ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បង្ហាញ​បំណង​ពិភាក្សា​ជាមួយ​គណបក្ស​ដទៃ​ ដើម្បី​ជំរុញ​ការ​​​កែ​លម្អ​ប្រព័ន្ធ​បោះឆ្នោត


​រូប​ឯកសារ៖ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ពី​ទីស្នាក់ការ​កណ្តាល​គណបក្ស​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៧ ខែ​មិថុនា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)
​រូប​ឯកសារ៖ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ពី​ទីស្នាក់ការ​កណ្តាល​គណបក្ស​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៧ ខែ​មិថុនា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ប្រកាស​កៀរគរ​គណបក្ស​នយោបាយ​ដទៃ​ទៀត​ ដើម្បី​ពិភាក្សា​ក្នុង​ការ​តស៊ូ​មតិ​រួមគ្នា​ដើម្បី​ជំរុញ​ឱ្យ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ ​គ.ជ.ប ធានាដំណើរការ​បោះឆ្នោតនៅ​កម្ពុជា អាច​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ២០២២ គណបក្ស​មួយ​ចំនួន​ ដូច​ជា​គណបក្ស​ភ្លើងទៀន គណបក្ស​កម្ពុជា​និយម គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​បាន​ចាត់​ទុក​ការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះជា​«ការ​បោះឆ្នោត​អាក្រក់​បំផុត»​ «មិន​មាន​ភាព​សេរី​ និង​យុត្តិធម៌» និង​«មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ» ។ ពួកគេ​ បញ្ជាក់​ពីភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​ ដូច​ជា​ការ​បិទ​ទ្វារ​ការិយាល័យ​នៅ​ពេល​រាប់​សន្លឹក​ឆ្នោត ការ​កត់​ឈ្មោះ​ពលរដ្ឋ​ពី​សំណាក់​អាជ្ញាធរ​ភូមិ​ឃុំ​ ករណី​មេ​ឃុំ​ចៅ​សង្កាត់​ពី​គណបក្ស​កាន់​អំណាច​ឈរ​នៅ​ក្បែរ​ការិយាល័យ​ ឬ​មណ្ឌល​បោះឆ្នោត​ និង​ការ​ខកខាន​របស់​ស្ថាប័ន​រៀប​ចំ​ការ​បោះឆ្នោត​ក្នុង​ការ​បំពេញ​តាម​សិទ្ធិ​របស់​ភ្នាក់ងារ​គណបក្ស​ជា​ដើម។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​នៅ​ថ្ងៃ​ពុធ​នេះ បាន​ប្រកាស​ជា​សាធារណៈក្នុង​ការ​ប្រមែ​ប្រមូល​បញ្ហា​រួម​ ជាមួយ​គណបក្ស​នយោបាយផ្សេង​ទៀត​ដែល​បាន​ជួប​ប្រទះ​ ដើម្បី​យក​ទៅ​ជជែក​ជាមួយ​ស្ថាប័ន ​គ.ជ.ប និង​រដ្ឋាភិបាល ក្នុង​ការ​កែ​លម្អ​ប្រព័ន្ធ​បោះឆ្នោត និង​សេរីភាព​នយោបាយ​នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ចុះ​នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា​នេះ។

លោក ឡឹក សុធារ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​ប្រាប់​វីអូអេ​បន្ថែមថា​ បញ្ហា​ដែល​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ប្រឈម​ក្នុង​ពេល​បោះឆ្នោត​នេះ​ ​នៅ​តែ​ជា​ក្តី​កង្វល់​ក្នុង​ដំណើរការ​បោះឆ្នោត​នា​ពេល​ខាង​មុខ ដែល​ជា​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​ឆ្នាំ​២០២៣។ ​
លោក​បញ្ជាក់​ថា៖ ​«ការ​បោះឆ្នោត​ឆ្នាំ​នេះ ​គឺ​អាក្រក់​បំផុត»​ ដោយទាមទារ​ឱ្យ​មាន​ការ​កែ​ប្រែ​សមាសភាព ​គ.ជ.ប ​កែប្រែ​នីតិវិធី​មួយ​ចំនួន​ ​ការ​ធានាអព្យាក្រឹតភាព និង​សុចរិតភាព​របស់​មន្រ្តី ​គ.ជ.ប និង​ត្រូវ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ទៀត​ ដើម្បីកាត់​បន្ថយ​ភាព​មិន​ប្រក្រតី​ទាំង​នោះ​ និង​ធ្វើ​ឱ្យ​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ។

លោក​បញ្ជាក់​ថា៖ «គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ប្រកាស​ជា​ចំហ​សម្រាប់​ការ​សហការ​ជាមួយ​គណបក្ស​នយោបាយ​ផ្សេងៗ​ ដែល​មើល​ឃើញ​ពី​បញ្ហា​ដូច​គ្នា​ដែរ ​ដើម្បី​កែប្រែ​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា ឱ្យសេរី យុត្តិ​ធម៌​ ត្រឹម​ត្រូវ»។

នៅ​មណ្ឌល​បោះឆ្នោត​មួយ​ក្នុង​សង្កាត់​បឹងព្រលិត​ ខណ្ឌ៧មករា​ មន្រ្តីរៀបចំការបោះឆ្នោត​ចាក់​សន្លឹកឆ្នោត​ចេញពីហិបឆ្នោត​ រាជធានីភ្នំពេញ ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)
នៅ​មណ្ឌល​បោះឆ្នោត​មួយ​ក្នុង​សង្កាត់​បឹងព្រលិត​ ខណ្ឌ៧មករា​ មន្រ្តីរៀបចំការបោះឆ្នោត​ចាក់​សន្លឹកឆ្នោត​ចេញពីហិបឆ្នោត​ រាជធានីភ្នំពេញ ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

លោក​បន្ថែម​ថា៖ «សមាភាព​គ.ជ.ប​ នៅ​ពេល​នេះ វា​មិន​ស្របតាម​ខ្លឹម​សារ​នៃ​រដ្ឋធម្មនុញ្ញ​ ដែល​បាន​ចែង​នោះ​ទេ ហើយ​បើ​យើង​និយាយ​អំពី​នីតិវិធី​ទៀត​សោត គ.ជ.ប បាន​ផ្លាស់​ប្តូរ​នីតិវិធី​ជាច្រើន​ ហើយ​ធ្វើ​លើស​នីតិ​វិធី​ជា​ច្រើន​នោះ​ផង​ដែរ។ ឧទាហរណ៍​ដូច​ជា​ ការ​មិន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មណ្ឌល​បោះឆ្នោត​ដើម្បី​ពិនិត្យ​តាម​ដាន ការ​ព្រងើយ​កន្តើយ​វត្ត​មាន​របស់អាជ្ញាធរ​មូលដ្ឋាន​ មន្រ្តី​ភូមិ​ឃុំ មន្ត្រី​ថ្នាក់​ស្រុក នៅ​ក្នុង​ការិយាល័យ​បោះ​ឆ្នោត​ជាដើម ទាំង​អស់​នេះ​សុទ្ធ​តែ ​ជា​រឿង​យើង​ត្រូវ​តស៊ូ​មតិ»។

លោក ឡឹក សុធារ ថា ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ នឹង​តស៊ូ​មតិ​លើ​ការ​បំពេញ​ការងារ​មិន​បាន​ល្អ​របស់​មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត ទាក់ទង​ការ​មិន​បាន​បិទ​ផ្សាយ​ទម្រង់​១១០២​ ​នៅ​តាម​ការិយាល័យមួយ​ចំនួន​ផង​ដែរ។

បើ​តាម​លោក ឡឹក សុធារ ​មក​ដល់​ថ្ងៃ​ពុធ​នេះ ​គណបក្ស​មិន​តិច​ជាង៥​ទេ ដែល​បានទាក់​ទង​ចង់ចូល​រួម​ពិភាក្សា​បញ្ហា​ប្រឈម​រួមគ្នា ប៉ុន្តែ​លោក​ថា​ពេល​វេលា ​គឺ​មិន​ទាន់​បាន​កំណត់​ជាក់​លាក់​នៅ​ឡើយ​ទេ។ លោក​បន្តថា​បញ្ហា​ប្រឈម​របស់​គណបក្ស​នយោបាយ ​គឺ​មិន​ពិបាកដោះ​ស្រាយ​នោះ​ទេ ​ប្រសិន​បើ​ គ.ជ.ប ​មាន​ឆន្ទៈ​ពិត​ប្រាកដ។

ចំណែកលោក យ៉ែម​ បុញ្ញឫទ្ធិ​ ប្រធាន​គណបក្ស​កម្ពុជា​និយម បញ្ជាក់​ប្រាប់​ថា​ គណបក្ស​លោក​នឹង​ចូលរួមជាមួយ​បក្ស​ដទៃ​ ដើម្បីលើក​ឡើង​បញ្ហា​ប្រឈមរបស់​គណបក្ស​ក្នុង​ពេល​បោះឆ្នោត។ លោក​ថា ​គណបក្ស​កម្ពុជានិយម​ចង់​ទាមទារ​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប) កែ​សម្រួល​នីតិវិធី​មួយ​ចំនួន​ឱ្យ​បាន​ល្អ​ប្រសើរ ដែល​រួម​មាន​ការ​បិទ​ទ្វារ​ការិយាល័យ​បោះឆ្នោត ការ​កត់​ត្រា​ឈ្មោះ​ប្រជា​ពលរដ្ឋ​ដោយ​មន្ត្រី​មូលដ្ឋាន ដែល​លោក​ថា ​នេះជា​ការ​គាបសង្កត់ និង​បំភ័យ​សិទ្ធិ​ពលរដ្ឋ។ ​

លោក​ថ្លែង​ថា៖ ​ «ចំពោះ​កម្ពុជានិយម​យើង​យល់​ឃើញ​ថា​គ.ជ.ប ត្រូវ​តែ​កែ​សម្រួល​នីតិវិធី និង​បទបញ្ជា​ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ ដោយ​យក​បទ​ពិសោធន៍​ ភាព​ខ្វះខាត​ ភាព​អវិជ្ជមាន​ ភាព​អសកម្ម​ទាំង​ប៉ុន្មាន​ហ្នឹង ត្រូវ​ទទួល​យក​មក​ពិចារណា ហើយ​ត្រូវ​កែ​សម្រួល»។ ​

លោក យ៉ែម​ បុញ្ញឫទ្ធិ​ លើកឡើង​ថា គួរតែ​សើរើ​ពិនិត្យ​ពី​សមាសភាពថ្នាក់ដឹកនាំ​គ.ជ.ប​ ដោយកំណត់​យក​តែ​បុគ្គល​ ​ដែល​មិន​មាន​ពាក់ព័ន្ធ​ជាមួយអ្នក​នយោបាយ​១០​ឆ្នាំ​ និង​ជា​មនុស្ស​ឯក​រាជ្យ​ មិន​ពាក់​ព័ន្ធ​នឹង​បក្ស​នយោបាយ​ណា​មួយ។

​ដោយឡែក ​លោក​ ថាច់ សេដ្ឋា​ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន បញ្ជាក់​ថាគណបក្ស​កំពុង​តែ​មមាញឹក​ក្នុង​ការ​រៀបចំ​ពាក្យ​បណ្តឹង​ដាក់​ទៅ​គ.ជ.ប លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត ដូច្នេះ​លោក​ថា​គណបក្ស​ភ្លើង​ទៀន​មិន​ទាន់​សម្រេច​ចិត្ត​ថាចូល​រួម​ពិភាក្សា​ជាមួយ​គណបក្ស​ដទៃ​ឬ​យ៉ាង​ណា​នោះ​ទេ។ ​

​លោក​ថា៖ ​«យើង​កំពុង​តែ​មមាញឹក រវល់​នឹង​រឿង​ពាក្យ​បណ្តឹង​ និង​លទ្ធផល​ដែល​ការ​ងារ​ច្រើន យើង​មិន​ទាន់​បាន​ [ឬ]​មិន​អាច​ដក​ឃ្លា​ ធ្វើ​កិច្ច​ការ​ផ្សេង​នៅ​ឡើយ​ទេ។ ដូច្នេះ​យើង​ផ្តោត​តែ​រឿង​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​សិន»។

លោក ​សោម សូរីដា ​អគ្គលេខាធិការ​រង​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ ប្រាប់​វីអូអេ​ថា​ការ​មិន​អនុញ្ញាត​ឱ្យប្រជាពល​រដ្ឋចូល​ក្នុង​បរិវេណការិយាល័យ​បោះ​ឆ្នោត​ នៅ​ពេល​រាប់​សន្លឹក​ឆ្នោត និង​បន្ទប់​រាប់​សន្លឹក​ឆ្នោត​មួយ​ចំនួន​បិទ​ទ្វារ ​គឺ​ដើម្បីគិត​គូរ​ពី​សុវត្ថិ​ភាព​នានា ​ការ​បង្ការ​កុំ​ឱ្យ​មានចលាចល​ណា​មួយ​កើត​ឡើង និង​ការ​ទប់​ស្កាត់​ការពារ​សន្លឹក​ឆ្នោត​កុំ​ឱ្យ​ទទឹក​ទឹក​ភ្លៀង​ជា​ដើម។

លោក​ថ្លែង​ថា៖ «ការ​លើក​ឡើង​របស់​គណបក្ស​មួយ​ចំនួន​ដែល​ថា​មាន​ភាព​មិន​ប្រក្រតី​ពាក់​ព័ន្ធ​ការ​បិទ​ទ្វារ​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត មិន​ឱ្យ​មាន​ប្រជាពលរដ្ឋ​ទៅ​តាម​ដាន​ពិនិត្យ​មើល ការ​អនុវត្ត​ការ​រាប់​សន្លឹកឆ្នោត​ តាម​ការិយាល័យ​នោះ គឺជា​ការ​ចោទប្រកាន់​មួយ​ ដែល​មិន​មាន​ទម្ងន់​ខាង​ផ្លូវ​ច្បាប់»។

លោក​បន្ថែម​ថា​ គ.ជ.ប គឺ​ជា​ស្ថាប័ន​អនុវត្ត​ច្បាប់ ​ដោយបំពេញ​តួនាទី​ទៅតាម​ច្បាប់​ប្រព្រឹត្ត​ទៅ​របស់​គ.ជ.ប និង​ច្បាប់​ស្តីពី​ការបោះឆ្នោត ​ដែល​មាន​ជា​ធរមាន​តែ​ប៉ុណ្ណោះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG