ការិយាល័យ FBI របស់ស.រ.អា.និយាយថា ខ្លួនមិនផ្តល់អនុសាសន៍ឱ្យមានការចោទប្រកាន់លើលោកស្រី Hillary Clinton ទេ អំពីការប្រើសារអេឡិចត្រូនិច ឬ អ៊ីមែល (email) ឯកជននៅពេលលោកស្រីបម្រើការជារដ្ឋមន្ត្រីការបរទេសស.រ.អា.។ ការថ្លែងដូច្នេះបានដកឧបសគ្គធំមួយខាងនយោបាយនិងខាងផ្លូវច្បាប់សម្រាប់លោកស្រីដែលបានត្រូវសន្មតថាជាបេក្ខជនប្រធានាធិបតីអាមេរិកាំងខាងគណបក្សប្រជាធិបតេយ្យ។
លោក James Comey នាយក FBI បានរិះគន់យ៉ាងខ្លាំងដល់លោកស្រី Clinton ដែលបានបម្រើការជាអ្នកការទូតកំពូលពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៣ និងពួកសហការីលោកស្រីនៅក្នុងក្រសួងការបរទេសអំពីអ្វីដែលលោកបានហៅថាជាការចាត់ចែងដោយធ្វេសប្រហែសបំផុតរបស់ពួកគេនូវឯកសារសម្ងាត់ដែលពួកគេបានបញ្ជូនទៅវិញទៅមកតាមរយៈ អ៊ីមែល ឯកជន ដែលលោកបានស្រីបានបង្កើតនៅឯផ្ទះលោកស្រីក្នុងបូរីញូវយ៉ក។
ក៏ប៉ុន្តែលោក Comey បានមានប្រសាសន៍ថា នៅក្នុងការស៊ើបអង្កេតល្អិតល្អន់លើអ៊ីមែល រាប់ពាន់របស់់លោកស្រី Clinton ពួកអ្នកស៊ើបអង្កេតរបស់ FBI មិនអាចរកឃើញភ័ស្តុតាងថា លោកស្រីបានរំលោភលើច្បាប់ស.រ.អា.យ៉ាងច្បាស់លាស់និងដោយចេតនាទេ ហើយថាគ្មានរដ្ឋអាជ្ញាណាម្នាក់អាចប្តឹងករណីបែបនេះប្រឆាំងនឹងលោកស្រីដោយផ្អែកលើភ័ស្តុតាងដែលបានត្រូវរកឃើញនៅក្នុងការស៊ើបអង្កេតច្រើនសប្តាហ៍នេះទេ។
ការស៊ើបអង្កេតរបស់ FBI អំពីការប្រើអ៊ីមែល ឯកជនរបស់លោកស្រីធ្វើឡើងយ៉ាងសកម្មបំផុតកាលពីថ្ងៃសៅរ៍មុន ដោយពួកអ្នកស៊ើបអង្កេតនិងពួករដ្ឋអាជ្ញាបានសាកសួរលោកស្រីបីម៉ោងកន្លះនៅឯទីស្នាក់ការធំរបស់ FBI ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
នៅក្រោយសេចក្តីប្រកាសរបស់លោក Comey អ្នកនាំពាក្យរបស់លោកស្រី Clinton បាននិយាយថា ក្រុមអ្នកឃោសនាបោះឆ្នោតជូនលោកស្រីមានការពេញ ចិត្តជាមួយអនុសាសន៍របស់ FBI ដែលមិនឱ្យចោទប្រកាន់លោកស្រីអំពីរឿងនេះទេ៕