ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លទ្ធផល​បឋម​បង្ហាញ​ថា​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ឈ្នះ​ស្ទើរ​គ្រប់​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស


រូបឯកសារ៖ សកម្មជននិងអ្នកគាំទ្រចូលរួមហែក្បួនចុង​ក្រោយ​នៃ​យុទ្ធ​នាការ​ឃោសនាបោះឆ្នោត​ឃុំសង្កាត់ ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា ​នៅ​ក្នុង​ក្រុង​សៀម​រាប នៅ​ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប​/​វីអូអេ)
រូបឯកសារ៖ សកម្មជននិងអ្នកគាំទ្រចូលរួមហែក្បួនចុង​ក្រោយ​នៃ​យុទ្ធ​នាការ​ឃោសនាបោះឆ្នោត​ឃុំសង្កាត់ ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា ​នៅ​ក្នុង​ក្រុង​សៀម​រាប នៅ​ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប​/​វីអូអេ)

បើ​តាម​ការ​ផ្សាយ​របស់​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)​អំពី​លទ្ធផល​បោះ​ឆ្នោត​បឋម និង​ការ​អះអាង​របស់​មន្រ្តី​គណបក្ស​កាន់​អំណាច គណ​បក្ស​ប្រជាជន​កម្ពុជា​ទំនងឈ្នះ​តំណែង​មេឃុំ​ចៅ​សង្កាត់​ស្ទើរ​ទូទាំង​ប្រទេស។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក សុខ ឥសាន ក៏​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោក​ កត់​សម្គាល់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​នាំ​មុខ​គណបក្ស​ដទៃ​ទៀត​ ទាក់​ទិន​នឹង​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ អាណត្តិ​ទី៥​នេះ បើ​ទោះ​បី​ត្រូវ​រង់ចាំ​លទ្ធផល​បញ្ជាក់​ផ្លូវ​ការ​ពី​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប​ក៏ដោយ។ ហើយ​លោកសង្ឃឹម​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួល​បានជ័យជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី។

លោក​ថ្លែង​ថា៖ «ខ្ញុំ​យល់​ថា ក្នុង​ចំណោម​ឃុំ​សង្កាត់​ ១៦៥២ ឃុំ​សង្កាត់​នេះ​ គឺ​គណបក្ស​ប្រជាជន​ឈ្នះ​លើសលប់​ ច្រើន​ភាគរយ​ណាស់។ បើគិត​ជា​ភាគរយ​ហ្នឹង​ បើ​តាម​ខ្ញុំ​ប៉ាន់ប្រមាណ​ដោយ​ខ្លួន​ឯង​ប្រហែល​ជា​ជាង​ ៩៩​ភាគ​រយ​បាទ»។

គ.ជ.ប ​មិន​ទាន់​ប្រកាស​ចំនួន​សំឡេង​ឆ្នោត​សរុប និង​ចំនួន​អាសនៈ​ក្រុម​ប្រឹក្សា​ មេឃុំ​ចៅ​សង្កាត់​សរុប​របស់​គណបក្ស​នីមួយៗ​នៅ​ឡើយ​ទេ ដោយ​គ្រាន់​តែ​ផ្សព្វ​ផ្សាយ​ចំនួន​សំឡេង​ឆ្នោត​ក្នុង​ឃុំ​សង្កាត់​នីមួយៗ​ក្នុង​ខេត្ត​រាជធានី​នៅ​ទូទាំង​ប្រទេស។ លទ្ធផល​ផ្លូវ​ការ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា​ ឆ្នាំ​២០២២។

គណបក្ស​ភ្លើង​ទៀន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដោយ​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ កាល​ពី​ថ្ងៃ​ទី៥ ខែ​មិថុនា ដោយ​ថា​ លទ្ធផល​នៃ​ការ​បោះឆ្នោត គឺ«មិន​មាន​ភាព​សេរី​ និង​យុត្តិធម៌» ហើយ​ «មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ» របស់​ប្រជាពលរដ្ឋ​ខ្មែរ» ដោយ​លើកឡើង​ថា​«ការ​បោះ​ឆ្នោត​មិន​មាន​បរិយាកាស​ស្មើ​ភាព ពលលរដ្ឋ​មិន​មាន​សេរី​ភាព​ក្នុង​ការ​ចូលរួម​កិច្ចការ​នយោបាយ​ និង​ការ​បញ្ចេញ​មតិ​បាន​ត្រឹមត្រូវ និង​ស្ថាប័ន​បោះឆ្នោត​មិន​ទាន់​ឯករាជ្យ»។

បើ​តាម​សេចក្តី​ថ្លែងការណ៍ គណបក្ស​ភ្លើង​ទៀន​បាន​បញ្ជាក់​ពី​ការ​ទទួលរង​ «ការ​គាបសង្កត់​បំភិតបំភ័យ» ចាប់​តាំង​ពី​ការ​រៀបចំ​បញ្ជី​បេក្ខជន​ រហូត​ដល់​ការ​ដាក់​បញ្ជី​អ្នក​សង្កេតការណ៍​ និង​លើកឡើង​ពី​សកម្មភាព​កៀរគរ​ប្រជា​ពលរដ្ឋ​តាមរយៈ «ការ​ទិញសន្លឹកឆ្នោត តាមដាន​ សំឡុត​ គំរាម» ដែល​គណបក្ស​អះអាង​ថា សកម្មភាព​ទាំង​នេះ​មិន​ទទួល​បាន​ការ​ស៊ើបអង្កេត និង​ហាមប្រាម​ពី​គ.ជ.ប​នោះ​ទេ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ពី​ការិយាល័យ​កណ្តាល​របស់​គណបក្ស​ភ្លើង​ទៀន ដែល​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​តាម​ទំព័រហ្វេសប៊ុករបស់​លោក​ ថាច់ សេដ្ឋា​ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន នា​ថ្ងៃ​ចន្ទ​នេះ អនុប្រធាន​គណ​បក្ស​ភ្លើង​ទៀន​លោក សុន ឆ័យ​ បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «យើង​មាន​ការ​ព្រួយបារម្ភ​ណាស់​នៅ​ក្នុង​ការ​ប្រកួត​គ្នា​ក្នុង​លទ្ធិប្រជាធិបតេយ្យ។ ស្ថានភាព​ទូទៅ​ដែល​មាន​អាជ្ញាធរ​មាន​សមត្ថកិច្ច មិន​បំពេញ​តួនាទី​ខ្លួន​ លក្ខណៈ​អព្យាក្រឹត្យ​ហើយ បែរ​ជា​គ.ជ.ប​មិន​អព្យាក្រឹត្យ​ទៀត​ អាហ្នឹង​ហើយ​បាន​ធ្វើ​ឲ្យ​ការ​សន្និដ្ឋាន​របស់​យើង​ហ្នឹង​ថា ការ​បោះឆ្នោត​ហ្នឹង​មិន​សេរី​និងយុត្តិធម៌​ទេ»។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ក្រោយ​បញ្ចប់​ការ​រាប់​សន្លឹក​ឆ្នោត កាល​ពី​ថ្ងៃ​អាទិត្យ​ លោក​ ប្រាជ្ញ ចន្ទ ​ប្រធាន​គ.ជ.ប បាន​ថ្លែង​ថា ​ការ​បោះ​ឆ្នោត​នេះ ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ ក្នុង​បរិយាកាស​ស្ងប់​ស្ងាត់ មាន​សន្តិសុខ សុវត្ថិភាព ​សណ្តាប់ធ្នាប់​ គ្មាន​អំពើ​ហិង្សា ​និង​ការ​គំរាម​កំហែង។

បើ​តាម​លទ្ធផល​ដែល​ផ្សព្វផ្សាយ​នៅ​លើ ​App ​របស់​គ.ជ.ប គណបក្ស​ភ្លើង​ទៀន​ឈ្នះ​តំណែង​មេឃុំចំនួន​៤ ក្នុង​នោះ​មាន​ឃុំ​ក្រយា ឃុំដូង និង​ឃុំ​ចំណាលើ​ក្នុង​ខេត្ត​កំពង់ធំ និង​ឃុំ​ផ្តៅជុំ ក្នុង​ខេត្តកំពង់​ចាម។

កាល​ពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១២ គណបក្ស​សម រង្ស៊ី ដែល​ជា​អតីត​គណបក្ស​ភ្លើង​ទៀន បានឈ្នះ​តំណែង​មេឃុំ​ចំនួន​២២។ ចំណែក​គណបក្ស​សិទ្ធិ​មនុស្ស​ចំនួន​១៨​អាសនៈ។ ក្រោយ​ការ​ច្របាច់​បញ្ចូល​គ្នា​បង្កើត​ជា​គណបក្ស​សង្រ្គោះ​ជាតិ នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​ ២០១៧​ គណ​បក្ស​សង្គ្រោះ​ជាតិ​ដណ្ដើម​បាន​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​៥០០៧​ និង​ទទួល​បាន​តំណែង​ជា​មេ​ឃុំ​ចៅ​សង្កាត់​ចំនួន​៤៨៩ ​ក្នុង​ចំណោម​ឃុំ​សង្កាត់​ទាំង​អស់​នៅ​ទូទាំង​ប្រទេស។ គណបក្ស​ប្រឆាំង​នេះ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ប្រមាណ​៣​លាន​នាក់។

ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​អាណត្តិ​ទី​៥​នេះ ជា​ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​សរុប​១១៦២២​នាក់​នៅ​ទូទាំង​ប្រទេ​ស ដែល​ក្នុង​នោះ​មាន​មេឃុំ​ចៅ​សង្កាត់១.៦៥២​នាក់។

នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​មួយ​ឈ្មោះ​ថានិកហ្វិច (NICFEC) លោក សំ គន្ធាមី​បាន​ឲ្យ​ដឹង​ថា​សន្ទុះ​នៃ​ការ​គាំទ្រ​គណបក្ស​ភ្លើង​ទៀន​ ដែល​ជា​គណបក្ស​ជំទាស់​ទើបដំណើរការ​សាជាថ្មី​អស់​ រយៈពេល​ប្រមាណ​៦​ខែ​កន្លង​មក​នេះ គឺ​មិន​ដូច​នឹង​សង្រ្គោះជាតិ​កាល​ពី​ឆ្នាំ២០១៧​នោះ​ទេ ដោយសារ​តែគណបក្ស​នេះ​នៅ​មានប្រជាប្រិយភាព​ទាប និងទើប​ចូលប្រកួត​ក្នុង​ឆាក​នយោបាយ​ឡើង​វិញ។

លោក​ថ្លែង​ថា៖ «បាទ ខុស​គ្នា​ណា។ [គណបក្ស​] សង្រ្គោះ​ជាតិ​កាល​ពី​ឆ្នាំ ២០១៧ មាន​ការ​គាំទ្រ​ខ្លាំង។ ប៉ុន្តែ​ភ្លើង​ទៀន​មាន​ការ​គាំទ្រ ប៉ុន្តែ​មិនមាន​ទំហំ​ការ​គាំទ្រ​ដូច​សង្រ្គោះជាតិ​ទេ​ណា។ ប្រជាប្រិយភាព​ខុស​គ្នា។ អ៊ីចឹង​គណបក្ស​ហ្នឹង​ ប្រជាពលរដ្ឋ​អត់​ដែល​ស្គាល់​ ភ្លើងទៀន មិនដូចសង្រ្គោះជាតិ​ គេ​ស្គាល់​ច្រើន។ គេ​បញ្ចូល​គ្នា​អី​កាល​ពី​មុន​មក។ ហើយ​ទីពីរ​ ទើប​បង្កើត​ប៉ុន្មាន​ខែ​មុន​បោះឆ្នោត​ហ្នឹង»។

គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត(គ.ជ.ប)​បាន​ឲ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​ប្រមាណ៨០​ភាគរយស្មើ​នឹង​ប្រមាណ​៧លាន​២សែន​នាក់ ក្នុង​ចំណោម​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ប្រមាណ​៩លាន​២សែន​នាក់ បាន​ចេញ​ទៅ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នា​ថ្ងៃ​អាទិត្យ​នេះ។ ចំនួន​នេះ​តិច​ជាង​កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ ដែល​មាន​ប្រមាណ​៩០%៕

XS
SM
MD
LG