លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានចូលរួមជាមួយលោកស្រី Clinton ដែលជាបេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សប្រជាធិបតេយ្យនៅក្នុងការឃោសនាបោះឆ្នោតរបស់លោកស្រីកាលពីថ្ងៃអង្គារ ដោយលោកបានមានប្រសាសន៍ប្រាប់មនុស្សមួយក្រុមនៅក្នុងក្រុង Charlotte រដ្ឋ North Carolina ថាលោកចង់ជួយលោកស្រីឱ្យជាប់ឆ្នោតដើម្បីក្លាយទៅជាប្រធានាធិបតីស.រ.អា.បន្ទាប់ពីរូបលោក។
មាគ៌ាផ្ទាល់របស់លោក អូបាម៉ា ទៅកាន់តំណែងប្រធានាធិបតីបានត្រូវកំណត់ដោយការឃោសនាបោះឆ្នោតយ៉ាងតឹងតែងប្រឆាំងនឹងលោកស្រី Clinton នៅក្នុងការបោះឆ្នោតបឋមនៃគណបក្សប្រជាធិបតេយ្យកាលពី៨ឆ្នាំមុន។
លោកប្រធានាធិបតីបានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ការប្រុងប្រៀបនិងអំណត់របស់លោកស្រី Clinton នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០០៨ បានបង្ខំលោកឱ្យមានការប្រុងប្រៀបជានិច្ច។
ទោះណាជាមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងលោក និងលោកស្រីដើម្បីទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យក៏ដោយ ក៏លោក អូបាម៉ា បានមានប្រសាសន៍ថា លោកនិងលោកស្រី Clinton មានទស្សនៈវិស័យដូចគ្នាអំពីប្រទេសអាមេរិកនិងនៅតែមានទស្សនៈវិស័យដូចគ្នាអំពីឧត្តមគតិជាចាំបាច់នៅពេលប្រទេសជាតិមានដំណើរទៅមុខ។
លោកប្រធានាធិបតីបានសរសើរប្រវត្តិការងាររបស់លោកស្រី Clinton ក្នុងឋានៈលោកស្រីជារដ្ឋមន្ត្រីការបរទេស ដោយលោកបានមានប្រសាសន៍ថា លោកស្រីបានធ្វើការងារដោយល្អអស្ចារ្យ ជាអ្នកការទូតកំពូលរបស់ប្រទេសជាតិ។ លោកក៏បានសរសើរការគាំទ្ររបស់លោកស្រីយូរយាមកហើយលើការថែរក្សាសុខភាពដែលប្រជារាស្ត្រអាចមានប្រាក់បង់បាន (Affordable health care) និងការគាំទ្ររបស់លោកស្រីដល់ការទ្រទ្រង់គោលនយោបាយដែលជួយគ្រួសារអាមេរិកាំង។
លោក អូបាម៉ា បានមានប្រសាសន៍ថា ជាមួយប្រវត្តិយ៉ាងវែងរបស់លោកស្រីក្នុងការបម្រើការក្នុងរដ្ឋាភិបាល លោក អូបាម៉ា បានមានប្រសាសន៍ថា «មិនមានបុរសណាម្នាក់ឬស្ត្រីណាម្នាក់មានគុណវុឌ្ឍិ (សមត្ថភាព)សម្រាប់តំណែងនេះជាងលោកស្រី Hillary Clinton ទេ»។
លោកស្រី Clinton ក៏បានសរសើរប្រវត្តិការងាររបស់លោក អូបាម៉ា ក្នុងឋានៈលោកជាប្រធានាធិបតីនៅក្នុងសុន្ទរកថាមួយទៅកាន់ក្រុមមនុស្សដែលគាំទ្រលោកស្រីយ៉ាងកក់ក្តៅ នៅក្នុងរដ្ឋ North Carolina។ លោកស្រីបានមានប្រសាសន៍ថា លោកប្រធានាធិបតីនិងលោកស្រីយល់ស្របគ្នាថា ថ្ងៃល្អប្រសើរបំផុតរបស់ប្រទេសអាមេរិកមាននៅខាងមុខ៕