​បណ្តឹង​ពី​គណបក្ស​នយោបាយ​ណា​មួយ​ពាក់ព័ន្ធ​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ និង​ភាព​មិនប្រក្រតី​ណា​មួយ​នា​ថ្ងៃ​បោះឆ្នោត ដោយ​«ប្រកាន់​នូវ​គោលការណ៍​យុត្តិធម៌​ជានិច្ច»៕

XS
SM
MD
LG