លោក Bernie Sanders សមាជិកព្រឹទ្ធសភាស.រ.អា.ដែលបានធ្វើការឃោសនាបោះឆ្នោតយ៉ាងក្លៀវក្លាក៏ប៉ុន្តែគ្មានជោគជ័យប្រឆាំងនឹងលោកស្រី Hillary Clinton អតីតរដ្ឋមន្ត្រីក្រសួងការបរទេសស.រ.អា.ដើម្បីទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ បានគាំទ្របេក្ខភាពរបស់លោកស្រី Clinton កាលពីថ្ងៃអង្គារប្រឆាំងនឹងលោក Donald Trump ខាងគណបក្សសាធារណរដ្ឋ។
លោក Sanders បានហៅលោកស្រី Clinton ថាជា «បេក្ខជនល្អប្រសើរបំផុត»ហើយបាននិយាយថា លោកចង់ធ្វើអ្វីទាំងអស់ដែលលោកអាចធ្វើបានដើម្បីធ្វើឱ្យប្រាកដប្រជាថា លោកស្រីនឹងក្លាយទៅជាប្រធានាធិបតីស.រ.អា.នៅពេលខាងមុខនេះ។
លោក Sanders ដែលមានអាយុ៧៤ឆ្នាំ និងដែលបានធ្វើការឃោសនាបោះឆ្នោតប្រឆាំងនឹងឥទ្ធិពលហិរញ្ញវត្ថុនៃពួកអ្នកមានធនធានច្រើននៅ Wall Street និងកំណើននៃភាពមិនស្មើគ្នាខាងប្រាក់ចំណូលនៅក្នុងស.រ.អា. បាននិយាយយោងដល់បញ្ជីយ៉ាងវែងមួយនៃគោលនយោបាយខាងសង្គមកិច្ចបែបសេរីនិយមរបស់លោក។ គោលនយោបាយរបស់លលោក ត្រូវបានលោកស្រី Clinton គាំទ្របន្ទាប់ពីមានការឃោសនាបោះឆ្នោតប្រឆាំងគ្នាទៅវិញទៅមកអស់ជាច្រើនខែ។
លោក Sanders បានឈ្នះក្នុងការបោះឆ្នោតបឋមនិងការបោះឆ្នោត caucus ២២ក្នុងបណ្តាការបោះឆ្នោតបឋមនិងការបោះឆ្នោត caucus ក្នុងរដ្ឋ៥០របស់ស.រ.អា.ប្រឆាំងនឹងលោកស្រី Clinton ក៏ប៉ុន្តែលោកស្រីបានអះអាងទាមទារការតែងតាំងដោយមានជ័យជម្នះជាច្រើនលើលោក Sanders នៅក្នុងរដ្ឋធំៗដោយបានទទួលការគាំទ្រពីប្រតិភូភាគច្រើនដែលនឹងចូលរួមក្នុងមហាសន្និបាតជាតិនៃគណបក្សប្រជាធិបតេយ្យដើម្បីតែងតាំងបេក្ខជនប្រធានាធិបតីដែលនឹងចាប់ផ្តើមធ្វើនៅថ្ងៃទី២៥ ខែកក្កដា ខាងមុខនេះ។
លោក Sanders បានមានប្រសាសន៍ទៅកាន់ក្រុមមនុស្សដែលទះដៃអបអរសាទរថា៖ «លោកស្រី Clinton ដឹងថាមានអ្វីខុសខ្លាំងណាស់នៅពេលដែលពួកអ្នកមានធនធានជាច្រើនរឹតតែមានច្រើនឡើងៗ ចំណែកឯមនុស្សច្រើននាក់ទៀតធ្វើការច្រើនម៉ោងជាងមុនតែបានប្រាក់បៀវត្សតិចជាងមុន»៕